សមាជិកសភាអាមេរិក ថ្លែងហួសចិត្តខ្លាំងឥតឧបមា ដែលវិទ្យុអាស៊ីសេរី ត្រូវបង្ខំឲ្យបិទដំណើរការនៅប្រទេសកម្ពុជា ដោយសារការដាក់សម្ពាធ និងការរើសអើងឥតឈប់ឈរពីសំណាក់រដ្ឋាភិបាលលោក ហ៊ុន សែន។
លោក អាឡាន់ ឡូវ៉ិនថល (Alan Lowenthal) ចេញសេចក្ដីថ្លែងការណ៍កាលពីថ្ងៃទី១២ ខែកញ្ញា ថារដ្ឋាភិបាលលោក ហ៊ុន សែន បង្ហាញឲ្យឃើញច្បាស់ណាស់ថា រដ្ឋាភិបាលនេះមិនចង់ឲ្យមានសេរីភាព ផ្នែកសារព័ត៌មានឯករាជ្យនៅកម្ពុជា នោះទេ។ លោកលើកឡើងបន្តទៀតថា រដ្ឋាភិបាលកម្ពុជា ត្រៀមខ្លួនរួចជាស្រេចក្នុងការរកឧបាយកលសព្វបែបយ៉ាង ដើម្បីបំភិតបំភ័យគំរាមកំហែង បង្ខិតបង្ខំ និងហ៊ានទាំងប្រើអំពើហិង្សាភ្លាមៗ ដើម្បីរារាំងកុំឲ្យពលរដ្ឋកម្ពុជា មានសេរីភាពក្នុងការទទួលបានព័ត៌មានឯករាជ្យ គួរឲ្យទុកចិត្ត និងមានប្រយោជន៍។
លោក អាឡាន់ ឡូវ៉ិនថលសង្កេតឃើញថា វិទ្យុអាស៊ីសេរី នៅកម្ពុជា រងការវាយប្រហារតាមវោហារសាស្ត្រពីរដ្ឋាភិបាលលោក ហ៊ុន សែន ជាបន្តបន្ទាប់។ ឥឡូវនេះ ដោយសារតែដើម្បីរក្សាសុវត្ថិភាពដល់បុគ្គលិកអាស៊ីសេរី វិទ្យុនេះត្រូវបង្ខំចិត្តបិទប្រតិបត្តិការនៅប្រទេសកម្ពុជា។ វិទ្យុអាស៊ីសេរី ក៏មិនខុសអ្វីពីកាសែត ឌឹ ខេមបូឌា ដេលី (The Cambodia Daily ស្ថានីយវិទ្យុ FM និងអង្គការក្រៅរដ្ឋាភិបាលមួយចំនួនទៀត ដែលសុទ្ធតែត្រូវរដ្ឋាភិបាលកម្ពុជា បង្ខំឲ្យបិទ។
ចំណាត់ការរបស់រដ្ឋាភិបាលបែបនេះ គឺធ្វើឲ្យគោលការណ៍ប្រជាធិបតេយ្យ ដែលមានចែងក្នុងរដ្ឋធម្មនុញ្ញ ត្រូវបានបំផ្លាញខ្ទេចខ្ទីម្ដងមួយៗ។ លោកថា លោកពិតជាឈឺចាប់ និងហួសចិត្តខ្លាំងណាស់។ លោកបន្តថា ការធ្វើដូច្នេះ គឺលោក ហ៊ុន សែន ចង់បំបិទសិទ្ធិសេរីភាពក្នុងជីវភាពនយោបាយ សិទ្ធិសេរីភាពសារព័ត៌មាន និងសិទ្ធិសេរីភាពនៃបក្សប្រឆាំង ក្នុងចេតនារារាំងកុំឲ្យការបោះឆ្នោតជាតិខាងមុខ អាចប្រព្រឹត្តទៅដោយសេរី ត្រឹមត្រូវ និងយុត្តិធម៌៕
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖
ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។