បក្ស​ប្រឆាំង​ឆ្លើយ​តប​ចំពោះ​ការ​ចំអក​របស់​លោក ហ៊ុន សែន រឿង​អ្នក​ជាប់​ឃុំឃាំង

ដោយ ថា កិត្យា
2015.09.02
យឹម សុវណ្ណ ៦២០ លោក យឹម សុវណ្ណ មន្ត្រី​នាំ​ពាក្យ និង​ជា​ប្រធាន​ក្រុម​ការងារ​គណបក្ស​សង្គ្រោះ​ជាតិ ប្រចាំ​មណ្ឌល​ភ្នំពេញ ក្នុង​វេទិកា​អ្នក​ស្ដាប់​វិទ្យុ​អាស៊ីសេរី កាល​ពី​យប់​ថ្ងៃ​ទី​១៥ ខែ​វិច្ឆិកា ឆ្នាំ​២០១៣។
Photo: RFA

ទាញ​យក​កម្មវិធី​វិទ្យុ​អាស៊ីសេរី សម្រាប់​ទូរស័ព្ទ និង Tablet

គណបក្ស​សង្គ្រោះ​ជាតិ ឆ្លើយ​តប​ចំពោះ​ការ​ចំអក​ឡកឡឺយ​របស់​លោក​នាយក​រដ្ឋមន្ត្រី ហ៊ុន សែន ដែល​ថា មេ​ដឹក​នាំ​បក្ស​មួយ​នេះ ពូកែ​កុហក​បោកប្រាស់ បើ​ទោះ​បី​ជា​ខ្លួន​ពុំ​មាន​លទ្ធភាព​ក្នុង​ការ​ដោះស្រាយ​បញ្ហា​សកម្មជន និង​មន្ត្រី​ជាន់​ខ្ពស់​របស់​ខ្លួន ដែល​កំពុង​ជាប់​ឃុំឃាំង​នៅ​ក្នុង​ពន្ធនាគារ​នោះ។

អ្នក​នាំ​ពាក្យ​គណបក្ស​សង្គ្រោះ​ជាតិ លោក យឹម សុវណ្ណ បាន​ថ្លែង​ការពារ​ប្រធាន​គណបក្ស​សង្គ្រោះ​ជាតិ លោក សម រង្ស៊ី ថា​លោក​ពុំ​បាន​ភូត​កុហក​បោកប្រាស់​មន្ត្រី ឬ​សកម្មជន​ដែល​កំពុង​ជាប់​ឃុំឃាំង​ក្នុង​ពន្ធនាគារ ដូច​ការ​ចោទ​ប្រកាន់​របស់​លោក​នាយក​រដ្ឋមន្ត្រី ហ៊ុន សែន នោះ​ឡើយ។ លោក យឹម សុវណ្ណ បញ្ជាក់​ថា ការ​ចាប់​ឃុំឃាំង​អ្នក​ទាំង​នោះ គឺ​ជា​រឿង​នយោបាយ។ ដូច្នេះ ការ​លើក​ឡើង​របស់ លោក សម រង្ស៊ី កន្លង​មក គឺ​ជា​ឆន្ទៈ​នយោបាយ​ក្នុង​ការ​ដោះស្រាយ​បញ្ហា ដើម្បី​ឲ្យ​មាន​ការ​បង្រួបបង្រួម​ជាតិ៖ «ដំណោះស្រាយ​ទាល់​តែ​គណបក្ស​ទាំង​ពីរ ព្រមព្រៀង​គ្នា​ដោះស្រាយ ហើយ​អ្នក​ដែល​ដើរ​តួនាទី​ក្នុង​ការ​រក​ដំណោះស្រាយ គឺ​អ្នក​ចោទ​ប្រកាន់​ហ្នឹង​ហើយ គឺ​គណបក្ស​កាន់​អំណាច ព្រោះ​ទី​១ ជា​រឿង​នយោបាយ។ ទី​២ គណបក្ស​កាន់​អំណាច ហើយ​ទី​៣ អ្នក​ណា​ក៏​ដឹង​ដែរ​ថា គណបក្ស​ប្រជាជន មាន​ឥទ្ធិពល​ច្រើន​ទៅ​លើ​ប្រព័ន្ធ​តុលាការ»

ការ​បញ្ចេញ​ប្រតិកម្ម​នេះ គឺ​នៅ​បន្ទាប់​ពី លោក ហ៊ុន សែន បាន​ថ្លែង​ចំអក​នៅ​ក្នុង​សន្និបាត​តំណាង​សមាគម​អតីត​យុទ្ធជន​ទូទាំង​ប្រទេស នៅ​វិទ្យាស្ថាន​ជាតិ​អប់រំ កាល​ពី​ព្រឹក​ថ្ងៃ​ទី​២ ខែ​កញ្ញា ដោយ​ថ្លែង​សំដៅ​ដាក់​ឲ្យ លោក សម រង្ស៊ី ថា​បាន​ត្រឹម​តែ​សន្យា​ខ្យល់​ក្នុង​ការ​ដោះស្រាយ​រឿង​ឲ្យ​មាន​ការ​ដោះ​លែង​មន្ត្រី និង​សកម្មជន​គណបក្ស​ឲ្យ​នៅ​ក្រៅ​ឃុំ​នោះ៖ «ថា​អូ! ខែ​៨ ដោះ​ចេញ​ហើយ ឥឡូវ​ខែ​៩ ហើយ ដោះ​អត់​ចេញ លោក​ឯង​ថា​ម៉េច? ប្រជាពលរដ្ឋ​គាំទ្រ​លោក​ឯង និយាយ​ថា​ម៉េច? បើ​គេ​ប្រកាស​ក្ដែង​ថា ខែ​៨ ដោះ​រួច​ហើយ ឥឡូវ​ខែ​៩ ដោះ​មិន​ទាន់​រួច។ ភូត​ត្លុក​ភូត​តាម​ដំណាក់ អ៊ីចឹង​មិន​បាន​ទេ បើ​បាន​ជា​ជ្រុល​ភូត ភូត​ដល់​សមុទ្រ​អាត្លង់ទិច ឬ​សមុទ្រ​ប៉ាស៊ីហ្វិក ណោះ»

កន្លង​មក មេ​ដឹក​នាំ​គណបក្ស​សង្គ្រោះ​ជាតិ ធ្លាប់​បាន​លើក​ឡើង​ថា នឹង​ប្រើ​វប្បធម៌​សន្ទនា​ចរចា​ជាមួយ​ថ្នាក់​ដឹក​នាំ​បក្ស​កាន់​អំណាច ដើម្បី​ឲ្យ​មាន​ការ​ដោះ​លែង​មន្ត្រី និង​សកម្មជន​របស់​ខ្លួន​ចេញ​ពី​ពន្ធនាគារ​ព្រៃ​ស​ឆាប់ៗ។

ទាក់ទិន​បញ្ហា​នេះ នាយក​វេទិកា​អនាគត និង​ជា​អ្នក​តាម​ដាន​ស្ថានការណ៍​នយោបាយ​នៅ​កម្ពុជា លោក អ៊ូ វីរៈ មាន​ប្រសាសន៍​ថា ការ​ដែល​ប្រធាន​គណបក្ស​ប្រជាជន​កម្ពុជា ចំអក​ឲ្យ​ប្រធាន​គណបក្ស​សង្គ្រោះ​ជាតិ នោះ គឺ​ដោយសារ លោក ហ៊ុន សែន ជា​តួ​អង្គ​សំខាន់​ក្នុង​ការ​ដោះស្រាយ​បញ្ហា​នេះ ទើប​អាច​បញ្ចប់​បាន៖ «គន្លឹះ​នៅ​លើ លោក ហ៊ុន សែន អ៊ីចឹង​ហើយ​បាន​ជា លោក ហ៊ុន សែន ឡកឡឺយ​ថា គណបក្ស​សង្គ្រោះ​ជាតិ ដោះស្រាយ​មិន​បាន គឺ​ត្រូវ​ហើយ មាន​ន័យ​ថា អ្នក​ដឹក​នាំ​គណបក្ស​សង្គ្រោះ​ជាតិ និង​តុលាការ ពុំ​មាន​អំណាច​ដោះស្រាយ​រឿង​នេះ​ឡើយ»

រហូត​មក​ទល់​ពេល​នេះ មាន​សកម្មជន និង​មន្ត្រី​ជាន់​ខ្ពស់​របស់​គណបក្ស​សង្គ្រោះ​ជាតិ ចំនួន ១៥​នាក់ កំពុង​ជាប់​ឃុំឃាំង​ក្នុង​ពន្ធនាគារ​ព្រៃ​ស។ ទាក់ទិន​នឹង​រឿងរ៉ាវ​ដែល​កើត​ឡើង​កន្លង​មក​ទាំង​នេះ​ដែរ ត្រូវ​បាន លោក ហ៊ុន សែន មើល​ឃើញ​ថា ដោយសារ​មេ​ដឹក​នាំ​គណបក្ស​ប្រឆាំង ពូកែ​បង្ក​ហេតុ​តាម​រយៈ​យុទ្ធសាស្ត្រ​ចាក់​ក្រឡេក។ យ៉ាង​ណា​ក៏ដោយ គេ​នៅ​ចាំ​អ៊ុត​មើល​ថា តើ​សកម្មជន និង​មន្ត្រី​បក្ស​ប្រឆាំង នឹង​មាន​ជោគ​វាសនា​រួច​ខ្លួន​ពី​ពន្ធនាគារ ក្រោម​ការ​សម្រប​សម្រួល​នយោបាយ ឬ​យ៉ាង​ណា?៕

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

បញ្ចេញ​មតិយោបល់៖

បញ្ចូលមតិរបស់អ្នកដោយបំពេញទម្រង់ខាងក្រោមជាអក្សរសុទ្ធ។ មតិនឹងត្រូវសម្រេចដោយអ្នកសម្របសម្រួល និងអាចពិនិត្យកែប្រែឲ្យស្របតាម លក្ខខណ្ឌនៃការប្រើប្រាស់ របស់វិទ្យុអាស៊ីសេរី។ មតិនឹងមិនអាចមើលឃើញភ្លាមៗទេ។ វិទ្យុអាស៊ីសេរី មិនទទួលខុសត្រូវចំពោះខ្លឹមសារនៃមតិដែលបានចុះផ្សាយឡើយ។ សូមគោរពមតិរបស់អ្នកដទៃ ហើយប្រកាន់ខ្ជាប់នូវការពិត។