លោក ហ៊ុន សែន មិន​ទាន់​ឆ្លើយ​តប​សំណើ​សុំ​បកស្រាយ​រឿង​វៀតណាម​ធ្វើ​ផ្លូវ​ចូល​ចំណុច​ដាក់ដាំ

0:00 / 0:00

តំណាង​រាស្ត្រ​គណបក្ស​ប្រឆាំង នៅ​មិន​ទាន់​ទទួល​បាន​ការ​ឆ្លើយ​តប​ពី​លោក​នាយក​រដ្ឋមន្ត្រី ហ៊ុន សែន ចំពោះ​លិខិត​ស្នើ​ឲ្យ​លោក​ចូល​សភា​បកស្រាយ​ពី​ការ​កសាង​ផ្លូវ​របស់​ប្រទេស​វៀតណាម ចូល​ក្នុង​ចំណុច​ដាក់ដាំ ឋិត​ក្នុង​ឃុំ​ដាក់ដាំ ស្រុក​អូររាំង ខេត្ត​មណ្ឌលគិរី ដែល​មិន​ទាន់​ត្រូវ​បាន​ឯកភាព​គ្នា​ដាច់​ស្រេច​នៅ​ឡើយ ទៅ​លើ​ការ​កំណត់​ខ្សែ​បន្ទាត់​ព្រំដែន​រវាង​ប្រទេស​ជិត​ខាង​ទាំង​ពីរ នៅ​ត្រង់​តំបន់​នោះ។ យ៉ាង​ណា​ក៏ដោយ មន្ត្រី​រដ្ឋាភិបាល​អះអាង​ថា កម្ពុជា នឹង​បន្ត​ដោះស្រាយ​ជាមួយ​ភាគី​វៀតណាម។

តំណាង​រាស្ត្រ​គណបក្ស​សង្គ្រោះ​ជាតិ មណ្ឌល​កំពង់ចាម និង​ជា​អនុប្រធាន​គណៈកម្មការ​សាធារណការ ដឹក​ជញ្ជូន នគរូបនីយកម្ម និង​សំណង់​នៃ​រដ្ឋសភា លោក ម៉ៅ មុនីវណ្ណ ឲ្យ​ដឹង​នៅ​ថ្ងៃ​ទី​១៦ តុលា ថា លោក​កំពុង​រង់ចាំ​ការ​ឆ្លើយ​តប​ផ្លូវ​ការ​ពី​លោក​នាយក​រដ្ឋមន្ត្រី ហ៊ុន សែន ចំពោះ​ការ​ស្នើសុំ​ឲ្យ​ប្រមុខ​រដ្ឋាភិបាល​បកស្រាយ ឬ​បញ្ជាក់​ឲ្យ​បាន​ច្បាស់​ពី​ការ​កសាង​ផ្លូវ​របស់​ប្រទេស​វៀតណាម ចូល​ចំណុច​ដាក់ដាំ។

លោក ម៉ៅ មុនីវណ្ណ ដែល​បាន​ផ្ញើ​លិខិត​ទៅ​ឲ្យ លោក ហ៊ុន សែន តាម​រយៈ​ប្រធាន​សភា លោក ហេង សំរិន កាល​ពី​ថ្ងៃ​ទី​១២ តុលា ថ្លែង​ថា លោក​ចង់​ឲ្យ លោក ហ៊ុន សែន បកស្រាយ​ឲ្យ​បាន​ច្បាស់​ពី​បញ្ហា​នេះ ពីព្រោះ​លោក​ថា ប្រជាពលរដ្ឋ​ខ្មែរ​ដែល​កំពុង​រស់នៅ​តំបន់​នោះ សម្ដែង​ក្តី​បារម្ភ​ជា​ខ្លាំង​អំពី​ការ​កសាង​ផ្លូវ​របស់​ប្រទេស​វៀតណាម។

តំណាង​រាស្ត្រ​បក្ស​ប្រឆាំង​រូប​នេះ​ដែល​អះអាង​ថា បាន​ចុះ​ទៅ​ពិនិត្យ​មើល​ផ្ទាល់​នៅ​តំបន់​ដាក់ដាំ កាល​ពី​ពិធី​បុណ្យ​ភ្ជុំបិណ្ឌ​កន្លង​ទៅ ក្រោយ​ពី​លោក​ទទួល​បាន​ព័ត៌មាន​ពី​ប្រជាពលរដ្ឋ​នៅ​តំបន់​នោះ បញ្ជាក់​ថា ប្រទេស​វៀតណាម បាន​ធ្វើ​ផ្លូវ​ចូល​មក​ដល់​មាត់​ព្រែក​ដាក់ដាំ តែ​ម្តង ហើយ​ដែល​សកម្មភាព​នេះ​លោក​យល់​ថា ពុំ​គួរ​ឲ្យ​កើត​មាន​ឡើយ​នៅ​ពេល​នេះ។ លោក ម៉ៅ មុនីវណ្ណ មាន​ប្រសាសន៍​ថា រដ្ឋាភិបាល​គួរ​បកស្រាយ​ឲ្យ​ពលរដ្ឋ​ខ្មែរ​អស់​ចម្ងល់​ពី​បញ្ហា​នេះ។

លោក ម៉ៅ មុនីវណ្ណ៖ «នាយក​រដ្ឋមន្ត្រី​មក​ឆ្លើយ​ក្នុង​សភា​នេះ ឬ​ក៏​ឆ្លើយ​បំភ្លឺ​តាម​លិខិត​ជា​លាយលក្ខណ៍​អក្សរ មក​ជូន​ដល់​អ្នក​តំណាង​រាស្ត្រ​ដែល​ជា​តំណាង​ប្រជាពលរដ្ឋ​ទូទៅ ហើយ​ជាពិសេស ប្រជាពលរដ្ឋ​ខ្មែរ​លោក​មាន​ការ​ព្រួយ​បារម្ភ​អំពី​បញ្ហា​ព្រំដែន​នេះ ដែល​យើង​ឃើញ​ថា ប្រសិន​បើ​ដូច​ទិដ្ឋភាព ដូច​ដែល​គេ​ធ្វើ​មក​រាល់​ថ្ងៃ​នេះ ត្រង់​ចំណុច​ហ្នឹង​វា​មាន​ការ​រំលោភ​ចូល​ច្រើន​គីឡូ​ម៉ែត្រ​ណាស់»

«នាយក​រដ្ឋមន្ត្រី​មក​ឆ្លើយ​ក្នុង​សភា​នេះ ឬ​ក៏​ឆ្លើយ​បំភ្លឺ​តាម​លិខិត​ជា​លាយលក្ខណ៍​អក្សរ មក​ជូន​ដល់​អ្នក​តំណាង​រាស្ត្រ​ដែល​ជា​តំណាង​ប្រជាពលរដ្ឋ​ទូទៅ ហើយ​ជាពិសេស ប្រជាពលរដ្ឋ​ខ្មែរ​លោក​មាន​ការ​ព្រួយ​បារម្ភ​អំពី​បញ្ហា​ព្រំដែន​នេះ ដែល​យើង​ឃើញ​ថា ប្រសិន​បើ​ដូច​ទិដ្ឋភាព ដូច​ដែល​គេ​ធ្វើ​មក​រាល់​ថ្ងៃ​នេះ ត្រង់​ចំណុច​ហ្នឹង​វា​មាន​ការ​រំលោភ​ចូល​ច្រើន​គីឡូ​ម៉ែត្រ​ណាស់»។

ជុំវិញ​ការ​កោះ​ហៅ​នេះ វិទ្យុ​អាស៊ីសេរី មិន​ទាន់​អាច​សុំ​ការ​ឆ្លើយ​តប​ពី​ខុទ្ទកាល័យ​លោក​នាយក​រដ្ឋមន្ត្រី ហ៊ុន សែន បាន​នៅ​ឡើយ។ ចំណែក​ជំនួយ​ការ​ផ្ទាល់ លោក ហ៊ុន សែន លោក អ៊ាង សុផល្លែត ឆ្លើយ​ថា លោក​មិន​បាន​ដឹង​ពី​បញ្ហា​កោះ​ហៅ​នេះ​ទេ។

យ៉ាង​ណា​ក៏ដោយ មន្ត្រី​រដ្ឋាភិបាល និង​ជា​ប្រធាន​គណៈកម្មាធិការ​ចម្រុះ​កិច្ចការ​ព្រំដែន​កម្ពុជា លោក វ៉ា គឹមហុង ឆ្លើយ​តប​ថា ទាំង​ភាគី​កម្ពុជា និង​វៀតណាម សុទ្ធតែ​ដឹង​ថា​មិន​ទាន់​មាន​ការ​ឯកភាព​គ្នា​លើ​ការ​កំណត់​ខ្សែ​បន្ទាត់​ព្រំដែន​ពិត​ប្រាកដ​នៅ​ឡើយ​នៅ​ចំណុច​ដាក់ដាំ។ លោក​ថា វា​មិន​សម​ហេតុផល​ឡើយ បើ​រដ្ឋាភិបាល​វៀតណាម ធ្វើ​ផ្លូវ​ចូល​តំបន់​នោះ ព្រោះ​ថា សន្ធិសញ្ញា​បំពេញ​បន្ថែម​ឆ្នាំ​២០០៥ បញ្ជាក់​យ៉ាង​ច្បាស់​ពី​ការ​មិន​ឯកភាព​នេះ។ យ៉ាង​ណា លោក​ថា ភាគី​ទាំង​ពីរ​បន្ត​ដោះស្រាយ​បញ្ហា​នេះ។

លោក វ៉ា គឹមហុង៖ «ភាគី​ទាំង​ពីរ​មាន​កាតព្វកិច្ច​រក្សា​ស្ថានភាព​ឲ្យ​នៅ​ដដែល ក្នុង​ករណី​ដែល​យើង​មិន​ទាន់​ឯកភាព​គ្នា អា​ហ្នឹង​ដែល​យើង​បញ្ជាក់​ជាច្រើន​ដង​ហើយ​ក្នុង​ករណី​ហ្នឹង យើង​មាន​ចេញ​ប្រកាស​ព័ត៌មាន​រួម​នាយក​រដ្ឋមន្ត្រី​ប្រទេស​ទាំង​ពីរ កាល​ពី​ឆ្នាំ​១៩៩៧ ថា​យើង​ត្រូវ​រក្សា​ស្ថានភាព​ដដែល​ក្នុង​ករណី​ដែល​យើង​មិន​ទាន់​ឯកភាព​គ្នា»

កម្ពុជា និង​វៀតណាម មាន​ខ្សែ​បន្ទាត់​ព្រំដែន​រួម​គ្នា​ប្រវែង​ជាង ១.២០០​គីឡូ​ម៉ែត្រ ហើយ​ប្រទេស​ទាំង​ពីរ​ក៏​កំពុង​បន្ត​អនុវត្ត​ការ​បោះ​បង្គោល​ព្រំដែន​អន្តរជាតិ​រហូត​មក​ដល់​បច្ចុប្បន្ន។

ទាក់ទង​នឹង​តំបន់​ដាក់ដាំ នេះ ក្នុង​ពេល​ចូល​បំភ្លឺ​នៅ​រដ្ឋសភា​តាម​ការ​កោះ​ហៅ​របស់​តំណាង​រាស្ត្រ​បក្ស​ប្រឆាំង កាល​ពី​ខែ​សីហា ឆ្នាំ​២០១២ លោក ហ៊ុន សែន បញ្ជាក់​ថា កម្ពុជា និង​វៀតណាម នៅ​មិន​ទាន់​ឯកភាព​គ្នា​លើ​កំណាត់​ព្រំដែន​នៅ​តំបន់​ជាប់​នឹង​ឃុំ​ដាក់ដាំ ស្រុក​អូររាំង ខេត្ត​មណ្ឌលគិរី ខាង​កម្ពុជា និង​ឃុំ​ខ្វាងជិក ស្រុក​ដាក់ឡឹប ខេត្ត​ដាក់ណុង ខាង​វៀតណាម ដែល​មាន​ផ្ទៃ​ក្រឡា​ដី​ប្រមាណ​ជា ៥០​គីឡូ​ម៉ែត្រ​ក្រឡា​នោះ​នៅ​ឡើយ​ទេ។

លោក ហ៊ុន សែន ថា​មូលហេតុ​ដែល​មិន​ឯកភាព​គ្នា​នោះ គឺ​ដោយសារ​ខាង​ភាគី​កម្ពុជា ទាមទារ​យក​ខ្សែ​ព្រំដែន​នៅ​កំណាត់​នេះ តាម​សេចក្តី​សម្រេច​របស់​អគ្គទេសាភិបាល​បារាំង ចុះ​ថ្ងៃ​ទី​៣១ ខែ​កក្កដា ឆ្នាំ​១៩១៤ ដែល​បាន​បញ្ជាក់​ថា ខ្សែ​ព្រំដែន​នៅ​តំបន់​នេះ​ដើរ​តាម​ព្រែក​ដាក់ហ៊ូត រហូត​ដល់​ប្រភព​នៃ​ព្រែក​នោះ។ ប៉ុន្តែ​ខាង​ភាគី​វៀតណាម វិញ គេ​ទាមទារ​យក​ខ្សែ​ព្រំដែន​នៅ​កំណាត់​នេះ ដើរ​តាម​ព្រែក​ដាក់ដាំ តាម​ផែនទី​របស់​ក្រុម​ភូមិសាស្ត្រ​ឥណ្ឌូចិន (SIG) ខ្នាត ១/១០០.០០០ និង​តាម​ការ​កាន់​កាប់​ជាក់ស្តែង​របស់​ប្រជាជន​វៀតណាម ដែល​មាន​ជា​យូរ​មក​ហើយ។

យ៉ាង​ណា​ក៏ដោយ លោក ហ៊ុន សែន អះអាង​ថា ភាគី​កម្ពុជា និង​វៀតណាម បាន​ឯកភាព​គ្នា​បន្ត​ការ​ពិភាក្សា​ទៀត​លើ​ចំណុច​នេះ៕

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖

ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។