សិល្បករ​រង​ការ​រិះគន់​ថា​យក​អាជីព​ទៅ​ពាក់ព័ន្ធ​រឿង​នយោបាយ

សាធារណជន​មួយ​ចំនួន និង​មន្ត្រី​គណបក្ស​ប្រឆាំង បាន​រិះគន់​ចំពោះ​សិល្បករ សិល្បការិនី​មួយ​ចំនួន​ថា បាន​យក​អាជីព​ជា​អ្នក​សិល្បៈ​ទៅ​ប្រឡូក​ក្នុង​រឿង​នយោបាយ​ជ្រៅ​ពេក។

0:00 / 0:00

សិល្បករ​មួយ​ចំនួន​បាន​បញ្ចេញ​មតិ និង​សកម្មភាព​គាំទ្រ​គណបក្ស​នយោបាយ​នៅ​តាម​ស្ថានីយ​ទូរទស្សន៍ និង​វិទ្យុ​ជាដើម។ ក្រៅ​ពី​នេះ​ពួកគេ​ក៏​មមាញឹក​ខ្លាំង​ណាស់​ដែរ​ក្នុង​ការ​ចេញ​មុខ​ដើរ​ធ្វើ​យុទ្ធនាការ​ឃោសនា​បោះឆ្នោត​ជ្រើសតាំង​តំណាងរាស្ត្រ​នីតិកាល​ទី​៥​នេះ។ ក៏​ប៉ុន្តែ ស្រប​ពេល​នេះ​ដែរ ប្រធាន​សមាគម​អ្នក​សិល្បករ​ខ្មែរ​ព្រមាន​ថា អ្នក​សិល្បៈ​គប្បី​រក្សា​សេចក្ដី​ថ្លៃ​ថ្នូរ និង​ការ​ទទួល​ខុសត្រូវ​ខ្ពស់ កុំ​យក​អាជីព និង​ប្រជាប្រិយភាព​របស់​ខ្លួន​ទៅ​វាយ​ប្រហារ​គណបក្ស​ដទៃ នាំ​ឲ្យ​បាត់​បង់​ការ​គាំទ្រ និង​ការងារ​សិល្ប​ទៅ​ថ្ងៃ​អនាគត។

មន្ត្រី​គណបក្ស​ប្រឆាំង រិះគន់​ចំពោះ​សិល្បករ​មួយ​ចំនួន​ថា បាន​យក​អាជីព​ដើម្បី​បម្រើ​គណបក្ស​នយោបាយ​ច្រើន​ជាង​ការ​អប់រំ​ដល់​មហាជន ឬ​សម្រាប់​ប្រយោជន៍​រួម​ដល់​សង្គម​ជាតិ​​ទាំង​មូល។

តំណាងរាស្ត្រ និង​ជា​មន្ត្រី​នាំ​ពាក្យ​របស់​គណបក្ស​សង្គ្រោះ​ជាតិ លោក យឹម សុវណ្ណ មាន​ប្រសាសន៍​ថា សិល្បករ​ត្រូវ​មាន​លក្ខណៈ​សម្បត្តិ និង​សកម្មភាព​ខុស​ពី​អ្នក​នយោបាយ​ដែល​មាន​ប្រជាពលរដ្ឋ​ខ្លះ​ស្អប់ និង​ខ្លះ​ស្រលាញ់។ ចំពោះ​អ្នក​សិល្ប​ត្រូវ​សំរួម​ចិត្ត និង​សកម្មភាព​ដើម្បី​ឲ្យ​មហាជន​គ្រប់រូប​គោរព និង​ស្រឡាញ់​ខ្លួន។

លោក​បន្ត​ថា ពិធីករ ពិធីការិនី​មាន​តួនាទី​យ៉ាង​សំខាន់​ក្នុង​ការ​ផ្ដល់​ការ​អប់រំ​ដល់​មហាជន៖ «នៅ​ប្រទេស​ណា​ក៏​ដោយ សិល្បករ​គឺ​ដើរ​តួនាទី​អប់រំ ដើរ​តួនាទី​បង្រួបបង្រួម​ធ្វើ​ឲ្យ​ប្រជាពលរដ្ឋ​ទូទាំង​ប្រទេស​ស្គាល់​អំពី​ទង្វើ​ល្អ​និង​ទង្វើ​អាក្រក់ ក៏​ប៉ុន្តែ​នៅ​ក្នុង​ប្រទេស​កម្ពុជា ខ្ញុំ​មាន​ការ​សោក​ស្ដាយ​ណាស់​ចំពោះ​សិល្បករ​ទាំង​អស់​ហ្នឹង ដល់​យើង​ទៅ​ចូល​ជួប​ពាក់ព័ន្ធ​នយោបាយ​ពេល​ខ្លះ​បើ​និយាយ​ការ​ពិត​យើង​មិន​តូច​ចិត្ត​ទេ ប៉ុន្តែ​និយាយ​ខុស​ការពិត បំភ្លៃ បំផ្លើស​ការពិត​ថែម​ទៅ​ទៀត»

នៅ​ថ្ងៃ​ទី​២៧ មិថុនា ដែល​ជា​ថ្ងៃ​ទី​មួយ​នៃ​យុទ្ធនា​ឃោសនា​បោះឆ្នោត គេ​ឃើញ​មានវត្តមាន​លោក អ៊ូ ប៊ុនរ៉ាត់ ហៅ នាយ​ក្រឹម និង​សិល្បករ សិល្បការិនី​ជា​ច្រើន​រូប​ផ្សេង​ទៀត បាន​ចូល​រួម​ក្នុង​ក្បួន​ឃោសនា​រក​សំឡេង​ឆ្នោត​របស់​គណបក្ស​ប្រជាជន​កម្ពុជា ក្នុង​រាជធានី​ភ្នំពេញ។

តារា​កំប្លែង​លោក អ៊ូ ប៊ុនរ៉ាត់ ហៅ នាយ​ក្រឹម មាន​ប្រសាសន៍​នៅ​ថ្ងៃ​ទី​៣០ មិថុនា ថា លោក​និង​តារា​ផ្សេង​ទៀត​មាន​ភាព​មមាញឹក​ច្រើន​ក្នុង​ពេល​យុទ្ធនាការ​បោះឆ្នោត​នេះ។ លោក​ជា​បុគ្គលិក​ពេញ​សិទ្ធិ​ម្នាក់​របស់​ស្ថានីយ​ទូរទស្សន៍​បាយ័ន និង​បាន​គាំទ្រ​គណបក្ស​ប្រជាជន​កម្ពុជា តាំង​ពី​ឆ្នាំ​១៩៩៣ មក ហើយ​នៅ​ក្នុង​យុទ្ធនាការ​លើក​នេះ លោក​មាន​គម្រោង​ចេញ​សំដែង​រក​សំឡេង​ឆ្នោត​ចំនួន ១៥​លើក៖ «អូ! រឿង​ថវិកា​វិញ គឺ​អត់​មាន​ទេ គេ​ផ្ដល់​នូវ​សម្ភារៈ​អី​ឲ្យ​យើង​តុបតែង​ឡាន​អី​ហ្នឹង​ណា៎។ ឡានៗ​ដែល​ខ្ញុំ​រៀបចំ​ហ្នឹង ខាង​សាលាក្រុង​ឲ្យ​ខ្ញុំ​អ្នក​រៀបចំ​ឡាន​ក្បួន​ហែ​សម្រាប់​ក្រុម»

ប្រធាន​សមាគម​អ្នក​សិល្បករ​ខ្មែរ លោក សុះ ម៉ាច មាន​ប្រសាសន៍​ថា ការ​គាំទ្រ​គណបក្ស​នយោបាយ​ណា​មួយ​គឺ​ជា​សិទ្ធិ​សេរីភាព​របស់​សិល្បករ​ម្នាក់ៗ ក៏​ប៉ុន្តែ​ក្នុង​នាម​លោក​ជា​ប្រធាន​សមាគម​សុំ​អំពាវនាវ​ដល់​សិល្បករ សិល្បការិនី ជា​ពិសេស​សិល្បករ​ដែល​ជា​សមាជិក​របស់​សមាគម​ជាង ៤០០​នាក់ កុំ​យក​អាជីព និង​ប្រជាប្រិយភាព​របស់​ខ្លួន​ទៅ​វាយ​ប្រហារ​គណបក្ស​ដទៃ​នាំ​ឲ្យ​មាន​បញ្ហា​ទៅ​ថ្ងៃ​ក្រោយ៖ «វាយ​ប្រហារ​គេ​អ៊ីចឹង​ទៅ​ធ្វើ​ឲ្យ​គណបក្ស​មួយ​ចំនួន​គាត់​មិន​សប្បាយ​ចិត្ត ជួន​កាល​គណបក្ស​ខ្លះ​មាន​ឥទ្ធិពល​នៅ​ក្នុង​សង្គម​អ៊ីចឹង​ទៅ ក៏​អាច​ធ្វើ​ឲ្យ​ប៉ះពាល់​ដល់​អាជីព​របស់​គាត់ អត់​មាន​អ្នក​ណា​ហ៊ាន​ហៅ​ពួកគាត់​ឡើង​សម្ដែង​នៅ​ក្នុង​កម្មវិធី​ទូរទស្សន៍»

លោក​បន្ត​ថា ការ​គាំទ្រ​និង​បញ្ចេញ​សកម្មភាព​គាំទ្រ​ទៅ​លើ​គណបក្ស​ណា​មួយ​គឺ​មិន​ខុស​លក្ខន្តិកៈ​របស់​សមាគម ឬ​ច្បាប់​ជាតិ​ឡើយ ក៏ប៉ុន្តែ​អ្នក​សិល្បៈ​គួរ​តែ​នៅ​ជា​អាជ្ញាកណ្ដាល និង​យក​ចិត្ត​ទុកដាក់​ខ្ពស់​ទៅ​លើ​ការ​ផ្ដល់​ការ​អប់រំ​ដល់​មហាជន​ទៅ​វិញ​ទើប​ល្អ។

ទាក់​ទង​នឹង​បញ្ហា​នេះ អ្នក​ស្រាវជ្រាវ​ផ្នែក​ការ​អភិវឌ្ឍន៍​សង្គម លោក កែម ឡី មាន​ប្រសាសន៍​ថា យុទ្ធសាស្ត្រ​យក​អ្នក​សិល្បៈ​មក​ចូល​រួម​ធ្វើ​ការ​ឃោសនា​ពុំ​សូវ​មាន​ប្រសិទ្ធភាព​ខ្លាំង​​នោះ​ទេ ដោយ​សារ​ភាគ​ច្រើន​នៃ​សិល្បករ​ទាំង​នោះ​មិន​មែន​ជា​សិល្បករ​អាជីព៖ «ព្រោះ​នៅ​ស្រុក​គេ​សិល្បករ សិល្បការិនី​សុទ្ធ​តែ​ជា​សិល្បៈ​អាជីព​ដែល​មាន​ការ​សិក្សា មាន​ការ​បណ្ដុះបណ្ដាល​ត្រឹមត្រូវ យ៉ាង​ហោច​ណាស់​ក៏​គេ​ទទួល​បាន​ការសិក្សា​ជាប់​បរិញ្ញាបត្រ ខ្លះ​រហូត​ដល់​អនុបណ្ឌិត បណ្ឌិត​ទៅ​ទៀត»

លោក​បញ្ជាក់​ថា សារ​នយោបាយ​តាម​រយៈ​សិល្បករ​ដែល​មាន​ឥទ្ធិពល​ស៊ីជម្រៅ​ទាល់​តែ​និយាយ​ការ​ពិត​ស្ថិត​នៅ​ក្នុង​អព្យាក្រឹត និង​មាន​ភស្តុតាង​ជាក់​ស្ដែង បើ​មិន​ដូច​ច្នោះ​ទេ​វា​នឹង​ធ្វើ​ឲ្យ​បាត់​បង់​សំឡេង​គាំទ្រ​របស់​គណបក្ស​នោះ​ទៅ​វិញ៕

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។