តំណាងរាស្ត្រសហរដ្ឋអាមេរិក ពីខាងគណបក្សសាធារណរដ្ឋ ជំរុញឲ្យពលរដ្ឋខ្មែរកុំចាញ់ការសម្លុត និងការគំរាមកំហែងរបស់លោក ហ៊ុន សែន។
តំណាងរាស្ត្ររបស់អាមេរិក ពីខាងគណបក្សសាធារណរដ្ឋ ប្រចាំរដ្ឋកាលីហ្វ័រញ៉ា លោក ដេណា រ៉ូរ៉ាបាកគើ (Dana Rohrabacher) លើកទឹកចិត្តឲ្យពលរដ្ឋខ្មែរទូទៅចេញតវ៉ាដើម្បីការពារសំឡេងរបស់ពួកគេ ស្របពេលរដ្ឋាភិបាលកម្ពុជា ដែលដឹកនាំដោយលោកនាយករដ្ឋមន្ត្រី ហ៊ុន សែន កំពុងធ្វើយុទ្ធនាការរំលាយគណបក្សសង្គ្រោះជាតិ។
តុលាការកំពូលនឹងបើកសវនាការនៅថ្ងៃទី១៦ ខែវិច្ឆិកា តាមសំណើរម្លាយគណបក្សប្រឆាំងរបស់ក្រសួងមហាផ្ទៃ។ លោក ដេណា រ៉ូរ៉ាបាកគើ ប្រាប់អាស៊ីសេរី នៅវិមានសភាអាមេរិកថា ពលរដ្ឋត្រូវតែងើបឡើងដើម្បីការពារសិទ្ធិបោះឆ្នោតដែលការពារដោយរដ្ឋធម្មនុញ្ញ៖ «ខ្ញុំគិតថា ពលរដ្ឋកម្ពុជាគួរនាំគ្នាគិតគូរអំពីគម្រោងរបស់ពួកគេក្នុងការទាមទារអោយលោក ហ៊ុន សែន ចុះចេញពីអំណាចជាង ៣០ឆ្នាំមកហើយនោះ។ លោក ហ៊ុន សែន កាន់អំណាចយូរពេកហើយ ដែលធ្វើឲ្យពលរដ្ឋអាចខ្លាចនឹងការដឹកនាំបែបគំរាមកំហែងរបស់គាត់ ប៉ុន្តែមានតែប្រជាពលរដ្ឋខ្លួនឯងប៉ុណ្ណោះដែលហ៊ានចេញធ្វើបាតុកម្មនៅតាមផ្លូវតវ៉ាចំពោះបញ្ហានេះ។ បើមិនដូច្នេះទេនោះ លោក ហ៊ុន សែន នឹងបន្តក្ដោបក្ដាប់អំណាចតទៅទៀត។ ខ្ញុំគ្រាន់តែចង់ឲ្យពលរដ្ឋខ្មែរទាំងអស់ដឹងថា សហរដ្ឋអាមេរិក ជាប្រទេសសេរី និងគោរពលទ្ធិប្រជាធិបតេយ្យ ដូច្នេះយើងឈរខាងប្រជាពលរដ្ឋអាមេរិកាំងខ្លួនឯងផង និងឈរខាងប្រជាពលរដ្ឋខ្មែរទូទៅផង»។

រដ្ឋាភិបាលកម្ពុជា កាលពីពេលថ្មីៗនេះ បានត្រៀមកម្លាំងប្រដាប់ដោយអាវុធគ្រប់ដៃ ដើម្បីបង្ក្រាបអ្នកណាដែលហ៊ានចេញមុខតវ៉ាប្រឆាំងដំណើរការរំលាយគណបក្សសង្គ្រោះជាតិនោះ។
លោក ដេណា រ៉ូរ៉ាបាកគើរ អះអាងថា គ្មានប្រទេសណាមួយលើលោកនេះដែលទទួលបានសេរីភាពពិតប្រាកដដោយគ្មានការប្រថុយប្រថានហើយហ៊ានលះបង់នោះទេ៖ «កាលពីអតីតសហរដ្ឋអាមេរិក ធ្លាប់បានបណ្ដេញកងទ័ពរបស់ប្រទេសអង់គ្លេសដ៏មានឥទ្ធិពលនៅក្នុងលោកចេញពីសហរដ្ឋអាមេរិក ដោយសារពលរដ្ឋអាមេរិកាំងមិនត្រូវការអោយបរទេសមកបញ្ជាពួកគេអោយធ្វើអ្វីតាមខ្លួនចង់បាននោះឡើយ។ ដូច្នេះប្រសិនបើពលរដ្ឋខ្មែរចង់មានសេរីភាពពីការគ្រប់គ្រងរបស់ ហ៊ុន សែន ពួកគេគួរតែជ្រើសរើសមេដឹកនាំដែលពួកគេពេញចិត្ត ហើយកម្ចាត់មេដឹកនាំពុករលួយ ហ៊ុន សែន ដែលកំពុងបំផ្លាញប្រទេសកម្ពុជា ចេញពីអំណាច។ ដូច្នេះពលរដ្ឋខ្មែរត្រូវហ៊ានប្រថុយប្រថានចេញធ្វើបាតុកម្មទាំងអស់គ្នា ហើយពួកគេប្រាប់ទៅក្រុមយោធាថា ដល់ពេលដែល ហ៊ុន សែន ចុះចេញពីអំណាចហើយ។ តើអ្នកឯងត្រូវនៅខាងណា?»។
ការអះអាងរបស់តំណាងរាស្ត្ររូបនេះ ធ្វើឡើងស្របពេលដែលព្រឹទ្ធសភាអាមេរិកកំពុងដំណើរការអនុម័តសេចក្ដីសម្រេចចិត្តលេខ ២៧៩ ក្នុងការថ្កោលទោសអំពើហិង្សានយោបាយ និងការរំលោភសិទ្ធិមនុស្សកម្ពុជា។ សេចក្ដីសម្រេចនេះទាមទារអោយរដ្ឋាភិបាលកម្ពុជា បញ្ឈប់ការធ្វើទុក្ខបុកម្នេញ និងការយាយីរបស់លោក ហ៊ុន សែន មកលើក្រុមបក្សប្រឆាំង ហើយបង្វែរស្ថានការណ៍របស់ប្រទេសវិលមករកភាពប្រក្រតីវិញ។
សេចក្ដីសម្រេចដែលផ្ដួចផ្ដើមឡើងដោយសមាជិកព្រឹទ្ធសភា លោក ចន ម៉ាកខេន (John MaCain) និងលោក ឌីក ឌើប៊ិន (Dick Durbin) ក៏បានជំរុញឲ្យក្រសួងរតនាគាររបស់សហរដ្ឋអាមេរិក ពិចារណាក្នុងការបង្កកទ្រព្យសម្បត្តិរបស់មន្ត្រីជាន់ខ្ពស់កម្ពុជា ដែលពុករលួយ និងរំលោភអំណាចទាំងឡាយ៕
[ ទស្សនាបទសម្ភាសន៍ជាវីដេអូOpens in new window ]
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖
ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។