គណៈកម្មាធិការអចិន្ត្រៃយ៍រដ្ឋសភា សម្រេចបញ្ជូនសំណើកែប្រែច្បាប់បោះឆ្នោតតាមការស្នើសុំរបស់តំណាងរាស្ត្របក្សប្រឆាំង ទៅគណៈកម្មការជំនាញដែលជាគណៈកម្មការនីតិកម្មដើម្បីពិនិត្យ។ ការបញ្ជូននេះ នៅក្រោយពេលគណៈកម្មាធិការអចិន្ត្រៃយ៍រដ្ឋសភា បើកកិច្ចប្រជុំព្រឹកថ្ងៃទី២១ សីហា នៅរដ្ឋសភា។
អ្នកនាំពាក្យរដ្ឋសភា លោក ឡេង ប៉េងឡុង ឲ្យដឹងថា តាមនីតិវិធីនៅពេលគណៈកម្មការជំនាញពិនិត្យរួចហើយ នឹងប្រគល់មកគណៈកម្មាធិការអចិន្ត្រៃយ៍រដ្ឋសភាវិញ ដើម្បីសម្រេចថានឹងបញ្ជូនទៅជជែកបន្តទៅសភាពេញអង្គ ឬទម្លាក់ចោលត្រឹមគណៈកម្មាធិការអចិន្ត្រៃយ៍រដ្ឋសភា។
កាលពីពេលថ្មីៗនេះ សមាជិករដ្ឋសភាមកពីគណបក្សសង្គ្រោះជាតិ ចង់ឲ្យពលរដ្ឋខ្មែរនៅក្រៅប្រទេសអាចចុះឈ្មោះបោះឆ្នោត និងបោះឆ្នោតបាននៅប្រទេសដែលខ្លួនកំពុងស្នាក់នៅ និងធ្វើការ។ ប៉ុន្តែច្បាប់បោះឆ្នោតបច្ចុប្បន្នមិនបានអនុញ្ញាតឲ្យពលរដ្ឋខ្មែរនៅក្រៅប្រទេសអាចបោះឆ្នោតបានទេ។
តំណាងរាស្ត្របក្សប្រឆាំង ក៏សម្រេចស្នើកែប្រែច្បាប់បោះឆ្នោតនេះ ដើម្បីសម្រួលដល់ពលរដ្ឋខ្មែរទាំងនោះ៕
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖
ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។