ប្រជាពលរដ្ឋខ្មែររស់នៅតាមខ្សែបន្ទាត់ព្រំដែនកម្ពុជា-វៀតណាម នៅសង្កាត់ប្រាសាទ ក្រុងបាវិត ខេត្តស្វាយរៀង បាននាំគ្នាផ្ដិតមេដៃដាក់ជូនអាជ្ញាធរមូលដ្ឋាន ឲ្យជួយបញ្ឈប់សកម្មភាពជួលដីកសិកម្មនៅតាមព្រំដែនទៅជនជាតិវៀតណាម។ ចំណែកអភិបាលខេត្តសន្យាថា នឹងចាត់ឲ្យក្រុមការងារចុះពិនិត្យដោះស្រាយករណីជនជាតិវៀតណាម ជួលដីខ្មែរនេះម្តងទៀត ព្រោះកន្លងមកលោកធ្លាប់បញ្ជាឲ្យបិទរួចហើយ។
ការស្នើសុំអន្តរាគមន៍ពីអាជ្ញាធរឲ្យជួយបញ្ឈប់ការជួយដីកសិកម្មនេះ គឺបន្ទាប់ពីប្រជាពលរដ្ឋរស់នៅភូមិកណ្ដាល សង្កាត់ប្រាសាទ ក្រុងបាវិត ខេត្តស្វាយរៀង មើលឃើញថា ជនជាតិវៀតណាម នៅតែបន្តចូលមកជួលដីខ្មែរធ្វើដំណាំកសិកម្មកាន់តែច្រើន បើទោះបីជារដ្ឋាភិបាលចេញសារាចរណែនាំឲ្យបញ្ឈប់រួចទៅហើយក្តី។
ប្រជាពលរដ្ឋខ្មែរម្នាក់រៀបរាប់ថា មូលហេតុដែលពួកគាត់ទាមទារឲ្យបញ្ឈប់ការជួលដីទៅវៀតណាម នោះ ដោយសារពួកគាត់បារម្ភខ្លាចបាត់បង់បូរណភាពទឹកដី។ ម្យ៉ាងវិញទៀត ពួកគាត់សង្កេតឃើញថា ជនជាតិវៀតណាម បានបាញ់ថ្នាំបណ្ដាលឲ្យគោក្របីរបស់ពួកគាត់ស៊ីស្មៅស្លាប់ជាបន្តបន្ទាប់៖ « នៅពេលជនជាតិវៀតណាម ធ្វើស្រែទៅវាពិបាកដល់ប្រជាពលរដ្ឋខ្មែរយើង ព្រោះពួកគេបានបាញ់ថ្នាំសម្លាប់ស្មៅ។ អ៊ីចឹងក្របីគោស៊ីទៅវាងាប់។ នៅឃុំប្រាសាទ នេះ ងាប់ជាង ១០០ក្បាលហើយ។ ដូច្នេះសូមអំពាវនាវឲ្យបញ្ឈប់វៀតណាម ធ្វើស្រែនៅលើដីខ្មែរតែម្តង។ ខ្ញុំក៏ព្រួយបារម្ភដែរថា ខ្លាចវៀតណាម ធ្វើស្រែយូរៗទៅថាដីវាមែន ព្រោះកូនចៅជំនាន់ក្រោយធ្វើម៉េចដឹង ? ពេលរឿងនេះកើតឡើង ប្រជាពលរដ្ឋប្ដឹងមេភូមិមេឃុំទៅ ប៉ុន្តែពួកគាត់ធ្វើអត់ដឹងអត់ឮ »។

ប្រជាពលរដ្ឋផ្សេងទៀតនៅសង្កាត់ប្រាសាទ បានចង្អុលបង្ហាញថា ដីដែលវៀតណាម ជួលធ្វើកសិកម្មនោះ គឺមានប្រមាណ ២០០ហិកតារ ដែលលាតសន្ធឹងចេញពីបង្គោលព្រំដែនលេខ១៧៣ ប្រមាណ ២គីឡូម៉ែត្រ។ គាត់បន្ថែមថា ការដែលបណ្តែតបណ្តោយឲ្យវៀតណាម ជួលដី គឺផ្ទុយនឹងបម្រាមរបស់រដ្ឋាភិបាលនេះ បានបណ្ដាលឲ្យប៉ះពាល់ដល់ជីវភាពរបស់ប្រជាពលរដ្ឋខ្មែរ និងបូរណភាពទឹកដី។
ប្រជាពលរដ្ឋខ្មែររស់នៅតាមខ្សែបន្ទាត់ព្រំដែនកម្ពុជា-វៀតណាម នោះរៀបរាប់ថា ភាគច្រើនពួកគាត់ខ្ចីលុយពីធនាគារ ឬអង្គការផ្សេងៗដើម្បីទិញគោទិញក្របីចិញ្ចឹម គ្រាន់បានធំធាត់យកទៅលក់ក្រែងបានប្រាក់សម្រាប់ដោះស្រាយជីវភាព។ ចំណែកយុវជនពេញកម្លាំងជាច្រើនទៀត បានបោះបង់ការសិក្សា ហើយចូលធ្វើការរោងចក្រ និងកាស៊ីណូនៅក្រុងបាវិត ហើយផ្សេងទៀតបានធ្វើចំណាកស្រុកមកភ្នំពេញ ដើម្បីធ្វើការសំណង់ និងនៅតាមរោងចក្រដែរ។ នៅតាមបណ្តោយព្រំដែននោះ មិនសូវមានពលរដ្ឋខ្មែរធ្វើស្រូវប៉ុន្មានឡើយ ដោយសារពួកគាត់គ្មានដើមទុន គ្មានប្រឡាយទឹក និងបច្ចេកទេស ជាដើម ហើយម្យ៉ាងទៀតពួកគាត់ធ្លាប់មានបទពិសោធន៍ធ្វើកសិកម្មមិនទទួលបានផលចំណេញ៖ « ខ្ចីលុយអេស៊ីលីដា ( ACLEDA ) ២ពាន់ដុល្លារមកទិញគោក្របី ហើយឥឡូវឲ្យកូនយកទៅមើលនៅបឹងនោះ។ ក្របីខ្ញុំងាប់អស់បីដោយសារពុលថ្នាំវៀតណាម បាញ់ស្មៅ។ វៀតណាម ចូលធ្វើស្រែយ៉ាងច្រើន តែអាជ្ញាធរហាក់ដូចជាធ្វើមិនដឹងអ៊ីចឹង »។
ប្រជាពលរដ្ឋអះអាងថា កន្លងទៅថ្មីៗនេះ ពួកគាត់បានផ្ដិតមេដៃបានចំនួនជាង ៤០មេដៃដាក់ជូនចៅសង្កាត់ប្រាសាទ ម្តងរួចហើយ ហើយមកដល់ពេលនេះ ប្រជាពលរដ្ឋបានផ្ដិតមេដៃបានចំនួនជាង ១០០ស្នាមមេដៃថែមទៀត គ្រោងដាក់ជូនរដ្ឋាភិបាល និងស្ថាប័នថ្នាក់ជាតិ ដើម្បីជួយពិនិត្យដោះស្រាយករណីវៀតណាម ជួលដីខ្មែរយ៉ាងអាថ៌កំបាំងនេះ។

ចៅសង្កាត់ប្រាសាទ លោក កែវ ឈាន មានប្រសាសន៍ថា លោកធ្លាប់បានឲ្យក្រុមការងារចុះទៅពិនិត្យដល់ដីស្រែនោះដែរ បន្ទាប់ពីមានពលរដ្ឋសុំអន្តរាគមន៍ ប៉ុន្តែលោកថាគ្មានករណីជនជាតិវៀតណាម ជួលដីខ្មែរនោះទេ គឺមានតែខ្មែរជួលឲ្យខ្មែរគ្នាឯង។ លោកអះអាងថា ជនជាតិវៀតណាម ដែលកំពុងបញ្ជាគ្រឿងយន្តភ្ជួរដី និងសាបព្រោះនោះ គឺជាអ្នកស៊ីឈ្នួលកសិករខ្មែរ ព្រោះខាងខ្មែរខ្វះកម្លាំងអូសទាញ៖ « បច្ចុប្បន្ននេះ ខ្ញុំពិនិត្យមើលហើយរាយការណ៍ ហើយរាយការណ៍ទៀតថាមានតែខ្មែរជួលឲ្យខ្មែរ។ ចំពោះការជួលឲ្យវៀតណាម ធ្វើសុទ្ធ ខ្ញុំអត់ដឹងកន្លែងណាសោះ។ វាអាចខ្មែរនៅខាងក្រោយខ្នងដែរ ខ្ញុំក៏ចាប់អារម្មណ៍រឿងនេះដែរ »។
លោកចៅសង្កាត់រូបនេះក៏បញ្ជាក់ពីភាពស្អាតស្អំថា លោកមិនបានជួយសម្របសម្រួល ឬស៊ីញេអនុញ្ញាតឲ្យជនជាតិវៀតណាម ជួលដីកសិករខ្មែរ ជំទាស់នឹងសេចក្តីណែនាំរបស់ក្រសួងមហាផ្ទៃ នោះឡើយ។
យ៉ាងណាក៏ដោយចុះ នៅពេលដែលឮអាជ្ញាធរបដិសេធមិនដឹងមិនឮថាមានជនជាតិវៀតណាម ជួលដីខ្មែរដូច្នេះ ប្រជាពលរដ្ឋហាក់អស់សំណើច ព្រោះនៅទីនោះនរណាក៏ដឹងដែរថា ជនជាតិវៀតណាម កំពុងជួលដីខ្មែរធ្វើដែរ តែគ្រាន់តែវៀតណាម ជួលឲ្យខ្មែរឈរឈ្មោះជាតំណាងដើម្បីលាក់បាំងការពិត។ មួយវិញទៀត ពួកគាត់ដឹងថា នៅតំបន់នោះគ្មានប្រជាពលរដ្ឋខ្មែរណាអាចមានលទ្ធភាពជួលដីស្រែធ្វើរាប់រយហិកតារនោះទេ គឺមានតែជនជាតិវៀតណាម៖ « គេថាខ្មែរអ្នកធ្វើ ប៉ុន្តែខ្មែររកតែអង្ករច្រកឆ្នាំងមិនបានទេ ហើយហេតុអីបានមានលុយធ្វើស្រែ ២០ ទៅ ៣០ហិកតារ »។
ទាក់ទិនបញ្ហានេះ លោកចៅសង្កាត់ប្រាសាទ មានប្រសាសន៍ថា លោកនឹងស្រាវជ្រាវបន្ថែមទៀតករណីវៀតណាម ជួលដីខ្មែរនេះ ព្រោះលោកថាករណីជនជាតិវៀតណាម ជួលដី ហើយឲ្យខ្មែរឈរឈ្មោះជាតំណាងនេះ ហាក់មានផលលំបាកក្នុងការស្រាវជ្រាវ៖ « ខ្ញុំនឹងដាក់កម្លាំងចុះទៅស្រាវជ្រាវបន្តទៀត ហើយនឹងពិនិត្យមើលថា តើអ្នកដែលទិញដីច្រើននោះ គាត់ជួលអស់ប៉ុន្មាននៅសល់ប៉ុន្មាន ហើយជួលឲ្យអ្នកណា ? ខ្ញុំមិនទាន់ស្រាវជ្រាវរឿងនេះទេ »។
កាលពីថ្ងៃទី១៩ ខែតុលា ឆ្នាំ២០១៥ ក្រសួងមហាផ្ទៃ បានចេញលិខិតមួយច្បាប់ស្នើឲ្យអភិបាលខេត្តដែលគ្រប់គ្រងតំបន់មានព្រំដែនជាប់នឹងប្រទេសវៀតណាម ឡាវ និងថៃ ធ្វើការស្រាវជ្រាវ និងត្រួតពិនិត្យឲ្យបានច្បាស់លាស់ពីដីធ្លីរបស់ប្រជាពលរដ្ឋខ្មែរនៅតាមតំបន់ព្រំដែន ដែលជួលទៅឲ្យប្រជាពលរដ្ឋនៃប្រទេសជិតខាង ដើម្បីសំដៅរក្សាការពារឲ្យបាននូវបូរណភាពទឹកដី និងអធិបតេយ្យភាពជាតិ។ លិខិតរបស់ក្រសួងមហាផ្ទៃ ក៏អំពាវនាវឲ្យពលរដ្ឋឈប់ជួលដីទៅកសិករប្រទេសជិតខាង ព្រោះថាករណីជួលដីខ្លះពុំមានរៀបចំឯកសារគតិយុត្តិ ឬកិច្ចសន្យាជួលឲ្យបានត្រឹមត្រូវតាមផ្លូវច្បាប់ឡើយ ដែលធ្វើឲ្យប្រជាពលរដ្ឋខ្មែរម្ចាស់ដីបាត់បង់នូវផលប្រយោជន៍នៅពេលមានវិវាទកើតមានឡើង។
ប្រជាពលរដ្ឋអះអាងដូចៗគ្នាថា ដីស្រែចម្ការភាគច្រើននៅតាមព្រំដែននៅសង្កាត់ប្រាសាទ ក្រុងបាវិត ត្រូវបានអ្នកមានលុយមានអំណាចដែលមានភរិយាជាជនជាតិវៀតណាម ឬក៏ពួកគាត់មានដើមកំណើតជាជនជាតិវៀតណាម បានប្រមូលទិញដីទុកជួលឲ្យកសិករវៀតណាម បន្ទាប់ពីពលរដ្ឋខ្មែរក្រីក្រធ្វើស្រូវខាតបង់ច្រើន ហើយត្រូវបង្ខំចិត្តលក់ដីដើម្បីបានលុយសងម្ចាស់បំណុល ឬធនាគារ ជាដើម។

ប្រជាពលរដ្ឋនៅតាមបណ្តោយព្រំដែនអះអាងថា តាមសង្កេតឃើញកន្លងមកនោះ ដីនៅចំណុចខ្លះ ជនជាតិវៀតណាម ក៏ធ្វើស្រូវស្រែមិនសូវបានផលដូចខ្មែរដែរ ប៉ុន្តែពួកគាត់មិនយល់ឡើយថា តើមានមូលហេតុអ្វី ទើបបានជាជនជាតិវៀតណាម នៅតែមានមហិច្ឆតាចង់បន្តជួលដីខ្មែរនោះ?
ក្រុមអង្គការសង្គមស៊ីវិល បង្ហាញក្តីបារម្ភចំពោះបញ្ហានេះ ហើយចាត់ទុកថា ជាអាណានិគមបែបថ្មីដែលគំរាមកំហែងយ៉ាងធ្ងន់ធ្ងរដល់បូរណភាពទឹកដីកម្ពុជា ពីសំណាក់ប្រទេសជិតខាងតាមរយៈយុទ្ធសាស្ត្រច្រែះស៊ីដែក ដែលបានរៀបចំទុកជាយូរណាស់មកហើយ។
មន្ត្រីសម្របសម្រួលនៃអង្គការលីកាដូ (LICADHO) ប្រចាំខេត្តស្វាយរៀង លោក នុត បូពិណ្ណារ័ត្ន មានប្រសាសន៍ថា ករណីពលរដ្ឋខ្មែរចោទថាជនជាតិវៀតណាម ជួលដីខ្មែរនៅតាមព្រំដែនតាមរយៈឲ្យពលរដ្ឋខ្មែរឈរឈ្មោះតំណាងនេះ មិនពិបាកស្វែងរកការពិតនោះទេ ប្រសិនបើអាជ្ញាធរមានឆន្ទៈ៖ « បុគ្គល " ក " ឈរឈ្មោះឲ្យនរណាម្នាក់ អ៊ីចឹងយើងគ្រាន់តែស៊ើបដឹងម្នាក់ហ្នឹងបានហើយ មិនចាំស៊ើបអ្នកក្រោយនោះទេ។ អ៊ីចឹងយើងធ្វើរបាយការណ៍ទៅខេត្ត ដើម្បីស្រាវជ្រាវទៀតថា តើអ្នកណានៅពីក្រោយ ? ឲ្យតែមានឆន្ទៈមិនពិបាកនោះទេ ព្រោះធម្មតាការជួលមានលិខិតស្នាមជួល និងលក្ខខណ្ឌផ្សេង ហើយក៏មានអ្នកជួល និងអ្នកប្រគល់ដី »។
មន្ត្រីអង្គការលីកាដូរូបនេះមានប្រសាសន៍ថា ដីនៅតាមព្រំដែនភាគច្រើន គឺជនជាតិវៀតណាម ជាអ្នកធ្វើ មិនសូវមានពលរដ្ឋខ្មែរធ្វើនោះទេ។ លោក នុត បូពិណ្ណារ័ត្ន ថាអាជ្ញាធរត្រូវតែអនុវត្តតាមសេចក្តីប្រកាសរបស់ក្រសួងមហាផ្ទៃ ដែលហាមជួលដីនោះ។ ដូច្នេះ អាជ្ញាធរអាចមានសិទ្ធិបិទមិនឲ្យបន្តជួលតទៅទៀតទេ មិនថាជួលឲ្យពលរដ្ឋវៀតណាម ឬពលរដ្ឋខ្មែរគ្នាឯងនោះទេ៖ « មិនឲ្យគាត់ជួលតាមប្រកាសនោះទៅ ឬយកប្រកាសនោះមកអនុវត្តទៅ តែអ្វីដែលយើងឃើញជាក់ស្តែង ការអនុវត្តនៅតាមតំបន់ដែលប៉ះពាល់នោះ គឺមិនមានសុពលភាពល្អ ឬមិនមាននិរន្តរភាពនោះទេ។ ប្រកាសៗទៅ តែប្រជាពលរដ្ឋនៅតែរងគ្រោះ »។
ជុំវិញបញ្ហានេះ អភិបាលខេត្តស្វាយរៀង លោក ម៉ែន វិបុល អះអាងនៅថ្ងៃទី១៥ សីហា ថា ករណីជនជាតិវៀតណាម ជួលដីខ្មែរនេះ លោកធ្លាប់បានបញ្ជាឲ្យបិទអស់ហើយ រួមទាំងច្រករបៀងជាដើម។ ទោះជាយ៉ាងណាក៏ដោយ នៅពេលទទួលបានព័ត៌មាននេះ លោកសន្យាថានឹងចាត់ឲ្យក្រុមការងារចុះទៅពិនិត្យទីតាំងដែលប្រជាពលរដ្ឋប្ដឹងនោះ៖ « ស្អែកខ្ញុំឲ្យចៅហ្វាយក្រុងចុះទៅហ្នុងមើល។ ខ្ញុំធ្លាប់បានបញ្ចប់អស់ហើយទាំងក្រុងទាំងស្រុកជាប់ព្រំដែន »។
ប្រជាពលរដ្ឋរស់នៅសង្កាត់ប្រាសាទ ក្រុងបាវិត សាទរចំពោះវិធានការរបស់អភិបាលខេត្តស្វាយរៀង នេះ ប៉ុន្តែពួកគាត់អះអាងថា ប្រសិនបើអាជ្ញាធរនៅតែមិនអាចបញ្ឈប់ករណីជួលដីនៅតាមព្រំដែនឲ្យជនជាតិវៀតណាម នោះទេ ពួកគាត់នឹងលើកគ្នាមកភ្នំពេញដើម្បីតវ៉ាសុំអន្តរាគមន៍ផ្ទាល់ពីលោកនាយករដ្ឋមន្ត្រី ហ៊ុន សែន រួមទាំងស្ថាប័នជាតិសំខាន់ៗផ្សេងទៀតដូចជាក្រសួងមហាផ្ទៃ និងរដ្ឋសភា ជាដើម៕
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖
ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។