លោក សម រង្ស៊ី វិល​មក​ស្រុក​ខ្មែរ​វិញ​ថ្ងៃ​សៅរ៍​នេះ

មន្ត្រី​បក្ស​សង្គ្រោះ​ជាតិ​អះអាង​នៅ​ថ្ងៃ​ទី​១៧ កក្កដា ថា លោក សម រង្សី ប្រធាន​បក្ស​សង្គ្រោះ​ជាតិ នឹង​វិល​ពី​ស្រុក​បារាំង មក​កម្ពុជា​វិញ​នៅ​ចុង​សប្ដាហ៍​នេះ។

អ្នកនាំពាក្យ​បក្ស​សង្គ្រោះ​ជាតិ លោក យឹម សុវណ្ណ ឲ្យដឹង​នៅ​រសៀល​ថ្ងៃ​ទី​១៧ កក្កដា ថា លោក សម រង្ស៊ី នឹង​មកដល់​កម្ពុជា នៅ​ម៉ោង​៩ ព្រឹក​ថ្ងៃ​ទី​១៩ កក្កដា តាម​ជើង​យន្តហោះ​ថៃ​អ៊ែរវ៉េ។

ការ​វិល​ត្រឡប់​មក​ស្រុក​វិញ​យ៉ាង​តក់ក្រហល់​នេះ ក្រោយ​ពេល​ប្រធាន​ស្ដីទី​បក្ស លោក កឹម សុខា ត្រូវ​បាន​តុលាការ​កោះហៅ​ឲ្យ​ចូល​បំភ្លឺ​នៅ​ថ្ងៃ​ទី​១៨ កក្កដា ខាង​មុខ​នេះ ពាក់ព័ន្ធ​រឿង​ហិង្សា​កើត​ឡើង​រវាង​កង​សន្តិសុខ និង​ក្រុម​បាតុករ​បក្ស​សង្គ្រោះ​ជាតិ​នៅ​ស្ពាន​នាគ ក្បែរ​ទីលាន​ប្រជាធិបតេយ្យ រាជ​ធានី​ភ្នំពេញ កាល​ពី​ថ្ងៃ​ទី​១៥ កក្កដា កន្លង​ទៅ​នេះ។

លោក យឹម សុវណ្ណ បន្ត​ថា យ៉ាងហោចណាស់​មាន​មន្ត្រី​បក្ស​សង្គ្រោះ​ជាតិ​ប្រហែល ២០ នាក់​ទៀត​កំពុង​​នៅ​ក្រៅ​ប្រទេស​ដែល​ត្រូវ​វិល​ចូល​ស្រុក​វិញ​បន្ទាន់​ដូច​ជា៖ នៅ​អាមេរិក បារាំង កាណាដា និង​អូស្ត្រាលី ជា​ដើម៕

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖

ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។