អ្នក​ឃ្លាំមើល​ចាត់​ទុក​បាតុកម្ម​ទម្លាក់​លោក កឹម សុខា ជា​ការ​រៀបចំ​ទុក​របស់​បក្ស​ប្រជាជន

0:00 / 0:00

អង្គការ​ឃ្លាំមើល​សិទ្ធិមនុស្ស​អន្តរជាតិ កាល​ពី​ថ្ងៃ​អង្គារ ទី​២៧ ខែ​តុលា បាន​ចាត់​ទុក​បាតុកម្ម​ហិង្សា​បែប​ឧក្រិដ្ឋកម្ម​ទៅ​លើ​តំណាងរាស្ត្រ​គណបក្ស​សង្គ្រោះ​ជាតិ ពីរ​រូប​ថា ជា​ការ​រៀបចំ​ទុក​ជា​មុន​របស់​គណបក្ស​ប្រជាជន​កម្ពុជា។ ប៉ុន្តែ​មន្ត្រី​គណបក្ស​ប្រជាជន​កម្ពុជា បាន​បដិសេធ​ការ​ចោទ​ប្រកាន់​នេះ។

នាយក​ប្រតិបត្តិ​ទទួលបន្ទុក​កិច្ចការ​តំបន់​អាស៊ី​របស់​អង្គការ​ឃ្លាំមើល​សិទ្ធិមនុស្ស​អន្តរជាតិ យូមែន រ៉ៃត៍ វ៉ច្ឆ (Human Rights Watch) លោក ប៊្រែដ អាដាម (Brad Adams) មាន​ប្រសាសន៍​ថា ភ្នាក់ងារ​របស់​លោក​បាន​​សម្ភាស​ក្រុម​បាតុករ​មួយ​ចំនួន​ដែល​វាយដំ​ទៅ​លើ​តំណាងរាស្ត្រ​ពីរ​រូប​របស់​គណបក្ស​សង្គ្រោះ​ជាតិ នោះ​ថា ពួកគេ​ត្រូវ​បាន​ជួល និង​ផ្ដល់​សម្ភារៈ​ដឹក​ជញ្ជូន​ដើម្បី​មក​ធ្វើ​បាតុកម្ម​មុខ​រដ្ឋ​សភា និង​នៅ​ខាង​មុខ​ផ្ទះ​លោក កឹម សុខា។

លោក​បន្ត​ថា បាតុកម្ម​ហិង្សា​កាល​ពី​ថ្ងៃ​ច័ន្ទ ទី​២៦ ខែ​តុលា គឺ​ជា​ផែនការ​រៀបចំ​ទុក​ជា​មុន​របស់​បក្ស​កាន់​អំណាច ហើយ​ថា បាតុកម្ម​ហិង្សា​នេះ មាន​រូបភាព​ដូច​គ្នា​ទៅ​នឹង​បាតុកម្ម​កាល​ប្រឆាំង​ទូត​ថៃ កាល​ពី​ថ្ងៃ​ទី​២៩ ខែ​មករា ឆ្នាំ​២០០៣ ដែល​កាល​ណោះ​ក្រុម​បាតុករ​បាន​សម្រុក​ដុត​កម្ទេច​ស្ថានទូត​នេះ​ដោយ​គ្មាន​ការ​ទប់​ស្កាត់​ពី​អាជ្ញាធរ បើ​ទោះ​បី​ក្រសួង​មហាផ្ទៃ នៅ​ក្បែរ​នោះ​ក៏ដោយ។

ជាង​នេះ​ទៅ​ទៀត លោក ប៊្រែដ អាដាម បន្ត​ថា មនុស្ស​ដែល​ចូលរួម​ធ្វើ​បាតុកម្ម​ទម្លាក់​លោក កឹម សុខា ចេញ​ពី​តំណែង​អនុ​ប្រធាន​រដ្ឋសភា កាល​ពី​ថ្ងៃ​ច័ន្ទ ទី​២៦ ខែ​តុលា មួយ​ចំនួន​បាន​ចូលរួម​បង្ក្រាប​បាតុកម្ម​របស់​គណបក្ស​សង្គ្រោះ​ជាតិ កន្លង​មក៖ «យើង​បាន​ចាប់​ផ្ដើម​ប្រឹងប្រែង​ផ្ទៀងផ្ទាត់​រូបថត​អ្នក​ចូល​រួម​ក្នុង​ព្រឹត្តិការណ៍​បង្ក្រាប​បាតុកម្ម​ជា​ច្រើន រួម​ទាំង​ព្រឹត្តិការណ៍​ដែល​កើត​ឡើង​កាល​ពី​ថ្ងៃ​ច័ន្ទ ផង​ដែរ ហើយ​ឃើញ​ថា រូបភាព​អ្នក​ទាំង​នោះ​មួយ​ចំនួន​មាន​មុខ​ដូច​គ្នា​ទៅ​នឹង​ភា្នក់ងារ​របស់​រដ្ឋាភិបាល​ដែល​ចូលរួម​បង្ក្រាប​បាតុកម្ម​របស់​បក្ស​ប្រឆាំង​កាល​ពី​ពេល​កន្លង​ទៅ។ វា​ក៏​គួរ​ឲ្យ​មាន​ការ​ចាប់​អារម្មណ៍​ផង​ដែរ ដែល​លោក ហ៊ុន ម៉ានី ជា​កូន​ប្រុស​របស់​លោក ហ៊ុន សែន អំពាវនាវ​ឲ្យ​មាន​ការ​ស៊ើបអង្កេត​វែក​មុខ​ជន​ដៃដល់​នៃ​អំពើ​ហិង្សា​នោះ។ ខ្ញុំ​សូម​ស្នើ​ឲ្យ​លោក​គួរ​ទៅ​ឆ្លុះ​កញ្ចក់ ហើយ​សួរ​ខ្លួន​ឯង​ថា តើ​បាតុកម្ម​ហិង្សា​នោះ​មាន​ការ​រៀបចំ​បែប​ណា​ទៅ​វិញ​ប្រសើរ​ជាង។ ខ្ញុំ​គិត​ថា ប្រហែលជា​គាត់​ដឹង​នូវ​ចម្លើយ​នោះ»

លោក ហ៊ុន ម៉ានី បាន​បដិសេធ​ផ្ដល់​បទសម្ភាសន៍​ដល់​វិទ្យុ​អាស៊ីសេរី ចំពោះ​ការ​ចោទ​ប្រកាន់​ថា ក្រុម​យុវជន​របស់​លោក ហ៊ុន ម៉ានី បាន​ចូលរួម​ក្នុង​ការ​ធ្វើ​បាតុករ​ហិង្សា​នេះ៖ «ជា​ការ​សម្ភាសន៍​ខ្ញុំ​អត់​សម្ភាសន៍​តាម​ទូរស័ព្ទ​ទេ ព្រោះ​ខ្ញុំ​អត់​ទម្លាប់​ទេ ហើយ​សូម​បង​គោរព​សិទ្ធិ​របស់ខ្ញុំ​ផង​ណា»

សេចក្ដី​ប្រកាស​ព័ត៌មាន​របស់​អង្គការ​ឃ្លាំមើល​សិទ្ធិមនុស្ស​អន្តរជាតិ យូមែន រ៉ៃត៍ វ៉ច្ឆ បាន​ចេញ​ផ្សាយ​កាល​ពី​ថ្ងៃ​អង្គារ ថា មនុស្ស​ចេញ​ពី​កង​អង្គរក្ស​របស់​លោក ហ៊ុន សែន បាន​ស្លៀក​ពាក់​ជា​ជន​ស៊ីវិល​បង្កប់​ជា​កម្លាំង​ស្នូល​ក្នុង​បាតុកម្ម​ទាំង​នៅ​ខាង​មុខ​អគារ​រដ្ឋសភា និង​នៅ​ខាង​មុខ​ផ្ទះ​របស់​លោក កឹម សុខា។ សាក្សី​អាច​កត់សំគាល់​ទៅ​លើ​ម៉ូតូ​ពណ៌​ក្រហម​ជា​ម៉ូតូ​របស់​កង​អង្គរក្ស​លោក ហ៊ុន សែន ដែល​ប្រើ​សម្រាប់​ដឹក​ជញ្ជូន​ក្រុម​បាតុករ។ ក្រុម​បាតុករ​ភាគ​ច្រើន​បាន​ប្រាប់​ក្រុម​អ្នក​សង្កេតការណ៍​ថា ពួកគេ​មក​ពី​ខេត្ត​កណ្ដាល ដែល​ទី​នោះ​ជា​ទី​ដែល​មាន​មូលដ្ឋាន​អង្គរក្ស​របស់​លោក ហ៊ុន សែន។ ក្រុម​បាតុករ​ដែល​មាន​និន្នាការ​គាំទ្រ​គណបក្ស​កាន់​អំណាច​កាល​ពី​ថ្ងៃ​ច័ន្ទ បាន​នាំ​គ្នា​ស្រែក​ទាមទារ​ឲ្យ​ដក​អនុ​ប្រធាន​គណបក្ស​សង្គ្រោះ​ជាតិ លោក កឹម សុខា ចេញ​ពី​តំណែង​អនុ​ប្រធាន​រដ្ឋ​សភា។

ស្រប​ពេល​ជាមួយ​គ្នា​នោះ​ដែរ បាតុករ​ខ្លះ​ដែល​មាន​ចង​កន្សែង​បិទ​មុខ​មិន​ឲ្យ​ស្គាល់​អត្តសញ្ញាណ​បាន​ចាប់​អូស​តំណាង​គណបក្ស​សង្គ្រោះ​ជាតិ ពីរ​រូប គឺ​លោក គង់ សភា និង​លោក ញ៉យ ចំរើន ចេញ​ពី​រថយន្ត​ហើយ​ព្រួត​គ្នា​ចោមរោម​វៃ​ទាត់​ធាក់​យ៉ាង​សាហាវ បណ្ដាល​ឱ្យ​រង​របួស​ជា​ទម្ងន់ ដួល​សន្លប់​នៅ​នឹង​កន្លែង។

បាតុកម្ម​ហិង្សា​នេះ​ធ្វើ​ឡើង​បន្ទាប់​ពី​លោក ហ៊ុន សែន ថ្លែង​ទៅ​កាន់​ក្រុម​អ្នក​គាំទ្រ​របស់​លោក​ក្នុង​ប្រទេស​បារាំង កាល​ពី​ថ្ងៃ​អាទិត្យ ទី​២៥ ខែ​តុលា ថា បាតុកម្ម​ប្រឆាំង​នឹង​រូប​លោក​នៅ​បារាំង គឺ​ជា​សិទ្ធិ​ប្រជាពលរដ្ឋ​ចំណែក​បាតុកម្ម​ប្រឆាំង​លោក កឹម សុខា ក៏​ជា​សិទ្ធិ​របស់​ពលរដ្ឋ​ដូច​គ្នា។

នៅ​ចំពោះ​មុខ​ក្រុម​អ្នក​គាំទ្រ​របស់​លោក លោក ហ៊ុន សែន ព្រមាន​ថា "បើ​លេង​កុំ​ខឹង បើ​ខឹង​កុំ​លេង"៖ «ឯកឧត្ដម កឹម សុខា បើ​ខឹង​កុំ​លេង លេង​កុំ​ខឹង ហើយ​លេង​ហ្នឹង ប្រហែលជា​អស់​តំណែង​ជា​អនុ​ប្រធាន​សភា​ទៀត»

ជុំវិញ​ករណី​អំពើ​ហិង្សា​កាល​ពី​ថ្ងៃ​ច័ន្ទ កន្លង​ទៅ​នេះ អង្គការ​ឃ្លាំមើល​សិទ្ធិ​មនុស្ស​អន្តរជាតិ យូមែន រ៉ៃត៍ វ៉ច្ឆ ក៏​បាន​ជំរុញ​ឲ្យ​រដ្ឋាភិបាល​កម្ពុជា ស្នើ​ដល់​ការិយាល័យ​ឧត្ដម​ស្នងការ​របស់​អង្គការ​សហប្រជាជាតិ​ទទួល​បន្ទុក​សិទ្ធិមនុស្ស​ប្រចាំ​កម្ពុជា ស៊ើប​អង្កេត​បាតុកម្ម​ហិង្សា​យ៉ាង​សាហាវ​ឃោរឃៅ ដែល​មាន​ការ​រៀបចំ​ទុក​យ៉ាង​ល្អ។

ព្រឹត្តិការណ៍​ហិង្សា​កាល​ពី​ថ្ងៃ​ច័ន្ទ ទី​២៦ តុលា ទាមទារ​ដក​តំណែង​លោក កឹម សុខា នេះ ក៏​ស៊ីចង្វាក់​គ្នា​ទៅ​នឹង​ការ​ទាមទារ​របស់​នាយ​ឧត្ដមសេនីយ៍ គន់ គីម អនុ​ប្រធាន​ទី​១ នៃ​គណៈ​បញ្ជាការ​ឯកភាព​សមរភូមិ​ព្រំដែន​កម្ពុជា-​ថៃ ដែល​ជំរុញ​ឲ្យ​ទម្លាក់​តំណែង​លោក កឹម សុខា នេះ​ដែរ។

បើ​ទោះ​បី​ជា​មាន​ការ​អង្កេត​របស់​សង្គម​ស៊ីវិល​ក្នុង​ស្រុក និង​អង្គការ​ឃ្លាំមើល​សិទ្ធិមនុស្ស​អន្តរជាតិ​នានា ដែល​ភាគ​ច្រើន​ចាត់​ទុក​ថា បាតុកម្ម​ហិង្សា​កាលពី​ថ្ងៃ​ច័ន្ទ កន្លង​ទៅ​នេះ បាន​រចនា​ដោយ​គណបក្ស​ប្រជាជន​កម្ពុជា ក៏ដោយ ក៏​លោក ឈាង វុន អ្នក​នាំ​ពាក្យ​រដ្ឋ​សភា​ជាតិ និង​ជា​មន្ត្រី​គណបក្ស​កាន់​អំណាច បាន​បដិសេធ​ចំពោះ​ការ​ចោទ​ប្រកាន់​ទាំង​នេះ។

លោក​បន្ត​ថា ទាំង​រដ្ឋសភា និង​រដ្ឋាភិបាល បាន​ថ្កោលទោស​ចំពោះ​អំពើ​ហិង្សា​ទាំង​នេះ៖ «បាតុកម្ម​កាល​ពី​ម្សិលមិញ (២៥ តុលា) នេះ គឺ​ជា​ឆន្ទៈ​របស់​ប្រជាជន​នៅ​ទីក្រុង​ភ្នំពេញ ហើយ​ឆន្ទៈ​ទីក្រុង​ភ្នំពេញ មាន​ការ​គាំទ្រ​របស់​ប្រជាជន​ពី​តាម​ខេត្ត។ ប្រជាពលរដ្ឋ​គេ​មាន​ការ​វាយតម្លៃ​ណាស់! ប្រសិនបើ​ប្រជាពលរដ្ឋ​គេ​មិន​ចង់​ធ្វើ​អ៊ីចឹង​រៀបចំ​យ៉ាងម៉េច​ក៏​រៀបចំ​មិន​កើត​ដែរ។ អ៊ីចឹង​ហើយ​គណបក្ស​ប្រជាជន អត់​មាន​នៅ​ពី​ក្រោយ​ខ្នង​បាតុកម្ម​ហ្នឹង​ទេ ហើយ​យើង​សោកស្ដាយ​ណាស់​ដែល​មាន​បាតុកម្ម​រហូត​ដល់​មាន​អំពើ​ហិង្សា។ ក្នុង​នាម​ខ្ញុំ​ជា​មន្ត្រី​របស់​គណបក្ស​ប្រជាជន ខ្ញុំ​បាន​ធ្វើ​កិច្ចការ​ហ្នឹង​ច្រើន​ណាស់​ពី​ម្សិលមិញ រហូត​មក​ដល់​ពេល​នេះ។ គឺ​យើង​បាន​រៀបចំ​ថ្កោលទោស​អំពើ​ហិង្សា​ដែល​កើត​ឡើង​កាល​ពី​ម្សិលមិញ នៅ​ក្បែរ​រដ្ឋសភា​នេះ»

ប៉ុន្តែ​មន្ត្រី​ផ្នែក​ស៊ើបអង្កេត​នៃ​សមាគម​ការពារ​សិទ្ធិមនុស្ស​អាដហុក (ADHOC) លោក នី ចរិយា បាន​ថ្កោលទោស​ចំពោះ​អាជ្ញាធរ​មាន​សមត្ថកិច្ច​ដែល​ខកខាន​មិន​បាន​ទប់ស្កាត់​អំពើ​ហិង្សា​នោះ ហើយ​ពួកគេ​ត្រូវ​តែ​ទទួល​ខុស​ត្រូវ​ក្នុង​ហេតុការណ៍​នេះ៖ «ប្រសិនបើ​ដឹង​ហើយ​ថា បាតុកម្ម​ហិង្សា​នៅ​កន្លែង​នោះ​ហើយ ហើយ​យើង​មិន​បាន​ដាក់​កម្លាំង​ដើម្បី​បង្ការ​កុំ​ឲ្យ​មាន​អំពើ​ហិង្សា នោះ​ជា​កំហុស​របស់​អាជ្ញាធរ​ក្នុង​ការ​មិន​អនុវត្ត​តួនាទី​របស់​ខ្លួន ហើយ​ធ្វើ​ឲ្យ​មាន​អំពើ​ហិង្សា។ អ្វី​ជា​ការ​រំលោភ​សិទ្ធិមនុស្ស​គឺ​យើង​រៀបចំ​បណ្ដោយ​ឲ្យ​មាន​អំពើ​ហិង្សា​ដោយ​គ្មាន​ការ​ទប់​ស្កាត់។ ប្រសិនបើ​មាន​ការ​រៀបចំ​មែន ហើយ​មាន​ការ​ទប់ស្កាត់​កុំ​ឲ្យ​មាន​អំពើ​ហិង្សា​នោះ​ជា​សិទ្ធិ​សេរីភាព​ទេ។ ប៉ុន្តែ​ការ​រៀបចំ​នេះ គឺ​មាន​ចេតនា​ធ្វើ​ឲ្យ​មាន​អំពើ​ហិង្សា»

​រហូត​មក​ទល់​ពេល​នេះ គេ​នៅ​ពុំ​ទាន់​ឃើញ​មាន​ការ​នាំ​ខ្លួន​ជន់​ដៃដល់ និង​អ្នក​បញ្ជា​ពី​ក្រោយ​យក​មក​ផ្ដន្ទាទោស​តាម​ផ្លូវ​ច្បាប់​នោះ​ឡើយ។

​អំពើ​និទ្ទណ្ឌភាព​កម្រិត​ខ្ពស់​នៅ​កម្ពុជា នៅ​តែ​អាច​លាក់​មុខ​យ៉ាង​សុវត្ថិភាព​បំផុត​នៅ​កម្ពុជា។ ឃាតក​មិន​ត្រូវ​បាន​គេ​វែក​មុខ​ក្នុង​ឧក្រិដ្ឋកម្ម​ធំៗ​ជា​ច្រើន​នោះ​ទេ ដូចជា​ករណី​សម្លាប់​រង្គាល​កងទ័ព​រាជា​និយម​ហ៊្វុនស៊ិនប៉ិច ការ​បោក​គ្រាប់បែក​មុខ​រដ្ឋសភា កាល​ពី​ឆ្នាំ​១៩៩៧ ការ​សម្លាប់​តារាភាពយន្ត​អ្នកស្រី ពិសិដ្ឋ ពីលីកា ការ​បាញ់​ប្រហារ​តារា​ចម្រៀង​កញ្ញា ទូច ស៊ុននិច ការ​សម្លាប់​ព្រះសង្ឃ សំ ប៊ុនធឿន ការ​ជះ​ទឹក​អាស៊ីដ​លើ​អ្នកស្រី តាត ម៉ារីណា ការ​សម្លាប់​អ្នក​កាសែត ឬ​សកម្មជន​ការពារ​ព្រៃឈើ លោក ឈុត វុទ្ធី ជាដើម៕

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖

ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។