តំណាងរាស្ត្រគណបក្សសង្គ្រោះជាតិ នឹងកោះហៅរដ្ឋមន្ត្រីមួយចំនួនឲ្យឆ្លើយបំភ្លឺនៅក្នុងរដ្ឋសភាឡើងវិញ ថ្វីត្បិតតែលោកនាយករដ្ឋមន្ត្រី ហ៊ុន សែន មិនអនុញ្ញាតឲ្យចូលឆ្លើយបំភ្លឺក្ដី។ កាលពីដើមឆ្នាំ២០១៧ លោក ហ៊ុន សែន បានប្រកាសដាក់លក្ខខណ្ឌទៅបក្សប្រឆាំងចំនួនពីរចំណុច ប្រសិនបើបក្សនេះចង់កោះហៅរដ្ឋមន្ត្រីរបស់លោក ទៅឆ្លើយបំភ្លឺនៅក្នុងរដ្ឋសភា។
ជាលើកទីមួយដែលគណបក្សប្រឆាំងមានគម្រោងកោះហៅរដ្ឋមន្ត្រីតំណាងក្រសួង ទៅឆ្លើយបំភ្លឺក្នុងរដ្ឋសភាឡើងវិញ បន្ទាប់ពីមានការប្រកាសមិនអនុញ្ញាតឲ្យចូលឆ្លើយបំភ្លឺក្នុងរដ្ឋសភាពីនាយករដ្ឋមន្ត្រី ហ៊ុន សែន។ មន្ត្រីគណបក្សប្រឆាំងបញ្ជាក់ថា ការគ្រោងកោះហៅរដ្ឋមន្ត្រីដំបូងដើម្បីចូលទៅបំភ្លឺក្នុងរដ្ឋសភាខាងមុខនេះ គឺមានលោក ស៊ុយ សែម រដ្ឋមន្ត្រីក្រសួងរ៉ែ និងថាមពល និងបន្ទាប់មក គឺលោក អ៊ិត សំហេង រដ្ឋមន្ត្រីក្រសួងការងារ និងបណ្ដុះបណ្ដាលវិជ្ជាជីវៈ។
តំណាងរាស្ត្រគណបក្សសង្គ្រោះជាតិ លោក សុន ឆ័យ ថ្លែងថា ការប្រកាសរបស់លោក ហ៊ុន សែន ដែលមិនឲ្យរដ្ឋមន្ត្រីចូលបំភ្លឺក្នុងរដ្ឋសភានោះ គឺផ្ទុយទៅនឹងរដ្ឋធម្មនុញ្ញមាត្រា៩៦ ដែលបានតម្រូវឲ្យរដ្ឋមន្ត្រីឆ្លើយបំភ្លឺផ្ទាល់មាត់ក្នុងរដ្ឋសភា៖ « យើងសាកល្បងមើលថា តើនៅពេលយើងដាក់លិខិតទៅ មានប្រតិកម្មអីខ្លះ ? ជួនកាលប្រសាសន៍នាយករដ្ឋមន្ត្រីអាចនៅពេលគាត់មិនសប្បាយចិត្ត »។
ការប្រកាសពីការគ្រោងកោះហៅរដ្ឋមន្ត្រីមួយចំនួន ដើម្បីសួរនាំជាថ្មីទៀតរបស់លោក សុន ឆ័យ នេះ នៅក្រោយពីកិច្ចប្រជុំសភាលើកទី៨ នីតិកាលទី៥ បានពិភាក្សា និងអនុម័តសេចក្ដីស្នើច្បាប់ស្ដីពីការបោះឆ្នោតជ្រើសតាំងសមាជិកព្រឹទ្ធសភា ដែលមាន ១១ជំពូក ៣២មាត្រា នៅថ្ងៃទី២០ ខែមិថុនា ឆ្នាំ២០១៧។
លោក សុន ឆ័យ អះអាងទៀតថា មូលហេតុដែលលោកចង់កោះហៅរដ្ឋមន្ត្រីក្រសួងរ៉ែ និងថាមពល នេះ គឺដោយសារមានមន្ទិលសង្ស័យជុំវិញការទិញថាមពលអគ្គិសនីពីក្រុមហ៊ុនមួយស្ថិតក្នុងខេត្តព្រះសីហនុ មកផ្គត់ផ្គង់បន្ថែមនៅទីក្រុងភ្នំពេញ ដែលលោកបញ្ជាក់ថា គ្មានការដេញថ្លៃត្រឹមត្រូវ និងមានតម្លៃថ្លៃជាងពីរដងនៃតម្លៃអគ្គិសនីដែលទិញពីប្រទេសឡាវ។ ក្រៅពីនេះ លោកក៏ចង់ឲ្យបកស្រាយបន្ថែមទៀតជុំវិញបញ្ហាការបូមខ្សាច់តាមដងទន្លេមេគង្គ ដែលបណ្ដាលឲ្យបាក់ច្រាំងបង្កប៉ះពាល់ទៅដល់ផ្ទះប្រជាពលរដ្ឋ និងបញ្ហាតួលេខមិនច្បាស់លាស់នៃការនាំខ្សាច់ប្រភេទស៊ីលីកា ឬខ្សាច់ស ទៅលក់នៅក្រៅប្រទេស។
ចំណែកលោក អ៊ិត សំហេង រដ្ឋមន្ត្រីក្រសួងការងារ និងបណ្ដុះបណ្ដាលវិជ្ជាជីវៈ នឹងត្រូវកោះហៅឲ្យបំភ្លឺជុំវិញមិនអនុញ្ញាតឲ្យកម្មកររោងចក្របានឈប់សម្រាកទៅបោះឆ្នោតកាលពីថ្ងៃទី៤ ខែមិថុនា ឆ្នាំ២០១៧។
លោក សុខ ឆ័យ បញ្ជាក់ថា ប្រសិនបើចម្លើយបំភ្លឺតាមលិខិតរបស់ក្រសួងរ៉ែ នៅតែគ្មានទំនួលខុសត្រូវ និងចម្លើយរបស់ក្រសួងការងារ នៅតែពុំអាចទទួលយកបាន គឺប្រហែលសប្ដាហ៍ខាងមុខនេះ គណបក្សរបស់លោកនឹងដាក់លិខិតទៅរដ្ឋសភាចុះហត្ថលេខា ដើម្បីឲ្យរដ្ឋមន្ត្រីទាំងនោះចេញមកឆ្លើយបំភ្លឺផ្ទាល់មាត់ក្នុងរដ្ឋសភា។
ទោះជាយ៉ាងណា កាលពីថ្ងៃទី២ ខែកុម្ភៈ ឆ្នាំ២០១៧ លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន បានដាក់លក្ខខណ្ឌចំនួនពីរចំណុចទៅកាន់គណបក្សប្រឆាំង គឺទី១ តំណាងរាស្ត្របក្សនេះត្រូវតែចូលប្រជុំសភានៅរៀងរាល់សភាបើកអង្គប្រជុំ និងមិនត្រូវធ្វើវេទិកាកាសែតនៅទីស្នាក់ការបក្សនោះទេ។ រីឯទី២ មិនត្រូវផ្ដល់ព័ត៌មានឲ្យអ្នកកាសែតថា ការឆ្លើយបំភ្លឺរបស់រដ្ឋមន្ត្រីរបស់លោកអត់បានការ ដែលខុសគ្នានៅពេលក្នុងអង្គប្រជុំបាននិយាយថាល្អ។
ការប្រកាសរបស់លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន គឺភ្លាមៗ រដ្ឋសភាក៏បានសម្រេចផ្អាកបញ្ជូនសំណើកោះហៅរដ្ឋមន្ត្រីមកបំភ្លឺចំពោះគណៈកម្មការនានានៃរដ្ឋសភារបស់បក្សក្រៅរដ្ឋាភិបាលជាបណ្ដោះអាសន្ន ក្នុងករណីតំណាងរាស្ត្រទាំងនោះមិនចូលមកធ្វើការក្នុងសភាជាប្រក្រតី។
ពាក់ព័ន្ធនឹងបញ្ហានេះ មន្ត្រីនាំពាក្យរដ្ឋសភា លោក ឡេង ប៉េងឡុង ថ្លែងថា ការផ្អាកនោះដោយសារគណបក្សប្រឆាំងដាក់សំណួរក្នុងន័យកេងចំណេញនយោបាយ និងមួយវិញទៀត ដោយសារមិនបានចូលប្រជុំក្នុងរដ្ឋសភា។ ថ្វីត្បិតតែពេលនេះ ក្រុមតំណាងរាស្ត្រចូលប្រជុំសភាវិញមែន ប៉ុន្តែលោក ឡេង ប៉េងឡុង បញ្ជាក់ថា រដ្ឋសភាមិនទាន់លុបចោលការផ្អាកមិនឲ្យកោះហៅរដ្ឋមន្ត្រីមកឆ្លើយបំភ្លឺនៅឡើយទេ ហើយការដែលអាចដកការផ្អាកនេះបាន គឺអាស្រ័យនៅលើប្រធានរដ្ឋសភា លោក ហេង សំរិន និងលោកនាយករដ្ឋមន្ត្រី ហ៊ុន សែន៖ « គាត់ដាក់លិខិតមក យើងសុំការឯកភាពពីសម្ដេចសិន បើសម្ដេចថាបញ្ជូន នឹងបញ្ជូន »។
សម្រាប់អ្នកវិភាគនយោបាយវិញបញ្ជាក់ថា មានតែការកោះហៅរដ្ឋមន្ត្រីមកសួរនាំក្នុងរដ្ឋសភាទេ ដែលអាចឲ្យសភាដឹងរឿងរ៉ាវគ្រប់ជ្រុងជ្រោយ ដើម្បីយកទៅឆ្លើយតបជាមួយពលរដ្ឋដែលជាម្ចាស់ឆ្នោត។ ទោះជាយ៉ាងណា ជម្លោះនយោបាយជាមួយគ្នាដ៏រ៉ាំរ៉ៃយូរពេករវាងគណបក្សប្រឆាំង ទើបធ្វើឲ្យការសួរដេញដោលក្នុងរដ្ឋសភាកន្លងទៅ ត្រូវគណបក្សទាំងពីរទាញចំណេញនយោបាយរៀងៗខ្លួន និងមិនសូវមានប្រសិទ្ធភាពសម្រាប់ពលរដ្ឋឡើយ។
បណ្ឌិតវិទ្យាសាស្ត្រនយោបាយ លោក ចាន់ វិបុល យល់ថា បើទោះបីជាមានការកោះហៅរដ្ឋមន្ត្រីទៅឆ្លើយបំភ្លឺក្នុងសភានាពេលខាងមុខទៀត លោកនៅតែយល់ថា នឹងនៅតែមានការរារាំងដដែល៖ « ប្រសិនបើមានការកោះហៅទៀត ខ្ញុំយល់ថានឹងមានការអន្តរាគមន៍ពីប្រធានគណបក្ស »។
អ្នកជំនាញខាងនយោបាយរូបនេះបញ្ជាក់ថា ដើម្បីឲ្យការឆ្លើយបំភ្លឺរបស់ខ្លួនមានប្រយោជន៍សម្រាប់ពលរដ្ឋ គឺរដ្ឋមន្ត្រីតំណាងក្រសួងនីមួយៗ ត្រូវសិក្សាឲ្យបានច្បាស់អំពីគោលបំណងនៃកោះហៅនោះ ដែលមិនមែនជាការជាប់ពាក់ព័ន្ធរឿងនយោបាយ និងត្រូវឆ្លើយតាមការសិក្សារបស់ខ្លួន ហើយមិនត្រូវលើកឡើងក្នុងទិដ្ឋភាពនយោបាយនោះទេ៕
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖
ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។