ប្រធានគណបក្សជំទាស់បញ្ជាក់ពីមោទនភាព ចំពោះការលះបង់ខ្ពស់របស់សកម្មជន និងមន្ត្រីជាន់ខ្ពស់របស់ខ្លួន ដែលត្រូវបានសមត្ថកិច្ចចាប់ និងដាក់ពន្ធនាគារក្នុងពេលថ្មីៗនេះ។ បញ្ហានេះ លោក សម រង្ស៊ី ថ្លែងថា សកម្មជនបក្សទាំងនោះបានស្នើមកគណបក្សដោយលើកឡើងថា ប្រសិនបើមានការចរចាណាមួយជាមួយរដ្ឋាភិបាល ដែលដឹកនាំដោយគណបក្សប្រជាជនកម្ពុជា គឺកុំប្រើប្រាស់ពួកគេជាថ្នូរនឹងហេតុផលអ្វីមួយ ដែលនាំឲ្យប៉ះពាល់កិច្ចការជាតិជាធំ។
ការចំណាយពេលជួបអ្នកជាប់ឃុំប្រមាណជិត ២ម៉ោង ប្រធានគណបក្សប្រឆាំង ចាត់ទុកសារនយោបាយសកម្មជនរបស់ខ្លួននៅពេលនេះថា គឺជាផ្នែកមួយក្នុងការរួមចំណែកដោះស្រាយបញ្ហាជាតិ ដែលជំរុញឲ្យមានដំណើរការនៃលទ្ធិប្រជាធិបតេយ្យឆ្ពោះទៅមុខ ថ្វីបើការរួមចំណែករបស់ពួកគេ ពុំបានចូលរួមដោយផ្ទាល់យ៉ាងណាក៏ដោយចុះ។
លោក សម រង្ស៊ី បានយកពេលវេលាជួបសកម្មជនបក្ស និងមន្ត្រីជាន់ខ្ពស់របស់ខ្លួននៅពន្ធនាគារព្រៃស ដែលមិនទាំងបានមួយថ្ងៃស្រួលបួលនៅឡើយផង បន្ទាប់ពីលោកត្រឡប់ពីក្រៅប្រទេសវិញកាលពីថ្ងៃទី១៦ សីហា នោះ។
លោក សម រង្ស៊ី ថ្លែងកាលពីព្រឹកថ្ងៃទី១៧ សីហា ក្រោយចេញពីពន្ធនាគារវិញថា សំណើរបស់សកម្មជនដែលកំពុងជាប់ពន្ធនាគារនេះ គឺជាតម្លៃសម្រាប់ជាតិដ៏កម្រ។ លើសពីនេះទៀត សកម្មជនដែលកំពុងស្ថិតក្រោមបទចោទ ដោយចៅក្រមស៊ើបសួរនៃសាលាដំបូងរាជធានីភ្នំពេញ ទទូចថ្នាក់ដឹកនាំគណបក្សប្រឆាំង កុំឲ្យយកស្ថានភាពរបស់ពួកគេក្នុងការពេលចរចា ទៅដោះដូរជាមួយរដ្ឋាភិបាលដែលគ្រប់គ្រងដោយគណបក្សប្រជាជនកម្ពុជា។ លោកបន្តថា «ពួកគាត់បានផ្ដាំផ្ញើមកខ្ញុំឲ្យជម្រាបបងប្អូនទាំងអស់ទូទាំងប្រទេសថា កុំយកពួកគាត់ធ្វើជាថ្នូរឲ្យយើង គណបក្សសង្គ្រោះជាតិ បំពេញការងាររបស់យើងតាមការចាំបាច់ គិតផលប្រយោជន៍ជាតិជាធំ កុំបារម្ភចំពោះពួកគាត់»។
ជុំវិញរឿងនេះ លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន ធ្លាប់ប្រតិកម្មដោយសម្ដីធ្ងន់ៗកាលពីថ្ងៃទី១៧ ខែកក្កដា ដោយចាត់ទុកថា លោកក៏នឹងមិនរវល់ ឬឈឺក្បាលវិលមុខអីដែរជាមួយអ្នកដែលកំពុងជាប់ឃុំទាំងអម្បាលម៉ាន ដែលមានចិត្តសឹងមិនឲ្យពួកគេក្លាយជាថ្នូរក្នុងការចរចាពិតមែននោះ។ លោក ហ៊ុន សែន ថែមទាំងព្រលយបន្ថែមថា លោកនឹងទុកឲ្យពួកគេទទួលទោសតាមអំណាចសាលក្រមទៅចុះ។ លោកបន្តថា «បើតាមគេដឹង អ្នកនៅខាងក្នុងគេថាកុំយកគេដែលជាប់គុក ធ្វើជាថ្នូរនយោបាយ។ អូខេល្អណាស់! ធ្វើតាមអ្នកនៅក្នុងគុកនោះទៅ»។
ក្រៅពីនេះ លោក ហ៊ុន សែន បានអះអាងទៀតថា លោកនឹងមិនចូលរួមរាល់ការចរចាណាមួយជាមួយគណបក្សប្រឆាំង ប្រសិនបើការចរចានោះ ផ្ដោតពីរឿងថា គណបក្សកាន់អំណាចជាក្បាលម៉ាស៊ីនក្នុងការបញ្ជាតុលាការ។
បើទោះជាប្រមុខរដ្ឋាភិបាល លោក ហ៊ុន សែន តែងការពារភាពស្អាតស្អំរបស់ខ្លួនពីការរិះគន់ជាញឹកញយក៏ដោយចុះ ក៏គេសង្កេតឃើញថា តុលាការក្រុងភ្នំពេញ តែងចាត់វិធានការយ៉ាងមានប្រសិទ្ធភាព ក្រោយពី លោក ហ៊ុន សែន ប្រតិកម្មម្ដងៗនោះ។ សំណុំរឿងជាច្រើនដែល លោក ហ៊ុន សែន ស្រែកហើយ សមត្ថកិច្ច និងតុលាការ តែងអនុវត្តភ្លាមៗ ក្នុងនោះមានករណី លោក ឈូក បណ្ឌិត។ សំណុំរឿងព្រហ្មទណ្ឌនេះ បានអូសបន្លាយជិត ៤ឆ្នាំទើបចាប់ខ្លួនបាន។ ករណីសើរើសំណុំរឿងសកម្មជនគណបក្សប្រឆាំងទាំង ១៤នាក់នៅស្ពាននាគ ក្បែរទីលានប្រជាធិបតេយ្យ។ បញ្ហាទាំងនេះ នៅពុំទាន់គិតដល់សំណុំរឿងឧកញ៉ា សុខ ប៊ុន និងសំណុំរឿងអតីតប្រធានតុលាការក្រុងភ្នំពេញ ជុំវិញឃាតកម្មលើឧកញ៉ា អ៊ឹង ម៉េងជឺ ទៀតនៅឡើយផង។
ពាក់ព័ន្ធការចាប់ខ្លួននេះ លោក សម រង្ស៊ី បានឆ្លើយតបនឹងសំណួរថា នៅពេលណាស្ថានការណ៍នយោបាយឡើងកម្ដៅ មានសកម្មជនរបស់គណបក្សជំទាស់ជាច្រើនតែងត្រូវបានចាប់ខ្លួន និងចោទប្រកាន់តាមផ្លូវតុលាការ ក្រោយពី លោក ហ៊ុន សែន ប្រតិកម្មម្ដងៗ។ លោក សម រង្ស៊ី យល់ឃើញថា បញ្ហានេះបានរុញច្រានឲ្យស្ថានការណ៍នយោបាយកាន់តែមានភាពអួអាប់ថែមទៀតទៅវិញ។ លោកបន្តថា «បាទ! យើងធ្លាប់ឃើញអ៊ីចឹង។ ឃើញថាឲ្យតែស្ថានការណ៍នយោបាយតានតឹង មានការចាប់ខ្លួនហើយ ហើយការចាប់ខ្លួននេះធ្វើឲ្យស្ថានការណ៍តានតឹង»។
លោក រស់ រ៉ាវុធ បណ្ឌិតវិទ្យាសាស្ត្រនយោបាយ ទទួលស្គាល់ថា ការប្រកាន់ជំហររបស់សកម្មជនគណបក្សជំទាស់ ដែលកំពុងជាប់ឃុំ គឺជាផ្នែកមួយនៃការតស៊ូដើម្បីសិទ្ធិសេរីភាព ឬក្នុងហេតុផលផ្សេង ក៏ប៉ុន្តែអ្វីដែលប្រសើរជាងនេះ គឺគណបក្សនយោបាយ គួរតម្កល់ផលប្រយោជន៍ជាតិរួមគ្នា ដែលជាយន្តការអាចធ្វើឲ្យជាតិរឹងមាំ ហើយមានភាពខ្លាំងបាន។ លោកបន្តថា «ការប្រកាន់ច្បាស់លាស់របស់សកម្មជននេះ វាបង្ហាញនូវទឹកចិត្តមួយ ប៉ុន្តែអ្វីដែលយើងត្រូវប្រមូលផ្ដុំ គឺខ្មែរត្រូវសាមគ្គីគ្នា មិនត្រូវធ្វើឲ្យមានការបែកបាក់ណាមួយទេ»។
ពាក់ព័ន្ធរឿងនេះ ប្រធានគណបក្សជំទាស់ចាត់ទុកថា ការដោះស្រាយបញ្ហាជាតិ គឺទាមទារការចូលរួមពីគ្រប់សមាសភាពគណបក្សនយោបាយ ទើបអាចរកឃើញពីភាពជោគជ័យនៃជាតិបាន។ លើសពីនេះ ការប៉ែងជើងគ្នា ការចង់ឈ្នះចង់ចាញ់ និងចង់បានរស់តែម្នាក់ឯង លែងជាមធ្យោបាយសម្រាប់ស្ដារប្រទេសជាតិតទៅទៀតហើយ។ លោក សម រង្ស៊ី ថ្លែងថា គណបក្សជំទាស់នឹងប្រើប្រាស់លទ្ធភាពដែលគណបក្សទាំងពីរធ្លាប់មាន បន្តអនុវត្តរួមគ្នាក្នុងគោលនយោបាយជាតិ៕
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖
ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។