លោក សម រង្ស៊ី ប្រធានគណបក្សសង្គ្រោះជាតិ កាលពីថ្ងៃព្រហស្បតិ៍ ទី១៤ ឧសភា បានថ្លែងទៅកាន់ក្រុមអ្នកគាំទ្រជាខ្មែរអាមេរិកាំងប្រមាណ ៧០នាក់ ថា របត់នយោបាយនៅកម្ពុជា បច្ចុប្បន្ន ជានយោបាយមួយឆ្ពោះទៅរកការបង្រួបបង្រួមជាតិពិតប្រាកដ ក្នុងបុព្វហេតុការពារទឹកដីកុំឲ្យមានការឈ្លានពានពីសំណាក់ប្រទេសជិតខាង។
លោក សម រង្ស៊ី អះអាងថា ដើម្បីថែរក្សាបូរណភាពទឹកដីឲ្យបានគង់វង្ស គឺត្រូវមានការរួបរួមជាតិដ៏ធំមួយប្រកបដោយការជឿទុកចិត្តពីគ្រប់ភាគី និងការអនុវត្តនូវវប្បធម៌សន្ទនា ឬវប្បធម៌សន្តិភាព៖ «យើងដឹងហើយថា យើងបាត់បង់ខេត្តច្រើនណាស់ ទាំងលិច ទាំងខាងកើត។ ខាងលិចបាត់ទៅប្រទេសថៃ ដែលពីមុនយើងហៅថា សៀម ហើយខាងកើតយើងបាត់ទៅប្រទេសវៀតណាម ដែលពីមុនយើងហៅថា យួន។ ស្រុកយើងឥឡូវតូចប៉ុនបាតដៃ បើប្រៀបធៀបទៅប្រទេសជិតខាងវិញ យើងជាប្រទេសតូច អន់ថយ ទន់ខ្សោយ ហើយបើយើងបណ្ដោយឲ្យចរន្តបែបនេះនៅបន្តទៀត គឺនឹងឈានទៅរកការបាត់បង់ប្រទេសជាតិយើងទាំងស្រុង។ យើងយល់ឃើញថា ល្មមភ្ញាក់ខ្លួនហើយ។ ខ្មែរយើងដែលធ្លាប់តែឈ្លោះគ្នា បែកបាក់គ្នា ហើយក្រុមមួយទៀតចង់ឈ្នះ ក្រុមមួយទៀតដាច់ខាត។ បើយើងគិតពី ៥០០ឆ្នាំមុនក៏អ៊ីចឹង គិត ៥០ឆ្នាំមុនក៏អ៊ីចឹង អត់ខុសគ្នាអីទេ»។
ការអះអាងរបស់ លោក សម រង្ស៊ី ធ្វើឡើងនៅក្នុងកម្មវិធីទទួលទានអាហារពេលល្ងាចមួយ ក្នុងពេលជួបសំណេះសំណាលជាមួយក្រុមអ្នកគាំទ្រគណបក្សក្នុងទីក្រុងហ្គេតធឺស្បឺក (Gaithersburg) ក្នុងរដ្ឋម៉ារីឡែន (Maryland)។ លោក សម រង្ស៊ី បានអញ្ជើញមកសហរដ្ឋអាមេរិក និងកាណាដា ដើម្បីពន្យល់អ្នកគាំទ្ររបស់គណបក្សអំពីវប្បធម៌សន្ទនាថ្មី ដែលលោកបានរួមបង្កើតជាមួយលោកនាយករដ្ឋមន្ត្រី ហ៊ុន សែន កាលពីពេលថ្មីៗនេះ។
លោក តូច សាម៉ន ដែលមកពីរដ្ឋភែនស៊ីលវែនញ៉ា (Pennsylvania) មានប្រសាសន៍ថា លោកគាំទ្រវប្បធម៌សន្ទនាដែលជារបត់នយោបាយថ្មីនេះ ដើម្បីកុំឲ្យមានវប្បធម៌បង្ហូរឈាមនៅក្នុងប្រទេសតទៅទៀត។ តែទោះជាយ៉ាងណាក៏ដោយ លោកនៅតែតាមដានមើលថា តើវប្បធម៌សន្ទនានេះនឹងបានយូរដល់ពេលណា?៖ «ខ្ញុំគាំទ្រវប្បធម៌សន្ទនានេះដែរ។ ប៉ុន្តែជាជំហរទូទៅរបស់ខ្ញុំ យើងនៅពិនិត្យតទៅទៀត ពីព្រោះថា កិច្ចសន្ទនានេះមិនមែនចប់តែត្រឹមនេះទេ វានឹងបន្តទៅទៀត ហើយយើងនឹងចាំមើលលទ្ធផលទៅថ្ងៃក្រោយទៀត តើវានឹងទៅជាយ៉ាងណា ហើយយើងនឹងវាយតម្លៃលទ្ធផលនោះជាក្រោយទៅទៀត។ នេះជាកិច្ចការចាំបាច់មួយ»។
ចំណែក លោក នួន សុភ័ណ ពីរដ្ឋវឺជីនៀ (Virginia) វិញមានប្រសាសន៍ថា អ្វីដែលលោកចង់ឃើញជាងគេនោះ គឺវប្បធម៌សន្ទនា ធ្វើឡើងក្នុងក្របខ័ណ្ឌប្រជាធិបតេយ្យពិតប្រាកដ ដែលមិនស្ថិតក្រោមចំណុះរបស់គណបក្សកាន់អំណាច៖ «ចង់ឃើញខ្មែររួមថាតើខ្មែររួម នៅក្រោមបង្គាប់គេ ឬមួយយកឈ្នះលើគណបក្សប្រជាជន ហើយកាន់អំណាចវិញ និងមានប្រជាធិបតេយ្យពិតប្រាកដ ពុំមែនជាប្រជាធិបតេយ្យសម្រាប់បន្លំអន្តរជាតិដើម្បីគាំទ្រគណបក្ស ប្រជាជននោះទេ។ ប៉ុន្តែខ្ញុំឃើញថា លោក សម រង្ស៊ី យ៉ាងហោចណាស់ក៏គាត់បញ្ចេញនូវការដឹកនាំមួយដែលអាចនាំយកជ័យជំនះ ពិតប្រាកដសម្រាប់ប្រជាពលរដ្ឋខ្មែរ ឬក៏អត់នៅឆ្នាំ២០១៨។ ដូច្នេះយើងនៅរង់ចាំមើល ឬមួយនៅរង់ចាំមើលរហូតដល់ជីវិតរៀងៗខ្លួន ហើយយើងនៅតែស្ថិតក្រោយអំណាចយួន ហើយនិងលោក ហ៊ុន សែន»។
នៅក្រោយពិធីជួបសំណេះសំណាលជាមួយក្រុមអ្នកគាំទ្រនេះ លោក សម រង្ស៊ី មានប្រសាសន៍ថា ក្នុងដំណើរទស្សនកិច្ចរបស់លោកមកកាន់រដ្ឋធានីវ៉ាស៊ីនតោន (Washington) លោកបានជួបជាមួយក្រុមមន្ត្រីក្រសួងការបរទេស និងលោក អេដ រ៉យស៍ (Ed Royce) ប្រធានគណៈកម្មការកិច្ចការបរទេសនៃរដ្ឋសភាអាមេរិក អំពីដំណើរការនយោបាយរបស់កម្ពុជា បច្ចុប្បន្ន និងការឆ្ពោះទៅរកផ្លាស់ប្ដូរប្រទេសមួយប្រកបដោយសន្តិភាព និងលទ្ធិប្រជាធិបតេយ្យពេញលេញ៕
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖
ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។