ក្នុងសេចក្តីថ្លែងការណ៍មួយចេញផ្សាយនៅថ្ងៃសុក្រ ទី២៦ កក្កដា ពីទីក្រុងហ្សឺណែវ ប្រទេសស្វីស លោក សុរិយា ស៊ូប៊ែឌី (Surya Subedi) បេសកជនពិសេសរបស់គណៈកម្មការសិទ្ធិមនុស្សនៃអង្គការសហប្រជាជាតិ បានអំពាវនាវអោយប្រទេសកម្ពុជា គោរពសិទ្ធិមនុស្ស រក្សាភាពស្ងប់ស្ងាត់ និងគ្មានអំពើហិង្សានៅមុនពេលបោះឆ្នោត ថ្ងៃបោះឆ្នោត និងក្រោយថ្ងៃបោះឆ្នោត។
លោកទទូចអោយកម្ពុជា រក្សាបាននូវបរិយាកាសនយោបាយមួយដែលគ្មានការគំរាមកំហែង ហើយអោយពលរដ្ឋកម្ពុជា មានសិទ្ធិសេរីភាពទៅបោះឆ្នោត សិទ្ធិជួបជុំគ្នា និងសិទ្ធិឈរឈ្មោះបោះឆ្នោត ដែលទាំងអស់នេះជាលក្ខខណ្ឌដ៏សំខាន់នៃការបោះឆ្នោតដោយសេរី និងយុត្តិធម៌។
អ្នករាយការណ៍ពិសេសរបស់អង្គការសហប្រជាជាតិ ទទួលបន្ទុកសិទ្ធិមនុស្សនៅកម្ពុជា លោក សុរិយា ស៊ូប៊ែឌី ក៏បានគូសបញ្ជាក់ថា កន្លងមកប្រទេសកម្ពុជា មានការរីកចម្រើនក្នុងការពង្រឹងវិស័យនីតិរដ្ឋ និងសិទ្ធិមនុស្សគួរអោយកត់សម្គាល់។ ហេតុដូច្នេះ លោកសូមអំពាវនាវអោយរដ្ឋាភិបាលកម្ពុជា គោរពច្បាប់សិទ្ធិមនុស្សអន្តរជាតិ ដែលប្រទេសកម្ពុជា ជាប់មានកាតព្វកិច្ចស្រាប់នៅក្នុងឱកាសបោះឆ្នោតនៅថ្ងៃអាទិត្យ ស្អែកនេះ។
លោក សុរិយា ស៊ូប៊ែឌី មានប្រសាសន៍បន្តថា នៅសល់តែប៉ុន្មានម៉ោងទៀតប៉ុណ្ណោះ ខ្ញុំសូមអោយប្រជាពលរដ្ឋកម្ពុជា ទាំងអស់ ចៀសវាងនូវការប្រើអំពើហិង្សា ហើយមេត្តាគោរពនូវសិទ្ធិរបស់អ្នកដទៃ នៅខណៈលោកអ្នក ប្រើប្រាស់សិទ្ធិរបស់ខ្លួន។ រាល់អ្នកមានសិទ្ធិបោះឆ្នោតទាំងអស់ ត្រូវមានឱកាសស្មើៗគ្នាក្នុងការបោះឆ្នោត ហើយមិនត្រូវរងការគំរាមកំហែង និងការបំភិតបំភ័យនោះឡើយ។ រាល់ការចោទប្រកាន់ថា មានការគំរាមកំហែងត្រូវតែមានការស៊ើបអង្កេត។ ចំណែកគណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត គួរស៊ើបអង្កេតនៅពេលមានពាក្យបណ្ដឹង និងចាត់វិធានការដោះស្រាយតាមភាពសមស្រប។
អ្នករាយការណ៍ពិសេសរបស់អង្គការសហប្រជាជាតិ ទទួលបន្ទុកសិទ្ធិមនុស្សនៅកម្ពុជា រូបនេះបញ្ជាក់ថា ពេលវេលានេះ គឺជារបត់មួយបញ្ជាក់ពីប្រវត្តិសាស្ត្រនៃប្រទេសកម្ពុជា ហើយអ្វីដែលសំខាន់បំផុតសម្រាប់ប្រទេសកម្ពុជា គឺជាកិត្យានុភាព ឬភាពជឿជាក់បាននៃការបោះឆ្នោត ហើយវាក៏ជាកិត្យានុភាពរបស់អនាគតនៃអ្នកដឹកនាំនៃព្រះរាជាណាចក្រកម្ពុជា ផងដែរ៕
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖
ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។
