ACU ​គ្រោង​បើក​ឯកសារ​ប្រកាស​ទ្រព្យ​សម្បត្តិ​របស់​លោក កឹម សុខា

0:00 / 0:00

អង្គភាព​ប្រឆាំង​អំពើ​រលួយ ហៅ​កាត់​ថា អេ.ស៊ី.យូ (ACU) សម្រេច​ទទួល​យក​ពាក្យ​បណ្ដឹង​របស់​ក្រុម​យុវជន​មួយ​ក្រុម​ដែល​អះអាង​ថា​ជា​និស្សិត ករណី​ខ្សែអាត់​សំឡេង​លេច​ធ្លាយ យក​មក​ស៊ើបអង្កេត។ ACU ក៏​គ្រោង​បើក​ឯកសារ​ប្រកាស​ទ្រព្យសម្បត្តិ​របស់​លោក កឹម សុខា មក​ពិនិត្យ​ផ្ទៀងផ្ទាត់​ឡើង​វិញ។ ​ក៏ប៉ុន្តែ​អ្នក​តាន​ដាន​ស្ថានការណ៍​សង្គម​រិះគន់​ចំពោះ​ចំណាត់ការ​របស់ ACU នៅ​ពេល​នេះ។

​ប្រធាន​អង្គភាព​ប្រឆាំង​អំពើ​ពុករលួយ លោក ឱម យ៉ិនទៀង មាន​ប្រសាសន៍​ថា អង្គភាព​របស់​លោក​នឹង​ស៊ើប​អង្កេត​ការ​លេច​ធ្លាយ​ខ្សែអាត់​ដែល​លោក​អះអាង​ថា ជា​សំឡេង​សន្ទនា​របស់​​លោក កឹម សុខា ដើម្បី​ផ្ទៀងផ្ទាត់​ពី​ប្រភព​ថវិកា​របស់​លោក កឹម សុខា ដែល​ត្រូវ​គេ​បញ្ជាក់​ថា យក​ទៅ​ទិញ​ដី និង​ផ្ទះ ឲ្យ​ស្រី​កំណាន់។

​ថ្លែង​ក្នុង​ពេល​ធ្វើ​បទ​បង្ហាញ​លទ្ធផល​នៃ​ការ​ធ្វើ​កោសល្យវិច្ច័យ​សំឡេង​ក្នុង​ខ្សែអាត់​ដែល​គេ​បង្ហោះ​លើ​ទំព័រ​ហ្វេសប៊ុក (Facebook) នៅ​ថ្ងៃ​ទី​២៤ ខែ​មីនា លោក ឱម យ៉ិនទៀង និយាយ​បែប​ចំអក​ថា យុទ្ធសាស្ត្រ "ម៣" គឺ​មិន​ឆ្លើយ មិន​ឆ្លង មិន​ឈ្លោះ របស់​លោក កឹម សុខា និង​គណបក្ស​សង្គ្រោះ​ជាតិ បង្ហាញ​ថា ខ្សែអាត់​សំឡេង​ពិត​ជា​របស់​លោក កឹម សុខា ប្រាកដ​មែន។

​លោក ឱម យ៉ិនទៀង ថ្លែង​ថា ដើម្បី​ស្វែង​រក​ប្រភព​ថវិកា​របស់​លោក កឹម សុខា ដែល​ទិញ​ទ្រព្យសម្បត្តិ ដី និង​ផ្ទះ ឲ្យ​ស្រី​កំណាន់ ប្រធាន​អង្គភាព​ប្រឆាំង​អំពើ​ពុករលួយ​រូប​នេះ សម្រេច​បើក​កញ្ចប់​ឯកសារ​ប្រកាស​ទ្រព្យសម្បត្តិ​របស់​លោក កឹម សុខា និង​ស្នើ​ឲ្យ​លោក កឹម សុខា ប្រកាស​ទ្រព្យ​សម្បត្តិ​សា​ជា​ថ្មី​ដើម្បី​ផ្ទៀងផ្ទាត់៖ « អ្នក​ឯង​ចង់​ដុត​ឲ្យ​ខ្លោច ដាក់​មក​ថែម​ទៀត​មក ជេរ​យើង​ខ្ញុំ​មក ដើម្បី​ឲ្យ​ក្តៅ​ម៉ាស៊ីន ធ្វើ​រឿង កឹម សុខា កាន់​តែ​ខ្លាំង។ តែ​ប៉ុណ្ណឹង​តើ ! អ្នក​ឯង​ចង់​ជួយ អ្នក​ឯង​ច្របាច់​ក ធ្វើ​ទៅ ! យើង​ ខ្ញុំ​គោរព ​ទាំងអស់ អភ័យ​ឯកសិទ្ធិ។ យើង​ខ្ញុំ​មិន​ឆ្លង​លើស​ទេ​របង​ហ្នឹង ។ ពីណា​គោរព​ច្បាប់​ជាង​យើង​ខ្ញុំ​ទៀត »

​ទោះ​បី​ជា​យ៉ាង​ណា ប្រធាន​ការិយាល័យ​មេធាវី​ក្រុម​អ្នក​ច្បាប់​អមរិន្ទ្រ លោក​មេធាវី សុក សំអឿន គូស​បញ្ជាក់​ថា ខ្សែអាត់​សំឡេង​លេច​ធ្លាយ​ដែល​អង្គភាព​ប្រឆាំង​អំពើ​ពុករលួយ​យក​ធ្វើ​ជា​ភស្តុតាង​ស៊ើប​អង្កេត បាន​យក​ដោយ​មិន​ស្រប​ច្បាប់ ដោយសារ​ការ​លួច​ថត​សំឡេង​សន្ទនា​របស់​អ្នក​ដទៃ។ លោក​បន្ត​ថា អង្គភាព​ប្រឆាំង​អំពើ​ពុករលួយ គួរ​ស្វែង​រក​ភស្តុតាង​ឲ្យ​រឹងមាំ​ជា​មុន​សិន ថា​តើ​លោក កឹម សុខា ពិតជា​បាន​ទិញ​ដី ផ្ទះ ឬ​ទ្រព្យ​សម្បត្តិ​ផ្សេង​ទៀត ដូច​ដែល​បញ្ជាក់​នៅ​ក្នុង​ខ្សែអាត់​លេច​ធ្លាយ ឬ​យ៉ាង​ណា៖ « បើ​យោង​តាម​ប្រទេស​គេ​ធំៗ ប្រទេស​យើង​កាល​អ៊ុនតាក់ ( UNTAC ) ក៏​និយាយ​ដែរ។ ឧទាហរណ៍​ថា ការ​ចូល​ឆែកឆេរ​ដោយ​ខុស​ច្បាប់ ទោះ​បី​ជា​ឃើញ​កាំភ្លើង ឃើញ​ អាភៀន​ក៏ ដោយ ក៏​មិន​អាច​ យក​វា​ ធ្វើ​ភស្តុតាង​សម្រាប់​ចោទ​ប្រកាន់​ទេ។ មិន​មែន​ធ្វើ​កោសល្យវិច័យ​ឃើញ​អាភៀន ប្រើ​ជា​ ភស្តុតាង​ចោទ ​ប្រកាន់​បាន​ទេ។ យើង​មិន​អាច​ឲ្យ​ការ​ប្រមូល​ការ​ឆែកឆេរ​ខុស​ច្បាប់ កើត​មាន​ត​ទៅ​ទៀត​ទេ »

​សម្រាប់​ប្រធាន​វេទិកា​អនាគត លោក អ៊ូ វីរៈ វិញ លោក​មិន​ភ្ញាក់ផ្អើល​នឹង​ការ​សម្រេច​របស់​អង្គភាព​ប្រឆាំង​អំពើ​រលួយ ចាត់​ការ​ពាក្យ​បណ្ដឹង​របស់​ក្រុម​យុវជន​នៅ​ពេល​នេះ​ទេ ដោយសារ​លោក​យល់​ថា សំណុំ​រឿង​នេះ​ជា​ឧបករណ៍​នយោបាយ​របស់​គណបក្ស​កាន់​អំណាច ដើម្បី​បង្វែរ​ស្ថានការណ៍​មិន​ឲ្យ​ប្រជាពលរដ្ឋ​ចាប់​អារម្មណ៍​បញ្ហា​ជាតិ​ធំៗ ដែល​រដ្ឋាភិបាល​បរាជ័យ​មិន​ទាន់​ដោះស្រាយ​បាន ដូចជា​ការ​កាប់​បំផ្លាញ​ព្រៃឈើ។ លោក​ថា ការ​អនុវត្ត​របស់​អង្គភាព​ប្រឆាំង​អំពើ​ពុករលួយ ក៏​មិន​ស្មើភាព​គ្នា៖ « ក្នុង​ ករណី​ឧទាហរណ៍ ​យើង​ចោទ​ថា ឲ្យ​តែ​នរណា​មាន​លុយ សន្យា​ឲ្យ ( លុយ ) ទៅ​នរណា​គេ​ផ្សេង ជា​ប្រភព​នៃ​អំពើ​ពុក​រលួយ មូលហេតុ​នេះ​មិន​សម​ហេតុផល ។ ចុះ​មន្ត្រី​បើក​ឡាន​ធំៗ ម៉េច​មិន​បើក​សំណុំ​រឿង​ស៊ើប​អង្កេត​ទាំងអស់​គ្នា​ទៅ ? ព្រោះ​មន្ត្រី​ហ្នឹង​ សុទ្ធតែ​ជិះ​ឡាន​ថ្លៃៗ គាត់​មាន​លុយ​ច្រើន ចូល​ទៅ​ខារ៉ាអូខេ គាត់​មាន​ស្រី​ញី។ សំណួរ​សួរ ​ថា គាត់​បាន​លុយ​មក​ពីណា ? គាត់​ពុក​រលួយ។ ម៉េច​មិន​បើក​ការ​ស៊ើប​អង្កេត

​តំណាង​ក្រុម​យុវជន លោក ស្រី ចំរើន ដែល​ដាក់​បណ្ដឹង​ទាមទារ​ឲ្យ​អង្គភាព​ប្រឆាំង​អំពើ​ពុករលួយ​ស៊ើប​អង្កេត​ករណី​ទិញ​ទ្រព្យ​សម្បត្តិ​ឲ្យ​ស្រី​កំណាន់​របស់​លោក កឹម សុខា នៅ​តែ​ទទូច​ឲ្យ​លោក កឹម សុខា ចេញ​មុខ​បកស្រាយ​ពី​ខ្សែអាត់​ដែល​លេច​ធ្លាយ​នេះ។ ទាក់ទង​នឹង​រឿង​នេះ​ដែរ អ្នក​នាំ​ពាក្យ​គណបក្ស​សង្គ្រោះ​ជាតិ លោក យឹម សុវណ្ណ បដិសេធ​មិន​អត្ថាធិប្បាយ​អ្វី​ទាំង​អស់ ដោយ​លោក​លើក​ឡើង​ថា បញ្ហា​ដែល​មិន​ពាក់ព័ន្ធ​នឹង​ផលប្រយោជន៍​របស់​ជាតិ លោក​មិន​ឆ្លើយតប​នោះ​ទេ៕

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖

ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។