ពលរដ្ឋ​ហែ​ក្បួន​ដាក់​ញត្តិ​ក្នុង​ថ្ងៃ​​ខួប​ទី២៣​នៃ​កិច្ច​ព្រមព្រៀង​ទីក្រុង​ប៉ារីស

0:00 / 0:00

ប្រជាពលរដ្ឋ​ប្រមាណ ១​ពាន់​នាក់ ដង្ហែ​ក្បួន​ដាក់​ញត្តិ​នៅ​តាម​ស្ថាប័ន​រដ្ឋ និង​បណ្ដា​ស្ថានទូត​មួយ​ចំនួន​ប្រចាំ​នៅ​កម្ពុជា ដែល​ជាប់​ពាក់ព័ន្ធ​នឹង​កិច្ចព្រមព្រៀង​ទីក្រុង​ប៉ារីស ថ្ងៃ​២៣ តុលា ដែល​កិច្ច​ព្រមព្រៀង​នោះ គឺ​ដើម្បី​ស្តា​ឡើង​វិញ​នូវ​សន្តិភាព​សម្រាប់​ប្រទេស​កម្ពុជា។

ក្បួន​ដង្ហែ​បាន​ចាប់​ផ្ដើម​ចេញ​ពី​មុខ​ស្ថានទូត​បារាំង ជា​ទី​ដែល​ប្រជាពលរដ្ឋ សិស្ស និស្សិត និង​ព្រះសង្ឃ​ផង បាន​ប្រមូលផ្ដុំ​គ្នា​មុន​គេ​តាំង​ពី​ព្រឹក​ព្រលឹម មុន​នឹង​បន្ត​ដំណើរ​ដោយ​ថ្មើរ​ជើង​មក​បញ្ចប់​នៅ​ស្ថានទូត​ចិន ចុង​ក្រោយ​គេ នៅ​ថ្ងៃ​ទី​២៣ តុលា។

ក្នុង​ដំណើរ​នៃ​ការ​ដាក់​ញត្តិ​ក្នុង​ថ្ងៃ​នៃ​គម្រប់​ខួប​លើក​២៣ ដែល​ជា​កិច្ច​ព្រមព្រៀង​សន្តិភាព​ក្រុង​ប៉ារីស ក្រុម​អង្គការ​សង្គម​ស៊ីវិល និង​គណបក្ស​នយោបាយ​ដែល​មិន​មែន​កាន់​អំណាច តែង​ចាត់​ទុក​ថា កិច្ច​ព្រមព្រៀង​ទីក្រុង​ប៉ារីស ថ្ងៃ​២៣ តុលា ឆ្នាំ​១៩៩១ ដែល​មាន​ប្រទេស​ចំនួន ១៨ ជា​ម្ចាស់​ហត្ថលេខី ក្នុង​នោះ​ដោយ​រួម​ទាំង​កម្ពុជា ខ្លួន​ឯង​ផង បាន​នាំ​មក​នូវ​​សន្តិភាព និង​ជា​មធ្យោបាយ​ក្នុង​ការ​បញ្ចប់​សង្គ្រាម​ហែកហួរ​ផ្ទៃ​ក្នុងអស់​ពេល​ជា​ច្រើន​ឆ្នាំ។

បុគ្គលិក​អង្គការ​កម្មវិធី​ធនធាន​យុវជន កញ្ញា ផាត សុខាល័យ ដែល​បាន​ចូលរួម​ដាក់​ញត្តិ​ដែរ យល់​ឃើញ​ថា នេះ​ជា​យុទ្ធនាការ​មួយ​ដែល​ជួយ​ជំរុញ​ឲ្យ​រដ្ឋាភិបាល និង​ប្រទេស​ហត្ថលេខី​ត្រូវ​ពិនិត្យ​មើល​ឡើង​វិញ ចំពោះ​ភាព​ខ្វះ​ចន្លោះ​នៃ​ការ​អនុវត្ត​តាម​ស្មារតី​នៃ​ធម្មនុញ្ញ​ដែល​មាន​ចែង​នៅ​ក្នុង​កិច្ចព្រមព្រៀង​ទីក្រុង​ប៉ារីស។ ផាត សុខាល័យ បន្ត​ថា បើ​ពិនិត្យ​ជា​រួម ប្រទេស​កម្ពុជា គឺ​ឆ្លើយតប​បាន​តិចតួច​នៅ​ឡើយ​អំពី​កិច្ចព្រមព្រៀង​ទាំង​នេះ។

កញ្ញា​បន្ត​ថា៖ «ខ្ញុំ​គឺ​ជា​យុវជន​ម្នាក់​នៅ​ក្នុង​ប្រទេស​កម្ពុជា វា​នៅ​មាន​ខ្វះ​ចន្លោះ​មួយ​ចំនួន​ច្រើន​ដែរ ដែល​ជា​មូលហេតុ​ដែល​ធ្វើ​ឲ្យ​ខ្ញុំ​ចូល​រួម​នៅ​ក្នុង​ថ្ងៃ​នេះ ដើម្បី​ឲ្យ​គ្រប់​ស្ថាប័ន​ដែល​ពាក់ព័ន្ធ​ទាំង​អស់​យល់ ទទួល និង​មើល​ឃើញ​ដូច​ជា​រូប​នាង​ខ្ញុំ​ដែរ»

ញត្តិ​ពលរដ្ឋ​បាន​ដាក់​នៅ​ស្ថានទូត​ចំនួន ៧ ប្រចាំ​នៅ​​កម្ពុជា ក្នុង​នោះ​មាន​ស្ថានទូត​បារាំង អាមេរិក ​អង់គ្លេស ជប៉ុន រុស្ស៊ី ឥណ្ឌូនេស៊ី និង​ចុង​ក្រោយ គឺ​ស្ថានទូត​ចិន។ បណ្ដា​ស្ថានទូត​ទាំង​នេះ គឺ​សុទ្ធសឹងតែ​ជា​ម្ចាស់​ហត្ថលេខី​ដែល​រក​សន្តិភាព​ដល់​កម្ពុជា កាល​ពី​ជាង ២០​ឆ្នាំ​មុន ដែល​ហៅ​ថា ជា​កិច្ចព្រមព្រៀង​ទីក្រុង​ប៉ារីស ស្ដីពី​បញ្ហា​កម្ពុជា។

នៅ​ក្នុង​ញត្តិ​នោះ គឺ​ស្នើ​សុំ​ឲ្យ​ម្ចាស់​ហត្ថលេខី​នៃ​សន្ធិសញ្ញា​ទីក្រុង​ប៉ារីស ស្ដីពី​កម្ពុជា ត្រូវ​ចាត់​វិធានការ​សមស្រប ដោយ​ស្នើ​ឲ្យ​បណ្ដា​ប្រទេស​ដែល​ជា​ម្ចាស់​ហត្ថលេខី​នៃ​កិច្ច​ព្រមព្រៀង​ទាំង ១៨ ដោះស្រាយ​ជា​បន្ទាន់​លើក​ករណី​ប្រទេស​ថៃ និង​ប្រទេស​វៀតណាម រំលោភ​លើ​អធិបតេយ្យភាព និង​បូរណភាព​ទឹកដី​កម្ពុជា ជា​ពិសេស​រដ្ឋាភិបាល​វៀតណាម បាន​បញ្ជូន​និគម​របស់​ខ្លួន​ជា​ច្រើន​លាន​នាក់​មក​រស់​នៅ​កម្ពុជា ដោយ​ខុស​ច្បាប់។

ញត្តិ​ដែល​មាន​ខ្លឹមសារ​ដូច​គ្នា​នេះ ក៏​បាន​យក​ទៅ​ដាក់​នៅ​ស្ថាប័ន​រដ្ឋសភា​ដែរ។ ដោយ​ឡែក​ចំពោះ​ស្ថានទូត​២ ផ្សេង​ទៀត ក៏​ជា​ម្ចាស់​ហត្ថលេខី​ដែរ ក្នុង​នោះ​មាន​ស្ថានទូត​ថៃ និង​ស្ថានទូត​វៀតណាម ប្រជាពលរដ្ឋ​មិន​ដាក់​ទេ។ មូលហេតុ​ចម្បង​ពួក​គាត់​ចាត់​ទុក​ថា ជា​ប្រទេស​ដែល​រំលោភ​លើ​កិច្ច​ព្រមព្រៀង​ទីក្រុង​ប៉ារីស។

ប្រតិកម្ម​ភ្លាមៗ​នៅ​មុខ​រដ្ឋសភា​ពី​សំណាក់​ក្រុម​អ្នក​ដង្ហែ​ក្បួន បន្ទាប់​ពី​សមាជិក​សភា និង​ជា​តំណាងរាស្ត្រ​មក​ពី​គណបក្ស​ប្រជាជន​កម្ពុជា អ្នកស្រី ឡោក ខេង ថ្លែង​សារ​នយោបាយ​ក្នុង​ពេល​ទទួល​ញត្តិ​ពី​ប្រជាពលរដ្ឋ ដោយ​ចាត់​ទុក​ថា មាន​ថ្ងៃ​២៣ តុលា ក៏ព្រោះ​តែ​គុណ​នៃ​ថ្ងៃ​៧ មករា ដែរ។ ប៉ុន្តែ​ប្រតិកម្ម​នេះ បាន​ស្ងប់ស្ងាត់​ទៅ​វិញ នៅ​ពេល​អ្នកស្រី​បាន​បង្វែរ​​ស្ថានការណ៍​មក​ជា​ជោគជ័យ​ប្រជាពលរដ្ឋ​កម្ពុជា ក្នុង​ថ្ងៃ​នៃ​ខួប​លើក​ទី​២៣ នៃ​កិច្ច​ព្រមព្រៀង​ទីក្រុង​ប៉ារីស។

ការ​ដាក់​ញត្តិ​ស្ទើរ​ពេញ​មួយ​ថ្ងៃ គឺ​ពុំ​មាន​អំពើ​ហិង្សា​កើត​ឡើង​ទេ ក្រៅ​ពី​កម្លាំង​មាន​សមត្ថកិច្ច​រដ្ឋាភិបាល​ជួយ​សម្រួល​ការ​ធ្វើ​ដំណើរ និង​ការពារ​សន្តិសុខ។ ក៏ប៉ុន្តែ​រឿង​ដែល​ចម្លែក​នោះ​គឺ​ក្រៅ​ពី​ភូមិគ្រឹះ​របស់​លោក ហ៊ុន សែន ដែល​តែង​មាន​របាំង​គ្រប់​ច្រក ពេល​មាន​បាតុកម្ម​ម្ដងៗ​នោះ ដោយ​ឡែក​ស្ថានទូត​វៀតណាម​វិញ នៅ​ពេល​នេះ ក៏​មាន​របាំង​ការពារ​គ្រប់​ច្រក​ដូច​គ្នា មិន​ចាញ់​ផ្ទះ​លោក​នាយករដ្ឋមន្ត្រី​ប៉ុន្មាន​ដែរ។

ក្រោយ​ពី​បញ្ចប់​ដាក់​ញត្តិ ក្រុម​អ្នក​ហែ​ក្បួន​ព្រមាន​ថា ប្រសិនបើ​បណ្ដា​ស្ថាន​ទូត​នានា ដែល​បាន​ទទួល​ញត្តិ​ហើយ​មិន​ចាត់​វិធានការ នោះ​ពួក​គាត់​នឹង​ធ្វើ​យុទ្ធនាការ​បន្ត​ទៀត។

មន្ត្រី​សាលា​រាជធានី​ភ្នំពេញ ចាត់​ទុក​អង្គការ និង​សមាគម​មិនមែន​រដ្ឋាភិបាល​ដែល​រៀបចំ​ទិវា​នៃ​កិច្ចព្រមព្រៀង​ទីក្រុង​ប៉ារីស ខួប​លើក​ទី​២៣ នៅ​ពេល​នេះ​ថា គឺ​ជា​ការ​អនុវត្ត​ផ្ទុយ​ពី​កិច្ចប្រជុំ​ដែល​បាន​សម្រេច និង​ថ្កោលទោស​ចំពោះ​ការ​ធ្វើ​យុទ្ធនាការ​នេះ​ថែម​ទៀត​ផង។

លិខិត​ចុះ​ថ្ងៃ​ទី​២៣ ខែ​តុលា របស់​សាលា​រាជធានី​ភ្នំពេញ ឲ្យ​ដឹង​ថា ការ​ដង្ហែ​ក្បួន​នៅ​ពេល​នេះ ដែល​មាន​ព្រះសង្ឃ ប្រជាពលរដ្ឋ និង​សិស្ស និស្សិត ចូល​រួម​ផង​នោះ គឺ​ជា​ការ​អនុវត្ត​ផ្ទុយ​ពី​ស្មារតី​នៃ​​កិច្ច​ប្រជុំ​ដែល​បាន​ធ្វើ​ឡើង​កាល​ពី​ថ្ងៃ​ទី​២០ ខែ​តុលា កន្លង​ទៅ​នេះ។

នៅ​ក្នុង​កិច្ចប្រជុំ​នៅ​សាលា​រាជធានី​ភ្នំពេញ គឺ​អ្នក​រៀបចំ​ពិធី​បាន​​យល់​ព្រម​មិន​ហែ​ក្បួន ហើយ​ធ្វើ​នៅ​តែ​មួយ​កន្លែង​ដែល​សាលា​រាជធានី និង​ក្រសួង​មហាផ្ទៃ​អនុញ្ញាត គឺ​នៅ​ទីលាន​ប្រជាធិបតេយ្យ។

សាលា​រាជធានី​ភ្នំពេញ ថ្កោល​ទោស​ចំពោះ​អ្នក​ដឹកនាំ​រៀបចំ​ដែល​បាន​ប្រព្រឹត្ត​ខុសឆ្គង​ពី​កិច្ច​ប្រជុំ និង​ត្រូវ​ទទួល​ខុសត្រូវ​ចំពោះ​មុខ​ច្បាប់​ក្នុង​ករណី​កើត​មាន​បាតុភាព​អសកម្ម​ផ្សេងៗ ជាយថាហេតុ៕

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖

ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។