របបក្រុងភ្នំពេញ ស្រែកថា​អយុត្តិធម៌ ដែល​សហភាព​អឺរ៉ុប ចាប់​ផ្តើម​នីតិ​វិធី​ផ្តាច់​ការ​អនុគ្រោះ​ពន្ធ

0:00 / 0:00

របប​លោក​ ហ៊ុន សែន ចោទប្រកាន់​សហភាព​អឺរ៉ុបថា បានគាំទ្រ​ជា​ចំហរ​ចំពោះ​សកម្មភាព​ខុស​ច្បាប់ និង​ប្រាសចាក​ពី​លិទ្ធិប្រជាធិបតេយ្យ​របស់​ក្រុម​មួយ​ចំនួន​ ដែល​ទង្វីនេះ​ជា​ការ​វៀរចាក​ឆ្ងាយ​ពី​គន្លងនៃ​ភាព​ត្រឹម​ត្រូវ​។ របបនេះ​បន្ត​ថា សេចក្តី​សម្រេច​​របស់​សហភាព​​អឺរ៉ុប​នេះ ​ធ្វើឡើង​ដោយ​ផ្អែក​លើ​ហេតុ​ផល​នយោបាយ​សុទ្ធសាធ​ ដោ​យ​មិន​ឆ្លុះ​បញ្ចាំង​ ពី​ការ​ខំ​ប្រឹង​ប្រែងអភិវឌ្ឍជាតិ​ ​ដែល​របប​នេះ​បាន​ធ្វើ​ក្នុង​រយៈពេល​ ២០ឆ្នាំ​កន្លង​​ទៅ​នោះ​ឡើយ​។

​ក្រសួង​ការ​បរទេសនៃ​របប​ក្រុងភ្នំពេញ បញ្ជាក់​នៅ​ក្នុង​សេចក្តីថ្លែង​ការណ៍​ កាល​ពី​ថ្ងៃទី១០ តុលា​ថា ការ​សម្រេចនេះ ​នឹង​ធ្វើ​ឱ្យ​បាត់​បង់​ទាំង​ស្រុង​នូវ​លទ្ធផល​ជា​វិជ្ជមាន​​ នៃគោល​នយោបាយ​អឺរ៉ុប ដែលកម្ពុជា​ទទួលបាន​ផល​ប្រយោជន៍​ មក​ទល់​នឹង​ពេល​បច្ចុប្បន្ន​។ ប៉ុន្តែ របបក្រុង​ភ្នំពេញ​​​ព្រមាន​ថា ខ្លួន​មិន​ចុះញ៉មដាច់ខាតចំពោះបញ្ហានេះ និងថា ការ​ដាក់​ទណ្ឌ​កម្ម​របស់​សហភាព​អឺរ៉ុប​នេះ នឹង​ធ្វើ​ឱ្យរបបនេះ ​កាន់​តែ​មានទឹក​​ចិត្ត​មុតមាំថែម​ទៀត ក្នុងអ្វីដែលរបបនេះ អះអាងថា ជា​​​ការ​​ការពារ និង​រក្សា​​សកម្មភាព​​​ត្រឹមត្រូវ និង​​ស្រប​​ច្បាប់​​​របស់​​ខ្លួន​។

ទោះបី​ជារបបនេះ អះអាងថា ចំណាត់ការ​របស់ខ្លួន​ក្នុងការ​រម្លាយគណបក្សប្រឆាំង បណ្តេញ​អង្គការសង្គមស៊ីវិល បិទ​​ប្រព័ន្ធ​​ផ្សព្វផ្សាយ​​​ឯករាជ្យ និង​​ធ្វើ​ទុក្ខ​បុក​ម្នេញ​លើ​សិទ្ធិ​សេរីភាព​​ពលរដ្ឋ ក្នុង​ការ​​ជួប​ប្រជុំ និង​ប្រមូលផ្តុំ ដើម្បី​តវ៉ា​ដោយ​អហិង្សា​ជា​ដើម ជា​​សកម្មភាព​​ត្រឹមត្រូវ ស្របច្បាប់​យ៉ាង​ណាក្តី ក៏សហគមន៍​អន្តរជាតិ ជាពិសេស​សហភាព​អឺរ៉ុប បានចាត់ទុកសកម្មភាព​​ទាំង​​នេះ​​ថា ជា​ការ​​រំលោភ​សិទ្ធិមនុស្ស និង​បំផ្លាញ​ប្រជាធិបតេយ្យ​យ៉ាង​ធ្ងន់ធ្ងរ។

ស្របពេលដែលរបបលោក ហ៊ុន សែន ប្រកាន់ជំហរម៉ឺងម៉ាត់ និង​មានញ្ញត្តិគាំទ្រ និង​ហៃអើ​ពីស្ទើរ​គ្រប់​ស្ថាប័នរបបនេះ ដែល​ប្តេជ្ញា​​តតាំង​ទៅ​នឹង​ការ​ដាក់ទណ្ឌកម្ម​ណាមួយ របស់​សហភាពអឺរ៉ុបនេះ ជំហរ​នេះ​បែរជាផ្ទុយគ្នា​ស្រឡះ ទៅ​នឹង​កថាខណ្ឌ​ចុង​​​ក្រោយ​​​​នៃ​​​​សេចក្តី​ថ្លែង​​ការណ៍​របស់ខ្លួន​ បែរ​ជា​បាន​ស្នើសុំ​ការ​គាំទ្រ​ពីសហភាព​អឺរ៉ុប ដើម្បី​​ឱ្យជួយ​សម្រេច​​នូវ​អ្វីដែល​របប​នេះ អះអាង​ថា ជា​គោលដៅ​​នៃ​​ការ​​កសាង​រដ្ឋ​ប្រជាធិបតេយ្យ​មួយ ដោយ​ការ​គោរព​សិទ្ធិពលរដ្ឋស្រប​តាម​គុណ​តម្លៃ និង​ប្រពៃណី​​​របស់​​​កម្ពុជា​​ទៅវិញ​។

សេចក្តីថ្លែង​ការណ៍​របស់​ក្រសួង​ការ​បរទេស​នេះ ហាក់​មាន​ភាព​ផ្ទុយ​គ្នា​នឹង​ជំហរ​របស់​មេដឹក​នាំ​របបក្រុង​ភ្នំពេញ​ដែលថ្លែង​​ដោយ​​កំហឹង​​ថា លោក​​មិន​​ខ្វល់​​នឹង​​រឿង​ការ​​​ដក​​ប្រព័ន្ធ​អនុគ្រោះ​ពន្ធ EBA ​នោះ​ឡើយ។ ថ្លែង​ពី​ប្រទេស​ជប៉ុន​ កាល​ពី​ថ្ងៃទី៧ តុលា លោក​អះអាង​ថា លោក​មិន​ឱន​ក្បាល​ដាក់​បរទេស​ឡើយ​ ហើយ​ក៏​មិន​យក​សន្តិភាព និង​ឯករាជ្យ​ភាព​របស់​កម្ពុជា​ទៅ​ប្តូរ​​នឹង​​ជំនួយ​​នោះ​ដែរ ដែល​​នេះ​​គឺ​​ជា​​ការ​​ឆ្លើយ​​តប​​របស់​លោក​ចំពោះ​ដំណើរការអនុវត្ត​នីតិវិធីដកប្រព័ន្ធអនុគ្រោះពន្ធ EBA ​របស់​សហភាព​អឺរ៉ុប​៖ «អាងឡើង​សិទ្ធិមនុស្ស ប្រជាធិបតេយ្យ ប៉ុន្តែឥលូវ​សិទ្ធិមនុស្ស និង​ប្រជាធិបតេយ្យ​នៅ​ស៊ីរី (Syria) នៅលីប៊ី (Libya) នៅអ៊ីរ៉ាក់ (Iraq) នៅយេមែន (Yemen) វាយ៉ាង​ដូចម្តេច​ទៅហើយ​? ហើយ​កាល​ពី​កម្ពុជា​ស្លាប់​រាប់លាន​នាក់​ អ្នក​ឯង​មាន​បាន​គិត​ទេ​អាហ្នឹង? ឥលូវ​ចង់​ធ្វើ​អ្វី​ធ្វើ​ទៅ។ ចង់​ឱ្យ​បង់​ពន្ធ បង់ពន្ធ។ សូម​ផ្តាំណា ឱនក្បាល​ម្តង ត្រូវ​ជំពាក់ ឱន​ពីរ​ដង​ ជំពាក់ ឱន​បីដង ឱន​មួយ​ជីវិត​ ខ្មែរ​អត់​ឯករាជ្យ​បាន​ទេ។ ប្រឹង​រស់​ ងើប​ឈរ​ឡើង ដើម្បីការពារ​ឯករាជ្យ​ អធិបតេយ្យ និង​សន្តិភាព​របស់​ប្រទេស»។

កាល​ពី​សប្តាហ៍​មុន​ សហភាព​អឺរ៉ុបបាន​​ជូនដំណឹងផ្លូវ​ការ​​ទៅ​របប​លោក ហ៊ុន សែន អំពី​ចំណាត់​​ការ​ឈាន​ទៅ​រក​ការ​លុបចោល​ប្រព័ន្ធ​អនុគ្រោះ​ពន្ធ “ទំនិញ​គ្រប់​មុខ​​លើកលែងគ្រឿង​សព្វាវុធ ឬ EBA” នេះ​។ សហភាព​អឺរ៉ុប​បញ្ជាក់​ថា ចំណាត់ការ​នេះ គឺ​ដោយសារតែ​ពុំ​មាន​ការ​កែប្រែ​ស្ថានភាព​វិបត្តិ​ប្រជាធិបតេយ្យ និង​ការរំលោភ​​សិទ្ធិមនុស្ស​ធ្ងន់ធ្ងរ​នៅ​កម្ពុជា ក្នុង​រយៈកាល​កន្លងទៅ​​នេះ។ សហភាព​អឺរ៉ុប​ទុក​រយៈពេល​ ៦ខែ​ពីរ​ដង​ ឱ្យ​របបលោក​ ហ៊ុន សែន ស្តារ​ប្រជា​ធិបតេយ្យ​ និង​ការ​គោរព​សិទ្ធិ​មនុស្ស​​ឡើង​វិញ​ ហើយ​បើ​ក្នុង​រយៈពេលនេះ របបក្រុង​ភ្នំពេញមិន​អនុវត្ត​តាម​លក្ខខណ្ឌ​នេះ​ទេ នោះ​សហភាពអឺរ៉ុប​ នឹង​លុប​ចោល​ប្រព័ន្ធអនុ​គ្រោះ​​​​ពន្ធ​នេះ​។

ថ្នាក់​ដឹក​នាំ​សហជីព និង​អ្នក​ការពារសិទ្ធិកកម្មករ ​សុទ្ធតែ​លើក​ឡើង​ពី​ក្តីព្រួយ​បារម្ភទាក់ទង​នឹង​ការ​ដក​ប្រព័ន្ធ​អនុគ្រោះ​ពន្ធនេះ ដោយ​ពួក​គេ​លើក​ឡើង​ថា ចំណាត់ការ​នេះ​នឹង​ធ្វើ​ឱ្យ​កម្ពុជា​ខាតបង់ផល​​ប្រយោជន៍​យ៉ាង​ច្រើន​។

ប្រធាន​សហភាព​ការងារ​កម្ពុជា លោក​ អាត់ ធន់ យល់ឃើញ​ថា កម្ពុជា​មិន​ទាន់​ត្រៀម​ខ្លួនដើម្បីទទួល​យក​កាតព្វកិច្ច​បង់​ពន្ធនៅឡើយ​ទេ ដូច្នេះប្រសិន​បើ​សហភាព​អឺរ៉ុប​សម្រេច​ដក​ប្រព័ន្ធ​អនុគ្រោះពន្ធនេះ​មែន​ នោះ​នឹងធ្វើ​ឱ្យ​កម្ពុជា​ខាតបង់​ផល​​ប្រយោជន៍​ធំ​​។ លោក​ជឿជាក់​ថា និយោជក​ជា​ច្រើន ​អាច​នឹង​បិទអាជីវកម្ម​របស់​ខ្លួន​ ឬ​ក៏​ផ្ទេរ​អាជីវកម្ម​ទៅទីណា​ផ្សេង​ក៏ថាបាន​ ដែល​នេះ​ជា​វិបត្តិ​ដ៏​ធំ​សម្រាប់​កម្មករ​-និយោជិត​ នៅទូទាំង​ប្រទេស​។ លោក​ស្នើឱ្យ​របបលោក​ ហ៊ុន សែន ដោះស្រាយ​រឿង​នេះ​ ដោយ​ឈរ​លើ​ផល​ប្រយោជន៍​ជាតិជា​ធំ ព្រោះបើ​ប្រព័ន្ធ​នេះ​ត្រូវ​បាន​កាត់​ផ្តាច់​នោះ វា​នឹង​បង្អាក់​ដំណើរ​ការ​អភិវឌ្ឍសេដ្ឋកិច្ច និង​សង្គម​របស់​កម្ពុជា៖ «EBA ជា​ប្រព័ន្ធ​មួយ​ដែល​​វា​អាច​ឱ្យ​កម្ពុជា​មាន​ឱកាស​អភិវឌ្ឍលេចមុខ​លេច​មាត់មក​ដល់​ពេល​បច្ចុប្បន្ន​ ហើយ​យើង​ក៏​បាន​កសាង​ប្រទេស​បាន​មួយ​ចំនួន​ធំ​ដែរ​ហើយ​ អ៊ីចឹង​ប្រសិន​បើ​ EBA នេះ វា​នៅ​បន្ត ឬ​ក៏​វា​នៅ​ក្នុង​ស្ថានភាព​មួយ​ដែល​អាច​ដំណើរ​ការ​ទៅបាន​ ខ្ញុំ​គិត​ថា វា​ជា​រឿង​ល្អ​។ ប៉ុន្តែ​បើ​ប្រសិន​បើ​ប្រព័ន្ធនេះ​គេ​ផ្តាច់ ឬ​ក៏​មាន​បញ្ហា​អ្វីមួយ​នោះ ខ្ញុំ​គិត​ថា ការ​អភិវឌ្ឍ​ប្រទេស​អាច​យឺត​ហើយ ដូច្នេះ​ក្នុង​នាម​យើង​ជា​ពលរដ្ឋ​ និង​​ខាង​​កម្មករ​ យើង​ចង់​ឃើ​ញ​ដំណើរ​ការ​នៃ​រដ្ឋាភិបាល​កម្ពុជា​ ជាមួយ​សហគមន៍​អឺរ៉ុប​ជជែក​គ្នា​ដើម្បី​រក​មធ្យោបាយ​ល្អ​ដោះស្រាយ​រឿង​ហ្នឹង»។

វិបត្តិនយោបាយ ដែលក្លាយជាចំណោទដ៏ធំ សម្រាប់​អនាគត​នៃ​វិស័យរោងចក្រកាត់​ដេរ នៅកម្ពុជានេះ ត្រូវ​បាន​អ្នក​នាំ​ពាក្យ​ក្រសួង​​ការងារ​លោក ហេង សួរ ទម្លាក់​កំហុស​ទៅ​លើ​​​ក្រុម​អ្នកប្រឆាំង អ្នកសារព័ត៌មានក្រៅប្រទេស និង​អ្នក​វិភាគ ដែល​​លោក​​​អះអាង​ប្រាប់​ប្រព័ន្ធឃោសនាលោក ហ៊ុន សែន នៅថ្ងៃទី ១១ ខែតុលានេះ​ថា អ្នក​ធ្វើ​ឲ្យ​​សហភាព​​​អឺរ៉ុប​​គិតគូរ​​រឿង​​ដាក់​ទណ្ឌកម្ម​លើ​របប​លោក ហ៊ុន សែន បែប​នេះ។ លោក ហេង សួរ ហៅអ្នកទាំងនោះ​ថា ជា​អ្នក​ហួច​ហៅ​ខ្យល់ ក្នុង​​​ពេល​​​ទើប​​​តែ​មាន​​​ផ្សែង និង​​ចោទ​ក្រុម​ប្រឆាំង​​ថា គ្មានឧត្តមគតិជាតិ និងមិនស្រឡាញ់ប្រជាជនខ្មែរ ទើប​​​ទៅ​​ក្រាប​​ឱន​​​​​សុំ​​​ឲ្យ​​​អ៊ឺរ៉ុប​​​ធ្វើ​​​បាប​កម្មករ​​​និយោជិត​​​ដូច្នេះ។

ការចោទប្រកាន់បែបនេះ ត្រូវបាន​មន្រ្តីបក្សប្រឆាំង ច្រានចោលជាច្រើនលើកច្រើនសារមកហើយ។ មន្រ្តីគណបក្សសង្រោះជាតិ​ ហៅការចោទបែបនេះ​ថា ជាការ​លាបពណ៌បក្សប្រឆាំង ដែលជាជនរងគ្រោះយ៉ាង​អយុត្តិធម៌ ក្នុងអំពើ​ធ្វើទុក្ខបុកម្នេញ ដែល​​​​សាង​ឡើង​​ដោយ​​លោក ហ៊ុន សែន និង​របបសព្វថ្ងៃនេះ។ សហស្ថាបនិកគណបក្សសង្គ្រោះជាតិ លោក សម រង្ស៊ី អះអាង​ប្រាប់​អាស៊ី​សេរី​ថា អ្វី​ដែល​គណបក្ស​សង្គ្រោះ​ជាតិ ខំតស៊ូមតិនៅក្រៅប្រទេស រួមទាំងការធ្វើបាតុកម្ម និង ទំនាក់ទំនង​​ការ​ទូត​​ជា​មួយ​​រដ្ឋាភិបាល​បរទេស គឺ​ដើម្បីទាមទារ​រកយុត្តិធម៌ និង​ការ​ស្តារប្រជាធិបតេយ្យ និង​សិទ្ធិមនុស្ស ដែលរបបលោក ហ៊ុន សែន បាន​​បំផ្លាញ​ខ្ទេច​អស់​តែ​ប៉ុណ្ណោះ។ លោក សម រង្ស៊ី បញ្ជាក់បន្ថែមថា ដោយសារ​តែ​ការ​ប្រព្រឹត្តិ​ខុស​របស់​លោក ហ៊ុន សែន និង​​​របប​​នេះ ទើប​​សហគមន៍អន្តរជាតិ គេ​ដាក់​ទណ្ឌកម្ម។ ដូច្នេះ អ្នកណា​ចង អ្នកនោះជាអ្នកស្រាយ ហើយ​​កុំ​មក​ទម្លាក់​កំហុស​​​មក​​​លើ​​​​គណបក្ស​​សង្គ្រោះ​​ជាតិ៖ «គណៈបក្សសង្គ្រោះជាតិ មិន​ចាំបាច់ចរចា​ជាមួយ​ជនពាលទេ ឲ្យ​ជន​ពាល​ចរចា​ជាមួយ​​អន្តរជាតិ​ទៅ។ អន្តរជាតិ​កំពុង​តែ​សម្ពង​ជនពាល។ ជនពាលខ្លាច​តែអន្តរជាតិ​សម្ពងទេ។ បើ​ចំពោះ​គណបក្សសង្គ្រោះជាតិ យើង​​​ដៃ​​​ទទេ គេ​អត់​​ស្តាប់​​យើង​​ទេ។ ទាល់តែ​គេមាន​ឥទ្ធិពល ដូចជាសហភាព​អឺរ៉ុប គេដាក់ទណ្ឌកម្ម​ពាណិជ្ជកម្ម ហិរញ្ញវត្ថុ និង​​ទណ្ឌកម្ម​លើ​​បុគ្គល លើ​​ជន​ពាល​ លើ​​ក្រុម​គ្រួសារ​​ជនពាល​ មិន​​ឲ្យគ្រួសារ​ជន​ពាល​ជាន់ដីគេ រឹបអូស​ទ្រព្យ​​សម្បត្តិ​​ជន​ពាល អា​ហ្នឹង​​បាន​​ជន​ពាល​ខ្លាច»។

ចំណែក​ ប្រធានសហភាព​សហជីព​កម្ពុជា លោក​ រ៉ុង ឈុន​ វិញ ជឿជាក់​ថា សហភាព​អឺរ៉ុប​ មិន​មាន​បំណងអាក្រក់​អ្វី​មកលើ​កម្ពុជា​ឡើយ ផ្ទុយ​ទៅវិញ​ នេះជា​ចេតនា​​ល្អរបស់​សភាអឺរ៉ុប​ទៅវិញទេ ដែល​ចង់​ឱ្យ​កម្ពុជា ​វិល​មក​រក​​​គន្លង​ប្រជា​ធិបតេយ្យ​ឡើង​​វិញ។ ​លោក​ថា​នៅលើ​វិស័យ​សេដ្ឋកិច្ច​ ប្រទេស​នីមួយ​ៗ ត្រូវ​មាន​ការ​ពឹង​ពាក់​គ្នា​ទៅវិញ​ទៅមក​ ហើយ​វាមិន​មែន​ជា​រឿង​ល្អ​ឡើយ​ដែល​របបលោក ហ៊ុន សែន បង្កើត​ភាពជា​គូសត្រូវ​ ជាមួយ​បណ្តាប្រទេស​ដែល​ជា​ដង្ហើម​សេដ្ឋកិច្ច​របស់​ខ្លួន​នោះ​៖ «រឿង​សំខាន់​បន្ទាប់​ពីគេ​ដាក់​ទណ្ឌកម្ម​ដក​ហូត​ប្រព័ន្ធ​អនុគ្រោះ​ពន្ធ​ទៅ តើ​ពលរដ្ឋខ្លួន​យើង​នេះ ប្រឈមទៅនឹង​អ្វី​ខ្លះ? វា​បាត់​បង់​ការងារ​របស់​កម្មករ។ ទីពីរ វា​ត្រូវ​ប៉ះពាល់​ដល់​អ្នក​ដែល​ទទួល​ផល​តាម​រយៈកម្មករ ដូច​ជា សាច់ញាតិ អ្នក​លក់​នៅ​តាម​រោងចក្រ អ្ន​កមាន​បន្ទប់​ជួល​ អ្នកមាន​ផ្ទះ​ជួល​ អ្នកមាន​រថយន្តដឹក​កម្មករ អ៊ីចឹង​វា​ប៉ះពាល់​ក្នុង​ទំហំ​ធំ​ណាស់។ នេះ​ជា​រឿង​ដែល​យើង​ត្រូវ​គិត​ពិចារណា។​ យើង​មិន​មែន​និយាយ​យក​តែឈ្នះ​តាម​ទំនើង​ចិត្ត​របស់​យើង​នោះ​ទេ។ សូម​ឱ្យ​មេដឹក​នាំ​ត្រូវ​គិត​ពិចារណា​អំពី​បញ្ហា​នេះ​ម្តង​ទៀត»។

ប្រព័ន្ធអនុគ្រោះ​ពន្ធ ក្រោម​កម្មវិធី“ទំនិញគ្រប់​មុខ​លើក​លែង​គ្រឿងសព្វាវុធ” ហៅកាត់​ថា EBA នេះ ត្រូវ​បាន​សហភាព​អឺរ៉ុប​ បង្កើត​​​ឡើងកាល​ពី​ឆ្នាំ២០០១ ដើម្បី​ផ្ដល់​ការ​លើកទឹកចិត្ត​ដល់​ប្រទេស​​ដែល​មាន​ការ​អភិវឌ្ឍ​តិច​តួច ​នៅ​លើ​ពិភពលោក ចំពោះ​​​ការ​មិន​គិត​ពន្ធ ឬ​ទទួល​បាន​ប្រព័ន្ធ​កូតា​សេរី ក្នុង​ការ​នាំ​ទំនិញ​ទាំងអស់ ចេញទៅ​កាន់​ទីផ្សារ​សហភាព​អឺរ៉ុប លើកលែងតែ​អាវុធ និង​គ្រាប់រំសេវ។ កម្ពុជា​ទទួល​បាន​ប្រព័ន្ធ​អនុគ្រោះ​ពន្ធនេះ​ កាល​ពី​ឆ្នាំ២០១២ ហើយក្រោម​ប្រព័ន្ធ​អនុគ្រោះ​ពន្ធ​នេះ កម្ពុជា​បាន​រួច​ផុត​ពី​កាតព្វកិច្ច​ពន្ធជិត​ ៧រយលានដុល្លារ​អាមេរិក​ ក្នុង​មួយ​ឆ្នាំៗ ចំពោះ​​ទំនិញ​នាំ​ចេញទៅ​ទីផ្សារ​អឺរ៉ុប។ តួលេខ​ពាណិជ្ជកម្ម​របស់​សហភាព​អឺរ៉ុប និង​រដ្ឋាភិបាល​កម្ពុជា​បង្ហាញ​ថា ក្រោម​ប្រព័ន្ធ​អនុគ្រោះ​ពន្ធ​នេះ ទំនិញ​​កម្ពុជា​នាំចូល​ទៅ​ទីផ្សារ​អឺរ៉ុប​ មាន​ទឹក​ប្រាក់​ដល់ទៅ​ជាង ៦​ពាន់​លានដុល្លារ​អាមេរិក​ ក្នុង​ឆ្នាំ​២០១៧ ដែល​ភាគ​ច្រើននៃ​ទំនិញ​ទាំង​នោះ​ គឺ​ជា​ផលិត​​ផល​វាយនភណ្ឌ សម្លៀក​បំពាក់​ និង​​ស្បែកជើង ព្រម​ទាំង​​ផលិតផល​កសិកម្មជាដើម​៕

កំណត់​ចំណាំ​ចំពោះ​អ្នក​បញ្ចូល​មតិ​នៅ​ក្នុង​អត្ថបទ​នេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។