តំណាងគណបក្សនយោបាយ និងអង្គការសង្គមស៊ីវិលយល់ឃើញស្របគ្នាថា ការយល់អំពីទឹកចិត្តយុវជន និងការដោះស្រាយបញ្ហាប្រឈមរបស់ពួកគេ គឺជារឿងដែលមេដឹកនាំនយោបាយត្រូវធ្វើ ដើម្បីទាក់ទាញការគាំទ្រពីយុវជន។ ការថ្លែងបែបនេះ ធ្វើឡើងក្នុងវេទិកាយុវជនមួយនៅព្រឹកថ្ងៃទី២៦ ខែមីនា ឆ្នាំ២០១៧ នៅរាជធានីភ្នំពេញ។
ក្រុមយុវជនបណ្ដាញអង្គការសង្គមស៊ីវិល និងតំណាងគណបក្សនយោបាយសរុបជាង ១០០នាក់ បានជួបជុំគ្នាក្នុងវេទិកាយុវជនស្ដីពី “ការចូលរួមរបស់យុវជននៅក្នុងវិស័យនយោបាយ” ដែលត្រូវបានរៀបចំដោយអង្គការបណ្ដាញយុវជនកម្ពុជា (CYN)។ តំណាងគណបក្សសង្គ្រោះជាតិ និងគណបក្សប្រជាធិបតេយ្យមូលដ្ឋាន បានអញ្ជើញចូលរួម ក៏ប៉ុន្តែអវត្តមានតំណាងគណបក្សប្រជាជនកម្ពុជា។
កម្មវិធីនេះ មានគោលបំណងផ្តល់ឱកាសដល់យុវជនបានជជែកដេញដោលជាមួយតំណាងគណបក្សនយោបាយ និងស្ថាប័នពាក់ព័ន្ធអំពីការចូលរួមរបស់ខ្លួនក្នុងកិច្ចការអភិវឌ្ឍន៍ឃុំ-សង្កាត់ និងថ្នាក់ជាតិ។ វាក៏ជាឱកាសសម្រាប់យុវជនបានយល់ដឹងបន្ថែមទៀតពីតួនាទី និងកាតព្វកិច្ចរបស់ខ្លួន ព្រមទាំងលើកឡើងពីបញ្ហាប្រឈម និងដំណោះស្រាយសម្រាប់ពួកគេក្នុងការចូលរួមក្នុងវិស័យនយោបាយ។
ប្រធានបណ្ដាញយុវជន លោក ទឹម ម៉ាឡៃ កត់សម្គាល់ថា យុវជននាពេលបច្ចុប្បន្ននេះមិនពេញចិត្តនឹងការធ្វើនយោបាយបែបហិង្សា ឬគំរាមកំហែងគ្នានោះទេ។ ផ្ទុយទៅវិញ ការបង្កើតគោលនយោបាយដោះស្រាយបញ្ហាប្រឈមរបស់យុវជន គឺជារឿងចាំបាច់ដែលមេដឹកនាំនយោបាយត្រូវយកចិត្តទុកដាក់៖ « ត្រូវមានគោលនយោបាយមួយច្បាស់លាស់ ហើយមានតាក់តែងជាជំហាន ដើម្បីឲ្យពួកគាត់បានសិក្សារៀនសូត្រ ទោះជាមិនមែនស្ថិតនៅក្នុងនយោបាយរបស់គណបក្សខ្លួនក៏ដោយ។ ស្ថានភាពសព្វថ្ងៃនេះទាល់តែចូលបក្ស ទើបអ្នកទាំងអស់នោះមានឱកាសនៅក្នុងការចូលរួម ប៉ុន្តែបើសិនជាមានរបៀបកែទម្រង់ ឬរបៀបឈរឈ្មោះផ្តល់ឲ្យជាឯកត្តនាមនៅតាមឃុំ - សង្កាត់នោះ ជាការផ្ទេរមួយដែលធ្វើឲ្យមនុស្សមានសមត្ថភាពមួយចំនួនដែលមិនចង់ចូលបក្ស អាចបង្ហាញសមត្ថភាពរបស់ខ្លួន » ។
តំណាងគណបក្សសង្គ្រោះជាតិ លោក ជុំ ច័ន្ទដារិន ថ្លែងថា ការយល់អំពីទឹកចិត្តរបស់យុវជនថាពួកគេត្រូវការអ្វីជាចាំបាច់ និងដាក់ចេញនូវគោលនយោបាយឆ្លើយតបនឹងតម្រូវការទាំងនោះ គឺជាអ្វីដែលគណបក្សនយោបាយនីមួយៗត្រូវធ្វើ។ ក្រៅពីនេះ លោកណែនាំយុវជនមិនត្រូវចាប់អារម្មណ៍តែទៅលើបុគ្គលដែលជាថ្នាក់ដឹកនាំគណបក្សនយោបាយនោះទេ ប៉ុន្តែពួកគេក៏ត្រូវសិក្សាអំពីគោលនយោបាយរបស់គណបក្សនោះដែរ ថាគោលនយោបាយរបស់គណបក្សណាដែលបម្រើផលប្រយោជន៍របស់ពួកគេ៖ « ការស្រាវជ្រាវរបស់មូលនិធិអាស៊ីឆ្នាំ២០១៤ គេរកឃើញថា សេចក្តីត្រូវការរបស់ប្រជាពលរដ្ឋ ក្នុងនោះក៏មានយុវជនដែរ គឺការអត់មានការងារធ្វើ ការកាត់បន្ថយភាពក្រីក្រ និងការធ្វើចំណាកស្រុក អ៊ីចឹងហើយគណបក្ស ឬមេដឹកនាំគណបក្សត្រូវតែផ្ដោតសំខាន់ទៅលើគោលនយោបាយដែលអាចជួយជាជំហានៗក្នុងការកាត់បន្ថយ » ។
ចំណែកតំណាងគណបក្សប្រជាធិបតេយ្យមូលដ្ឋាន លោក ប៊ូ បញ្ញា កត់សម្គាល់ថា ការចូលរួមរបស់យុវជនក្នុងវិស័យនយោបាយសព្វថ្ងៃនេះមាន ៣ចំណុច គឺការចូលរួមតាមគេ ការចូលរួមដែលបានទទួលផលប្រយោជន៍ និងការចូលរួមតាមឆន្ទៈពិតប្រាកដរបស់ខ្លួន។ លោកយល់ឃើញថា បញ្ហាបក្ខពួកនិយម និងមិនមានប្រជាធិបតេយ្យផ្ទៃក្នុងបក្សនៅតែកើតមាន ដែលជាគំរូមិនល្អសម្រាប់យុវជន និងជាឧបសគ្គរារាំងពួកគេពីការចូលរួមបានពេញលេញចំពោះការសម្រេចចិត្តផ្នែកនយោបាយ៖ « យើងមើលគណបក្សហ្នឹងមានប្រជាធិបតេយ្យដែរឬទេ ? កាលណាមានប្រជាធិបតេយ្យ មានន័យថាអនុញ្ញាតឲ្យប្រជាពលរដ្ឋដោយមិនប្រកាន់និន្នាការនយោបាយ ឲ្យគាត់បានចូលរួមក្នុងការសម្រេចចិត្តការកាន់តួនាទីជាដើម ឬការសម្រេចចិត្តអំពីគោលនយោបាយនៅក្នុងបក្ស ឬការដឹកនាំជាតិ។ កាលណាយើងបើកទូលាយ មានប្រជាធិបតេយ្យផ្ទៃក្នុងបក្ស។ អ៊ីចឹងយុវជននឹងចូលរួម ហើយយើងមើលអំពីអ្នកដឹកនាំ។ តើអ្នកដឹកនាំហ្នឹងជាអ្នកដែលមានក្រមសីលធម៌ទេ មានភាពជាអ្នកដឹកនាំត្រឹមត្រូវទេ មានបទពិសោធន៍ក្នុងការដឹកប្រទេសជាតិ ដឹកនាំស្ថាប័នណាទេ » ។
ក្នុងចំណោមពលរដ្ឋជាង ៧លាន ៨សែននាក់ (៧.៨៧៣.១៩៤នាក់) នៃអ្នកដែលបានទៅចុះឈ្មោះបោះឆ្នោតមានជាង ២លាននាក់ ឬស្មើនឹងជាង ៣៤ភាគរយ គឺជាយុវជនដែលមានអាយុចន្លោះពី ១៨ឆ្នាំទៅ ៣០ឆ្នាំ។ អ្នកឃ្លាំមើលការបោះឆ្នោត វាយតម្លៃថា នេះជាចំនួនមួយដ៏ច្រើន ដែលគ្រប់គណបក្សប្រកួតប្រជែងមិនត្រូវមើលរំលង។
និស្សិតផ្នែកសង្គមវិទ្យា កញ្ញា អិន ជួងអាយ គិតថាគណបក្សនយោបាយភាគច្រើនមិនទាន់បានដាក់បញ្ចូលបញ្ហាប្រឈមរបស់យុវជនទៅក្នុងគោលនយោបាយអាទិភាពរបស់ខ្លួននៅឡើយ៖ « អ្វីដែលនៅក្នុងចិត្តខ្ញុំ គឺវិស័យការងារ ព្រោះពលរដ្ឋ និងយុវជនយើងភាគច្រើនកំពុងតែធ្វើការចំណាកស្រុក ដោយសារតែប្រទេសដែលខ្លួនកំពុងរស់នៅហ្នឹងអត់មានការងារធ្វើគ្រប់គ្រាន់សម្រាប់ពួកគាត់។ ជាក់ស្តែង យើងមើលឃើញថា ទាំងកសិកម្ម និងឧស្សាហកម្ម គឺនៅតែខ្វះ។ ខ្ញុំគិតថានៅក្នុងគោលនយោបាយរបស់គណបក្សនីមួយៗ ត្រូវតែមាន ត្រូវតែដឹងថាយុវជនចង់បានអ្វី ? បើសិនជារដ្ឋាភិបាលដឹងនូវគន្លឹះថាគាត់ចង់បានអ្វី យើងធ្វើហ្នឹងទៅ មុខតែឈ្នះឆ្នោតបានយ៉ាងងាយ » ។
បញ្ហាប្រឈមជាអាទិភាពរបស់យុវជនកម្ពុជា ដែលត្រូវបានរកឃើញដោយអង្គការសម្ព័ន្ធយុវជនដើម្បីឯកភាព និងអភិវឌ្ឍន៍ កាលពីឆ្នាំ២០១៥ រួមមានការអប់រំ ការងារ និងបញ្ហាសន្តិសុខ។
ឯកសារជំនួយស្មារតីទាក់ទងនឹងការបោះឆ្នោតរបស់អង្គការខុមហ្វ្រែល (COMFREL) សរសេរថា យុវជនគឺជាអ្នកដែលមានសក្ដានុពលក្នុងការធ្វើឲ្យសំឡេងឆ្នោតមានការប្រែប្រួល។ យុវជនត្រូវបង្ហាញដល់ថ្នាក់ដឹកនាំថា ខ្លួនមានឥទ្ធិពលទៅលើក្រុមមនុស្សដទៃទៀត ដូចជាមនុស្សជំទង់ ឬមនុស្សចាស់ ព្រោះខ្លួនគឺជាយុវជនដែលមានចំណេះដឹង និងកម្លាំងកាយរឹងមាំ ហើយអាចធ្វើការអប់រំ និងជួយដល់មនុស្សដទៃទៀត។
នៅពេលគ្រប់អាយុ ១៨ឆ្នាំ យុវជនត្រូវព្យាយាមបំពេញកាតព្វកិច្ចរបស់ខ្លួនជាពលរដ្ឋ ដោយត្រូវទៅចុះឈ្មោះបោះឆ្នោត និងទៅបោះឆ្នោតជ្រើសរើសតំណាងរបស់ខ្លួនទៅតាមឆន្ទៈ ដោយមានការពិចារណា និងថ្លឹងថ្លែងឲ្យបានហ្មត់ចត់។
ក្រោយពេលបោះឆ្នោត ពួកគេត្រូវខិតខំសង្កេត និងតាមដានសកម្មភាពអនុវត្តរបស់មន្ត្រីជាប់ឆ្នោត ឬរដ្ឋាភិបាល ដើម្បីចូលរួមវាយតម្លៃលទ្ធផលនៃសកម្មភាពទាំងនោះ ហើយផ្តល់ព័ត៌មានទាំងនេះទៅដល់អ្នកបោះឆ្នោតដទៃទៀត ដើម្បីជាទុនពិចារណាក្នុងការសម្រេចចិត្តបោះឆ្នោតលើកក្រោយៗទៀត៕
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖
ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។