ក្រុមអ្នកនយោបាយដែលចូលគោរពវិញ្ញាណក្ខន្ធ លោក ជា ស៊ីម នៅថ្ងៃទី១១ មិថុនា រួមទាំង លោក សម រង្ស៊ី ប្រធានគណបក្សសង្គ្រោះជាតិ ផង ប្ដេជ្ញាដើរតាមបណ្ដាំរបស់ លោក ជា ស៊ីម ដែលចង់ឃើញខ្មែររួបរួមសាមគ្គីគ្នាជាធ្លុងមួយ ដើម្បីកសាងប្រទេសជាតិឲ្យរុងរឿងដូចអរិយប្រទេសដទៃទៀត។
បើទោះបីជាអតីតប្រធានគណបក្សប្រជាជនកម្ពុជា និងអតីតជាប្រធានព្រឹទ្ធសភា លោក ជា ស៊ីម បានទទួលមរណភាពទៅហើយក្តី ប៉ុន្តែក្រុមអ្នកនយោបាយគណបក្សផ្សេងៗ នៅតែសរសើរមិនដាច់ពីមាត់ចំពោះប្រវត្តិនៃការដឹកនាំរបស់ លោក ជា ស៊ីម កន្លងមក។
លោក សម រង្ស៊ី ប្រធានគណបក្សសង្គ្រោះជាតិ ដែលបានដឹកនាំគណៈប្រតិភូបក្សទៅគោរពវិញ្ញាណក្ខន្ធ លោក ជា ស៊ីម នៅគេហដ្ឋានរបស់លោកក្នុងខណ្ឌចំការមន រាជធានីភ្នំពេញ នៅព្រឹកថ្ងៃទី១១ មិថុនា មានប្រសាសន៍ថា លោកនឹងធ្វើតាមការផ្តាំផ្ញើរបស់អ្នកនយោបាយជើងចាស់រូបនេះ ដែលប្រាថ្នាចង់ឲ្យខ្មែរ ជាពិសេសអ្នកនយោបាយទាំងអស់ចេះស្រឡាញ់គ្នា និងបង្រួបបង្រួមគ្នា ដើម្បីការពារបូរណភាពទឹកដីកម្ពុជា ឲ្យមានសុខសន្តិភាព និងរុងរឿងថ្កំថ្កើង៖ «បណ្ដាំរបស់លោក គឺយើងនឹងខិតខំរួបរួមខ្មែរទាំងអស់ អ្នកស្នេហាជាតិទាំងអស់ ដើម្បីការពារទឹកដីឲ្យបានគង់វង្ស និងរៀបចំប្រទេសយើងឲ្យបានល្អប្រសើរ រុងរឿងដូចអរិយប្រទេសក្នុងពិភពលោក»។
ប្រធានគណបក្សសង្គ្រោះជាតិ អះអាងដែរថា លោក ជា ស៊ីម និងសម្ដេចព្រះនរោត្តម សីហនុ គឺជាវីរជនដូចគ្នា ដែលបានបង្ហាញពីឧត្តមគតិរួបរួមជាតិ និងស្នេហាជាតិបន្ទាប់ពីឆ្នាំ១៩៩៣។
ជាមួយគ្នានេះ ក្រោយដឹកនាំគណៈប្រតិភូបក្សចូលគោរពវិញ្ញាណក្ខន្ធ លោក ជា ស៊ីម ដែរនោះ អតីតប្រធានគណបក្សហ៊្វុនស៊ិនប៉ិច ហើយបច្ចុប្បន្នជាអនុប្រធានទី១ គណបក្សហ៊្វុនស៊ិនប៉ិច លោក កែវ ពុទ្ធរស្មី ប្រាប់អ្នកកាសែតថា លោក ជា ស៊ីម គឺជារដ្ឋបុរសផង និងជាអ្នកមានចិត្តមនុស្សធម៌ផង ដែលបានបន្សល់ទុកនូវគំរូជាច្រើនសម្រាប់អ្នកនយោបាយជំនាន់ក្រោយ៖ «សម្ដេច ជា ស៊ីម បានបន្សល់ទុកនូវគំរូមនុស្សធម៌និយមជាច្រើនសម្រាប់សង្គមកម្ពុជា មិនតែប៉ុណ្ណោះ សម្ដេច ជា ស៊ីម ក៏ជារដ្ឋបុរសមួយរូបដែលប្រវត្តិសាស្ត្រកម្ពុជា បានចារទុកចំពោះការងារបម្រើជាតិ សាសនា និងព្រះរាជបល្ល័ង្គ ដែលសម្ដេចបានធ្វើកន្លងមកនេះ»។
នៅថ្ងៃទី១១ មិថុនា ក៏មានតំណាងស្ថានទូតបរទេសប្រចាំកម្ពុជា ជាច្រើន បានចូលដាក់កម្រងផ្កាគោរពវិញ្ញាណក្ខន្ធ លោក ជា ស៊ីម ដែរ។
លោក ជា ស៊ីម គឺជាអ្នកនយោបាយជើងចាស់មួយរូប ដែលមានប្រវត្តិឆ្លងកាត់សម័យកាលជាច្រើនក្នុងឆាកនយោបាយកម្ពុជា។ ជារួម ក្នុងរយៈពេល ៣៦ឆ្នាំពីឆ្នាំ១៩៧៩ រហូតដល់ពេលលោកទទួលមរណភាពនៅថ្ងៃទី៨ ខែមិថុនា ឆ្នាំ២០១៥ លោក ជា ស៊ីម បានកាន់តំណែងសំខាន់ៗជាច្រើន។ លោកបានធ្វើជារដ្ឋមន្ត្រីក្រសួងមហាផ្ទៃ ជាតំណាងរាស្ត្រ ជាប្រធានរដ្ឋសភា ជាប្រធានគណបក្សប្រជាជនកម្ពុជា និងបានក្លាយជាប្រធានព្រឹទ្ធសភា រួមនឹងតួនាទីជាប្រមុខរដ្ឋស្តីទី ចាប់ពីឆ្នាំ១៩៩៩ រហូតមកដល់ឆ្នាំ២០១៥ នេះ។
សព លោក ជា ស៊ីម នឹងត្រូវបូជានៅមុខវត្តបទុមវតី នៅថ្ងៃទី១៩ ខែមិថុនា ឆ្នាំ២០១៥។ មេរុបូជាសពមានទំហំ ២៤ម៉ែត្រ គុណនឹង ២៤ម៉ែត្រ និងកម្ពស់ ២១ម៉ែត្រ មាន ៣ថ្នាក់៕
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖
ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។