សហព័ន្ធសិទ្ធិមនុស្ស និងអភិវឌ្ឍន៍កម្ពុជា នៅថ្ងៃទី២៦ កក្កដា ចេញសេចក្តីថ្លែងការណ៍សម្ដែងការសោកស្ដាយចំពោះស្ថានទូតសហរដ្ឋអាមេរិក ដែលបានចេញសេចក្តីប្រកាសព័ត៌មាន ស្នើឲ្យរដ្ឋាភិបាលកម្ពុជា ពិនិត្យឡើងវិញដំណើរការកាត់ទោសដាក់ពន្ធនាគារសកម្មជនគណបក្សសង្រ្គោះជាតិ ១១រូប។
សហព័ន្ធសិទ្ធិមនុស្ស និងអភិវឌ្ឍន៍កម្ពុជា លើកឡើងថា ការដែលស្ថានទូតសហរដ្ឋអាមេរិក ប្រចាំកម្ពុជា បង្គាប់ និងបញ្ជារដ្ឋាភិបាលកម្ពុជា ឲ្យជ្រៀតជ្រែកទៅលើសេចក្តីសម្រេចរបស់តុលាការដែលជាស្ថាប័នឯករាជ្យ គឺជាការខុសឆ្គងដ៏ធ្ងន់ធ្ងរមិនអាចទទួលយកបានឡើយ។
អង្គការមិនមែនរដ្ឋាភិបាលមួយនេះ រិះគន់បន្ថែមថា ការលើកឡើងរបស់ស្ថានទូតសហរដ្ឋអាមេរិក បង្ហាញឲ្យឃើញថា សហរដ្ឋអាមេរិក មិនអើពើទាល់តែសោះនូវយុត្តិធម៌សម្រាប់កងកម្លាំងសន្តិសុខ ៣៩រូប ដែលរងរបួសក្នុងការប៉ះទង្គិចហិង្សាកាលពីថ្ងៃទី១៥ ខែកក្កដា ឆ្នាំ២០១៤។
សហព័ន្ធសិទ្ធិមនុស្ស និងអភិវឌ្ឍន៍កម្ពុជា ចាត់ទុកការអំពាវនាវរបស់សហរដ្ឋអាមេរិក ថាជាការទាញកម្ពុជា ឲ្យដើរថយក្រោយ ឬងាកចេញពីដំណើរការនីតិរដ្ឋ និងជាការលើកទឹកចិត្តឲ្យមានវប្បធម៌និទ្ទណ្ឌភាព ឬភាពគ្មានទោសពៃរ៍នៅកម្ពុជា។
រដ្ឋាភិបាលកាលពីថ្ងៃទី២៥ កក្កដា ក៏បានចេញសេចក្តីថ្លែងការណ៍វាយប្រហារទៅលើស្ថានទូតសហរដ្ឋអាមេរិក ប្រចាំកម្ពុជា។ ការវាយប្រហារធ្វើឡើងភ្លាមៗ បន្ទាប់ពីស្ថានទូតសហរដ្ឋអាមេរិក ប្រចាំកម្ពុជា ទទូចឲ្យរដ្ឋាភិបាលកម្ពុជា ពិនិត្យឡើងវិញការកាត់ទោសសកម្មជនបក្សប្រឆាំង ១១រូប ក្នុងនោះក៏មាន លោក មាជ សុវណ្ណារ៉ា ដែលមានសញ្ជាតិអាមេរិក។ រដ្ឋាភិបាលបញ្ជាក់ថា កម្ពុជា ជារដ្ឋឯករាជ្យ អធិបតេយ្យ និងបានចាត់ទុកការលើកឡើងរបស់សហរដ្ឋអាមេរិក ថាជាកំហុសឆ្គងធ្ងន់ធ្ងរ និងជាការប្រមាថដល់ជនរងគ្រោះ និងអាចចាត់ទុកថាជាចេតនារបស់សហរដ្ឋអាមេរិក ក្នុងការបង្កើនភាពអនាធិបតេយ្យ បំផ្លាញសន្តិសុខ និងភាពសុខដុមរមនាក្នុងសង្គមជាតិកម្ពុជា។
យ៉ាងណាក៏ដោយ សហរដ្ឋអាមេរិក អះអាងថា ការតវ៉ាដោយសន្តិភាព និងសេរីភាពក្នុងការសម្ដែងមតិ គឺជាទិដ្ឋភាពជាមូលដ្ឋាននៃលទ្ធិប្រជាធិបតេយ្យ ហើយថា សហរដ្ឋអាមេរិក កំពុងតាមដានយ៉ាងយកចិត្តទុកដាក់ចំពោះករណីនេះ៕
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖
ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។