អាមេរិក​ជំរុញ​រដ្ឋសភា​ឲ្យ​ប្រគល់​សមាជិក​ភាព​និង​អភ័យ​ឯកសិទ្ធិ​សភា​ឲ្យ​លោក សម រង្ស៊ី

0:00 / 0:00

សហរដ្ឋ​អាមេរិក ជំរុញ​ឲ្យ​រដ្ឋសភា​កម្ពុជា ប្រគល់​សមាជិកភាព​សភា និង​អភ័យ​ឯកសិទ្ធិ​សភា​ទៅ​ឲ្យ លោក សម រង្ស៊ី ប្រធាន​គណបក្ស​សង្គ្រោះ​ជាតិ វិញ។ ការ​ទទូច​នេះ ធ្វើ​ឡើង​ភ្លាមៗ​បន្ទាប់​ពី​រដ្ឋសភា បាន​សម្រេច​ដក​ទាំង​ស្រុង​នូវ​សិទ្ធិ បុព្វសិទ្ធិ និង​សមាជិកភាព​ជា​សមាជិក​សភា​របស់ លោក សម រង្ស៊ី ពី​មណ្ឌល​កំពង់ចាម នៅ​ថ្ងៃ​ទី​១៦ ខែ​វិច្ឆិកា។

សេចក្តី​ប្រកាស​ព័ត៌មាន​របស់​ស្ថានទូត​សហរដ្ឋ​អាមេរិក ប្រចាំ​កម្ពុជា ចុះ​ផ្សាយ​នៅ​ថ្ងៃ​ទី​១៦ ខែ​វិច្ឆិកា លើក​ឡើង​ថា សហរដ្ឋ​អាមេរិក មាន​ការ​ព្រួយ​បារម្ភ​យ៉ាង​ខ្លាំង​ពី​ការ​ដក​សមាជិកភាព​សភា លោក សម រង្ស៊ី ដោយ​គណបក្ស​ប្រជាជន​កម្ពុជា។

សហរដ្ឋ​អាមេរិក ដែល​ចាត់​ទុក​ការ​ដក​សមាជិកភាព​សភា លោក សម រង្ស៊ី ថា​កំពុង​តែ​ធ្វើ​ឲ្យ​បរិយាកាស​ប្រជាធិបតេយ្យ​នៅ​កម្ពុជា រឹត​តែ​ធ្លាក់​ចុះ​មួយ​កម្រិត​ទៀត​នោះ ជំរុញ​ឲ្យ​រដ្ឋសភា​ប្រគល់​សមាជិកភាព​សភា និង​អភ័យ​ឯកសិទ្ធិ​សភា​ទៅ​ឲ្យ លោក សម រង្ស៊ី វិញ​ជា​បន្ទាន់។ សហរដ្ឋ​អាមេរិក ក៏​ទទូច​ឲ្យ​រដ្ឋាភិបាល​ដក​ចេញ​នូវ​ដីកា​តាម​ចាប់​ខ្លួន លោក សម រង្ស៊ី ក្នុង​សំណុំ​រឿង​បរិហារ​កេរ្តិ៍ លោក ហោ ណាំហុង រដ្ឋមន្ត្រី​ក្រសួង​ការ​បរទេស ដែល​សហរដ្ឋ​អាមេរិក លើក​ឡើង​ថា បាន​កើត​ឡើង​រយៈពេល ៧​ឆ្នាំ​មក​ហើយ​នោះ។

សហរដ្ឋ​អាមេរិក កត់​សម្គាល់​ថា ចំណាត់​ការ​របស់​រដ្ឋសភា​មក​លើ លោក សម រង្ស៊ី ពេល​នេះ គឺ​ជា​ឧប្បត្តិហេតុ​ថ្មី​បំផុត​មួយ​ទៀត ដែល​បង្ហាញ​ពី​ការ​យាយី និង​ការ​គំរាម​កំហែង​ទៅ​លើ​បក្ស​ប្រឆាំង ក្នុង​នោះ​រួម​មាន តាំង​ពី​ការ​វាយ​ប្រហារ​ទៅ​លើ​តំណាង​រាស្ត្រ​បក្ស​ប្រឆាំង​នៅ​មុខ​រដ្ឋសភា និង​ការ​ដក​តំណែង លោក កឹម សុខា ពី​អនុប្រធាន​ទី​១ រដ្ឋសភា​ផង​ដែរ។ សហរដ្ឋ​អាមេរិក លើក​ឡើង​ថា ព្រឹត្តិការណ៍​ទាំង​នេះ​កំពុង​ធ្វើ​ឲ្យ​ប៉ះពាល់​ដល់​ដំណើរ​ការ​លទ្ធិប្រជាធិបតេយ្យ​នៅ​កម្ពុជា។

ឆ្លើយ​តប​ចំពោះ​ការ​ទទូច​របស់​សហរដ្ឋ​អាមេរិក ពេល​នេះ អ្នក​នាំ​ពាក្យ​រដ្ឋសភា​មក​ពី​គណបក្ស​ប្រជាជន​កម្ពុជា លោក ឈាង វុន មាន​ប្រសាសន៍​ថា រដ្ឋសភា​កម្ពុជា មិន​អាច​ទទួល​ការ​លើក​ឡើង​របស់​សហរដ្ឋ​អាមេរិក បាន​នោះ​ទេ។ លោក​ថា រដ្ឋសភា ជា​សភា​របស់​ប្រទេស​ឯករាជ្យ និង​មាន​អធិបតេយ្យភាព៖ «យើង​ទទួល​យក​មិន​បាន​ទេ​ការ​លើក​ឡើង​របៀប​អាណានិគម។ កម្ពុជា ធ្លាប់​មនុស្ស​មួយ​ហ្វូង​បម្រើ​គោល​នយោបាយ​អាមេរិកកាំង មាន​សង្គ្រាម​តាំង​ពី​ឆ្នាំ​១៩៧០ ស្លាប់​អស់​ជាង ២​លាន​នាក់​ដោយ​បង្កើត​ឡើង​នូវ​របប​ប្រល័យ​ពូជ​សាសន៍។ អ៊ីចឹង​ហើយ​សុំ​ឲ្យ​កម្ពុជា រស់​បាន​សុខ​ទៅ ទុក​ឲ្យ​កម្ពុជា ដឹក​នាំ​ប្រទេស​ជាតិ​របៀប​កម្ពុជា ទៅ ឲ្យ​កម្ពុជា បន្ត​ការ​អភិវឌ្ឍ​បន្ត​ទៀត​ដូច​សម័យ​នេះ»

ទាក់ទង​នឹង​សភាពការណ៍​នយោបាយ​នៅ​កម្ពុជា នេះ​ដែរ អ្នក​នាំ​ពាក្យ​ក្រសួង​ការ​បរទេស​សហរដ្ឋ​អាមេរិក លោក ម៉ាក់ ថូននើ (Mark Toner) កាល​ពី​ថ្ងៃ​ទី​១៣ វិច្ឆិកា ក៏​បាន​ទទូច​ឲ្យ​រដ្ឋាភិបាល​កម្ពុជា ទម្លាក់​ចោល​បទ​ចោទ​ប្រកាន់​ចំពោះ លោក សម រង្ស៊ី ដោយ​លោក​ចាត់​ទុក​ថា ករណី​នេះ​វា​ជា​រឿង​នយោបាយ។

លោក ម៉ាក់ ថូននើ មាន​ប្រសាសន៍​ថា ការ​ចេញ​ដីកា​តាម​ចាប់​ខ្លួន លោក សម រង្ស៊ី គឺ​បង្ហាញ​ឲ្យ​គេ​ឃើញ​រឹត​តែ​ច្បាស់​អំពី​ឥទ្ធិពល​របស់​អ្នក​នយោបាយ​ទៅ​លើ​ប្រព័ន្ធ​តុលាការ​នៅ​កម្ពុជា ហើយ​ថា សហរដ្ឋ​អាមេរិក នឹង​តាម​ដាន​យ៉ាង​យក​ចិត្ត​ទុក​ដាក់​ចំពោះ​ស្ថានការណ៍​នយោបាយ​នៅ​កម្ពុជា។

សហរដ្ឋ​អាមេរិក ទទូច​ឲ្យ​រដ្ឋាភិបាល​កម្ពុជា ចាត់​វិធានការ​ជា​បន្ទាន់ ដើម្បី​ធានា​នូវ​បរិយាកាស​នយោបាយ​ដែល​គ្មាន​ការ​គំរាម​កំហែង និង​សម្លុត​បំភ័យ​ទៅ​លើ​បក្ស​ប្រឆាំង និង​ទទូច​ឲ្យ​រដ្ឋាភិបាល អនុញ្ញាត​ឲ្យ លោក សម រង្ស៊ី និង​សមាជិក​ដទៃ​ទៀត​របស់​គណបក្ស​ប្រឆាំង​វិល​ត្រឡប់​មក​ប្រទេស​កម្ពុជា វិញ ដោយ​គ្មាន​ការ​ភ័យ​ខ្លាច​ពី​ការ​ចាប់​ខ្លួន និង​ការ​ធ្វើ​ទុក្ខបុកម្នេញ។

ចំណែក​អង្គការ​ឃ្លាំ​មើល​សិទ្ធិ​មនុស្ស​អន្តរជាតិ យូមែន រ៉ៃត៍ វ៉ច្ឆ (Human Rights Watch) លើក​ឡើង​ថា ចំណាត់​ការ​របស់​តុលាការ​ប្រឆាំង​ទៅ​នឹង លោក សម រង្ស៊ី នៅ​ពេល​នេះ វា​បង្ហាញ​ឲ្យ​ឃើញ​ជា​ថ្មី​ទៀត​អំពី​ភាព​ទន់​ខ្សោយ​របស់​ប្រព័ន្ធ​យុត្តិធម៌​នៅ​កម្ពុជា ដែល​តែង​ត្រូវ​បាន លោក ហ៊ុន សែន ប្រើប្រាស់​ធ្វើ​ជា​ឧបករណ៍​នយោបាយ ដើម្បី​រក្សា​អំណាច​អស់​រយៈពេល​ជាង ៣០​ឆ្នាំ​របស់​លោក។ យូមែន រ៉ៃត៍ វ៉ច្ឆ ក៏​បាន​ទទូច​ឲ្យ​ម្ចាស់​ជំនួយ​ជំរុញ​ទៅ​រដ្ឋាភិបាល​កម្ពុជា ទម្លាក់​ចោល​បទ​ចោទ​លើ លោក សម រង្ស៊ី និង​ជំរុញ​ឲ្យ លោក ហ៊ុន សែន បញ្ចប់​នូវ​ការ​ប្រើប្រាស់​ច្បាប់​ព្រហ្មទណ្ឌ​ប្រឆាំង​ទៅ​នឹង​អ្នក​នយោបាយ​បក្ស​ប្រឆាំង៕

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖

ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។