លោក សម រង្ស៊ី រំពឹង​ថា​ពលករ​ខ្មែរ​ធ្វើ​ការ​នៅ​បរទេស​នឹង​ចូលរួម​បោះឆ្នោត​ឆ្នាំ​២០១៨

អតីត​ប្រធាន​គណបក្ស​សង្គ្រោះ​ជាតិ លោក សម រង្ស៊ី រំពឹង​ថា​នឹង​មាន​ពលករ​ចំណាក​ស្រុក​ទាំង​នៅ​ក្នុង និង​នៅ​ក្រៅ​ប្រទេស​ប្រមាណ​ជិត ២​លាន​នាក់ នឹង​បាន​មក​ចូលរួម​បោះឆ្នោត​ជ្រើស​តាំង​តំណាងរាស្ត្រ​អាណត្តិ​ទី​៦ នៅ​ក្នុង​ឆ្នាំ​២០១៨ ខាង​មុខ។

ថ្លែង​ទៅ​កាន់​អ្នក​គាំទ្រ​នៅ​ទីក្រុង​ឡុងប៊ិច (Long Beach) រដ្ឋ​កាលីហ្វ័រញ៉ា (California) សហរដ្ឋ​អាមេរិក កាល​ពី​ថ្ងៃ​ទី​១៨ មិថុនា ដែល​លោក​ទើប​បង្ហោះ​វីដេអូ​ឃ្លីប​នៅ​លើ​ហ្វេសប៊ុក (facebook) លោក សម រង្ស៊ី មាន​ប្រសាសន៍​ថា កម្មករ​ក្នុង​ស្រុក​ជាង ៧​សែន​នាក់ និង​ពលករ​ខ្មែរ​នៅ​ប្រទេស​ថៃ ប្រមាណ ១​លាន​នាក់ មិន​បាន​ចូលរួម​បោះឆ្នោត​ឃុំ-សង្កាត់​ឆ្នាំ​២០១៧ នឹង​ត្រៀម​ខ្លួន​ចូលរួម​បោះឆ្នោត​ថ្នាក់​ជាតិ​ឆ្នាំ​២០១៨ ខាង​មុខ។ លោក​ថា មាន​តែ​រដ្ឋាភិបាល​ថ្មី​ដឹកនាំ​ដោយ​គណបក្ស​សង្គ្រោះ​ជាតិ ទេ ដែល​អាច​ផ្លាស់ប្ដូរ​នយោបាយ​ថ្នាក់​ជាតិ ដែល​អាច​លើក​ស្ទួយ​ជីវភាព​កម្មករ និង​ពលករ​បាន៖ « តែ​ឆ្នាំ​ក្រោយ បោះឆ្នោត​ឲ្យ​រដ្ឋាភិបាល​ថ្មី រដ្ឋាភិបាល​សង្គ្រោះ​ជាតិ នឹង​ដំឡើង​ប្រាក់ខែ​ឲ្យ​កម្មករ នយោបាយ​ថ្នាក់​ជាតិ រដ្ឋាភិបាល​សង្គ្រោះ​ជាតិ នឹង​កំណត់​ច្បាស់​ការងារ​ការពារ​កម្មករ​កុំ​ ឲ្យ​គេ ​ដេញ គេ​ជិះ​ជាន់​តាម​ចិត្ត ដែល​ប៉ះពាល់​ដល់​ជីវិត​អនាគត​ជីវភាព​របស់​គាត់ ពេល​នោះ កម្មករ​ត្រូវ​ចេញ​មុខ។ កម្មករ​គាត់​ថា ឆ្នាំ​ក្រោយ​បើ​គេ​មិន​ឲ្យ​ឈប់ គាត់​ថា​កាត់​អី​កាត់​ទៅ ព្រោះ​បោះឆ្នោត​ឲ្យ​សង្គ្រោះ​ជាតិ បាន​ឡើង​ប្រាក់ខែ​ មួយ​ជីវិត ហើយ​ជីវភាព​កម្មករ​ច្បាស់​ជា​រុងរឿង​ជាង​មុន​ឆ្ងាយ គាត់​ត្រៀម​ហើយ »

ទាក់ទង​ករណី​នេះ​ដែរ មន្ត្រី​គណបក្ស​ប្រឆាំង​បាន​ស្នើ​ជា​ថ្មី​ម្តង​ទៀត​ឲ្យ​រដ្ឋាភិបាល​បង្ក​លក្ខណៈ​ងាយ​ស្រួល​ដល់​ការ​ចុះ​ឈ្មោះ​បោះឆ្នោត​សម្រាប់​ពលករ​ចំណាក​ស្រុក តាម​រយៈ​ការ​បង្កើន​ចំនួន​ការិយាល័យ​ចុះ​ឈ្មោះ​បោះឆ្នោត​នៅ​ក្បែរ​ព្រំដែន​ថៃ។

សេចក្ដី​ប្រកាស​របស់​គ.ជ.ប ស្ដីពី​ប្រតិទិន​នៃ​ការ​ចាប់​ផ្ដើម​ធ្វើ​បច្ចុប្បន្នភាព​បញ្ជី​បោះឆ្នោត និង​ការ​ចុះ​ឈ្មោះ​បោះឆ្នោត​នៅ​តាម​ឃុំ-សង្កាត់ ឲ្យ​ដឹង​ថា ការ​ចុះ​ឈ្មោះ​អ្នក​បោះឆ្នោត​សម្រាប់​បម្រើ​ដល់​ការ​បោះឆ្នោត​ជ្រើសរើស​តំណាងរាស្ត្រ នឹង​ចាប់​ផ្ដើម​នៅ​ថ្ងៃ​ទី​១ ខែ​កញ្ញា ដល់​ថ្ងៃ​ទី​៩ ខែ​វិច្ឆិកា ឆ្នាំ​២០១៧៕

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖

ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។