គណបក្ស​សង្គ្រោះ​ជាតិ​បង្ហាញ​ជំហរ​មិន​តប​ត​ចំពោះ​ការ​គំរាម​របស់​លោក ហ៊ុន សែន

0:00 / 0:00

គណបក្ស​ជំទាស់​ដែល​ធ្លាប់​តែ​វាយ​ប្រហារ​គូប្រកួត​របស់​ខ្លួន​តាម​រយៈ​សារ​នយោបាយ​ជា​ហូរហែ​កន្លង​ទៅ​​​នោះ នៅ​ពេល​នេះ ​បែរ​ជា​​ប្រកាស​ចង់​​​បន្ថយ​កម្ដៅ​នយោបាយ​​ទៅ​វិញ។

លោក កឹម សុខា ដែល​ទើប​តែ​អញ្ជើញ​មក​ដល់​ប្រទេស​កម្ពុជា​វិញ អះអាង​ថា ការ​ធ្វើ​ដូច​នេះ គឺ​ដើម្បី​ធ្វើ​ឲ្យ​មាន​ភាព​ស្ងប់ស្ងាត់ ហើយ​នាំ​ឲ្យ​​ស្ថានការណ៍​នយោបាយ​វិល​ទៅ​រក​ភាព​ត្រជាក់​ឡើង​វិញ។ ចំណែក​អ្នក​វិភាគ​នយោបាយ​យល់​ឃើញ​ថា ការ​បន្ទន់​ឥរិយាបថ​របស់​មេដឹកនាំ​គណបក្ស​ជំទាស់​នៅ​ពេល​នេះ បង្ហាញ​ថា ជា​សញ្ញា​ល្អ​សម្រាប់​ជម្រើស​អនាគត​នៃ​នយោបាយ​ដ៏​វែងឆ្ងាយ​ទៅ​មុខ​ទៀត។

សាធារណជន​តែងតែ​រំពឹង​ថា ក្រោយ​ពេល​ជើង​យន្តហោះ​របស់​មេដឹកនាំ​គណបក្ស​ប្រឆាំង​ជាន់​ដល់​ដី​ហើយ អាច​នឹង​មាន​សារ​នយោបាយ​ឌឺ​ដង ឬ​ប្រតិកម្ម​តប​ណា​មួយ​ប្រឆាំង​ការ​ថ្លែង​របស់​លោក ហ៊ុន សែន ដែល​លោក​ព្រមាន​ខ្លួន​ឯង​ថា នឹង​ចុះ​ចេញ​ពី​តំណែង​បើ​ផែនទី​ដែល​ផ្ទៀងផ្ទាត់​នោះ​មិន​ពិត​ប្រាកដ ហើយ​រឹត​តែ​ធ្ងន់ធ្ងរ​ជាង​ទៅ​ទៀត​នោះ គឺ​គំរាម​ចាប់​អ្នក​ដែល​ចេះ​តែ​ចោទ​រដ្ឋាភិបាល​ជុំវិញ​ការ​កំណត់​ព្រំដែន​វៀតណាម ថា អាច​ធ្វើ​ឲ្យ​កម្ពុជា ត្រូវ​បាត់បង់​ទឹកដី។

ក៏ប៉ុន្តែ បន្ទាប់​ពី​អនុ​ប្រធាន​គណបក្ស​សង្គ្រោះ​ជាតិ ដល់​ប្រលានយន្តហោះ កាល​ពី​ព្រឹក​ថ្ងៃ​ទី​៩ ខែ​កញ្ញា ភ្លាម លោក​បាន​ផ្ដល់​បទសម្ភាសន៍​ដល់​អ្នក​កាសែត​តាម​ច្រក វី.អាយ.ភី (VIP) ថា គណបក្ស​ជំទាស់​ទទួល​បាន​ការ​គាំទ្រ និង​បាន​បង្កើត​សាខា​បក្ស​ជា​ច្រើន​​តំបន់​នៅ​ប្រទេស​អូស្ត្រាលី និង​នូវែលហ្សេឡង់។

លោក កឹម សុខា ដែល​ធ្លាប់​ជា​គូប្រកួត​មួយ​ដែល​មិន​ចេះ​ចុះញ៉ម​ជាមួយ​គណបក្ស​ប្រជាជន ហើយ​លោក​ថែម​ទាំង​មាន​សារ​នយោបាយ​មួយ​ឃ្លា​ថា "ទិញ​មិន​លក់​សម្លុត​មិន​ខ្លាច" ផង​នោះ ​នៅ​ពេល​នេះ​វិញ លោក​បាន​បន្ទន់​ឥរិយាបថ​ដោយ​បញ្ជាក់​ថា មិន​ធ្វើ​អត្ថាធិប្បាយ​អ្វី​វែង​ឆ្ងាយ​ឆ្លើយ​តប​ការ​គំរាម​របស់​លោក ហ៊ុន សែន អំពី​រឿង​ព្រំដែន​នេះ​ទេ។ ផ្ទុយ​ទៅ​វិញ លោក​អះអាង​ថា អ្វី​ដែល​គណបក្ស​ជំទាស់​ត្រូវ​គិត និង​បន្ត​ធ្វើ​ទៅ​មុខ​ទៀត​នៅ​ពេល​នេះ គឺ​យុទ្ធសាស្ត្រ​នយោបាយ​សម្រាប់​ត្រៀម​បោះឆ្នោត​ប៉ុណ្ណោះ។ លោក​បន្ត​ថា «ឥឡូវ​យើង​កុំ​អាល​ចាំ​យើង​ជជែក​គ្នា សំខាន់​បើ​យើង​នាំ​គ្នា​ងាក​មក​ជជែក​គ្នា​រឿង​បោះ​ឆ្នោត​វិញ​សិន។ អា​នេះ​ជា​យោបល់​របស់​ខ្ញុំ ហើយ​ធ្វើ​ឲ្យ​ត្រជាក់​វិញ ដើម្បី​យើង​ដោះ។ យើង​កុំ​ប្រមូល​យក​រឿង​ច្រើន​ពេក​វា​ក្ដៅ​ទៅៗ ដោះ​ឥត​ចេញ»

មុន​ការ​វិល​ត្រឡប់​របស់​លោក កឹម សុខា មួយ​ថ្ងៃ លោក ហ៊ុន សែន ឯ​ណេះ​វិញ​បាន​បង្អួត​សាច់ដុំ និង​យុទ្ធនាការ​កណ្ដាប់ដៃ​ដែក​របស់​លោក ដោយ​ចេញ​បញ្ជា​យ៉ាង​ម៉ឺងម៉ាត់ និង​ចាប់​មិន​រើស​មុខ​អ្នក​ដែល​ចោទ​រដ្ឋាភិបាល​ប្រើ​ផែនទី​ក្លែងក្លាយ។ លោក​បន្ត​ថា «ការ​ភូត​កុហក​ដែល​មាន​ចរិត​គ្រោះថ្នាក់​ឲ្យ​ជាតិ គឺ​ជា​ឧក្រិដ្ឋកម្ម​ដ៏​ធ្ងន់ធ្ងរ។ ខ្ញុំ​ព្រះករុណា​ខ្ញុំ​ប្រើ​ពាក្យ​ថា​ជា​ការ​ប្រព្រឹត្ត​ឧក្រិដ្ឋកម្ម ហើយ​ជា​ឧក្រិដ្ឋជន​តែ​ម្ដង»

ការ​វិល​ត្រឡប់​លើក​នេះ របស់​លោក កឹម សុខា វា​ហាក់​ចម្លែក​បន្តិច នៅ​ប្រលានយន្តហោះ​សម្រាប់​ច្រក​ធម្មតា គឺ​មាន​កម្លាំង​ប៉េអឹម ប្រមាណ ៤​នាក់ អម​ដោយ​ឆ្កែ​ប៊ែកហ្សេ ២​ក្បាល​ផង ត្រូវ​បាន​គេ​ដាក់​ពង្រាយ​នៅ​ក្បែរ​ច្រកចេញ​របស់​អ្នក​ដំណើរ​ដែល​ពុំ​ធ្លាប់​មាន​ពី​មុន​មក។ ដោយ​ឡែក​សម្រាប់​ច្រក​ចេញ វី.អាយ.ភី ឯណោះ​វិញ គឺ​សន្តិសុខ ត្រូវ​បាន​គេ​រឹត​បន្តឹង ខុស​ពី​ថ្ងៃ​ធម្មតា។

ការ​ជ្រើសរើស​ពេលវេលា​នៃ​ការ​បញ្ចេញ​សារ​នយោបាយ អំពី​រឿង​ផែនទី និង ព្រំដែន​នេះ មុន​មួយ​ថ្ងៃ​នៃ​ការ​មក​ដល់​របស់​មេដឹកនាំ​គណបក្ស​ប្រឆាំង ទំនង​ជា​លោក​នាយករដ្ឋមន្ត្រី ចង់​គំរាម​ទុក​ជា​មុន​ក្រែង​មាន​ការ​បកស្រាយ ដែល​ផ្ទុយ​ពី​អ្វី​ដែល​រដ្ឋាភិបាល កំពុង​តែ​ធ្វើ​ត្រូវ​ហើយ​តាម​មើល។

លោក រស់ រ៉ាវុធ បណ្ឌិត​វិទ្យាសាស្ត្រ​នយោបាយ​យល់​ឃើញ​ថា ការ​បន្ទន់​ឥរិយាបថ​ផ្នែក​នយោបាយ​របស់​គណបក្ស​ជំទាស់​នៅ​​ពេល​នេះ គឺ​ជា​ជម្រើស​ដ៏​ល្អ ហើយ​ការ​បញ្ចៀស​ហិង្សា​ផ្នែក​នយោបាយ​កាន់​តែ​ឆ្ងាយ ដោយ​ងាក​មក​រៀបចំ​កម្មវិធី​នយោបាយ​វិញ គឺ​ជា​យុទ្ធសាស្ត្រ​ក្ដៅ​ស៊ីរាក់​ត្រជាក់​ស៊ីជ្រៅ និង​អាច​ធ្វើ​ឲ្យ​គណបក្ស​នេះ​ចំណេញ​ថែម​ទៀត​ផង។ លោក​បន្ត​ថា «គណបក្ស​ប្រឆាំង​នៅ​ពេល​ក៏​មិន​មាន​ការ​ថមថយ​ណា​មួយ ដែល​គួរ​ឲ្យ​កត់​សម្គាល់​នោះ​ទេ។ អ៊ីចឹង​ទេ​ការ​ស្វែងរក​យុទ្ធសាស្ត្រ ដើម្បី​ទាញ​យក​សំឡេង​ឆ្នោត​នៅ​ពេល​ខាង​មុខ​នេះ គឺ​ជា​ការ​ចាំបាច់​សម្រាប់​គណបក្ស​នីមួយៗ មិន​មែន​តែ​គណបក្ស​ក្រៅ​រដ្ឋាភិបាល​ទេ។ អ៊ីចឹង​ទេ​ការ​បន្ទន់​ឥរិយាបថ​នេះ ការ​បន្ទន់​ឥរិយាបថ​នេះ គឺ​មិន​មែន​មាន​ន័យ​ថា​សុខ​ចិត្ត​ចុះ​ចាញ់ ឬ​ក៏​សុខ​ចិត្ត​ឲ្យ​គេ​មើល​ងាយ»

ក្នុង​ថ្ងៃ​តែ​មួយ​នៃ​ការ​ត្រឡប់​ពី​បំពេញ​បេសកកម្ម​វិញ លោក កឹម សុខា បាន​ចូល​ជួប​សកម្មជន និង​មន្ត្រី​ជាន់​ខ្ពស់​របស់​ខ្លួន​ដែល​កំពុង​ជាប់​ឃុំ​នៅ​​ពន្ធនាគារ​ព្រៃស ភ្លាម​ដែរ។ បើ​ទោះ​ជា​យ៉ាង​ណា អនុ​ប្រធាន​ទី​មួយ​នៃ​រដ្ឋសភា​រូប​នេះ ពុំ​ទាន់​ហ៊ាន​បញ្ជាក់​ជំហរ​នៅ​ឡើយ​ទេ​ថា នឹង​អាច​រក​ច្រក​ចេញ ឬ​ការ​ចរចា​ផ្នែក​នយោបាយ​បែប​ណា ដើម្បី​ដោះលែង​អ្នក​ដែល​កំពុង​ជាប់​ពន្ធនាគារ​បាន​នៅ​ពេល​ណា​នោះ​ទេ៕

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖

ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។