ដោយពិនិត្យតាមចំនួនបេក្ខជនតំណាងរាស្ត្រជាស្ត្រីនៃគណបក្សទាំង ២ នេះ អង្គការមិនមែនរដ្ឋាភិបាលធ្វើការងារពាក់ព័ន្ធនឹងសិទ្ធិស្ត្រី បានគិតទុកជាមុនថា ចំនួនតំណាងស្ត្រីក្នុងសភានៅអាណត្តិទី៥ នេះ នឹងចំនួនតិច ដែលខុសពីការគ្រោងទុករបស់រដ្ឋាភិបាលដែលថានឹងជំរុញអោយចំនួន តំណាងរាស្ត្រជាស្ត្រីបានកើនដល់ ៣០% នៃសមាជិកសភាសរុប ១២៣រូប។
ការសាកល្បងគិតគូរពីចំនួនអ្នកតំណាងរាស្ត្រជាស្ត្រីនៅក្នុងការ បោះឆ្នោតអាណត្តិទី៥ ដែលបានធ្វើឡើង គណៈកម្មាធិការ ខុមហ្រ្វែល (Comfrel) ទៅលើលទ្ធផលឆ្នោតបឋម បានរកឃើញថា ចំនួនអ្នកទាំងនោះអាចនឹងថយចុះ។
មន្ត្រីអប់រំ និងយេនឌ័រ នៃគណៈកម្មាធិការ ខុមហ្វ្រែល អ្នកស្រី សឺនកេត សេរីលក្ខណ៍ មានប្រសាសន៍ថា បើទោះជាលទ្ធផលឆ្នោតនៅមិនទាន់ផ្លូវការក៏ដោយ ក៏អាចនិយាយបានថា ចំនួនតំណាងរាស្ត្រជាស្ត្រីបានថយចុះនៅក្នុងអាណត្តិថ្មីនេះ។
នៅក្នុងបញ្ជីបេក្ខជនតំណាងរាស្ត្ររបស់គណបក្សនយោបាយសំខាន់២ គឺគណបក្សប្រជាជនកម្ពុជា និងគណបក្សសង្គ្រោះជាតិ បានបញ្ជាក់រួចជាស្រេចហើយថា ចំនួនបេក្ខជនជាស្ត្រីមានចំនួនតិចតួចនៅឡើយ ដែលឈរនៅលេខរៀងល្អ ដែលអាចជាប់ជាអ្នកតំណាងរាស្ត្រ។ ស្របគ្នានេះ ចំនួនអ្នកឈរលេខរៀងបម្រុង ក៏តិចចំពោះអ្នកដែលអាចមានឱកាសអាចត្រូវរុញអោយក្លាយជាសមាជិកសភា ប្រសិនបើអ្នកតំណាងរាស្ត្រនៅលេខរៀងល្អសម្រេចបោះបង់ចោលអាសនៈទៅ កាន់តំណែងក្នុងជួររដ្ឋាភិបាល។
អ្នកស្រី សឺនកេត សេរីលក្ខណ៍ បន្តថា បើទោះជាលទ្ធផលបង្ហាញថា គណបក្សទាំង២ មានសំឡេងគាំទ្រប្រកៀកប្រកិតគ្នាបែបនេះ គឺត្រូវតែគណបក្សប្រជាជនកម្ពុជា ដែលត្រូវបង្កើតរដ្ឋាភិបាលគិតគូរដាក់ស្ត្រីអោយកាន់តែច្រើនបន្ថែម ទៀត។
ជាបទពិសោធន៍ ភ្លាមៗនៅក្រោយការបោះឆ្នោតកាលពីអាណត្តិទី៤ ឆ្នាំ២០០៨ ចំនួនស្ត្រីដែលជាប់ជាតំណាងរាស្ត្រ គឺមានចំនួន ១៨រូប ប៉ុន្តែវាបានកើនឡើងដល់ ២៧រូប ដែលស្មើនឹងជាង ១៣% នៅក្រោយពេលដែលបង្កើតរដ្ឋាភិបាល។ អ្នកស្រី សេរីលក្ខណ៍ បន្តថា កាលណោះ គឺមានភាពងាយស្រួល ដោយសារគណបក្សប្រជាជនកម្ពុជា បានឈ្នះដាច់រហូតដល់ជាង ៩០អាសនៈ។ នៅពេលដែលអ្នកតំណាងរាស្ត្រលាលែងដើម្បីបង្កើតរដ្ឋាភិបាល គណបក្សនេះបានដាក់ស្ត្រីមួយចំនួនអោយបំពេញតួនាទីជាតំណាងរាស្ត្រ។
វិទ្យុអាស៊ីសេរី ពុំទាន់អាចសុំការអធិប្បាយពីរដ្ឋមន្ត្រីក្រសួងកិច្ចការនារី អ្នកស្រី អ៊ឹង កន្ថាផាវី បានទេ នៅរសៀលថ្ងៃទី១ ខែសីហា។
យ៉ាងណា នៅក្នុងគោលនយោបាយរបស់គណបក្សនេះដែលប្រកាសតាំងពីមុនពេលបោះឆ្នោត បានបញ្ជាក់ថា នឹងបង្កើនចំនួនតំណាងជាស្ត្រីអោយច្រើនបន្ថែមទៀត។
រដ្ឋលេខាធិការក្រសួងមហាផ្ទៃ និងជាតំណាងគណបក្សប្រជាជនកម្ពុជា ដែលចូលរួមកិច្ចពិភាក្សាដេញដោលមួយ ស្ដីពីវិធានការពិសេស ដោះស្រាយបញ្ហាស្ត្រី និងកុមារ ធ្លាប់បានលើកឡើងថា គណបក្សនេះនៅតែបន្តការយកចិត្តទុកដាក់បង្កើនការចូលរួមរបស់ ស្ត្រីនៅគ្រប់លំដាប់ថ្នាក់។
ស្របគ្នានេះ នៅក្នុងគោលដៅអភិវឌ្ឍន៍សហស្សវត្សរបស់រដ្ឋាភិបាល បានកំណត់ថា នឹងបង្កើនចំនួនអ្នកតំណាងរាស្ត្រជាស្ត្រីអោយបាន ៣០% នៅត្រឹមឆ្នាំ២០១៥។
នាយិកាប្រតិបត្តិនៃអង្គការសីលការ (Silaka) អ្នកស្រី ធីតា ឃិះ មានប្រសាសន៍ថា ប្រសិនបើគោលដៅក្នុងការបង្កើនចំនួនស្ត្រីពុំបានច្រើន ដូចដែលមានលើកឡើងក្នុងគោលដៅអភិវឌ្ឍន៍សហស្សវត្សទេនោះ ការគិតគូរពីអត្ថប្រយោជន៍ស្ត្រី និងកុមារ គឺនៅតែស្ថិតក្នុងកម្រិតទាប។
ករណីនេះ ក្រុមអង្គការស្ត្រី ទាមទារអោយគណបក្សប្រជាជនកម្ពុជា ពិចារណាបង្កើតវិធានការពិសេស ដើម្បីបង្កើនចំនួនស្ត្រីអ្នកតំណាងរាស្ត្រ។
អ្នកស្រី សឺនកេត សេរីលក្ខណ៍ បានលើកឡើងថា ក្រុមអង្គការមិនមែនរដ្ឋាភិបាល នឹងធ្វើយុទ្ធនាការបន្ទាន់មួយ ដើម្បីជំរុញអោយគណបក្សប្រជាជនកម្ពុជា យល់ព្រមពិចារណាពីវិធានការពិសេសនេះ។
នៅក្នុងពេលដែលស្ថានភាពនៅក្រោយការបោះឆ្នោតនៅមិនទាន់បាននឹងន នៅឡើយនោះ តំណាងអង្គការមិនមែនរដ្ឋាភិបាល ក៏បានព្រួយបារម្ភដែរថា ការទាមទារដោះស្រាយបញ្ហា និងភាពចម្រូងចម្រាសនៃការទទួលស្គាល់លទ្ធផលឆ្នោត ទំនងថាអាចជាបញ្ហាមួយទៀត ដែលនឹងជំរុញអោយគណបក្សធំៗដែលបានសំឡេងគាំទ្រច្រើន ពុំយកចិត្តទុកដាក់ដល់បញ្ហាដែលអាចនឹងប៉ះពាល់បញ្ហាស្ត្រី៕
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖
ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។
