អ្នក​សង្កេត​ការណ៍​ចង់​ឃើញ​ព្រះមហាក្សត្រ​បំពេញ​តួនាទី​ដើម្បី​ឲ្យ​កម្ពុជា​មាន​ប្រក្រតី​ភាព​ឡើង​វិញ

0:00 / 0:00

អ្នក​សង្កេតការណ៍​នយោបាយ​នៅ​កម្ពុជា សម្ដែង​ក្តី​បារម្ភ​ចំពោះ​ស្ថាប័ន​ជាតិ​កំពូលៗ មាន​តុលាការ និង​រដ្ឋសភា ថា​កាន់​តែ​ទទួល​រង​ឥទ្ធិពល​ច្រើន​ឡើងៗ​ពី​រដ្ឋាភិបាល ធ្វើ​ឲ្យ​ស្ថាប័ន​ទាំង​នេះ​បាត់បង់​ឯករាជ​ភាព​ដូច​មាន​ចែង​ក្នុង​រដ្ឋធម្មនុញ្ញ​កម្ពុជា។

ប្រឈម​នឹង​វិបត្តិ​បែប​នេះ អ្នក​សង្កេតការណ៍​យល់​ឃើញ​ថា ជា​ពេលវេលា​ដែល​ព្រះមហាក្សត្រ​ខ្មែរ​គប្បី​បំពេញ​នូវ​ព្រះរាជកិច្ច​របស់​ព្រះអង្គ ដូច​មាន​ចែង​នៅ​ក្នុង​រដ្ឋធម្មនុញ្ញ ដើម្បី​បញ្ចប់​វិបត្តិ​នយោបាយ និង​លើក​កម្ពស់​នីតិរដ្ឋ​ឡើង​វិញ។

អ្នក​ឃ្លាំ​មើល​នយោបាយ​នៅ​កម្ពុជា ឲ្យ​ដឹង​ថា មាន​តែ​ព្រះមហាក្សត្រ​ទេ​ដែល​ជា​តួអង្គ​ចុង​ក្រោយ ដែល​អាច​ធ្វើ​ឲ្យ​មាន​ឯកភាព​ជាតិ និង​ធានា​នូវ​តុល្យភាព​នៃ​អំណាច​រវាង​ស្ថាប័ន​រដ្ឋ​កំពូល​ទាំង​៣ មាន​តុលាការ រដ្ឋសភា និង​រដ្ឋាភិបាល។

ខណៈ​ស្ថិត​ក្រោម​ការ​គាប​សង្កត់​ពី​តុលាការ ពី​រដ្ឋសភា និង​ពី​រដ្ឋាភិបាល ដែល​ស្ថាប័ន​រដ្ឋ​កំពូល​ទាំង​បី​នេះ ត្រូវ​មជ្ឈដ្ឋាន​ជាតិ និង​អន្តរជាតិ​មើល​ឃើញ​ថា ជា​ឧបករណ៍​នយោបាយ​ដ៏​មុត​ស្រួច​របស់​គណបក្ស​ប្រជាជន​កម្ពុជា នោះ ព្រះមហាក្សត្រ​ខ្មែរ​ប្រហែល​ជា​ក្តី​សង្ឃឹម​ចុង​ក្រោយ​របស់​គណបក្ស​សង្គ្រោះ​ជាតិ។

អ្នក​វិភាគ​ស្ថានការណ៍​នយោបាយ​មើល​ឃើញ​ថា រាល់​ស្ថាប័ន​រដ្ឋ​ទាំងអស់ រួម​ទាំង​មេ​ភូមិ មេ​ឃុំ រហូត​ដល់​សមាជិក​ក្រុមប្រឹក្សាធម្មនុញ្ញ​ដែល​ជា​ភ្នាក់ងារ​រដ្ឋ ត្រូវ​បម្រើ​រាស្ត្រ​ដោយ​ឯករាជ្យ​នោះ ស្ថិត​ក្រោម​ឥទ្ធិពល​នយោបាយ​របស់​បក្ស​កាន់​អំណាច។ បញ្ហា​នេះ បណ្ដាល​ឲ្យ​ការ​បំពេញ​មុខងារ​រដ្ឋ​ដើម្បី​ប្រយោជន៍​សាធារណៈ មិន​មាន​ប្រសិទ្ធភាព។

សាស្ត្រាចារ្យ​វិទ្យាសាស្ត្រ​នយោបាយ លោក ឡុង ស៊ីមមួរ៉ា មាន​ប្រសាសន៍​ថា គណបក្ស​កាន់​អំណាច​កំពុង​ប្រើ​ឥទ្ធិពល​របស់​ខ្លួន​ទៅ​លើ​ស្ថាប័ន​រដ្ឋ ធ្វើ​ឲ្យ​មាន​ភាព​ច្របូកច្របល់​រវាង​កិច្ចការ​រដ្ឋ និង​បក្ស បណ្ដាល​ឲ្យ​ស្ថាប័ន​ទាំង​នោះ​បាត់បង់​អព្យាក្រឹតភាព​របស់​ខ្លួន។ ហេតុ​ដូច្នេះ ព្រះមហាក្សត្រ​គប្បី​ធ្វើ​អន្តរាគមន៍​ដើម្បី​ឲ្យ​មាន​ប្រក្រតី​ភាព​ឡើង​វិញ៖ «យន្តការ​ដែល​ធានា​សិទ្ធិ​សេរីភាព​របស់​ប្រជាពលរដ្ឋ​គឺ​ក្រោម​ឥទ្ធិពល​នយោបាយ​របស់​គណបក្ស​គ្រប់គ្រង​អំណាច។ អ៊ីចឹង CNRP (សង្គ្រោះ​ជាតិ) ទឹក​ចុង​ក្រោយ​មាន​តែ​ពឹង​ព្រះមហាក្សត្រ។ រដ្ឋធម្មនុញ្ញ​កម្ពុជា ក៏​បាន​ផ្ដល់​អំណាច​ទៅ​អោយ​ព្រះមហាក្សត្រ​គឺ​ជា​អ្នក​ធានា​នូវ​ឯករាជភាព​របស់​ស្ថាប័ន​ទាំង​អស់​ហ្នឹង ហើយ​ក៏​ធានា​នូវ​និរន្តរភាព​របស់​ស្ថាប័ន​ជាតិ​ទាំង​អស់​ដូច​មាន​ចែង​ក្នុង​រដ្ឋធម្មនុញ្ញ​ហ្នឹង...»

មាត្រា​៩ នៃ​រដ្ឋធម្មនុញ្ញ​កម្ពុជា ដែល​ជា​ច្បាប់​កំពូល​នៃ​ប្រទេស​ចែង​ថា ព្រះមហាក្សត្រ​ទ្រង់​មាន​តួនាទី​ខ្ពង់ខ្ពស់​ជា​អាជ្ញា​កណ្ដាល ដើម្បី​ធានា​ការ​ប្រព្រឹត្ត​នៃ​អំណាច​សាធារណៈ​ឲ្យ​មាន​ភាព​ទៀងទាត់។

អ្នក​វិភាគ​ឯករាជ្យ លោក​បណ្ឌិត ឡៅ ម៉ុងហៃ បន្ថែម​ថា ថ្នាក់​ដឹក​នាំ​នៃ​គណបក្ស​ប្រជាជន​កម្ពុជា ជា​ញឹកញាប់​ជ្រៀតជ្រែក​ចូល​ក្នុង​កិច្ចការ​របស់​តុលាការ។ លោក​ថា មាន​តែ​ព្រះមហាក្សត្រ​ទេ​ក្នុង​នាម​ព្រះអង្គ​ជា​ប្រធាន​ឧត្តម​ក្រុមប្រឹក្សា​នៃ​អង្គ​ចៅក្រម មាន​តួនាទី​ធានា​នូវ​ឯករាជ​ភាព​របស់​តុលាការ ដើម្បី​ធ្វើ​ឲ្យ​ស្ថាប័ន​យុត្តិធម៌​មួយ​នេះ បំពេញ​ភារកិច្ច​របស់​ខ្លួន​ប្រកប​ដោយ​សុភវិនិច្ឆ័យ៖ «ថ្នាក់​ដឹកនាំ​ហ្នឹង នាយករដ្ឋមន្ត្រី គាត់​ប្រកាស​ឲ្យ​ចាប់​អី​ទៅ ហើយ​រឿង​ទៅ​ដល់​តុលាការ​ហើយ​គាត់​នៅ​ប្រកាស​ថែម​ទៀត។ ដូច្នេះ​ការ​អន្តរាគមន៍​សូម្បី​ដោយ​ប្រយោល​ក៏​ដោយ វា​ប៉ះពាល់​ទៅ​ដល់​ដំណើរ​ការ​តុលាការ ឬ​គេ​អាច​ចោទ​ប្រកាន់​ថា ប្រើប្រាស់​ឥទ្ធិពល​ទៅ​លើ​តុលាការ គាប​សង្កត់​តុលាការ​អោយ​ធ្វើ​តាម​ខ្លួន...»

លោក​បណ្ឌិត ឡៅ ម៉ុងហៃ បន្ត​ថា ករណី​រដ្ឋសភា​រំលោភ​អំណាច​តុលាការ​ក៏​មាន​ដែរ។ ឧទាហរណ៍ ប្រការ​ដែល​តំណាង​រាស្ត្រ​នៃ​គណបក្ស​ប្រជាជន​កម្ពុជា បាន​សម្រេច​ឲ្យ​តុលាការ​បន្ត​នីតិវិធី​របស់​ខ្លួន​ក្នុង​ការ​ចោទ​ប្រកាន់ លោក អ៊ុំ សំអាន និង​លោក កឹម សុខា តំណាង​រាស្ត្រ​គណបក្ស​សង្គ្រោះ​ជាតិ កំពុង​មាន​អភ័យ​ឯកសិទ្ធិ គឺ​ជា​អំពើ​បំពារបំពាន​លើ​រដ្ឋធម្មនុញ្ញ​ត្រង់​មាត្រា​៥១ ដែល​ចែង​អំពី​ការ​បែង​ចែក​អំណាច​ដាច់​ពី​គ្នា​រវាង​អំណាច​នីតិប្បញ្ញត្តិ អំណាច​នីតិប្រតិបត្តិ និង​អំណាច​តុលាការ៖ «នេះ​ជា​ការ​រំលោភ​ទៅ​លើ​ការ​បែងចែក​អំណាច​រវាង​នីតិប្បញ្ញត្តិ​សភា អំណាច​តុលាការ និង​អំណាច​រដ្ឋាភិបាល។ ការ​បក​ស្រាយ​ច្បាប់​ត្រូវ​តែ​បក​ស្រាយ​អោយ​តឹងរ៉ឹង មាន​ន័យ​ថា បើ​ច្បាប់​អត់​ចែង​ទេ កុំ​បន្ថែម វា​ខុស​រដ្ឋធម្មនុញ្ញ។ សេចក្ដី​សម្រេច​របស់​រដ្ឋ​សភា គាំទ្រ​អោយ​តុលាការ​បន្ត​នីតិវិធី អត់​មាន​ចែង​ក្នុង​រដ្ឋធម្មនុញ្ញ​ទេ​ដែល​ថា រដ្ឋ​សភា​គាំទ្រ មិន​គាំទ្រ​ហ្នឹង វា​មាន​តែ​មាត្រា​មួយ​ដែល​ចែង​ថា រដ្ឋ​សភា​អាច​ផ្អាក​ការ​ចោទ​ប្រកាន់​អី​ផ្សេងៗ​នៅ​មុខ​តុលាការ​ហ្នឹង។ ដូច្នេះ​បើ​ករណី​មាន​រដ្ឋ​សភា​គាំទ្រ ជា​ការ​លូក​ដៃ​ចូល​កិច្ចការ​តុលាការ ហើយ​ព្រះមហាក្សត្រ​មាន​តួនាទី​ធានា​អោយ​ស្ថាប័ន​រដ្ឋ​មាន​ដំណើរការ​ ប្រក្រតី។ ដូច្នេះ​ក្នុង​ហ្នឹង​បើ​សិន​ជា​មិន​ប្រក្រតី ខុស​រដ្ឋធម្មនុញ្ញ លោក​អាច​ធ្វើ​អន្តរាគមន៍​បាន»

បើ​ទោះ​បី​ជា​យល់ស្រប​ថា ក្នុង​រដ្ឋធម្មនុញ្ញ ព្រះមហាក្សត្រ​មាន​តួនាទី​ធ្វើ​ឲ្យ​ការ​ប្រព្រឹត្ត​ទៅ​នៃ​ដំណើរ​ការ​រដ្ឋ​មាន​ប្រក្រតី​ភាព តំណាង​រាស្ត្រ និង​ជា​អ្នក​នាំ​ពាក្យ​គណបក្ស​ប្រជាជន​កម្ពុជា លោក សុខ ឥសាន អះអាង​ថា ស្ថាប័ន​រដ្ឋ​បច្ចុប្បន្ន កំពុង​ដំណើរ​ការ​ដោយ​រលូន ដូច្នេះ​ព្រះមហាក្សត្រ ព្រះអង្គ​មិន​ចាំបាច់​មាន​វិធានការ​អ្វី​ទេ៖ «ក្នុង​រដ្ឋធម្មនុញ្ញ​លោក​មាន​សិទ្ធិ​ក្នុង​ការ​ធ្វើ​អោយ​មាន​ប្រក្រតីភាព​ នៃ​ដំណើរ​ស្ថាប័ន​រដ្ឋ អា​ហ្នឹង​មាន​ចែង​ក្នុង​រដ្ឋធម្មនុញ្ញ ប៉ុន្តែ​ស្ថាប័ន​រដ្ឋ​មាន​ប្រក្រតីភាព​ហើយ ទៅ​អន្តរាគមន៍​អី​ទៀត។ អ្នក​សង្កេតការណ៍​សម្ដែង​មតិ​ហ្នឹង​មិន​មែន​សុទ្ធតែ​ត្រូវ​ទេ អ្នក​វិភាគ​ឯករាជ្យ​ហ្នឹង​ក៏​អ៊ីចឹង​ដែរ វា​មិន​ឯករាជ្យ»

នៅ​មួយ​រយៈពេល​ចុង​ក្រោយ​នេះ កិច្ច​សហការ​ស្អិតល្មួត​រវាង​អង្គភាព​ប្រឆាំង​អំពើ​ពុក​រលួយ (ACU) ជាមួយ​ក្រសួង​មហាផ្ទៃ និង​តុលាការ បាន​ចាប់​ខ្លួន​មន្ត្រី​សិទ្ធិ​មនុស្ស ៤​រូប និង​មន្ត្រី គ.ជ.ប ១​រូប​ដាក់​ពន្ធនាគារ និង​ប៉ុនប៉ង​ចាប់​ខ្លួន​ប្រធាន​ស្តីទី​គណបក្ស​ប្រឆាំង​ថែម​ទៀត​នោះ បណ្ដាល​ឲ្យ​រំជើប​រំជួល​កក្រើក​ដល់​ទ្វីប​អឺរ៉ុប ទ្វីប​អាមេរិក​ខាង​ជើង និង​ប្រធាន​អង្គការ​សហប្រជាជាតិ ជំរុញ​ឲ្យ​ពួក​គេ​ចេញ​លិខិត​ថ្កោលទោស និង​ព្រមាន​ផ្តាច់​ជំនួយ​ដល់​រដ្ឋាភិបាល​កម្ពុជា។

អ្វី​ដែល​ចម្លែក ឬ​មិន​ប្រក្រតី​ធ្វើ​ឲ្យ​គេ​ឯង​ងឿង​ឆ្ងល់​នោះ គឺ​នាយកដ្ឋាន​ប្រឆាំង​ភេរវកម្ម និង​ឧក្រិដ្ឋកម្ម​ឆ្លង​ដែន​នៃ​ក្រសួង​មហាផ្ទៃ បែរ​ជា​មាន​ដែន​សមត្ថកិច្ច​ទៅ​លើ​រឿង​អាស្រូវ​ស្រី​ញី​ទៅ​វិញ។ រីឯ​អង្គការ​សិទ្ធិ​មនុស្ស ចាត់​ទុក​អ្នក​កំពុង​ជាប់​ឃុំ​ទាំង​នោះ ថា​ជា​អ្នក​ទោស​នយោបាយ ឬ​អ្នក​ទោស​មនសិការ។

ទោះ​បី​ជា​យ៉ាង​ណា បើ​ទោះ​ជា​មិន​បាន​បញ្ចេញ​ព្រះរាជ​បន្ទូល​សូរសៀង​ជា​សាធារណៈ​ទាក់ទង​នឹង​វិបត្តិ​បច្ចុប្បន្ន​ក្តី កាល​ពី​ថ្ងៃ​ទី​៣១ ខែ​ឧសភា ឆ្នាំ​២០១៦ ព្រះមហាក្សត្រ ព្រះបាទ​សម្ដេច​ព្រះ​បរមនាថ នរោត្តម សីហមុនី ព្រះអង្គ​បាន​ផ្ញើ​សំណុំ​ឯកសារ​ដែល​មាន​ញត្តិ​ស្នាម​មេដៃ​របស់​ប្រជារាស្ត្រ និង​អ្នក​គាំទ្រ​គណបក្ស​សង្គ្រោះ​ជាតិ ជាង ១​សែន ៧​ម៉ឺន​ស្នាម​មេដៃ ជូន​ទៅ​លោក​នាយក​រដ្ឋមន្ត្រី ហ៊ុន សែន ដើម្បី​ពិនិត្យ ប៉ុន្តែ​លោក​នាយក​រដ្ឋមន្ត្រី បែរ​ជា​ចាត់​ឲ្យ​មាន​គណៈកម្មការ​ស៊ើប​អង្កេត ពិនិត្យ​ស្នាម​មេដៃ​ទាំង​នោះ ថា​ពិត ឬ​ក្លែងក្លាយ​ទៅ​វិញ។

ប្រការ​នេះ បណ្ដាល​ឲ្យ​មន្ត្រី​ជាន់​ខ្ពស់​គណបក្ស​ប្រឆាំង គឺ​ព្រះអង្គម្ចាស់ ស៊ីសុវត្ថិ ធម្មិកោ ប្រតិកម្ម​ថា នោះ​ជា​ការ​បកស្រាយ​លិខិត​របស់​ព្រះមហាក្សត្រ​ខុស។

ក្នុង​ញត្តិ​ស្នាម​មេដៃ​ដែល​គណបក្ស​សង្គ្រោះ​ជាតិ ដាក់​ថ្វាយ​ព្រះមហាក្សត្រ​នោះ គឺ​សុំ​ឲ្យ​ព្រះអង្គ​ធ្វើ​ព្រះរាជ​អន្តរាគមន៍​ដើម្បី៖

១. ដោះ​លែង​អ្នក​នយោបាយ និង​មន្ត្រី​សង្គម​ស៊ីវិល​ដែល​ជាប់​ឃុំ

២. បញ្ឈប់​ការ​ប្រើប្រាស់​ស្ថាប័ន​រដ្ឋ​ដើម្បី​គំរាម​កំហែង និង​ដាក់​សម្ពាធ​លើ​អង្គការ​សង្គម​ស៊ីវិល និង​គណបក្ស​ប្រឆាំង

៣. បញ្ឈប់​ការ​ប្រើប្រាស់​អំណាច​រដ្ឋ​ដោយ​ស្តង់ដារ​ពីរ និង

៤. បញ្ឈប់​ការ​ប្រើប្រាស់​អំណាច​តុលាការ​រំលោភ​បំពាន​លើ​អំណាច​នីតិប្បញ្ញត្តិ ជាពិសេស​រំលោភ​លើ​អភ័យ​ឯកសិទ្ធិ​សភា។

ប្រឈម​នឹង​វិបត្តិ​បែប​នេះ សាស្ត្រាចារ្យ​វិទ្យាសាស្ត្រ​នយោបាយ លោក ឡុង ស៊ីមមួរ៉ា យល់​ថា ព្រះមហាក្សត្រ​គួរ​កោះ​ហៅ​ថ្នាក់​ដឹក​នាំ​រដ្ឋាភិបាល ឲ្យ​មក​ឆ្លើយ​បំភ្លឺ​អំពី​បញ្ហា​មិន​ប្រក្រតី​នានា និង​វិបត្តិ​គាំង​នយោបាយ៖«ក្នុង​រដ្ឋធម្មនុញ្ញ ព្រះអង្គ​អាច​សួរ​ទៅ​អ្នក​ដឹកនាំ​រដ្ឋាភិបាល ឬ​សួរ​ទៅ​អ្នក​ដឹក​នាំ​ស្ថាប័ន​ផ្សេងៗ​ហ្នឹង ព្រះ​ព្រះអង្គ​មាន​សិទ្ធិ​កោះ​ហៅ​នាយករដ្ឋមន្ត្រី​ដើម្បី​សួរ​ដំណើរការ​ អនុវត្ត។ យើង​ឃើញ​ហើយ​មាន​ញត្តិ​ស្នាម​មេដៃ​​ប្រជាជន​រាប់​ម៉ឺន​នាក់ ហើយ​លោក​នាយករដ្ឋមន្ត្រី​ហ្នឹង​កិច្ចការ​យ៉ាង​ម៉េច ត្រូវ​រាយការណ៍​ថ្វាយ​ព្រះអង្គ​មក។ បន្ទាប់​ពី​ហ្នឹង​ធ្វើ​ការ​ដោះស្រាយ​ក្រោម​អធិបតី​ភាព​របស់​ព្រះអង្គ ដើម្បី​ពិនិត្យ​មើល​បញ្ហា​អី​ដែល​កើត​មាន​រវាង​គណបក្ស​នយោបាយ​ទាំង​២​ ហ្នឹង»

មក​ដល់​ពេល​នេះ មាន​មន្ត្រី​ជាន់​ខ្ពស់ និង​សកម្មជន​បក្ស​ប្រឆាំង​ចំនួន ១៩​នាក់​ហើយ​កំពុង​ជាប់​ឃុំ​នៅ​ពន្ធនាគារ​ព្រៃ​ស។ លើស​ពី​នេះ តំណាង​រាស្ត្រ​គណបក្ស​សង្គ្រោះ​ជាតិ ចំនួន ៧​នាក់​ផ្សេង​ទៀត កំពុង​ជាប់​បណ្ដឹង​នៅ​ក្រៅ​ឃុំ។ ដោយឡែក​មន្ត្រី​សិទ្ធិ​មនុស្ស​សមាគម​អាដហុក ៤​រូប និង​មន្ត្រី គ.ជ.ប ១​រូប កំពុង​ស្ថិត​ក្នុង​ពន្ធនាគារ ដែល​អ្នក​សង្កេតការណ៍​យល់​ឃើញ​ថា​ជា​សំណុំ​រឿង​នយោបាយ៕

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖

ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។