ស្ថានភាពនយោបាយនៅកម្ពុជា កំពុងស្ថិតនៅក្នុងភាពចម្រូងចម្រាសរវាងគណបក្សជាប់ឆ្នោតទាំងពីរដែលអ្នកជំនាញខាងវិទ្យាសាស្ត្រនយោបាយ និងសហគមន៍អន្តរជាតិមើលឃើញថា កម្ពុជា កំពុងតែមានវិបត្តិនយោបាយ និងវិបត្តិសង្គមធ្ងន់ធ្ងរ ដូចជា ការបិទសិទ្ធិសេរីភាព ការរំលោភសិទ្ធិមនុស្ស និងអំពាវនាវឲ្យរដ្ឋាភិបាលឈប់ធ្វើទុក្ខបុកម្នេញអ្នកការពារសិទ្ធិមនុស្ស មន្ត្រីបក្សប្រឆាំង និងងាកមករកតុចរចាជាបន្ទាន់ ដើម្បីឲ្យស្ថានការណ៍នយោបាយវិលទៅរកភាពប្រក្រតីឡើងវិញ។ ក៏ប៉ុន្តែខាងគណបក្សកាន់អំណាចបែរជាអះអាងថា កម្ពុជា មានស្ថិរភាពនយោបាយធម្មតា និងគ្មានវិបត្តិអ្វីកើតឡើងទេ។
ការបកស្រាយអំពីស្ថានភាពនយោបាយនៅកម្ពុជា ពេលបច្ចុប្បន្ននេះ ផ្សេងៗពីគ្នារវាងគណបក្សជាប់ឆ្នោតទាំងពីរ។ គណបក្សកាន់អំណាចលើកឡើងថា នយោបាយកម្ពុជា មិនស្ថិតនៅក្នុងស្ថានភាពគ្រោះថ្នាក់នោះទេ រីឯបក្សប្រឆាំងវិញចង់ឲ្យគណបក្សប្រជាជនកម្ពុជា ងាកមករកតុចរចាដើម្បីឲ្យស្ថានការណ៍នយោបាយវិលមករកភាពប្រក្រតីឡើងវិញ។
អ្នកនាំពាក្យគណបក្សប្រជាជនកម្ពុជា លោក សុខ ឥសាន លើកឡើងនៅក្នុងវេទិកាអ្នកស្ដាប់វិទ្យុអាស៊ីសេរី កាលពីរាត្រីថ្ងៃទី២១ ខែមិថុនា ថា ប្រទេសកម្ពុជា មានសន្តិភាពដែលមិនជំរុញឲ្យប្រទេសនេះស្ថិតនៅក្នុងភាពវឹកវរ ឬមានសង្គ្រាមអ្វីកើតឡើងនោះទេ។ លោកបញ្ជាក់ថា រាល់បញ្ហាវិវឌ្ឍន៍ចុងក្រោយរហូតជំរុញឲ្យតំណាងរាស្ត្រគណបក្សសង្គ្រោះជាតិ បោះបង់ ឬពហិការមិនចូលប្រជុំសភានេះ គឺកើតឡើងមកពីរឿងបុគ្គលមួយចំនួនរបស់តំណាងរាស្ត្រគណបក្សសង្គ្រោះជាតិ តែប៉ុណ្ណោះ៖ «របបប្រជាធិបតេយ្យសេរីពហុបក្សវាតែងតែកើតមាននូវបដិវាទកម្មរវាងមតិ និងមតិ វាអត់មានធ្លាក់ទៅដល់សភាពការណ៍ជាប់គាំងនយោបាយ ឬស្ថានភាពក្ដៅអីទេ ស្ថានការណ៍សព្វថ្ងៃនេះ ជាស្ថានការណ៍ឆ្លុះបញ្ចាំងពីសភាពការណ៍សិប្បនិមិត្ត»។
ទោះបីជាមានការអះអាងបែបនេះក្ដី ប្រធានក្រុមតំណាងរាស្ត្រគណបក្សសង្គ្រោះជាតិ លោក សុន ឆ័យ ឆ្លើយតបវិញថា ស្ថានការណ៍នយោបាយនៅកម្ពុជា កំពុងស្ថិតនៅក្នុងភាពជាប់គាំង និងមានអស្ថិរភាពនយោបាយដែលរដ្ឋាភិបាលដឹកនាំប្រទេសមានបញ្ហាជាច្រើននៅក្នុងសង្គម ដូចជាការចាប់ចងមន្ត្រីសិទ្ធិមនុស្ស មន្ត្រីបក្សប្រឆាំង និងការរំលោភសិទ្ធិមនុស្សជាដើម៖ «ពាក្យសន្តិភាពមិនមែនឋិតនៅលើបបូរមាត់នោះទេ ពាក្យអង់គ្លេសថា No Peace without justice គឺថា ក្នុងសង្គមដោយមិនមានសន្តិភាព ដោយមិនមានយុត្តិធម៌នោះទេ យុត្តិធម៌សំខាន់ណាស់។ ឯកឧត្ដមអាចនិយាយតាមចិត្តថា ឥឡូវល្អណាស់ តុលាការកាត់ទោសហ្នឹង ធ្វើឲ្យគណបក្សឯកឧត្ដមពេញចិត្តណាស់ តែប្រជាពលរដ្ឋគេមិនក្ដៅក្រហាយ ការដែលរំលោភបំពានដីធ្លីប្រជាពលរដ្ឋ ការបិទសិទ្ធិពលរដ្ឋនេះ មិនមែនសន្តិភាពទេ»។

ទោះបីជាយ៉ាងណាក៏ដោយ ស្ថានការណ៍នយោបាយនៅកម្ពុជា នៅពេលបច្ចុប្បន្ន ត្រូវបានអ្នកវិភាគលើកឡើងថា កំពុងវិលទៅរកដូចកាលពីមុនថ្ងៃទី២២ កក្កដា ឆ្នាំ២០១៤ នៅមុនពេលគណបក្សទាំងពីរបានបញ្ចប់ជម្លោះនយោបាយក្រោយពេលបោះឆ្នោតនោះ។ ក៏ប៉ុន្តែសន្តិភាពការបញ្ឈប់ចាប់ចងបានប្រមាណ ១ឆ្នាំ បន្ទាប់ពីគណបក្សទាំងពីរបានចាប់ដៃគ្នាធ្វើកំណែទម្រង់ស្ថាប័ននីតិប្បញ្ញត្តិ និង គ.ជ.ប តាមយន្តការប្រើប្រាស់វប្បធម៌សន្ទនា។
មិនយូរប៉ុន្មានការចាប់ចងរើឡើងវិញ ដោយគណបក្សកាន់អំណាចហាក់ដាក់វប្បធម៌សន្ទនាមួយឡែកសិន ទោះបីជាគណបក្សប្រឆាំងស្វះស្វែងរកគ្រប់មធ្យោបាយចង់ជួបចរចាគ្នាក្ដី។ អ្នកវិភាគពន្យល់ថា ស្ថានភាពនយោបាយសព្វថ្ងៃនេះមិនឆ្លុះបញ្ចាំងពីកម្ពុជា ជាប្រជាទេសមានសន្តិភាពនោះទេ។
អ្នកឃ្លាំមើលផ្នែកអភិវឌ្ឍន៍សង្គម លោកបណ្ឌិត មាស នី មានប្រសាសន៍ថា ពាក្យថា សន្តិភាពមិនមែនមានន័យថា ប្រទេសនោះគ្មានសង្គ្រាម គ្មានការបង្ហូរឈាមនោះទេ។ លោកបញ្ជាក់ថា សន្តិភាពគឺរដ្ឋត្រូវធានាឲ្យសង្គមទាំងមូល ប្រជាពលរដ្ឋត្រូវមានសន្តិភាពទាំងផ្លូវកាយ និងផ្លូវចិត្ត តែបច្ចុប្បន្ននេះប្រជាពលរដ្ឋគ្មានសន្តិភាពផ្លូវចិត្តនោះឡើយ សិទ្ធិប្រជាពលរដ្ឋមួយចំនួនត្រូវបានបាត់បង់ ដូចជាសិទ្ធិជួបជុំ សិទ្ធិកាន់កាប់ដីធ្លី ផ្ទះសម្បែង និងបញ្ហាមួយចំនួនទៀត។
លោក មាស នី សង្កត់ធ្ងន់ថា មេដឹកនាំដែលធ្លាប់ជាកងកម្លាំង និងមានជំនាញខាងសង្គ្រាម នៅពេលប្រទេសគ្មានឮស្នូរកាំភ្លើង គេចាត់ទុកថា ប្រទេសនោះមានសន្តិភាពហើយ៖ «ការអនុវត្តក្នុងប្រទេស ក្នុងរបបផ្ដាច់ការមានការបណ្ដេញចេញ មានអយុត្តិធម៌សង្គម មានការរំលោភសិទ្ធិមនុស្ស គេមិនចាត់ទុកថា ជាសន្តិភាពទេ អ៊ីចឹងពួកអ្នកមានជំនាញខាងទាហានហ្នឹងគេឲ្យនិយមន័យសន្តិភាពបានត្រឹមតែបាត់ស្នូរកាំភ្លើងហ្នឹងទេ តែគុណតម្លៃនៃសន្តិភាពមិនមែនតែត្រឹមបាត់ឮស្នូរកាំភ្លើងទេ គឺត្រូវបញ្ឈប់ទាំងការជិះជាន់ អំពើអយុត្តិធម៌ផ្សេងៗ បំបាត់នូវការបែងចែកលាបពណ៌»។
បន្ថែមពីនេះទៀត លោកមេធាវី សុក សំអឿន បានសរសេរនៅលើហ្វេសប៊ុក (Facebook) របស់លោកពន្យល់ថា សន្តិភាពមិនមែនគ្រាន់តែគ្មានសង្គ្រាមនោះទេ។ លោកបានលើកពីសម័យ ប៉ុល ពត ពិតមែនតែមិនមានសង្គ្រាម ប៉ុន្តែខ្មែរនៅចាត់ទុកខ្មែរគ្នាឯងជាខ្មាំង ជាអមិត្ត សម្លាប់ប្រជារាស្ត្រឯង ចោទថា ជាខ្មាំងចាប់យកទៅដាក់គុក គ្រាន់តែឃើញឈ្លបដើរញាក់សាច់ សួរថាបើបែបនេះចាត់ថា មានសន្តិភាពបានដែរទេ?
ទាក់ទងនឹងបញ្ហានេះ សភាសហភាពអឺរ៉ុបកាលពីថ្ងៃទី៩ ខែមិថុនា បានចេញសេចក្ដីថ្លែងការណ៍ទាមទារឲ្យអាជ្ញាធរកម្ពុជា បញ្ឈប់ការចេញដីកាតាមចាប់ខ្លួន និងទម្លាក់ចោលបទចោទប្រកាន់នានា លើប្រធានគណបក្សសង្គ្រោះជាតិ លោក សម រង្ស៊ី និងមន្ត្រីបក្សប្រឆាំង ព្រមទាំងឲ្យដោះលែងជាបន្ទាន់នូវសកម្មជនការពារសិទ្ធិមនុស្ស និង មន្ត្រី គ.ជ.ប កំពុងជាប់ឃុំឲ្យមានសេរីភាព។
សភាសហភាពអឺរ៉ុបក៏ទាមទារឲ្យរដ្ឋាភិបាលគោរពសិទ្ធិសេរីភាពរបស់អ្នកនយោបាយ សកម្មជនបក្សប្រឆាំង និងអ្នកការពារសិទ្ធិមនុស្ស ហើយត្រូវធានាថា ពួកគេបំពេញការងារដោយសេរី គ្មានការបំភិតបំភ័យ ការចាប់ខ្លួន ឬការធ្វើបាបនោះឡើយ។
ទោះបីជាបែបនេះក្ដី ចំពោះគណបក្សសង្គ្រោះជាតិវិញ នៅក្នុងបរិបទនយោបាយបែបនេះ កំពុងស្វះស្វែងរកច្រកចេញ និងបន្ទន់ឥរិយាបថដើម្បីបានជួបសន្ទនាជាមួយគណបក្សប្រជាជនកម្ពុជា និងចង់បង្វែរស្ថានការណ៍នយោបាយឲ្យវិលទៅរកភាពប្រក្រតីដូចដែលគណបក្សទាំងពីរបានព្រមព្រៀងគ្នា បញ្ចប់ជម្លោះនយោបាយកាលពីថ្ងៃទី២២ ខែកក្កដា ឆ្នាំ២០១៤។
ប្រធានក្រុមតំណាងរាស្ត្រគណបក្សសង្គ្រោះជាតិ លោក សុន ឆ័យ មានប្រសាសន៍ថា គណបក្សប្រឆាំងចង់បានការជួបចរចាជាមួយគណបក្សកាន់អំណាច ដែលគណបក្សលោកគ្មានទាមទារលក្ខខណ្ឌអ្វីទេ សំខាន់ឲ្យតែគណបក្សទាំងពីរបានជួបសន្ទនាគ្នា៖ «ចង់ដឹងទៅវិញ ថ្ងៃនេះបើបានជួបគ្នាហើយ ចង់សួរទៅវិញ ថាឥឡូវគួរធ្វើយ៉ាងម៉េចដើម្បីបានជជែកគ្នា?»។
ឆ្លើយតបនឹងបញ្ហានេះ មន្ត្រីនាំពាក្យគណបក្សប្រជាជនកម្ពុជា លោក សុក ឥសាន លើកឡើងថា គណបក្សកាន់អំណាចមិនបិទច្រកចរចាជាមួយបក្សប្រឆាំងឡើយ ប៉ុន្តែនៅក្នុងដំណើរការនីតិវិធី តុលាការកំពុងបន្តសាកសួរ និងស៊ើបអង្កេតលើតំណាងរាស្ត្រ សមាជិកព្រឹទ្ធសភា និងសកម្មជន គណបក្សសង្គ្រោះជាតិនេះ គណបក្សប្រជាជនកម្ពុជា មិនអាចជួបចរចានៅពេលនេះបានទេ៖ «កាលណាយើងជជែកគ្នារវាងគណបក្ស និងគណបក្សតិច ឬច្រើនវានឹងជះឥទ្ធិពលដល់ដំណើរការនីតិវិធីរបស់តុលាការ»។
អ្នកវិភាគលើកឡើងថា ការអូសបន្លាយពេលក្នុងការជួបចរចាបញ្ចប់ការប្រេះឆាគ្នារវាងគណបក្សទាំងពីរនៅពេលនេះ មិនមែនជារឿងល្អនោះទេ។ ម្យ៉ាងវិញទៀត អ្នកនយោបាយមិនត្រូវដើរជាន់ប្រវត្តិសាសាស្ត្រដដែលៗ ដែលកម្ពុជា ជួបវិបត្តិនោះទេ ដូចជាវិបត្តិនយោបាយកាលពីឆ្នាំ១៩៩៣ ឆ្នាំ១៩៩៨ និងឆ្នាំ២០០៣ ដែលធ្វើឲ្យកម្ពុជា មានការខាតបង់ ប្រទេសមានអស្ថិរភាព បាត់បង់អ្នកវិនិយោគ និងប្រជាពលរដ្ឋរស់នៅក្នុងភាពភ័យខ្លាច។
លើសពីនេះទៀត ជម្លោះកាលពីឆ្នាំ១៩៩៧ រវាងគណបក្សហ្វ៊ុនស៊ិនប៉ិច និងគណបក្សប្រជាជនកម្ពុជា ដែលវិបត្តិកាលណោះអ្នកនយោបាយមិនរួសរាន់ដោះស្រាយនោះទេ ដោយអាងកងកម្លាំងរៀងៗខ្លួន រហូតដល់មានរដ្ឋប្រហារថ្ងៃទី៥ ថ្ងៃទី៦ ខែកក្កដា ដែលធ្វើឲ្យមនុស្សជាច្រើននាក់រងរបួស និងស្លាប់។
សម្រាប់បរិបថនយោបាយនៅពេលនេះវិញ អ្នកវិភាគមើលឃើញថា ស្ថានការណ៍នយោបាយអាចនឹងមិនខុសឆ្នាំ១៩៩៧ នោះឡើយ ថ្វីត្បិតតែបក្សប្រឆាំងគ្មានអាវុធ។ បើសិនជាបក្សទាំងពីរនៅអូសបន្លាយពេលបញ្ចប់ជម្លោះ ហើយវិបត្តិសង្គមនឹងកាន់តែកើតឡើងធ្ងន់ធ្ងរ អាចនឹងឈានដល់កម្លាំងមហាជន ប៉ះនឹងកងកម្លាំងប្រដាប់អាវុធរបស់រដ្ឋាភិបាលជាមិនខាន៕
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖
ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។