ប្រធានស្តីទីគណបក្សសង្គ្រោះជាតិ អះអាងនៅមុខពន្ធនាគារព្រៃស ថា គណបក្សសង្គ្រោះជាតិ បង្ហាញយុទ្ធសាស្ត្រ ៣ចំណុច ដើម្បីជួយសកម្មជនរបស់ខ្លួនឲ្យមានសេរីភាពឡើងវិញ។ ក្នុងចំណោមយុទ្ធសាស្ត្រទាំង ៣ចំណុចនោះ មន្ត្រីរដ្ឋាភិបាល និងអ្នកវិភាគស្វាគមន៍គណបក្សសង្គ្រោះជាតិ ដែលស្វែងរកយុត្តិធម៌តាមផ្លូវតុលាការ។
យុទ្ធសាស្ត្រទាំងនេះត្រូវ លោក កឹម សុខា អះអាងថា នឹងស្វះស្វែងតតាំងតាមផ្លូវច្បាប់ ប្ដឹងទៅសាលាឧទ្ធរណ៍ គណបក្សនៅតែរក្សាកិច្ចព្រមព្រៀងនយោបាយ ២២ កក្កដា និងប្រើវប្បធម៌សន្ទនាចរចាជាមួយថ្នាក់ដឹកនាំបក្សកាន់អំណាច។
ថ្លែងប្រាប់ក្រុមអ្នកសារព័ត៌មាន កាលពីព្រឹកថ្ងៃទី២៧ ខែកក្កដា ក្រោយចូលជួបសកម្មជនទាំង ១១នាក់ដែលកំពុងជាប់ឃុំនៅពន្ធនាគារព្រៃស ប្រធានស្តីទីគណបក្សសង្គ្រោះជាតិ ថាលោកភ្ជាប់ទំនាក់ទំនងរួចហើយទៅ លោក ស ខេង ប្រធានក្រុមភាគច្រើនក្នុងសភា។ ប៉ុន្តែលោកថា លោក ស ខេង មិនទាន់ទទួលបានការឆ្លើយតបពី លោក ស ខេង នៅឡើយទេ ព្រោះគម្រោងនោះចំថ្ងៃសៅរ៍ ថ្ងៃអាទិត្យ៖ «វប្បធម៌សន្ទនានេះ គឺមានច្រកពីរគឺឯកឧត្ដម សម រង្ស៊ី ជជែកជាមួយលោកនាយករដ្ឋមន្ត្រី ហ៊ុន សែន និងទី២ គឺជជែកនៅសភា តាមរយៈក្រុមតំណាងរាស្ត្រ»។
កាលពីថ្ងៃទី២១ ខែកក្កដា តុលាការក្រុងភ្នំពេញ សម្រេចឃុំសកម្មជនគណបក្សសង្គ្រោះជាតិ ទាំង ១១នាក់ ពាក់ព័ន្ធនឹងអំពើហិង្សានៅក្បែរទីលានប្រជាធិបតេយ្យ ដោយផ្ដន្ទាទោសឲ្យជាប់ពន្ធនាគារពី ៧ឆ្នាំទៅ ២០ឆ្នាំ ពីបទដឹកនាំ និងចូលរួមក្នុងចលនាកុប្បកម្មនាំឲ្យមានហិង្សា។
អ្នកវិភាគសង្គម លោក កែម ឡី ចង់ឃើញគណបក្សសង្គ្រោះជាតិ ប្រើយន្តការតុលាការ ជាជាងការសម្របសម្រួលផ្នែកនយោបាយ។ លោកថា ប្រសិនបើការរកច្រកចេញផ្នែកនយោបាយ មុន និងក្រោយ គណបក្សកាន់អំណាចនឹងចាប់ខ្លួនអ្នកទាំងនោះ ឬអ្នកផ្សេងទៀត នៅពេលណាមួយទៀតមិនខាន ហើយគណបក្សសង្គ្រោះជាតិ ក៏មិនអាចលូកជ្រៅក្នុងកិច្ចការប្រទេសជាតិបានទេ៖ «គណបក្សសង្គ្រោះជាតិ ត្រូវជំរុញឲ្យតុលាការហ្នឹងឯករាជ្យ ជាជាងបក្សទាំងពីរនេះ ទៅសុំគ្នាស្ងាត់ៗ»។
ពាក់ព័ន្ធនឹងការចាប់ខ្លួនសកម្មជនគណបក្សប្រឆាំងនេះ ឧត្តមស្នងការអង្គការសហប្រជាជាតិ កាលពីថ្ងៃទី២៤ ខែកក្កដា បានចេញសេចក្ដីថ្លែងការណ៍បង្ហាញពីក្ដីបារម្ភចំពោះឯករាជភាពនៃតុលាការកម្ពុជា។ ក្នុងសេចក្តីថ្លែងការណ៍នោះរកឃើញភាពមិនប្រក្រតីជាច្រើន ក្នុងដំណើរការកាត់ក្ដីសកម្មជនទាំងនោះ និងអំពាវនាវថា ប្រសិនបើមានការប្ដឹងឧទ្ធរណ៍ ដំណើរការកាត់ក្ដីនោះគួរមានការកែតម្រូវ។
ដូចគ្នានេះដែរ មេធាវីការពារសកម្មជនគណបក្សសង្គ្រោះជាតិ លោកមេធាវី ជូង ជូងី ឲ្យដឹងថា លោកបានដាក់ពាក្យប្ដឹងទៅសាលាឧទ្ធរណ៍រួចហើយ កាលពីថ្ងៃទី២៥ ខែកក្កដា សុំសាលាដំបូងរាជធានីភ្នំពេញកាត់ក្តីឡើងវិញ។
អ្នកនាំពាក្យ និងជារដ្ឋលេខាធិការនៃទីស្ដីការគណៈរដ្ឋមន្ត្រី លោក ផៃ ស៊ីផាន លើកឡើងថា វប្បធម៌សន្ទនា និងកិច្ចព្រមព្រៀងនយោបាយ ២២ កក្កដា មិនអាចជ្រៀតជ្រែកការងារតុលាការបានទេ។ ដូចគ្នានឹងអ្នកវិភាគដែរ មន្ត្រីរដ្ឋាភិបាលរូបនេះចង់ឃើញគណបក្សប្រឆាំង រកយុត្តិធម៌តាមផ្លូវច្បាប់៖«រឿង នេះជាការងារបច្ចេកទេសជាមួយនឹងតុលាការសុទ្ធសាធ ដើម្បីឲ្យរកឃើញភស្តុតាង។ ចំណុចខ្សោយរបស់ការសម្រេចនេះ ទៅតតាំងនៅឧទ្ធរណ៍»។
ទោះយ៉ាងនេះក្តី ការចាប់ឃុំខ្លួនសកម្មជនបក្សប្រឆាំងទាំង ១១នាក់ជាថ្មីនេះ ទទួលបានការរិះគន់ពីអង្គការសិទ្ធិមនុស្ស ស្ថានទូតសហរដ្ឋអាមេរិក ហើយអង្គការឃ្លាំមើលសិទ្ធិមនុស្សអន្តរជាតិ យូមែន រ៉ៃត៍ វ៉ច្ឆ (Human Rights Watch) ក៏បានចេញសេចក្តីថ្លែងការណ៍ថ្កោលទោសសាលក្រមនេះ ថាជាសាលក្រមនយោបាយ។
លោក កឹម សុខា ថ្លែងថា គណបក្សសង្គ្រោះជាតិ នឹងរកគ្រប់មធ្យោបាយ មិនឲ្យអ្នកជាប់ឃុំទាំងនោះឯកោឡើយ។
ទាក់ទងសំណុំរឿងសកម្មជនបក្សប្រឆាំង ១១នាក់នេះដែរ លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន ប្រាប់ទៅគណបក្សប្រឆាំងថា ឲ្យរកមេធាវីខ្លាំងៗដើម្បីប្ដឹងទៅសាលាឧទ្ធរណ៍ចុះ។ លោកថា ទោះមានការចរចា លោកហាមអ្នកចរចានោះនិយាយរឿងដោះលែងសកម្មជន ព្រោះជាកិច្ចការរបស់តុលាការ។ ជាងនេះទៅទៀត លោក ហ៊ុន សែន បានរិះគន់ទៅស្ថាប័នសិទ្ធិមនុស្សអន្តរជាតិមួយចំនួនថា ស្ថាប័នទាំងនោះមិនបានគិតពីសិទ្ធិរបស់កងសន្តិសុខដែលរងរបួសនោះទេ៖ «ខ្ញុំជួបអ្នកណាក៏បានដែរ កុំឲ្យតែក្រុមភេរវកម្ម ប៉ុន្តែបើនិយាយរឿងតុលាការ ក្រៅអំណាចខ្ញុំ គឺអត់និយាយចូលទេ បានត្រឹមផឹកទឹកតែសួរសុខទុក្ខ។»៕
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖
ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។