ថ្លែងនៅក្នុងពិធីជួបជុំសមាជិកគាំទ្រគណបក្សសង្គ្រោះជាតិ រាប់ពាន់នាក់នាបរិវេណទីលានបាល់ទាត់ក្រុងព្រៃវែង ខេត្តព្រៃវែង ព្រឹកថ្ងៃទី២៥ ខែមិថុនា លោក យ៉ែម បុញ្ញឫទ្ធិ មន្ត្រីនាំពាក្យគណបក្សសង្គ្រោះជាតិ បានអះអាងថា បើតុលាការខេត្តព្រៃវែង ពិតជាចោទប្រកាន់លោក កឹម សុខា ទៅតាមបណ្ដឹងរបស់ស្ត្រីឈ្មោះ សំ ផល្លា តាមការចោទមែននោះ នោះប្រជាពលរដ្ឋខេត្តព្រៃវែង រាប់ពាន់នាក់ត្រៀមធ្វើសាក្សីឆ្លើយបំភ្លឺចំពោះមុខតុលាការ។
លោកឲ្យដឹងថា មានប្រជាពលរដ្ឋរាប់ពាន់នាក់បានផ្ដិតស្នាមមេដៃត្រៀមឲ្យធ្វើសាក្សីជូនលោក កឹម សុខា ជាស្រេច៖ «ចោទប្រកាន់ទៅលើឯកឧត្ដម កឹម សុខា ប្រជាពលរដ្ឋមិនសុខចិត្ត គាត់ទាមទារឲ្យពួកយើងខ្ញុំរៀបចំកម្មវិធីមួយ ដើម្បីឲ្យគាត់ឡើងសម្ដែងមតិយោបល់ ហើយពួកគាត់នឹងស្ម័គ្រចិត្តធ្វើជាសាក្សីការពារឯកឧត្ដម កឹម សុខា គឺគាត់ស្ម័គ្រចិត្តធ្វើជាសាក្សី ហើយគាត់នឹងប្រគល់ឈ្មោះ និងស្នាមមេដៃនៅពេលក្រោយ...»។
កាលពីថ្ងៃទី១៣ ខែមិថុនា គណបក្សសង្គ្រោះជាតិ បានរៀបចំពិធីជួបជុំសមាជិកគាំទ្រមួយនៅខេត្តព្រៃវែង ដោយនៅក្នុងពិធីនោះ មានស្ត្រីឈ្មោះ សំ ផល្លា ត្រូវជាម្ដាយរបស់ស្ត្រីឈ្មោះ កែវ សុផានារី ដែលអះអាងថា ជាអតីតស្រីកំណាន់លោក កឹម សុខា បានចូលរំខានវេទិកាជួបជុំ និងបានចោទអង្គរក្សរបស់លោកថា បានប្រើអំពើហិង្សាឲ្យស្ត្រីឈ្មោះ សំ ផល្លា រងរបួសបញ្ជូនទៅមន្ទីរពេទ្យកាល់ម៉ែត ដោយមានគ្រូពេទ្យ និងសមាជិកគណបក្សប្រជាជនជួយទំនុកបម្រុងបំផុត។
ទោះយ៉ាងណាការចោទនេះ លោក កឹម សុខា និងអង្គរក្ស បានបដិសេធថា ជាការមួលបង្កាច់បង្ខូចកេរ្តិ៍ឈ្មោះ ហើយអះអាងថា ស្ត្រីពីរនាក់នោះមិនបានចូលមកក្បែរពិធីជួបជុំរបស់បក្សសង្គ្រោះជាតិទេ ព្រោះត្រូវសន្តិសុខហាមឃាត់។ ជាងនេះទៅទៀត នៅថ្ងៃទី១៣ ខែមិថុនា ក៏មិនមានការប្រតាយប្រតប់អ្វីដែរ៖ «បង្ខូចបង្កាច់អត់មានអីសោះហ្នឹងណា! វាដើរ វាចេញទៅវិញ ហើយអង្គរក្សអត់មានទៅជិតវាផង។ ខ្ញុំយល់ឃើញថា ពេលវេលាបោះឆ្នោតជិតដល់ហើយ គេចេះតែបង្កើតកកូរកកាយ បង្កើតរឿង ប្រឌិតរឿង។ អត់ឈប់ឈរ អស់ពីរឿងមួយដល់រឿងមួយទាំងអស់»។
វិទ្យុអាស៊ីសេរី មិនអាចទាក់ទងមន្ត្រីតុលាការខេត្តព្រៃវែង និងដើមបណ្ដឹងអ្នកស្រី សំ ផល្លា ដើម្បីបំភ្លឺចំពោះបណ្ដឹងចោទប្រកាន់លោក កឹម សុខា បានទេ នៅរសៀលថ្ងៃទី២៥ ខែមិថុនា។ ប៉ុន្តែកាលពីថ្ងៃទី១៧ ខែមិថុនា មន្ត្រីតុលាការសាលាដំបូងខេត្តព្រៃវែង សុំមិនប្រាប់ឈ្មោះម្នាក់បានឲ្យវិទ្យុអាស៊ីសេរី ដឹងថា សំណុំរឿងប្រើហិង្សាទៅលើស្ត្រីឈ្មោះ សំ ផល្លា បានមកដល់ដៃតុលាការហើយ ហើយថា សំណុំរឿងនោះ ដើមបណ្ដឹងប្ដឹងថា អង្គរក្សលោក កឹម សុខា បង្កហិង្សាទៅលើខ្លួន។
យ៉ាងណាក៏ដោយ តុលាការមិនទាន់កំណត់ថា នឹងកោះហៅដើមចោទ និងចុងចម្លើយ ដើម្បីសាកសួរនៅពេលណាឲ្យពិតប្រាកដទេ។
ថ្លែងនៅក្នុងពិធីជួបជុំសមាជិកគាំទ្ររបស់គណបក្សសង្គ្រោះជាតិ ព្រឹកថ្ងៃទី២៥ ខែមិថុនា ក្រុមប្រជាពលរដ្ឋបានប្តេជ្ញាថា នឹងចូលខ្លួនធ្វើជាសាក្សីជូនលោក កឹម សុខា បើតុលាការចោទប្រកាន់រូបលោក៖ «សូមឲ្យបងប្អូនខេត្តព្រៃវែង នៅថ្ងៃសវនាការ សូមបងប្អូនទាំងអស់ជួយធ្វើសាក្សីជូនឯកឧត្ដម កឹម សុខា ឬអត់ហ៊ានធ្វើសាក្សីទេ។ ហ៊ានធ្វើសាក្សីច្រើនពាន់ម៉ឺននាក់ រហូតដល់រាប់សែននាក់»។
ប្រធានសាលាដំបូងខេត្តព្រៃវែង លោក សុខ កល្យាណ ត្រូវបានកាសែតក្នុងស្រុកដកស្រង់សម្ដីមកថា ករណីប្រើប្រាស់ហិង្សាលើស្ត្រីឈ្មោះ សំ ផល្លា ជាករណីព្រហ្មទណ្ឌ។ លោកបន្តថា ប្រសិនបើតុលាការរកឃើញថា លោក កឹម សុខា បានប្រើអង្គរក្សវាយលើស្ត្រីនោះមែន លោក កឹម សុខា អាចជាប់ពន្ធនាគាររយៈពេលពីមួយឆ្នាំទៅ ៣ឆ្នាំ។
ទោះយ៉ាងណា លោក យ៉ែម បុញ្ញឫទ្ធិ បានអះអាងថា រូបលោកក៏ស្ថិតនៅវេទិកានោះដែរ នៅគ្រាស្ត្រីពីរនាក់នោះមានបំណងចូលរំខានវេទិកាជួបជុំសកម្មជនគាំទ្របក្សសង្គ្រោះជាតិ។ ហើយលោកអះអាងថា នៅថ្ងៃទី១៣ ខែមិថុនា នោះ ក៏មិនកើតរឿងប្រតាយប្រតប់អ្វីទៅលើស្ត្រីឈ្មោះ សំ ផល្លា ដែលមានបំណងចូលមកឆាឆៅក្នុងវេទិកានោះដែរ៕
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។
