ប៉ូលិស​កោះ​ហៅ​ប្រធាន​ប្រតិបត្តិ​បក្ស​ប្រឆាំង​ខែត្រ​កែប​ឲ្យ​ចូល​បំភ្លឺ​រឿង​ផ្ទាល់​ខ្លួន

អធិការ​ស្រុក​ដំណាក់​ចង្អើរ បាន​ចេញ​លិខិត​អញ្ជើញ​ប្រធាន​ប្រតិបត្តិ​គណបក្ស​សង្គ្រោះ​ជាតិ ខែត្រ​កែប លោក នន់ តារា ឲ្យ​ចូល​ខ្លួន​បំភ្លឺ​នៅ​អធិការដ្ឋាន​នគរបាល​ស្រុក ដើម្បី​សាកសួរ​ការងារ​ផ្ទាល់​ខ្លួន។ នៅ​ក្នុង​លិខិត​អញ្ជើញ​ចុះ​ថ្ងៃ​ទី​១០ មករា ដោយ​អធិការ​ស្រុក​ដំណាក់ចង្អើរ គឺ​លោក​វរសេនីយ៍ទោ តូច សុវណ្ណ បាន​អញ្ជើញ​លោក នន់ តារា ឲ្យ​ចូល​ខ្លួន​នៅ​ថ្ងៃ​ទី​១១ ខែ​មករា វេលា​ម៉ោង ២​រសៀល។

​ប្រធាន​ប្រតិបត្តិ​គណបក្ស​សង្គ្រោះ​ជាតិ ខែត្រ​កែប លោក នន់ តារា ឲ្យ​ដឹង​ថា ដើមចម​ដែល​សមត្ថកិច្ច​កោះហៅ​លោក គឺ​ក្រោយ​ពេល​ដែល​លោក​មាន​ជម្លោះ​ទាស់ទែង​ពាក្យ​សម្ដី​គ្នា​ជាមួយ​ជំទប់​ទី​១ ឃុំ​អង្កោល ស្រុក​ដំណាក់ចង្អើរ ខែត្រ​កែប។ លោក នន់ តារា អះអាង​ថា ជម្លោះ​ពាក្យ​សម្ដី​នោះ​ដោយសារ​ជំទប់​ទី​១ ឃុំ​អង្កោល បាន​ព្រមាន​ចាប់​ពលរដ្ឋ​ដាក់​ពន្ធនាគារ​នៅ​ពេល​ដែល​ពួកគេ​ជជែក​គ្នា​ពី​រឿង​ថៃ ចាប់​ជនជាតិ​ខ្មែរ។ លោក​ថា លោក​បាន​ប្រាប់​ទៅ​ជំទប់​ទី​១ ឃុំ​អង្កោល កុំ​ឲ្យ​ព្រមាន​ពលរដ្ឋ​បែប​នេះ ប៉ុន្ដែ​ត្រូវ​បាន​ជំទប់​ទី​១​នោះ​ខឹងសម្បា ហើយ​គំហក​ថា គាត់​និយាយ​ពី​ការ​ចាប់​នោះ​គឺ​សំដៅ​លោក កឹម សុខា៖ «ពេល​នោះ​ខ្ញុំ​ការពារ​ប្រជាពលរដ្ឋ​ទេ ខ្ញុំ​អត់​មាន​ធ្វើ​អី​ទេ និយាយ​អឺ​ប៉ះពាល់​អី​ដល់​ពួកគាត់​ទេ គាត់​និយាយ​ឌឺ​ដង​មក​ប៉ះពាល់​មក​លើ​យើង​មុន​ទេ ប៉ុន្តែ​រឿង​ហ្នឹង​វា​មិន​សម​គាត់​ប្ដឹង​ទេ វា​សម​តែ​ជា​ខ្ញុំ​ទេ​ជា​អ្នក​ប្ដឹង​គាត់ ព្រោះ​គាត់​ចូល​មក​បំពារបំពាន សម្លុត​ប្រជាពលរដ្ឋ។ ចាំ​មើល​ស្អែក​ម៉ោង ២ ខ្ញុំ​ចូល​ទៅ​មើល​វា​មាន​រឿង​អី​កើត​ឡើង​ដែរ ឬ​មួយ​អត់»

​អាស៊ីសេរី​មិន​អាច​រក​ប្រភព​ដើម្បី​សុំ​ការ​បំភ្លឺ​ពី​ជំទប់​ទី​១ ឃុំ​អង្កោល លោក ម៉ី ជី និង​អធិការ​ស្រុក​ដំណាក់ចង្អើរ លោក តូច សុវណ្ណ ដើម្បី​បំភ្លឺ​ចំពោះ​ការ​លើក​ឡើង​របស់​ប្រធាន​ប្រតិបត្តិ​គណបក្ស​សង្គ្រោះ​ជាតិ នៅ​ខែត្រ​កែប បាន​ទេ កាល​ពី​ថ្ងៃ​ទី​១០ ខែ​មករា។

​បើ​ទោះ​យ៉ាង​ណា លោក នន់ តារា ធ្លាប់​អះអាង​ប្រាប់​អាស៊ីសេរី ថា នៅ​ក្រោយ​ពេល​ដែល​គ្មាន​សមាជិក​ក្រុមប្រឹក្សា​ខែត្រ ស្រុក ក្រុង និង​ឃុំ​សង្កាត់​ណា​ម្នាក់​នៅ​ក្នុង​ខែត្រ​កែប ព្រម​ចុះចូល​ជាមួយ​គណបក្ស​កាន់​អំណាច ពួកគាត់​តែង​រង​ការ​តាម​ដាន​ពី​ក្រុម​ប៉ូលិស នៅ​ពេល​ដែល​ពួកគាត់​ជួបជុំ​គ្នា​ម្ដងៗ៕

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖

ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។