មន្ត្រីទទួលបន្ទុកទូរទស្សន៍ព្រះអាទិត្យរបស់គណបក្សសង្គ្រោះជាតិ បានអះអាងថា ក្នុងរយៈពេល ២សប្ដាហ៍ទៀតយ៉ាងយូរ ដីដែលគ្រោងធ្វើជាស្ទូឌីយោស្ថានីយទូរទស្សន៍ (TV Studio) នឹងទទួលបានសិទ្ធិកាន់កាប់ និងអាចដំណើរការលើគម្រោងផ្សេងៗទៀតរបស់ទូរទស្សន៍បានហើយ។ តាមគម្រោងការបង្កើតទូរទស្សន៍នេះ អាចត្រូវការទឹកប្រាក់សម្រាប់ជំហានដំបូងប្រមាណ ១លាន ៥០ម៉ឺនដុល្លារសហរដ្ឋអាមេរិក។
សមាជិកគណៈកម្មការអចិន្ត្រៃយ៍ ទទួលបន្ទុកផ្នែកទូរទស្សន៍ព្រះអាទិត្យរបស់គណបក្សជំទាស់ និយាយថា នេះជាដំណាក់កាលចុងក្រោយហើយ ដែលគណបក្សសង្គ្រោះជាតិ បានរង់ចាំអស់ពេលជាង ១ឆ្នាំមក ដើម្បីអាចឈានទៅបង្កើតទូរទស្សន៍ដូចការគ្រោងទុកបាន បន្ទាប់ពីទទួលបានសិទ្ធិគ្រប់គ្រងលើអចលនទ្រព្យ និងបង់ពន្ធដីនេះរួច។
តំណាងរាស្ត្រគណបក្សសង្គ្រោះជាតិ និងជាអ្នកទទួលបន្ទុកលើគម្រោងទូរទស្សន៍ព្រះអាទិត្យ លោក តុ វ៉ាន់ច័ន្ទ ឲ្យដឹងនៅថ្ងៃទី១២ មករា ថា រយៈពេល ១៤ថ្ងៃទៀតដែលជាពេលវេលាកំពុងរង់ចាំនេះ គឺជាពន្លឺដែលនឹងជំរុញឲ្យគម្រោងនៃការបង្កើតទូរទស្សន៍ព្រះអាទិត្យ អាចដំណើរការទៅតាមផែនការមួយជំហានថ្មីទៀត។
បើទោះជាបែបនេះក្ដី លោក តុ វ៉ាន់ច័ន្ទ នៅតែយល់ឃើញថា ការបើកផ្លូវឲ្យដំណើរការលើគម្រោងបង្កើតទូរទស្សន៍ព្រះអាទិត្យ តាមរយៈការផ្ដល់សិទ្ធិលើការគ្រប់គ្រងអចលនទ្រព្យនេះ ប្រហែលនៅមានភាពស្មុគស្មាញខ្លះទៀត ដូចជាត្រូវសុំច្បាប់សាងសង់ និងហ្វ្រេកង់ (Frequency) ផ្សាយ ជាដើម។ លោកបន្តថា «ឥឡូវនេះបានចូលច្រកចេញចូលតែមួយតាំងពីអាទិត្យមុន ហើយយើងសង្ឃឹមថានឹងបានចេញរួចរាល់នៅដល់អគ្គនាយកដ្ឋានពន្ធដារ ដើម្បីបង់ពន្ធថ្លៃដីហ្នឹងនៅក្នុងអាទិត្យនេះ ឬក៏អាទិត្យក្រោយ។ នៅពេលផ្ទេរសិទ្ធិកាន់កាប់ហើយ យើងនឹងបន្តសុំច្បាប់ដំឡើងអង់តែន។ នៅពេលដំឡើងអង់តែនហើយ កម្មវិធីរបស់យើងនឹងមានជាបន្តបន្ទាប់»។
មន្ត្រីដដែលនិយាយថា ដីដែលមានទំហំជាង ១.២០០ម៉ែត្រការ៉េសម្រាប់សាងសង់ស្ទូឌីយោទូរទស្សន៍នេះ គឺស្ថិតនៅភូមិដើមមាន ក្រុងតាខ្មៅ ខេត្តកណ្ដាល។ ដីនេះមានតម្លៃជាង ១០ម៉ឺន ៧ពាន់ដុល្លារអាមេរិក ត្រូវបានមន្ត្រីទទួលបន្ទុកទូរទស្សន៍ព្រះអាទិត្យរបស់គណបក្សសង្គ្រោះជាតិ ឲ្យដឹងថា គឺចំនួនដែលត្រូវចាប់ផ្ដើមក្នុងកម្រិតមួយដ៏ស្ដួចស្ដើងនៅឡើយទេ។ តួលេខនេះនៅមិនទាន់គិតដល់ការវិនិយោគលើបរិក្ខារ និងការបំពាក់សម្ភារៈបច្ចេកទេស ព្រមទាំងថ្លៃបុគ្គលិកទៀតនៅឡើយផង។
បច្ចុប្បន្ន ប្រទេសកម្ពុជា មានទូរទស្សន៍ចំនួន ១៦ស្ថានីយកំពុងដំណើរការ ហើយនិងប៉ុស្តិ៍ខ្សែកាបបូករួមទាំងផ្កាយរណបសំខាន់ៗមួយចំនួនទៀតផង។ ក្រោយពីមានកិច្ចព្រមព្រៀងនយោបាយរួមរវាងគណបក្សទាំងពីរកាលពីថ្ងៃទី២២ ខែកក្កដា ឆ្នាំ២០១៤ គណបក្សសង្គ្រោះជាតិ បានរៀបចំគម្រោង ដោយស្នើបង្កើតទូរទស្សន៍ឈ្មោះថា ទូរទស្សន៍ព្រះអាទិត្យ។
អគ្គនាយកហិរញ្ញវត្ថុនៃគណបក្សសង្គ្រោះជាតិ លោក គី វណ្ណដារ៉ា ឲ្យដឹងថា ថ្វីបើរហូតមកដល់ពេលនេះ ការរៃអង្គាសថវិកាក្នុងប្រទេសបានផ្អាក ក៏ចំនួនលុយដែលប្រមូលបានពីសប្បុរសជននៅទូទាំងប្រទេសបានជាង ៧០ម៉ឺនដែរ។ លោកបន្តថា បើទោះជាលុយដែលបានពីការវិភាគទាននេះមើលទៅហាក់មានចំនួនច្រើន ប៉ុន្តែតម្រូវការចំពោះមុខ គឺអាចត្រូវការលុយប្រមាណ ១លានដុល្លារកន្លះដែរ ដើម្បីឲ្យដំណើរការទៅបាន សម្រាប់ដំណាក់កាលចាប់ផ្ដើម។ លោក គី វណ្ណដារ៉ា បន្ថែមថា គម្រោងទូរទស្សន៍ត្រូវការលុយឲ្យបានគ្រប់ចំនួនដូចការគ្រោងទុក ខាងគណបក្សបានផ្អាកសកម្មភាពរៃអង្គាសលុយមួយរយៈពេលសិន ដោយត្រូវរង់ចាំទិដ្ឋភាពច្បាប់បន្ថែមទៀត។ លោកបន្តថា «ការលើកអង់តែន។ អង់តែនកន្លែងយើងហ្នឹងតម្រូវដីឲ្យមានប្លង់រឹង។ ពេលមានប្លង់រឹងហើយ បានយើងទៅសុំច្បាប់ដំឡើងអង់តែន។ អ៊ីចឹងនេះ យើងត្រូវការទិដ្ឋភាពច្បាប់មួយចំនួនទៀត ដើម្បីអាចឈានទៅដល់ដំណើរការក្នុងការលើកអង់តែន»។
ជុំវិញរឿងនេះ មន្ត្រីច្រកចេញចូលតែមួយនៃមន្ទីរសុរិយោដីខេត្តកណ្ដាល បានបដិសេធបញ្ហានេះ ដោយអះអាងថា ពុំបានដឹងទេ។ ផ្ទុយពីនេះ មន្ត្រីទទួលបន្ទុកទូរទស្សន៍ព្រះអាទិត្យរបស់គណបក្សសង្គ្រោះជាតិ និយាយថា ការពិត ពាក្យស្នើសុំកាន់កាប់ដីបានដល់ការិយាល័យនៃមន្ទីរសុរិយោដី មួយសប្ដាហ៍មកហើយ។
ទាក់ទិនភាពចម្រូងចម្រាសនេះ កាលពីខែសីហា ឆ្នាំ២០១៥ ប្រជាពលរដ្ឋដែលអះអាងថា ខ្លួនជាសមាជិកគណបក្សសង្គ្រោះជាតិ មកពីខេត្តស្វាយរៀង និងខេត្តកណ្ដាល បានទាមទារលុយវិញពីគណបក្សប្រឆាំង ក្រោមហេតុផលថា ឃើញតែរៃអង្គាសលុយ ប៉ុន្តែពុំបានដំណើរការអ្វីសោះ។
យ៉ាងនេះក្តី គណបក្សជំទាស់ចាត់ទុកថា នេះជារូបភាពនយោបាយ។ ម្យ៉ាងវិញ អ្នកមកតវ៉ាសុំដកលុយវិញ គឺជាការអុកឡុកប៉ុណ្ណោះ ហើយអ្នកទាំងនោះពុំមែនជាសកម្មជន និងសមាជិកគណបក្សសង្គ្រោះជាតិ ថែមទៀតផង។
ជុំវិញភាពយឺតយ៉ាវនៃគម្រោងបង្កើតទូរទស្សន៍ព្រះអាទិត្យនេះ ត្រូវបាន លោក គី វណ្ណដារ៉ា និយាយថា ដោយសារក្រុមហ៊ុនដែលទទួលម៉ៅការបន្តពីគណបក្សសង្គ្រោះជាតិ លែងហ៊ានជួលអង់តែនឲ្យ។ ហេតុនេះ ទើបគណបក្សសម្រេចរកដីផ្ទាល់ដោយខ្លួនឯងវិញ ដើម្បីអាចដំណើរការទៅតាមការគ្រោងទុក៕
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖
ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។