រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ បានព្រមានធ្ងន់ៗទៅលើមន្ត្រីរដ្ឋាភិបាលទាំងឡាយណាដែលអាចជាប់ពាក់ព័ន្ធបទល្មើសរំលោភយកដីឆ្នេរសមុទ្រ រំលោភបឹងព្រែកទប់ និងដីអនុក្រឹត្យលេខ ៧៦ ជាដើម ដែលទុករក្សាប្រភពទឹកស្អាតប្រើប្រាស់នៅទូទាំងខេត្តព្រះសីហនុ ឲ្យដកខ្លួនជាបន្ទាប់បើមិនចង់បាត់បង់តួនាទី។
សារព្រមាននេះទទួលបានការសាទរពីមន្ត្រីសង្គមស៊ីវិលមួយចំនួន មានមូលដ្ឋានក្នុងខេត្តទេសចរណ៍មួយនេះ ប៉ុន្តែស្នើឲ្យការអនុវត្តមានប្រសិទ្ធភាព។
សារព្រមានធ្ងន់ៗមិនចំឈ្មោះនេះ ធ្វើឡើងនៅចំពោះមុខមន្ត្រីស្ថាប័នពាក់ព័ន្ធក្នុងជួររដ្ឋាភិបាលរបស់លោកឧបនាយករដ្ឋមន្ត្រី ស ខេង រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ ដូច្នេះធ្វើឡើងនៅក្នុងពិធីប្ដូរតំណែងអភិបាលខេត្តព្រះសីហនុ ថ្មី លោក យន្ត មីន ដែលអភិបាលខេត្តបច្ចុប្បន្ន លោក ឈិត សុខុន ត្រូវគ្រប់អាយុចូលនិវត្តន៍នៅព្រឹកថ្ងៃច័ន្ទ ទី៧ ខែកញ្ញា។
នាឱកាសនោះ លោក ស ខេង បានព្រមានមិនបញ្ចេញឈ្មោះដល់មន្ត្រី ឬអ្នកពាក់ព័ន្ធសកម្មភាពរំលោភយកដីឆ្នេរសមុទ្រ ដីចំណីមាត់បឹងព្រែកទប់ និងដីអនុក្រឹត្យលេខ ៧៦ សម្រាប់រក្សាប្រភពទឹកស្អាត ឬទឹកសាបទុកប្រើប្រាស់នៅទូទាំង ខេត្តព្រះសីហនុ ដែលបានរំលោភយកដីរដ្ឋខុសច្បាប់ទាំងនេះ ត្រូវដកខ្លួនចេញជាបន្ទាន់ បើចង់សុខខ្លួន បើមិនដូច្នេះទេ មន្ត្រី ឬអ្នកជាប់ពាក់ព័ន្ធបទល្មើសទាំងនោះនឹងត្រូវរងទុក្ខធ្ងន់ទៅតាមច្បាប់៖ «ខ្ញុំសង្កត់ធ្ងន់ គឺការរំលោភយកដីធ្លីនៅតំបន់ដីអនុក្រឹត្យលេខ ៧៦ តំបន់ក្បាលឆាយ និងដីនៅមាត់បឹងព្រែកទប់ ដើម្បីរក្សាប្រភពទឹកស្អាតទុកប្រើប្រាស់នៅទូទាំងខេត្តព្រះសីហនុ។ បញ្ហានេះខ្ញុំដឹងថា អស់លោកមានការលំបាកក្នុងការដោះស្រាយ ប៉ុន្តែត្រូវតែរួមគ្នាដោះស្រាយឲ្យបានល្អ»។
សារព្រមានរបស់លោក ស ខេង បែបនេះ ទទួលបានការសាទរពីមន្ត្រីសង្គមស៊ីវិល និងប្រជាពលរដ្ឋមួយចំនួននាខេត្តព្រះសីហនុ ប៉ុន្តែបានស្នើដល់ថ្នាក់ដឹកនាំរូបនេះជួយតាមដានការអនុវត្តការងារសេចក្ដីណែនាំរបស់មន្ត្រីខេត្តព្រះសីហនុ ឲ្យបានជាប្រជាចាំ ដើម្បីឲ្យការអនុវត្តនេះមានប្រសិទ្ធភាព។
មន្ត្រីសម្របសម្រួលអង្គការលីកាដូ (LICADHO) ខេត្តព្រះសីហនុ លោក ប៊ួន ណារិទ្ធ ដែលត្រូវមន្ត្រីសាលាខេត្តនេះអញ្ជើញឲ្យចូលរួមក្នុងពិធីផ្លាស់ប្ដូរតំណែងអភិបាលខេត្តព្រះសីហនុថ្មី កាលពីព្រឹកថ្ងៃទី៧ ខែកញ្ញា បានចាត់ទុកប្រសាសន៍របស់លោក ស ខេង ថា ជាការពេញចិត្តមន្ត្រីសង្គមស៊ីវិល និងប្រជាពលរដ្ឋនៅទូទាំងខេត្តព្រះសីហនុ ទោះបីសារព្រមាននេះប៉ះពាល់ទៅលើផលប្រយោជន៍ជនរំលោភដីឆ្នេរសមុទ្រ ចំណីដីមាត់បឹង ឬដីអនុក្រឹត្យលេខ ៧៦ សម្រាប់រក្សាប្រភពទឹកស្អាតប្រើប្រាស់នៅទូទាំងខេត្តព្រះសីហនុ ខុសចិត្តមន្ត្រី ឬឈ្មួញមួយចំនួនបែបណាក្តី។ ប៉ុន្តែលោក ស ខេង ហាក់បង្ហាញជំហរចង់បោសសំអាតមន្ត្រីខិលខូចរបស់ខ្លួន។
ត្រង់ចំណុចនេះ លោក ប៊ួន ណារិទ្ធ រំពឹងថា លោក យន្ត មីន អភិបាលខេត្តព្រះសីហនុ ថ្មី ទើបចូលកាន់តំណែង នឹងអនុវត្តទៅតាមប្រសាសន៍ណែនាំរបស់លោក ស ខេង ដោយការទទួលខុសត្រូវខ្ពស់៖ «ពាក់ព័ន្ធដីឆ្នេរសម្ដេចក្រឡាហោម ស ខេង បានបញ្ជាក់ច្បាស់ថា មិនឲ្យមានការឃុបឃិតពីមន្ត្រីនៅតាមស្ថាប័នពាក់ព័ន្ធមួយចំនួន កុំឲ្យចេញប័ណ្ណកម្មសិទ្ធិដល់មន្ត្រីខិលខូចនោះទេ ហើយបច្ចុប្បន្ននេះ ឆ្នេរមួយចំនួនត្រូវមន្ត្រី និងអ្នកមានទ្រព្យធនមួយចំនួនហ៊ុមព័ទ្ធរបងថ្មីធ្វើកម្មសិទ្ធិមិន ឲ្យពលរដ្ឋ ឬភ្ញៀវទេសចរដើរកម្សាន្តនោះទេ»។
ស្រដៀងគ្នាដែរ អ្នកស្រី ជៀប សុធារី មន្ត្រីសម្របសម្រួលសមាគមអាដហុក (ADHOC) ប្រចាំខេត្តព្រះសីហនុ បានគាំទ្រសារព្រមានរបស់លោក ស ខេង ដែលព្រមានដល់អ្នកជាប់ពាក់ព័ន្ធសកម្មភាពរំលោភដីឆ្នេរសមុទ្រ ដីមាត់បឹងព្រែកទប់ និងដីអនុក្រឹត្យលេខ ៧៦ ជាដើម។
មន្ត្រីសិទ្ធិមនុស្សរូបនេះ បានស្នើដល់ថ្នាក់ដឹកនាំក្រសួងមហាផ្ទៃ ត្រូវតាមដានសកម្មភាពមន្ត្រីថ្នាក់ក្រោមនាខេត្តព្រះសីហនុ ឲ្យបានជាប្រចាំ ដើម្បីឈានដល់អនុវត្តអនុសាសន៍របស់លោកមានប្រសិទ្ធភាពនៅថ្ងៃខាងមុខ ព្រោះបទល្មើសផ្សេងៗដែលធ្លាប់កើតមាននៅក្នុងមូលដ្ឋានខេត្តទេសចរណ៍មួយនេះ មានមន្ត្រីមានតួនាទីមួយចំនួនក្នុងខេត្តនេះបានជាប់ពាក់ព័ន្ធបទល្មើសមួយចំនួននោះ៖ «ខ្ញុំមើលឃើញថា សកម្មភាពនៃការរំលោភដីឆ្នេរសមុទ្រ ឬដីសាធារណៈរបស់រដ្ឋនាខេត្តព្រះសីហនុ គឺមិនទាន់មានប្រសិទ្ធភាពនៅឡើយទេ។ អ្នកទន្ទ្រានកាន់កាប់ដីនៅតំបន់ក្បាលឆាយ ឬតំបន់មាត់បឹងព្រែកទប់ ឬដីមាត់ឆ្នេរសមុទ្រក្តី គឺមិនទាន់ឃើញអាជ្ញាធរខេត្តមានវិធានការ ឬតុលាការបែបណាទេ»។
ឆ្លើយតបប្រសាសន៍ផ្តាំផ្ញើរបស់លោកឧបនាយករដ្ឋមន្ត្រី ស ខេង លោក យន្ត មីន អភិបាលខេត្តព្រះសីហនុ ថ្មី ដែលមានផ្ទៃមុខជ្រីវជ្រួញ ឬជរាជាងអភិបាលខេត្តព្រះសីហនុ បច្ចុប្បន្ន គឺលោក ឈិត សុខុន ត្រូវគ្រប់អាយុចូលនិវត្តន៍ បានឡើងប្ដេជ្ញាថា នឹងខំប្រឹងអនុវត្តតាមបណ្ដាំ ឬអនុសាសន៍របស់លោក ស ខេង ដើម្បីបង្កលក្ខណៈឲ្យខេត្តទេសចរណ៍មួយនេះមានសុវត្ថិភាព និងមានការអភិវឌ្ឍលើគ្រប់វិស័យ។
យ៉ាងណាក៏ដោយ ក្រុមប្រជាពលរដ្ឋ មន្ត្រីសង្គមស៊ីវិល និងក្រុមអាជីវករ រស់នៅខេត្តព្រះសីហនុ ថ្លែងថា នឹងរងចាំមើលបន្ទាប់ពីការផ្លាស់ប្ដូរតំណែងអភិបាលខេត្តថ្មី នៃខេត្តទេសចរណ៍មួយនេះ ថាមានការផ្លាស់ប្ដូរ ឬក៏អាចរឹបអូសយកដីឆ្នេរសមុទ្រ ដីមាត់បឹងព្រែកទប់ និងដីអនុក្រឹត្យលេខ ៧៦ តំបន់ក្បាលឆាយមកដាក់ជាសម្បត្តិរដ្ឋវិញបានឬទេ បន្ទាប់ពីត្រូវបានមន្ត្រីមានតួនាទីធំៗ និងឈ្មួញបានឃុបឃិតរំលោភយកធ្វើកម្មសិទ្ធិនៅពេលកន្លងមក៕
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖
ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។