បន្ទប់​ស្ថានការណ៍​បោះឆ្នោត​រក​ឃើញ​កំហុស​តិចតួច​ពី​ការ​ផ្ទៀងផ្ទាត់​កំណត់​ហេតុ

0:00 / 0:00

ក្រុម​អង្គការ​សមាគម​នៃ​បន្ទប់​ស្ថានការណ៍​ឃ្លាំ​មើល​ការ​បោះឆ្នោត​នៅ​កម្ពុជា រក​ឃើញ​ថា ការ​ផ្ទៀងផ្ទាត់​កំណត់​ហេតុ​ការ​រាប់​សន្លឹកឆ្នោត​នៃ​លទ្ធផល​បោះឆ្នោត​បឋម​ក្រុម​ប្រឹក្សា​ឃុំ-សង្កាត់​អាណត្តិ​ទី​៤ ដែល គ.ជ.ប បាន​ផ្សាយ​ចេញ មាន​ភាព​ត្រឹមត្រូវ​ដូច​គ្នា​ទៅ​នឹង​កំណត់​ហេតុ​របស់​បន្ទប់​ស្ថានការណ៍​សម្រាប់​ការ​បោះឆ្នោត ដែល​រក​ឃើញ​ថា ការ​បោះឆ្នោត​ជ្រើសរើស​សមាជិក​ក្រុម​ប្រឹក្សា​ឃុំ-សង្កាត់​អាណត្តិ​ទី​៤ នេះ មាន​ភាព​សុក្រឹត​ជាង ៩៣% (៩៣,១%)។ ក្រៅ​ពី​នេះ បន្ទប់​ស្ថានការណ៍​ក៏​រក​ឃើញ​ភាព​មិន​ប្រក្រតី​មួយ​ចំនួន​ដែរ ដែល​គេ​នឹង​ផ្ញើ​កំណត់​ហេតុ​ពី​ភាព​មិន​ប្រក្រតី និង​កំណត់​ហេតុ​ខុស​គ្នា​ដែល​រក​ឃើញ​ឲ្យ គ.ជ.ប នៅ​ថ្ងៃ​ទី​១៣ មិថុនា ដើម្បី​ផ្ទៀងផ្ទាត់។

បើ​ទោះ​ជា​នៅ​មាន​កំហុស​ខ្លះ​ចំពោះ​ការ​ផ្ទៀងផ្ទាត់​នៃ​កំណត់​ហេតុ​ការ​រាប់​សន្លឹកឆ្នោត ឬ​ហៅ​ថា​ទម្រង់ ១១០២ រវាង​កំណត់​ហេតុ​របស់​បន្ទប់​ស្ថានការណ៍​បោះឆ្នោត និង​កំណត់​ហេតុ​របស់ គ.ជ.ប នៅ​តាម​ការិយាល័យ​បោះឆ្នោត​ខ្លះ​ក៏ដោយ ប៉ុន្តែ​ភាព​មិន​ប្រក្រតី​មាន​តិចតួច​ណាស់ និង​មិន​បាន​ធ្វើ​ឲ្យ​ប៉ះពាល់​ដល់​លទ្ធផល​បោះឆ្នោត​ឃុំ-សង្កាត់​នោះ​ទេ។

ប្រធាន​អង្គការ​ខុមហ្វ្រែល (Comfrel) និង​ជា​សមាជិក​បន្ទប់​ស្ថានការណ៍​បោះឆ្នោត លោក គល់ បញ្ញា បញ្ជាក់​នៅ​ថ្ងៃ​ទី​១២ មិថុនា ថា ភាព​ខុស​គ្នា និង​ភាព​មិន​ប្រក្រតី មិន​ប៉ះពាល់​ដល់​លទ្ធផល​ឆ្នោត​ទេ ដោយសារ​ការ​ខុស​គ្នា​នោះ​មាន​ភាគរយ​តិច​បំផុត។ តែ​ទោះ​ជា​យ៉ាង​ណា បន្ទប់​ស្ថានការណ៍​បោះឆ្នោត នឹង​ផ្ញើ​ឲ្យ គ.ជ.ប ផ្ទៀងផ្ទាត់​បន្ថែម​ទៀត៖ « មិន​ច្រើន​ទេ ឃុំ​ដែល​ប៉ះពាល់​ហ្នឹង មើល​ទៅ​ខ្ទង់ ១០​ជាង​ឃុំ​អី​ហ្នឹង ប៉ិន​អ្វីៗ​ដែល​ចេញ​លទ្ធផល គ . . ប បាន​ចេញ​បឋម​ហ្នឹង ប្រហែល​ជា​កម្រិត​នៃ​ភាព​ត្រឹមត្រូវ​ហ្នឹង​វា​ច្រើន​ហើយ អា​ហ្នឹង​ជា​យោបល់​របស់​ខ្ញុំ ហើយ​និង​ការ​រក​ឃើញ​របស់​យើង »

លោក គល់ បញ្ញា មាន​សង្ឃឹម​ថា គ.ជ.ប នឹង​ពិនិត្យ​ផ្ទៀងផ្ទាត់​កំណត់​ហេតុ ព្រោះ​លោក​វាយ​តម្លៃ​ថា គ.ជ.ប បច្ចុប្បន្ន​ធ្វើ​ការ​មាន​តម្លាភាព​ច្រើន។

អ្នក​សម្របសម្រួល​ផ្នែក​អង្កេត​នៃ​អង្គការ​ខុមហ្វ្រែល លោក កន សាវាង្ស ឲ្យ​អាស៊ីសេរី​ដឹង​ថា ចំណុច​ខុស​គ្នា និង​ភាព​មិន​ប្រក្រតី​នៃ​កំណត់​ហេតុ​រាប់​សន្លឹកឆ្នោត នឹង​ត្រូវ​បញ្ជូន​ទៅ គ.ជ.ប នៅ​មួយ​ថ្ងៃ​ក្រោយ​ពី​សន្និសីទ​កាសែត។

លោក កន សាវាង្ស ប្រាប់​ថា ទោះ​ជា គ.ជ.ប ទទួល​យក ឬ​មិន​ទទួល​យក​ការ​រក​ឃើញ​របស់​បន្ទប់​ស្ថានការណ៍​បោះឆ្នោត តែ​សង្គម​ស៊ីវិល​ត្រូវ​តែ​ដាក់​ជូន គ.ជ.ប ដើម្បី​ជា​អនុសាសន៍​សម្រាប់​កែលំអ​នៅ​ពេល​ក្រោយ៖ « ការ​រក​ឃើញ​របស់​យើង​វា​ជា​មេរៀន​មួយ ដែល​យើង​បង្កើត​ជា​អនុសាសន៍​នៅ​ក្នុង​បទពិសោធន៍​សម្រាប់​ទៅ​ខាង​មុខ ថា​តើ​ចំណុច​ខ្វះខាត​ត្រង់​ណា ? ត្រង់​ណា​ត្រូវ​ពង្រឹង ? ត្រង់​ណា​ជា​ចំណុច​ខ្សោយ ? អា​ហ្នឹង​យើង​ត្រូវ​តែ​ទទួល​ស្គាល់ ហើយ​សិក្សា​ឡើង​វិញ ទោះ​បី គ . . ប គេ​ទទួល ឬ​មិន​ទទួល យ៉ាង​ហោច​ណាស់​យើង​មាន​អ្វី​ដែល​ជា​ការ​រក​ឃើញ​សម្រាប់​គាត់​ដែរ »

សេចក្តី​ថ្លែងការណ៍​ចេញ​នៅ​ថ្ងៃ​ទី​១២ មិថុនា សមាគម​អង្គការ​សង្គម​ស៊ីវិល​នៃ​បន្ទប់​ស្ថានការណ៍​បោះឆ្នោត ស្នើ​ឲ្យ គ.ជ.ប ខិតខំ​ក្នុង​ការ​ដោះស្រាយ​បណ្ដឹង​របស់​គណបក្ស​នយោបាយ​ទាក់ទង​នឹង​ការ​រាប់​សន្លឹកឆ្នោត​ឡើង​វិញ។ បន្ទប់​ស្ថានការណ៍​បង្ហាញ​ថា កម្រិត​លម្អៀង​សំឡេង​ឆ្នោត​មាន​តិចតួច​ប្រមាណ ០,៥% តែ​សន្លឹកឆ្នោត​មិន​បាន​ការ​មាន​ច្រើន។ ប៉ុន្តែ​ទោះ​ជា​យ៉ាង​ណា អង្គការ​សង្គម​ស៊ីវិល​នៅ​តែ​យល់​ថា ចាប់​តាំង​ពី​មាន​ការ​បោះឆ្នោត​ពី​សម័យ​អ៊ុនតាក់ (UNTAC) មក លទ្ធផល​នៃ​ការ​បោះឆ្នោត​ក្រុម​ប្រឹក្សា​ឃុំ-សង្កាត់​ឆ្នាំ​២០១៧ ល្អ​ជាង​គេ ព្រោះ​គ្រប់​គណបក្ស​នយោបាយ​សុទ្ធតែ​ទទួល​យក​ដោយ​គ្មាន​ចេញ​មុខ​ទាត់​ចោល​លទ្ធផល​ឆ្នោត​ដូច​ការ​បោះឆ្នោត​លើក​មុនៗ​ទេ។

បន្ទប់​ស្ថានការណ៍​បោះឆ្នោត​រក​ឃើញ​ថា ភាព​មិន​ប្រក្រតី និង​ភាព​ខុស​គ្នា​នៃ​កំណត់​ហេតុ​រាប់​សន្លឹកឆ្នោត មាន​ដូចជា ការិយាល័យ​បោះឆ្នោត​ខ្លះ​បាន​ឲ្យ​តំណាង​គណបក្ស​ចុះ​ហត្ថលេខា​មុន​ចុះ​លទ្ធផល​រាប់​សន្លឹកឆ្នោត ការ​បិទ​ក្រដាស​ដោយ​មិន​កត់ត្រា​សំឡេង​ឆ្នោត​របស់​បក្ស​នយោបាយ ការ​សរសេរ​ឈ្មោះ​បេក្ខជន​ក្នុង​សំឡេង​គណបក្ស​នយោបាយ ការ​មិន​បំពេញ​ឈ្មោះ​គណបក្ស​នយោបាយ ការ​មិន​បំពេញ​តួលេខ​ឲ្យ​បាន​ត្រឹមត្រូវ​ក្នុង​ចំណុច​សន្លឹកឆ្នោត​បាន និង​មិន​បាន​ការ ចំនួន​សន្លឹកឆ្នោត​សរុប​មិន​ស្មើ​គ្នា មាន​តួលេខ​លើស និង​ខ្វះ ឬ​ច្រឡំ​កន្លែង​ដែល​ត្រូវ​ចុះ​រវាង​សន្លឹកឆ្នោត​ខូច ជាមួយ​សន្លឹកឆ្នោត​មិន​បាន​ការ កន្លែង​ខ្លះ​មាន​ប្រើ​ទឹកលុប ជាដើម។ រីឯ​ការ​ប្រកាស​លទ្ធផល​បឋម​ដោយ គ.ជ.ប យឺត​ជាង​ការ​គ្រោង​ទុក ការ​ផ្សាយ​តាម​ទូរទស្សន៍​ជាតិ (ទទក) ពិបាក​យល់ និង​មិន​បាន​ពេញលេញ។

ប្រធាន​មជ្ឈមណ្ឌល​ប្រជាពលរដ្ឋ​ដើម្បី​អភិវឌ្ឍន៍ និង​សន្តិភាព លោក យង់ គិមអេង បន្ថែម​ថា សមត្ថភាព​មន្ត្រី​របស់ គ.ជ.ប នៅ​តាម​ការិយាល័យ ក៏​ជា​ចំណុច​ដែល​គួរ​តែ គ.ជ.ប យក​ចិត្ត​ទុក​ដាក់​កែលំអ​ដែរ។ លោក យង់ គិមអេង យល់​ថា គ.ជ.ប មាន​ឆន្ទៈ​ចង់​ឲ្យ​ល្អ​ប្រសើរ ប៉ុន្តែ​អាច​ដោយសារ​មាន​កំហុស​បច្ចេកទេស និង​ការ​យល់​ដឹង​របស់​មន្ត្រី​នៅ​តាម​ការិយាល័យ​បោះឆ្នោត​ខ្លះ៖ « ហើយ​គាត់ ( មន្ត្រី គ . . ប តាម​ការិយាល័យ​បោះឆ្នោត ) ក៏​មាន​បញ្ហា​ដែរ សមត្ថភាព​នោះ​ណា ព្រោះ​តាម​តំបន់​ខ្លះ​គ្រាន់​តែ​គណបក្ស​នយោបាយ​ពិបាក​រក​បេក្ខជន​ដែរ គ . . ប ក៏​ពិបាក​ដូច​តែ​គ្នា​ដែរ មែនទែន​ទៅ »

តែ​ទោះ​ជា​យ៉ាង​ណា បន្ទប់​ស្ថានការណ៍​បោះឆ្នោត​នៅ​តែ​វាយ​តម្លៃ​ថា ការ​បោះឆ្នោត​ឆ្នាំ​២០១៧ មាន​សភាព​ល្អ ហើយ​ប្រសិន​បើ​ដំណើរការ​បោះឆ្នោត​នៅ​ឆ្នាំ​ក្រោយៗ​មាន​សភាព​ល្អ​បែប​នេះ​ទៀត នោះ​នឹង​ធ្វើ​ឲ្យ​គ្រប់​គណបក្ស​នយោបាយ​មិន​ទាត់​ចោល​លទ្ធផល​បោះឆ្នោត​ដូច​ការ​បោះឆ្នោត​លើក​មុនៗ​ទេ។ បន្ទប់​ស្ថានការណ៍​បោះឆ្នោត នឹង​សិក្សា​ស្រាវជ្រាវ​បន្ថែម​ទៀត​ដើម្បី​រក​កម្រិត​យុត្តិធម៌ និង​កម្រិត​សេរីភាព​នៃ​ការ​បោះឆ្នោត​ដល់​កម្រិត​ណា ហើយ​នឹង​សង្ឃឹម​ថា នឹង​មាន​ទីលាន​ប្រកួត​ប្រជែង​ឲ្យ​បាន​ល្អ​ជាង​នេះ​បន្ថែម​ទៀត ដូចជា​ការ​ប្រើប្រាស់​ធនធាន​រដ្ឋ និង​ការ​ប្រើប្រាស់​ប្រព័ន្ធ​ផ្សព្វផ្សាយ​ក្នុង​ដំណើរការ​បោះឆ្នោត ជាដើម៕

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖

ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។