រដ្ឋមន្ត្រី​ការពារ​ជាតិ​ថៃ​សុំ​ទោស​រឿង​ទាហាន​ថៃ​បាញ់​សម្លាប់​ពលរដ្ឋ​ខ្មែរ​នៅ​តាម​ព្រំដែន

0:00 / 0:00

ប្រមុខ​កងទ័ព​ថៃ សុំ​ទោស​ចំពោះ​ការ​បាញ់​សម្លាប់​ពលរដ្ឋ​កម្ពុជា ដែល​ឆ្លង​ដែន​ចូល​ទឹក​ដី​ថៃ កន្លង​ទៅ។ ទន្ទឹម​គ្នា​នេះ ភាគី​ទាំង​ពីរ គឺ​ថៃ និង​កម្ពុជា ព្រមព្រៀង​គ្នា​លើ​ការ​ជំរុញ​គោរព​ច្បាប់ និង​នីតិវិធី​នៃ​គោលការណ៍​មនុស្ស​ធម៌។

ការ​សុំ​ទោស​របស់​ថៃ គឺ​ធ្វើ​ឡើង​ដោយ​ឧបនាយក​រដ្ឋមន្ត្រី និង​ជា​រដ្ឋមន្ត្រី​ក្រសួង​ការពារ​ជាតិ​ថៃ លោក ប្រាវីត វង្សសុវណ្ណ (Prawit Wongsuwan) ក្នុង​ឱកាស​ដឹក​នាំ​កិច្ច​ប្រជុំ​គណៈកម្មាធិការ​ព្រំដែន​ទូទៅ​កម្ពុជា-ថៃ លើក​ទី​១០ រួម​គ្នា​ជាមួយ​រដ្ឋមន្ត្រី​ក្រសួង​ការពារ​ជាតិ​កម្ពុជា លោក ទៀ បាញ់ នា​រាជធានី​ភ្នំពេញ​នៅ​ព្រឹក​ថ្ងៃ​ទី​២៤ ធ្នូ៖ «ចំពោះ​បញ្ហា​រឿង​នេះ ខាង​ភាគី​ថៃ ក៏​បាន​ធ្វើ​ការ​សុំ​ទោស ហើយ​យើង​ក៏​បាន​សង​នូវ​អ្វី​ដែល​បាន​ខូចខាត​មួយ​ចំនួន​ខ្លះៗ​ហើយ​បាទ»

ទាក់ទង​នឹង​បញ្ហា​នេះ​ដែរ ខាង​ភាគី​រដ្ឋមន្ត្រី​ក្រសួង​ការពារ​ជាតិ លោក ទៀ បាញ់ ថ្លែង​ថា រឿង​បាញ់​សម្លាប់​ពលរដ្ឋ​កម្ពុជា នេះ​ជា​រឿង​កើត​ឡើង​ម្ដង​ម្កាល​ដោយ​ការ​ភ័ន្ត​ច្រឡំ។ លោក​ថា ភាគី​ទាំង​ពីរ​តែង​ជួប​ដោះស្រាយ និង​ទាក់ទង​គ្នា ដើម្បី​កាត់​បន្ថយ​ករណី​នេះ។ ប៉ុន្តែ​លោក​មិន​បាន​បញ្ជាក់​ពី​វិធានការ​ជាក់​លាក់​លើ​អ្នក​បាញ់​សម្លាប់​ពលរដ្ឋ​ខ្មែរ​ទាំង​នោះ​ទេ៖ «សូម​ជម្រាប​ថា រឿង​ទោស​ពៃរ៍​នេះ ត្រូវ​ផ្អែក​ទៅ​តាម​ភស្តុតាង​ទាំង​ឡាយ ផ្អែក​តាម​បទល្មើស​ដែល​មាន​ពិត​ប្រាកដ។ ដូច្នេះ បើ​សិន​ជា​រក​ឃើញ​ពិត​ប្រាកដ​ថា នោះ​មាន​ចេតនា ឬ​ហៅ​ថា រំលោភ​បំពាន​ពិត​ប្រាកដ​នូវ​អ្វី​ដែល​យើង​តែង​តែ​ជួប​សន្យា​ធ្វើ​ការ​ជាមួយ​គ្នា គឺ​ច្បាស់​ណាស់ មិន​ថា​ខាង​យើង​កម្ពុជា ឬ​មិន​ថា​ខាង​ថៃ ទេ គឺ​សុទ្ធ​សឹង​ថា​ត្រូវ​បំពេញ​ទាំងអស់​កិច្ចការ​ហ្នឹង»

កាល​ពី​ថ្ងៃ​ទី​១៣ ធ្នូ កន្លង​ទៅ ទាហាន​ការពារ​ព្រំដែន​ថៃ ខេត្ត​សុរិន្ទ បាន​បញ្ជូន​សាកសព​ស្ត្រី​ខ្មែរ​ខេត្ត​ឧត្តរមានជ័យ ម្នាក់ ដែល​ខ្លួន​បាន​បាញ់​សម្លាប់ មក​ឱ្យ​ក្រុម​គ្រួសារ​វិញ។ ស្ត្រី​ខ្មែរ​ដែល​ត្រូវ​អាជ្ញាធរ​ថៃ នៃ​ខេត្ត​សុរិន្ទ បាញ់​ស្លាប់ គឺ​នៅ​ពេល​គាត់​ដើរ​ជីក​មើម​ដំឡូង​ព្រៃ​សម្រាប់​គ្រួសារ​ហូប និង​លក់​ទិញ​អង្ករ។

ក្នុង​កិច្ច​ប្រជុំ​គណៈកម្មាធិការ​ព្រំដែន​ទូទៅ​កម្ពុជា-ថៃ លើក​ទី​១០ ដែល​ដឹក​នាំ​ដោយ​សហ​ប្រធាន​នាយ​ឧត្ដមសេនីយ៍ រដ្ឋមន្ត្រី​ក្រសួង​ការពារ​ជាតិ​ថៃ លោក ប្រាវីត វង្សសុវណ្ណ និង​កម្ពុជា លោក ទៀ បាញ់ គឺ​ដើម្បី​អនុវត្ត​នូវ​កិច្ច​ព្រមព្រៀង​បង្កើត​គណៈកម្មាធិការ​ព្រំដែន​ទូទៅ​រវាង​ប្រទេស​ទាំង​ពីរ និង​ពង្រឹង​កិច្ច​សហប្រតិបត្តិការ​គ្នា​ទៅ​វិញ​ទៅ​មក ក្នុង​វិស័យ​ដូចជា ទី​១ កិច្ច​សហប្រតិបត្តិការ​បង្កើន​សន្តិសុខ និង​ថែ​រក្សា​សន្តិភាព​ក្នុង​តំបន់​ព្រំដែន​នៃ​ប្រទេស​ទាំង​ពីរ ក្នុង​ក្របខ័ណ្ឌ​នៃ​គណៈកម្មាធិការ​ព្រំដែន​ទូទៅ។ ការ​ឯកភាព​នេះ គឺ​រួម​ទាំង​កិច្ច​សហប្រតិបត្តិការ​ចាត់​ចែង​កម្លាំង​ពលកម្ម​អន្តោប្រវេសន៍​ក្នុង​ប្រទេស​ថៃ ស្រប​តាម​កិច្ច​ព្រមព្រៀង​របស់​អាជ្ញាធរ​ពាក់ព័ន្ធ​នៃ​ប្រទេស​ទាំង​ពីរ។ ទី​២ ការ​បង្ការ និង​បង្ក្រាប​ការ​រត់​ពន្ធ​មនុស្ស ការ​កេង​ប្រវ័ញ្ច​កម្លាំង​ពលកម្ម និង​រាល់​សកម្មភាព​ល្មើស​ច្បាប់​ទាំង​ឡាយ​ក្នុង​តំបន់​ព្រំដែន រួម​មាន ការ​ជួញ​ដូរ​គ្រឿង​ញៀន ការ​កាប់​ឈើ​ខុស​ច្បាប់ ការ​កាប់​បំផ្លាញ​ព្រៃ​ឈើ និង​រាល់​សកម្មភាព​ឆ្លង​ដែន​ខុស​ច្បាប់។ ភាគី​ទាំង​ពីរ ក៏​បាន​ព្រមព្រៀង​គ្នា​ជំរុញ​សហប្រតិបត្តិការ​លើ​សន្តិសុខ​ផ្ទៃ​សមុទ្រ ការ​គោរព​ច្បាប់ និង​នីតិវិធី​នៃ​គោលការណ៍​មនុស្ស​ធម៌។ ទី​៣ ការ​លើក​កម្ពស់​ជីវភាព​រស់នៅ​របស់​ពលរដ្ឋ​នៅ​តាម​បណ្ដោយ​ព្រំដែន ដូចជា​ការ​ធ្វើ​ពាណិជ្ជកម្ម​នៅ​ព្រំដែន ដូចជា​តំបន់​សេដ្ឋកិច្ច​ពិសេស កសិកម្ម សុខភាព​សាធារណៈ ទេសចរណ៍ ការ​អប់រំ សាសនា និង​វប្បធម៌។ ទី​៤ បង្កើន​កិច្ច​សហប្រតិបត្តិការ​រវាង​កង​សន្តិសុខ​តំបន់​ព្រំដែន​នៃ​ប្រទេស​ទាំង​ពីរ ដើម្បី​រក្សា​សន្តិភាព និង​សន្តិសុខ​ឱ្យ​បាន​ជា​និរន្ត។ ទី​៥ សហការ​ប្រយុទ្ធ​ប្រឆាំង​ភេរវកម្ម រួម​ទាំង​ការ​ត្រួត​ពិនិត្យ​យ៉ាង​ម៉ត់ចត់​នូវ​សកម្មភាព​របស់​ភេរវករ និង​ការ​ជួញ​ដូរ​អាវុធ តាម​រយៈ​ការ​ប្ដូរ​ព័ត៌មាន​រវាង​អាជ្ញាធរ​នៃ​ប្រទេស​ទាំង​ពីរ ដើម្បី​ថែ​រក្សា​សន្តិសុខ និង​សុវត្ថិភាព​ក្នុង​តំបន់​ព្រំដែន។

ភាគី​ព្រះរាជាណាចក្រ​ថៃ នឹង​ធ្វើ​ជា​ម្ចាស់​ផ្ទះ​នៃ​កិច្ច​ប្រជុំ​គណៈកម្មាធិការ​ព្រំដែន​ទូទៅ​លើក​ទី​១១។ រីឯ​ពេល​វេលា និង​កម្មវិធី​ជាក់​លាក់ នឹង​ជូន​ដំណឹង​នៅ​ពេល​ក្រោយ៕

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖

ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។