ក្រុម​ស្រាវជ្រាវ​ព្រំដែន​កម្ពុជា​ស្នើ​បក្ស​ប្រឆាំង​ផ្ដល់​ផែនទី​២​ផ្ទាំង​បន្ថែម​ទៀត​ដើម្បី​ផ្ទៀងផ្ទាត់

0:00 / 0:00

ក្រុម​ស្រាវជ្រាវ​ព្រំដែន​នៃ​រាជបណ្ឌិត្យសភា​កម្ពុជា ស្នើ​ឲ្យ​គណបក្ស​សង្គ្រោះ​ជាតិ រក​ផែនទី ​២​ផ្ទាំង​បន្ថែម​ទៀត ដើម្បី​ទៅ​ពិនិត្យ​ផ្ទៀងផ្ទាត់​ជាមួយ​ផែនទី​របស់​រដ្ឋាភិបាល​សរុប​ចំនួន ២៦​ផ្ទាំង។ ការ​ស្នើ​នេះ ធ្វើ​ឡើង​នៅ​ក្នុង​សន្និសីទ​សារព័ត៌មាន ស្ដីពី​ការ​ផ្ទៀងផ្ទាត់​ផែនទី​ប្រទេស​កម្ពុជា ជាមួយ​ប្រទេស​វៀតណាម នៅ​ព្រឹក​ថ្ងៃ​ទី​១៤ ខែ​សីហា នា​រាជបណ្ឌិត្យសភា​កម្ពុជា។ រហូត​មក​ទល់​ពេល​នេះ ក្រុម​ស្រាវជ្រាវ​ព្រំដែន​កម្ពុជា ទទួល​ផែនទី​ពី​គណបក្ស​សង្គ្រោះ​ជាតិ បាន ២៤​ផ្ទាំង​រួច​ហើយ។

​ក្រុម​ស្រាវជ្រាវ​ព្រំដែន​នៃ​រាជបណ្ឌិត្យសភា​កម្ពុជា មិនទាន់​សម្រេច​ជា​ផ្លូវការ​នៅ​ឡើយ​ថា នឹង​ត្រូវ​យក​ផែនទី​របស់​រដ្ឋាភិបាល​ដើម្បី​ចុះ​ពិនិត្យ​មើល​ការ​បោះ​បង្គោល​ព្រំដែន​ជាក់ស្ដែង។

​ប្រធាន​ក្រុម​ស្រាវជ្រាវ​ព្រំដែន​កម្ពុជា លោក​បណ្ឌិត សុខ ទូច មាន​ប្រសាសន៍​ថា បើ​ទោះ​ជា​ពេល​នេះ​ការ​ផ្ទៀងផ្ទាត់​បង្ហាញ​ថា ផែនទី​របស់​គណបក្ស​សង្គ្រោះ​ជាតិ ទាំង ២៤​ផ្ទាំង ដូច​គ្នា​ទៅ​នឹង​ផែនទី​របស់​រដ្ឋាភិបាល និង​ផែនទី អាយ.ជី.អិន (IGN) ពី​ប្រទេស​បារាំង ក្តី ប៉ុន្តែ​ក្រុម​ការងារ​លោក​ត្រូវ​រង់ចាំ​ការ​ផ្ទៀងផ្ទាត់​ជាមួយ​ផែនទី​ដែល​រដ្ឋាភិបាល​នឹង​ទទួល​ពី​អង្គការ​សហប្រជាជាតិ​នៅ​ថ្ងៃ​ទី​២០ សីហា បន្ថែម​ទៀត។

លើស​ពី​នេះ លោក​ក៏​បាន​ស្នើ​ឲ្យ​គណបក្ស​សង្គ្រោះ​ជាតិ ផ្តល់​ផែនទី ២​ផ្ទាំង​បន្ថែម​ទៀត​ទៅ​ឲ្យ​ក្រុម​ស្រាវជ្រាវ​របស់​លោក​ដើម្បី​យក​មក​ផ្ទៀងផ្ទាត់​ជាមួយ​ផែនទី​របស់​រដ្ឋាភិបាល​សរុប ២៦​ផ្ទាំង។ យ៉ាង​ណា​ក៏ដោយ លោក​បណ្ឌិត សុខ ទូច បញ្ជាក់​ថា ក្រុម​លោក​មិន​អាច​កំណត់​ពេល​វេលា​សម្រាប់​គណបក្ស​សង្គ្រោះ​ជាតិ នោះ​ទេ ប៉ុន្តែ​លោក​ថា បើ​គណបក្ស​សង្គ្រោះ​ជាតិ មិន​ប្រគល់​ឲ្យ​នោះ​ទេ ក្រុម​លោក​សម្រេច​ថា នឹង​យក​ផែនទី​របស់​រដ្ឋាភិបាល​ទាំង ២៦​ផ្ទាំង ដើម្បី​ចុះ​ទៅ​ពិនិត្យ​មើល​ការ​បោះ​បង្គោល​ជាក់ស្ដែង​នៅ​តាម​ព្រំដែន។

​លោក​បណ្ឌិត សុខ ទូច៖ «តាម​ពិត​អង្គការ​សហប្រជាជាតិ​យើង​បាន​ជម្រាប​ជូន​ហើយ ដែល​មាន ១៨​ផ្ទាំង លេខ​ដូច​គ្នា ដូច​ទៅ​នឹង​គណបក្ស​សង្គ្រោះ​ជាតិ គណបក្ស​ប្រជាជន ដូច​របស់ អាយ.ជី.អិន ដែរ គឺ​ដូច​គ្នា ប៉ុន្តែ​អ្វី​ដែល​បាត់​ឯកឧត្ដម​លោក​បាន​បង្ហាញ​ហើយ។ លោក​ថា លោក​ទៅ​រក​បង្គ្រប់ ហើយ​បើ​មិន​បង្គ្រប់ យក​របស់​រដ្ឋាភិបាល​ទៅ ពីព្រោះ​យើង​ទទួល​ស្គាល់​ការ​ពិត​ថា វា​ដូច​គ្នា​ហើយ ហើយ​សំខាន់​បំផុត គឺ​យើង​ទទួល​យក​ការ​ពិត​ថា ថ្ងៃ​នេះ យើង​អត់​មាន​បាន​ក្លែងបន្លំ យើង​អត់​មាន​បាន​ថ្ពឹនភ្នែក»

សន្និសីទ​ផ្ទៀងផ្ទាត់​ផែនទី​ពី​ភាគី​ពាក់ព័ន្ធ រៀបចំ​ដោយ​ក្រុម​ស្រាវជ្រាវ​នៃ​រាជបណ្ឌិត្យសភា​កម្ពុជា និង​មាន​ការ​ចូលរួម​ពី​មន្ត្រី​ជាន់ខ្ពស់​រដ្ឋាភិបាល ព្រឹទ្ធសភា រដ្ឋសភា បក្ស​សង្គ្រោះជាតិ និង​សាធារណជន​ទូទៅ នៅ​ថ្ងៃ​ទី​១៤ ខែ​សីហា ឆ្នាំ​២០១៥។
សន្និសីទ​ផ្ទៀងផ្ទាត់​ផែនទី​ពី​ភាគី​ពាក់ព័ន្ធ រៀបចំ​ដោយ​ក្រុម​ស្រាវជ្រាវ​នៃ​រាជបណ្ឌិត្យសភា​កម្ពុជា និង​មាន​ការ​ចូលរួម​ពី​មន្ត្រី​ជាន់ខ្ពស់​រដ្ឋាភិបាល ព្រឹទ្ធសភា រដ្ឋសភា បក្ស​សង្គ្រោះជាតិ និង​សាធារណជន​ទូទៅ នៅ​ថ្ងៃ​ទី​១៤ ខែ​សីហា ឆ្នាំ​២០១៥។ (RFA/Yeang Socheametta)

​នេះ​គឺ​លើក​ទី​២​ហើយ ដែល​ក្រុម​ស្រាវជ្រាវ​ព្រំដែន​នៃ​រាជបណ្ឌិត្យសភា​កម្ពុជា ធ្វើ​សន្និសីទ​សារព័ត៌មាន​ផ្ទៀងផ្ទាត់​ផែនទី​ដែល​ពួកគេ​ទទួល​បាន​ពី​ភាគី​នានា។ ក្នុង​ការ​ផ្ទៀងផ្ទាត់​ពេល​នេះ សមាជិក​ព្រឹទ្ធ​សភា រដ្ឋ​សភា​មក​ពី​បក្ស​កាន់​អំណាច និង​បក្ស​ប្រឆាំង ព្រម​ទាំង​ព្រះសង្ឃ និង​អ្នក​ចូលរួម​មួយ​ចំនួន​ទៀត រួម​ទាំង​អ្នក​សារព័ត៌មាន​ផង ត្រូវ​បាន​ក្រុម​ស្រាវជ្រាវ​ព្រំដែន​កម្ពុជា អនុញ្ញាត​ឲ្យ​ឡើង​ពិនិត្យ​មើល​ដោយ​ផ្ទាល់​នូវ​ផ្ទាំង​ផែនទី​ដែល​គេ​ដាក់​បង្ហាញ​ម្តង​មួយៗ ទាំង​អស់ ២៦​ផ្ទាំង។ ក្នុង​ពេល​ផ្ទៀងផ្ទាត់​រយៈពេល​ជាង ១​ម៉ោង អ្នក​ឡើង​ពិនិត្យ​មើល​ទាំង​អស់​បាន​ទទួល​យល់​ព្រម​ថា ផែនទី​ដែល​ពួកគេ​ពិនិត្យ​នោះ​ពិត​ជា​មាន​លក្ខណៈ​ដូច​គ្នា ទាំង​កូអរដោនេ​ភូមិសាស្ត្រ ទាំង​លេខ​សន្លឹក​ផែនទី និង​ឆ្នាំ​ផលិត។

​យ៉ាងណាក៏ដោយ តំណាងរាស្ត្រ និង​ជា​មន្ត្រី​ជាន់​ខ្ពស់​គណបក្ស​សង្គ្រោះ​ជាតិ លោក អ៊ូ ច័ន្ទឫទ្ធិ ដែល​បាន​ចូលរួម​ក្នុង​ការ​ផ្ទៀងផ្ទាត់​ដែរ​នោះ មាន​ប្រសាសន៍​ថា បើ​ទោះ​ជា​លោក​ចូល​រួម​ក្នុង​នាម​ជា​តំណាង​របស់​គណបក្ស​សង្គ្រោះ​ជាតិ ក្តី ប៉ុន្តែ​លោក​មិន​ទាន់​អាច​បញ្ជាក់​ជំហរ​របស់​គណបក្ស​សង្គ្រោះ​ជាតិ បាន​នៅ​ឡើយ​ទេ នៅ​ពេល​នេះ។ លោក​បន្ត​ថា គណបក្ស​សង្គ្រោះ​ជាតិ នឹង​ធ្វើ​ការ​ផ្ទៀងផ្ទាត់ ហើយ​ចំពោះ​ផែនទី ២​ផ្ទាំង​ដែល​ខ្វះ លោក​ថា បក្ស​ប្រឆាំង​នឹង​ព្យាយាម​ស្វែង​រក​ឲ្យ​លឿន​បំផុត​ដែល​អាច​ធ្វើ​បាន​ដើម្បី​ប្រគល់​ឲ្យ​ក្រុម​ស្រាវជ្រាវ​ព្រំដែន។

​លោក អ៊ូ ច័ន្ទឫទ្ធិ អះអាង​ដែរ​ថា ជា​ជំហរ​គណបក្ស​សង្គ្រោះ​ជាតិ មិន​ដែល​ចោទ​ប្រកាន់​រដ្ឋាភិបាល​ថា ប្រើប្រាស់​ផែនទី​ក្លែងក្លាយ​នោះ​ទេ៖ «គណបក្ស​សង្គ្រោះ​ជាតិ មិន​ដែល​ចោទ​ថា ផែនទី​ដែល​រដ្ឋាភិបាល​កម្ពុជា បច្ចុប្បន្ន​ប្រើប្រាស់ ថា​ផែនទី​ក្លែងក្លាយ​នោះ​ទេ ហើយ​ខ្ញុំ​មិន​អាច​បញ្ជាក់​ជំហរ​ពេល​នេះ​ថា វា​យ៉ាង​ណា​នោះ​ទេ ខ្ញុំ​ត្រូវ​ការ​ជួប​ពិភាក្សា​ថ្នាក់ដឹកនាំ​គណបក្ស​សង្គ្រោះ​ជាតិ លើ​បញ្ហា​នេះ»

ចំណែក​តំណាងរាស្ត្រ​គណបក្ស​ប្រជាជន​កម្ពុជា លោក ឈាង វុន ដែល​អះអាង​ថា គាត់​ចូល​រួម​ក្នុង​នាម​ជា​បុគ្គល​នោះ​យល់​ឃើញ​ថា ដំណាក់កាល​នៃ​ការ​ផ្ទៀងផ្ទាត់​ផែនទី​ពេល​នេះ​ជា​រឿង​សំខាន់ ដើម្បី​ឈាន​ដល់​ការ​ចុះ​ពិនិត្យ​លើ​ដី​ជាក់ស្ដែង​របស់​ក្រុម​ស្រាវជ្រាវ។

​លោក​បណ្ឌិត សុខ ទូច ឲ្យ​ដឹង​ថា បន្ទាប់​ពី​មាន​ការ​ឯកភាព​ទៅ​លើ​ផែនទី​ហើយ ក្រុម​ការងារ​លោក​នឹង​យក​ផែនទី​ដែល​ឯកភាព​នោះ ចុះ​ពិនិត្យ​មើល​ការ​បោះ​បង្គោល​ជាក់ស្ដែង​នៅ​លើ​ដី​ទាំង​បង្គោល​ដែល​បាន​បោះ​ហើយ​ចំនួន ៨៣​ភាគរយ និង​បង្គោល​ដែល​មិន​ទាន់​បោះ ព្រម​ទាំង​បង្គោល​ដែល​អាណានិគម​បារាំង បាន​បោះ​ទាំង ១២៤​បង្គោល​ផង​ដែរ។

​លោក​បណ្ឌិត សុខ ទូច មាន​ប្រសាសន៍​ថា ក្រុម​ការងារ​លោក​គ្រោង​ចំណាយ​ពេល ២​ឆ្នាំ ដើម្បី​ធ្វើ​ការងារ​ពិនិត្យ​បង្គោល​ព្រំដែន​នេះ ហើយ​ថា បើ​ពេល​ពិនិត្យ​ជាក់ស្ដែង​ឃើញ​ថា មាន​កំហុស ក្រុម​លោក​នឹង​ធ្វើ​របាយការណ៍​ទៅ​ឲ្យ​រដ្ឋាភិបាល។

រដ្ឋាភិបាល​នឹង​អញ្ជើញ​តំណាង​បក្ស​នយោបាយ​ឲ្យ​ចូល​រួម​ពិធី​ប្រគល់​និង​ទទួល​ផែនទី​ពី​អ.ស.ប

រដ្ឋាភិបាល​នឹង​អញ្ជើញ​តំណាង​បក្ស​នយោបាយ​ធំ​៣ នៅ​កម្ពុជា ឲ្យ​ចូលរួម​ក្នុង​ពិធី​ប្រគល់ និង​ទទួល​ផែនទី​ពី​អង្គការ​សហប្រជាជាតិ នៅ​ថ្ងៃ​ទី​២០ ខែ​សីហា។

​ក្នុង​សេចក្ដី​ជូន​ដំណឹង​របស់​ខ្លួន​ចុះ​ថ្ងៃ​ទី​១៣ ខែ​សីហា លេខាធិការដ្ឋាន​នៃ​គណៈកម្មការ​ចំពោះ​កិច្ច​សម្រាប់​សម្របសម្រួល​ការងារ​ទទួល ប្រគល់ និង​ផ្ទៀងផ្ទាត់​ផែនទី​ឲ្យ​ដឹង​ថា នៅ​យប់​ថ្ងៃ​ទី​១៨ ខែ​សីហា មន្ត្រី​អង្គការ​សហប្រជាជាតិ​ចំនួន ២​រូប នឹង​មក​ដល់​កម្ពុជា ដើម្បី​នាំ​យក​ផែនទី​ដែល​រដ្ឋាភិបាល​កម្ពុជា ខ្ចី​ពី​អង្គការ​សហប្រជាជាតិ ប្រគល់​ឲ្យ​រដ្ឋាភិបាល។

យ៉ាង​ណា​ក៏ដោយ ពិធី​ប្រគល់ និង​ទទួល​ផ្លូវការ​នឹង​ធ្វើ​ឡើង​នៅ​ព្រឹក​ថ្ងៃ​ទី​២០ ខែ​សីហា នា​វិមាន​សន្តិភាព ដែល​មាន​លោក ហោ ណាំហុង រដ្ឋមន្ត្រី​ក្រសួង​ការបរទេស និង​ជា​ប្រធាន​គណៈកម្មការ​ចំពោះ​កិច្ច​សម្របសម្រួល​ការងារ​ទទួល​ប្រគល់ និង​ផ្ទៀងផ្ទាត់​ផែនទី ជា​អ្នក​ទទួល។

​សេចក្ដី​ជូន​ដំណឹង​ដដែល​ឲ្យ​ដឹង​ដែរ​ថា នៅ​ក្នុង​ពិធី​ប្រគល់​ផែនទី​ជា​ផ្លូវការ​នោះ មន្ត្រី​ពាក់ព័ន្ធ​មួយ​ចំនួន​ក៏​នឹង​ត្រូវ​គណៈកម្មការ​ចំពោះ​កិច្ច​អញ្ជើញ​ឲ្យ​ចូលរួម​ផង​ដែរ ក្នុង​នោះ​រួម​មាន​តំណាង​គណបក្ស​ប្រជាជន​កម្ពុជា ចំនួន ៥​រូប គណបក្ស​សង្គ្រោះ​ជាតិ​ចំនួន ៥​រូប និង​គណបក្ស​ហ្វ៊ុនស៊ិនប៉ិច ចំនួន ៥​រូប សមាជិកសភា​គណបក្ស​ប្រជាជន​កម្ពុជា ៣​រូប គណបក្ស​សង្គ្រោះ​ជាតិ ៣​រូប សមាជិក​ព្រឹទ្ធសភា​គណបក្ស​ប្រជាជន​កម្ពុជា ៣​រូប គណបក្ស សម រង្ស៊ី ៣​រូប តំណាង​ក្រុមប្រឹក្សា​ធម្មនុញ្ញ​ចំនួន ២​រូប ឧត្ដម​ក្រុមប្រឹក្សា​នៃ​អង្គចៅក្រម ២​រូប លោក​បណ្ឌិត សុខ ទូច និង​សហការី នៃ​រាជបណ្ឌិត្យសភា​កម្ពុជា ៣​រូប ព្រមទាំង​ទីប្រឹក្សា​រដ្ឋាភិបាល​ដែល​ជា​ជន​បរទេស​មួយ​ចំនួន​ផង​ដែរ។

លោក​នាយករដ្ឋមន្ត្រី ហ៊ុន សែន បាន​ថ្លែង​កាល​ពី​ថ្ងៃ​ទី​១៣ ខែ​សីហា ថា នៅ​បន្ទាប់ពី​ការ​ប្រគល់ និង​ទទួល​ផែនទី​នោះ រដ្ឋាភិបាល​នឹង​ធ្វើ​ការ​ផ្ទៀងផ្ទាត់​នៅ​ពេល​ជាមួយគ្នា​តែម្ដង។ លោក ហ៊ុន សែន បញ្ជាក់​ថា រដ្ឋាភិបាល​ធ្វើ​បែប​នេះ គឺ​ដើម្បី​ជៀសវាង​កុំ​ឲ្យ​មាន​ការ​ចោទ​ប្រកាន់​ថា រដ្ឋាភិបាល​យក​ផែនទី​ទៅ​ក្លែង​បន្លំ៕

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖

ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។