មន្ត្រី​បក្ស​ប្រឆាំង​ពីរ​ក្រុម​នៅ​ខេត្ត​រតនគិរី​ប្រើ​ហិង្សា​ក្រោយ​ប្រកាស​សុពលភាព​គណៈកម្មការ​ប្រតិបត្តិ

0:00 / 0:00

មន្ត្រី​គណបក្ស​សង្គ្រោះ​ជាតិ ពីរ​ក្រុម​នៅ​ខេត្ត​រតនគិរី ជេរ​ប្រមាថ និង​ប្រទាញប្រទង់​គ្នា​ទាក់ទិន​ការ​លើក​បដា​ប្រឆាំង​ការ​ប្រកាស​សុពលភាព​សមាសភាព​គណៈកម្មការ​ប្រតិបត្តិ​គណបក្ស​ប្រចាំ​ខេត្ត។ មន្ត្រី​ឃ្លាំ​មើល​សិទ្ធិ​មនុស្ស ចាត់​ទុក​ថា​ជា​អំពើ​បង្ក​របួស​ស្នាម​ដែល​អាច​ប្រឈម​មុខ​ទៅ​នឹង​បទល្មើស​ព្រហ្មទណ្ឌ។

ស្ត្រី​ជា​មន្ត្រី​គណបក្ស​សង្គ្រោះ​ជាតិ ខេត្ត​រតនគិរី មួយ​រូប​រង​របួស​ស្រាល​ក្នុង​ការ​ប៉ះ​ទង្គិច​គ្នា​ដោយ​អំពើ​ហិង្សា​ដណ្ដើម​បដា​គ្នា នៅ​ព្រឹក​ថ្ងៃ​ទី​២៧ ខែ​មេសា នា​មុខ​ស្នាក់ការ​គណបក្ស​សង្គ្រោះ​ជាតិ ក្នុង​សង្កាត់​កាចាញ ក្រុង​បានលុង។

អំពើ​ហិង្សា​នេះ កើត​មាន​ឡើង​ក្រោយ​ពេល​មន្ត្រី​ជាន់​ខ្ពស់​គណបក្ស​សង្គ្រោះ​ជាតិ ដឹក​នាំ​ដោយ​ប្រធាន​គណៈកម្មការ​នាយក​គណបក្ស​សង្គ្រោះ​ជាតិ លោក យឹម សុវណ្ណ ប្រកាស​សុពលភាព​សមាសភាព​គណៈកម្មការ​ប្រតិបត្តិ​គណបក្ស​ថ្នាក់​ខេត្ត​ថ្មី ខណៈ​ដែល​សមាសភាព​ចាស់​មួយ​ក្រុម​បាន​ជំទាស់​ច្រើន​លើក​មក​ហើយ។

ប្រធាន​គណៈកម្មការ​ប្រតិបត្តិ​គណបក្ស​សង្គ្រោះ​ជាតិ ប្រចាំ​ស្រុក​អណ្ដូងមាស អ្នកស្រី សួន សុខាន់ ដែល​រង​របួស​រលាត់​កែង​ដៃ​បញ្ជាក់​ថា ក្រុម​អ្នកស្រី​មាន​គ្នា​ប្រមាណ ៦​នាក់​ទៅ ៨​នាក់ បាន​លើក​បដា​តវ៉ា​នៅ​ផ្លូវ​សាធារណៈ សុំ​ឲ្យ​ថ្នាក់​ដឹក​នាំ​គណបក្ស​រក​យុត្តិធម៌​ដល់​ក្រុម​អ្នកស្រី ដែល​បាន​បម្រើ និង​ស្មោះ​ត្រង់​ជាមួយ​បក្ស​យូរ​ឆ្នាំ ក៏ប៉ុន្តែ​ត្រូវ​បាន​ដក​ចេញ​ដោយ​គ្មាន​ហេតុផល។ អ្នកស្រី​រៀបរាប់​ថា ក្នុង​ពេល​នោះ ភាគី​ម្ចាស់​ផ្ទះ​ជា​ភរិយា​ប្រធាន​គណៈកម្មការ​ប្រតិបត្តិ​គណបក្ស​ប្រចាំ​ក្រុង​បានលុង បាន​ទាញ​អូស​អ្នកស្រី​ឲ្យ​ដួល ធ្វើ​ឲ្យ​មាន​របួស ហើយ​បណ្ដេញ​ក្រុម​អ្នកស្រី​ឲ្យ​ចេញ​ពី​មុខ​ស្នាក់ការ និង​ជា​គេហដ្ឋាន​ពួក​គេ។ អ្នកស្រី​បន្ត​ថា នេះ​ជា​អំពើ​បង្ក​រំលោភ​សិទ្ធិ និង​របួស​ស្នាម ត្រូវ​តែ​ទទួល​ខុស​ត្រូវ​ចំពោះ​ច្បាប់៖ « ខ្ញុំ​សុំ​ប្ដឹង​សុំ​ឲ្យ​អាជ្ញាធរ​រក​យុត្តិធម៌​ឲ្យ​ខ្ញុំ​ផង។ ខ្ញុំ​អត់​មក​ជេរ​ប្រមាថ​គាត់​ទេ។ ខ្ញុំ​មក​ការងារ​គណបក្ស រក​យុត្តិធម៌ ព្រោះ សុង យីន គាត់​ជាប់​ឆ្នោត​យូរ​ហើយ ហើយ​មក​ទម្លាក់​គាត់​ដាក់​អ្នក​ថ្មី​យ៉ាង​ម៉េច មិន​ ត្រូវ។ ខ្ញុំ​មក​តវ៉ា​ទេ មិន​មែន​មក​វាយ​សំពង​ទេ។ ហេតុ​អ្វី​ចាប់​បោក​ខ្ញុំ​សន្លប់​របក​អស់​កែង​ដៃ»។

ឆ្លើយ​តប​ការ​ចោទ​ប្រកាន់​នេះ ប្រធាន​គណៈកម្មការ​ប្រតិបត្តិ​គណបក្ស​ប្រចាំ​ក្រុង​បានលុង លោក ស៊ិន ប៊ុនណា បញ្ជាក់​ថា ក្រុម​អ្នកស្រី សួន សុខាន់ មក​អុកឡុក​រំខាន​នៅ​មុខ​ស្នាក់ការ​គណបក្ស​លោក ទើប​កើត​មាន​ការ​ប្រទង់ប្រទាញ​យក​ឈ្នះ​រៀង​ខ្លួន។ លោក​ថា ភរិយា​លោក​ក៏​មាន​របួស​ដៃ​ដោយ​ស្នាម​ក្រចក​ដៃ​របស់​ភាគី​ម្ខាង​ទៀត​ដែរ៖ « ប្រ ពន្ធ​ខ្ញុំ​កូន​ខ្ចី​ឱប​កូន​ទៅ​ហាមឃាត់ គាត់​មិន​ស្តាប់​ទេ។ គាត់​កញ្ឆក់​ប្រពន្ធ​ខ្ញុំ តែ​ប្រពន្ធ​ខ្ញុំ​ខ្លាំង​ជាង ការ​ទាញ​គ្នា​ដួល ហើយ​ក្រញៅ​ដាច់​ដៃ​អស់»។

មន្ត្រី​មូលដ្ឋាន​នៃ​គណបក្ស​សង្គ្រោះ​ជាតិ ខេត្ត​រតនគិរី កើត​មាន​ជម្លោះ​ផ្ទៃ​ក្នុង​ជាង​មួយ​ឆ្នាំ​កន្លង​ទៅ ទាក់ទិន​ការ​ចាត់​តាំង​សមាសភាព​គណៈកម្មការ​ប្រតិបត្តិ​ថ្នាក់​ខេត្ត។ ចំណែក​ថ្នាក់​ដឹក​នាំ​គណបក្ស​សង្គ្រោះ​ជាតិ ថ្នាក់​ជាតិ បាន​ព្យាយាម​ដោះស្រាយ​សម្រប​សម្រួល​បញ្ហា​នេះ ក៏ប៉ុន្តែ​មិន​បាន​លទ្ធផល។

ស្នងការ​រង​នគរបាល​ខេត្ត​រតនគិរី លោក អ៊ឹម ផានី មាន​ប្រសាសន៍​ថា ភាគី​មាន​របួស​បាន​ដាក់​ពាក្យ​ប្ដឹង​មក​ការិយាល័យ​ព្រហ្មទណ្ឌ​កម្រិត​ស្រាល ចោទ​ភាគី​ម្ខាង​ទៀត​ថា​ប្រើ​អំពើ​ហិង្សា និង​បង្ក​របួស​ស្នាម។ លោក​ថា នេះ​ជា​ជម្លោះ​ផ្ទៃ​ក្នុង​របស់​សមាជិក​គណបក្ស មិន​ទាក់ទិន​បញ្ហា​នយោបាយ​អ្វី​ឡើយ៖ « ល្ងាច​នេះ​បាន​ហៅ​ភាគី​ម្ខាង​ទៀត​សួរ ទើប​ហៅ​បាន​ម្ខាង​ពី​បទ​ប្រើ​អំពើ​ហិង្សា​បង្ក​របួស​ស្នាម»។

មន្ត្រី​ឃ្លាំ​មើល​សិទ្ធិ​មនុស្ស សម្ដែង​ការ​សោកស្ដាយ​ចំពោះ​ភាគី​ទំនាស់​មិន​ដោះស្រាយ​ទំនាស់​ដោយ​សន្តិវិធី។ លោក​ថា ការ​បង្ក​របួស​ស្នាម នឹង​ត្រូវ​ប្រឈម​មុខ​ទៅ​នឹង​បទល្មើស​ព្រហ្មទណ្ឌ ប្រសិន​សមត្ថកិច្ច​រក​ឃើញ​អ្នក​បង្ក​ហេតុ៖ «សមត្ថកិច្ច​ត្រូវ​តែ​បំពេញ​តួនាទី​ហើយ ភាគី​ណា​បង្ក​ត្រូវ​តែ​ទទួល​ខុស​ត្រូវ»។

ទោះ​បី​ជា​យ៉ាង​ណា​ក៏ដោយ ប្រធាន​គណៈកម្មការ​ប្រតិបត្តិ​គណបក្ស​សង្គ្រោះ​ជាតិ លោក យឹម សុវណ្ណ អំពាវនាវ​ឲ្យ​សមាជិក និង​មន្ត្រី​គណបក្ស​ទាំងអស់ ពង្រឹង​សាមគ្គី​ផ្ទៃ​ក្នុង​ត្រៀម​លក្ខណៈ​ស្វែងរក​សំឡេង​ឆ្នោត​គាំទ្រ​ពី​ពលរដ្ឋ​ឲ្យ​បាន​ជោគជ័យ សម្រាប់​ការ​បោះឆ្នោត​ឆ្នាំ​២០១៨ ខាង​មុខ៕

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖

ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។