ក្រសួងមហាផ្ទៃ ធ្លាប់បានអះអាងថា មិនមានគម្រោងណាមួយក្នុងការចាប់ខ្លួន លោក អ៊ុំ សំអាន នោះទេ នៅពេលដែល លោក អ៊ុំ សំអាន មានវត្តមាននៅសហរដ្ឋអាមេរិក ជាង ៦ខែមកនេះ។ ផ្ទុយទៅវិញ ក្រសួងមហាផ្ទៃ បែរជាចាប់ខ្លួនតំណាងរាស្ត្របក្សប្រឆាំងរូបនេះ បន្ទាប់ពីលោកមកដល់កម្ពុជា និងផ្ដើមរិះគន់រឿងព្រំដែនកម្ពុជា-វៀតណាម ជាថ្មីម្តងទៀត។
អ្នកនាំពាក្យក្រសួងមហាផ្ទៃ លោក ខៀវ សុភ័គ ថ្លែងប្រាប់វិទ្យុអាស៊ីសេរី នៅរសៀលថ្ងៃទី១១ មេសា ថា ការចាប់ខ្លួន លោក អ៊ុំ សំអាន ធ្វើឡើងផ្អែកតាមបទល្មើសជាក់ស្តែង ស្របតាមក្រមព្រហ្មទណ្ឌនៃព្រះរាជាណាចក្រកម្ពុជា៖«ទៅរកផែនទីឯណាមក? ហើយនិយាយថាផែនទីក្លែងក្លាយ។ ចុះពីយន្តហោះម្សិលមិញភ្លាម លោក អ៊ុំ សំអាន បានសម្ភាសជាមួយនឹងកាសែត និងវិទ្យុ ថាយ៉ាងម៉េចខ្លះ? ការចាប់ខ្លួននេះ គឺដោយសារការប្រព្រឹត្តបទល្មើសជាក់ស្តែង។ វាដូចជាដល់ពេលហើយ»។
ការថ្លែងបញ្ជាក់ពីមូលហេតុនៃការចាប់ខ្លួន លោក អ៊ុំ សំអាន ដោយមន្ត្រីជាន់ខ្ពស់ក្រសួងមហាផ្ទៃ នេះ ធ្វើឡើងបន្ទាប់ពីស្ថានទូតអាមេរិកប្រចាំទីក្រុងភ្នំពេញ ស្នើដល់រដ្ឋាភិបាលកម្ពុជា ឲ្យពន្យល់ពីការចោទប្រកាន់នានាប្រឆាំង លោក អ៊ុំ សំអាន ដែលមានសញ្ជាតិអាមេរិក។
មន្ត្រីនាំពាក្យស្ថានទូតអាមេរិកប្រចាំកម្ពុជា លោក ខតនី វូដស៍ (Courtney Woods) បញ្ជាក់ប្រាប់វិទ្យុអាស៊ីសេរី តាមរយៈសារអេឡិចត្រូនិកនារសៀលថ្ងៃទី១១ មេសា ថា « ក្រសួងការបរទេសអាមេរិក មានកាតព្វកិច្ចជួយដល់ប្រជាពលរដ្ឋអាមេរិក នៅក្រៅប្រទេសដោយម៉ឺងម៉ាត់ »។ លោកបន្តថា « ក្រសួងការបរទេសអាមេរិក អំពាវនាវឲ្យមានការបញ្ជាក់ពីហេតុផលនានាជុំវិញការចាប់ខ្លួន លោក អ៊ុំ សំអាន និងស្នើឲ្យមន្ត្រីស្ថានទូតអាមេរិក អាចចូលជួប លោក អ៊ ុំ សំអាន បាន »។
តំណាងរាស្ត្រគណបក្សសង្គ្រោះជាតិ មណ្ឌលសៀមរាប លោក អ៊ុំ សំអាន ត្រូវបានអាជ្ញាធរចាប់ខ្លួនកាលពីម៉ោងជាង ១២ យប់ថ្ងៃអាទិត្យ ទី១០ ឈានចូលថ្ងៃទី១១ ខែមេសា។ ការចាប់ខ្លួននេះ ធ្វើឡើងតែប៉ុន្មានម៉ោងប៉ុណ្ណោះក្រោយពេល លោក អ៊ុំ សំអាន វិលត្រឡប់ពីសហរដ្ឋអាមេរិក មកដល់កម្ពុជា។
ភ្លាមៗក្រោយការចាប់ខ្លួន គណបក្សសង្គ្រោះជាតិ បានចេញសេចក្តីថ្លែងការណ៍ថ្កោលទោសយ៉ាងដាច់អហង្ការ ចំពោះការអនុវត្តរបស់អាជ្ញាធររដ្ឋាភិបាលចំពោះ លោក អ៊ុំ សំអាន ទាំងដែលលោកកំពុងមានអភ័យឯកសិទ្ធិ។ គណបក្សសង្គ្រោះជាតិ ចាត់ទុកការចាប់ខ្លួន លោក អ៊ុំ សំអាន ថាជាទង្វើរំលោភបំពានយ៉ាងធ្ងន់ធ្ងរលើអភ័យឯកសិទ្ធិអ្នកតំណាងរាស្ត្រ ដែលត្រូវបានធានាដោយច្បាប់ និងរដ្ឋធម្មនុញ្ញនៃព្រះរាជាណាចក្រកម្ពុជា។
ជុំវិញរឿងនេះ នាយិកាមជ្ឈមណ្ឌលសិទ្ធិមនុស្សកម្ពុជា អ្នកស្រី ចក់ សុភាព យល់ឃើញថា ការចាប់ខ្លួន លោក អ៊ុំ សំអាន ធ្វើឡើងប្រាសចាកពីរដ្ឋធម្មនុញ្ញ ដែលធានានូវអភ័យឯកសិទ្ធិអ្នកតំណាងរាស្ត្រ។ អ្នកស្រី ចក់ សុភាព បន្តទៀតថា រដ្ឋាភិបាលប្រឹងប្រែងតែចំពោះក្តីក្ដាំដែលចោទប្រកាន់លើអ្នកតំណាងរាស្ត្រ ប៉ុន្តែមិនសកម្មក្នុងការរកយុត្តិធម៌ជូនតំណាងរាស្ត្របក្សប្រឆាំង ដែលរងការវាយដំកាលពីពេលកន្លងទៅនោះទេ៖«វាជាការគំរាមកំហែងដល់សេរីភាពក្នុងការបញ្ចេញមតិ ហើយនិងការបំពេញតួនាទីរបស់អ្នកតំណាងរាស្ត្រក្នុងការលើកឡើងនូវបញ្ហាកង្វល់នានា នៅក្នុងប្រទេសកម្ពុជា យើងនេះ»។
រដ្ឋធម្មនុញ្ញនៃព្រះរាជាណាចក្រកម្ពុជា ត្រង់មាត្រា៨០ ចែងថា តំណាងរាស្ត្រមានអភ័យឯកសិទ្ធិសភា។ តំណាងរាស្ត្ររូបណាក៏ដោយ មិនអាចត្រូវបានចោទប្រកាន់ ចាប់ខ្លួន ឃាត់ខ្លួន ឬឃុំខ្លួនដោយហេតុបានសម្ដែងយោបល់ ឬបញ្ចេញមតិក្នុងការបំពេញមុខងាររបស់ខ្លួនឡើយ។ ការចោទប្រកាន់ ការចាប់ខ្លួន ការឃាត់ខ្លួន ឬការឃុំខ្លួនសមាជិកណាមួយនៃរដ្ឋសភា នឹងអាចធ្វើទៅកើត លុះត្រាតែមានការយល់ព្រមពីរដ្ឋសភា ឬពីគណៈកម្មាធិការអចិន្ត្រៃយ៍របស់រដ្ឋសភា ក្នុងចន្លោះសម័យប្រជុំនៃរដ្ឋសភា វៀរលែងតែក្នុងករណីបទល្មើសព្រហ្មទណ្ឌជាក់ស្តែង។
មកទល់ពេលនេះ មានសកម្មជននយោបាយ និងតំណាងរាស្ត្របក្សប្រឆាំង រួមទាំងសមាជិកព្រឹទ្ធសភាផងចំនួន ១៦នាក់ហើយដែលត្រូវអាជ្ញាធររដ្ឋាភិបាលចាប់ខ្លួន៕
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖
ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។