ក្រុមអ្នកវិភាគយល់ថា គណបក្សប្រឆាំងនឹងមិនអាចត្រូវគេរំលាយឡើយ ប៉ុន្តែគេនឹងធ្វើឱ្យគណបក្សនេះចុះទន់ខ្សោយប៉ុណ្ណោះ។ ពួកគេលើកឡើងថា ប្រសិនបើបក្សប្រឆាំងត្រូវរំលាយមែននោះ កម្ពុជា នឹងកាន់តែអាក្រក់នៅក្នុងខ្សែភ្នែកអន្តរជាតិ ហើយកម្ពុជា ទាំងមូលនឹងត្រូវខាតបង់ប្រយោជន៍ធំ។ ការលើកឡើងនេះ ធ្វើឡើងបន្ទាប់ពីសហគមន៍អន្តរជាតិចាត់ទុកការចាប់ខ្លួនប្រធានបក្សប្រឆាំង លោក កឹម សុខា ពីបទក្បត់ជាតិថា ជារឿងនយោបាយ។ រីឯក្រុមមន្ត្រីជាន់ខ្ពស់គណបក្សប្រឆាំងវិញប្រកាសថា នឹងមិនលើកនរណាផ្សេងមកជំនួសតំណែងរបស់លោក កឹម សុខា ឡើយ។
ថ្វីត្បិតមជ្ឈដ្ឋានទូទៅមើលឃើញថា ការចោទប្រកាន់លោក កឹម សុខា ពីបទក្បត់ជាតិ គឺជាកលល្បិចនយោបាយថ្មីមួយទៀត ដើម្បីព្យាយាមខ្ទប់ដង្ហើមរបស់គណបក្សសង្គ្រោះជាតិ កុំឱ្យមានជីវិតរស់រហូតដល់ការបោះឆ្នោត២០១៨ ក្ដី ប៉ុន្តែអ្នកវិភាគមើលឃើញថា គណបក្សប្រឆាំងដ៏ធំមួយនេះ អាចដកដង្ហើមរស់នៅរហូតការបោះឆ្នោតដ៏សំខាន់នៅឆ្នាំក្រោយនេះបាន។ អ្នកវិភាគទស្សន៍ទាយថា បក្សប្រឆាំង គឺគេគ្រាន់តែចង់វាយឱ្យទក់សាច់ដើម្បីឱ្យចុះខ្សោយកម្លាំងមុនការបោះឆ្នោតនេះចូលមកដល់ប៉ុណ្ណោះ។
ប្រធានអង្គការវេទិកាអនាគត លោក អ៊ូ វីរៈ យល់ឃើញថា បើទោះជាសេចក្ដីថ្លែងការណ៍របស់សហគមន៍អន្តរជាតិ ដែលបានរិះគន់ និងទាមទារឱ្យដោះលែងលោក កឹម សុខា នៅពេលនេះ ហាក់មិនសូវមានអ្វីជាដុំកំភួនក៏ដោយ ប៉ុន្តែលោកថា សេចក្ដីថ្លែងការណ៍ទាំងនេះ គឺជាការព្រមានទុកជាមុនដើម្បីកុំឱ្យរដ្ឋាភិបាលធ្វើអ្វីមួយដែលជ្រុលហួសហេតុពេក។ លោកប្រៀបធៀបសកម្មភាពដែលជ្រុលហួសហេតុនៅពេលនោះថា ដូចជាខ្សែដែលគេរឹតកាន់តែតឹង គឺកាន់តែអាចដាច់វិញបានគ្រប់ពេលវេលា។
លោក អ៊ូ វីរៈ យល់ឃើញទៀតថា សហគមន៍អន្តរជាតិ រួមមានសហរដ្ឋអាមេរិក និងសហភាពអឺរ៉ុប ដែលជាទីផ្សារធំបំផុតដែលកម្ពុជា អាចនាំចូលសម្លៀកបំពាក់ទៅលក់ដោយមិនចាំបាច់បង់ពន្ធនោះ គឺពួកគេមិនព្រមផ្ដាច់ទំនាក់ទំនងជាមួយកម្ពុជា នោះទេ ហើយក៏មិនចង់ហ៊ុមព័ទ្ធសេដ្ឋកិច្ចរបស់កម្ពុជា ដែរ ប៉ុន្តែពួកគេនឹងអាចសម្រេចដាក់ទណ្ឌកម្មសេដ្ឋកិច្ចរបស់កម្ពុជា នៅពេលណាមួយ ប្រសិនបើរដ្ឋាភិបាលហាក់មិនចាប់អារម្មណ៍នឹងសេចក្ដីថ្លែងការណ៍របស់ពួកគេកន្លងមកនេះ៖ «ប៉ុន្តែកុំឱ្យតែជ្រុលពេក គឺលោកខាងលិចមិនផ្ដាច់ទាំងស្រុងជាមួយកម្ពុជា ទេ ហើយក៏មិនហ៊ុមព័ទ្ធសេដ្ឋកិច្ចដែរ។ ប៉ុន្តែបើធ្វើជ្រុល អត់មានអីដែលត្រូវគ្រោះថ្នាក់សម្រាប់គេទេ អ៊ីចឹងគេនឹងលេងហើយ ប៉ុន្តែបើអត់ធ្វើជ្រុលទេ គេគ្រាន់តែចេញសេចក្ដីថ្លែងការណ៍ដើម្បីទប់កុំឱ្យជ្រុលពេកទេ»។
លោក អ៊ូ វីរៈ ថ្លែងទៀតថា លោកមិនអាចកំណត់ទុកបានទេថា ការធ្វើជ្រុលហួសហេតុនោះប៉ុណ្ណាទើបនាំឱ្យសហគមន៍អន្តរជាតិ នាំគ្នាប្រើប្រាស់នូវវិធីសាស្ត្រដាក់ទណ្ឌកម្មសេដ្ឋកិច្ចមកលើកម្ពុជា នោះឡើយ។
ទោះជាយ៉ាងណា លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន ធ្លាប់ព្រមានរួចហើយថា កុំឱ្យបរទេសលូកដៃក្នុងសំណុំរឿងចាប់ខ្លួនប្រធានបក្សប្រឆាំងនៅកម្ពុជា។ មេដឹកនាំរយៈពេលជាង ៣ទសវត្សរបស់កម្ពុជា រូបនេះ ថែមទាំងប្រាប់ទៅបរទេសទាំងនោះទៀតថា ការចាប់ខ្លួនលោក កឹម សុខា ដែលធ្វើឡើងទាំងកណ្ដាលយប់ស្ងាត់ ទាំងគ្មានដីកាតុលាការ និងក្នុងពេលកំពុងមានអភ័យឯកសិទ្ធិសភានោះ គឺជាការអនុវត្តច្បាប់ប្រឆាំងនឹងបទល្មើសជាក់ស្ដែង និងមិនអាចអត់ឱនឱ្យបានឡើយ។
ក្រៅពីការព្រមានទៅសហគមន៍អន្តរជាតិបែបនេះ ជាពិសេសទៅសហរដ្ឋអាមេរិក ដែលលោក ហ៊ុន សែន តែងចោទប្រកាន់ថា ជាមេដឹកនាំបដិវត្តន៍ពណ៌នៅលើពិភពលោក ហើយកំពុងបង្រៀនកូនចៅរបស់ខ្លួនធ្វើបដិវត្តន៍ពណ៌នៅកម្ពុជា លោក ហ៊ុន សែន ក៏ឆ្លៀតព្រមានមន្ត្រីគណបក្សប្រឆាំងទាំងអស់កុំឱ្យការពារលោក កឹម សុខា ប្រសិនបើមិនចង់ឱ្យគណបក្សនេះត្រូវរំលាយមុនការបោះឆ្នោត។
ច្បាប់ស្ដីពីគណបក្សនយោបាយដែលត្រូវបានតំណាងរាស្ត្របក្សកាន់អំណាចនាំគ្នាកែប្រែចំនួន ២លើកក្នុងរយៈពេលមិនដល់កន្លះឆ្នាំ តាមការចង់បានភ្លាមៗ របស់លោក ហ៊ុន សែន នោះ គឺនឹងប្រើប្រាស់សម្រាប់រំលាយគណបក្សណាដែលមានប្រធានបក្សជាអ្នកទោស ឬមន្ត្រីក្នុងគណបក្សនោះ លួចទាក់ទងជាមួយអ្នកណាដែលមានទោស។ ជាក់ស្ដែងមុនការកែប្រែច្បាប់តាំងពីលើកទីមួយមកម្ល៉េះ គឺបានធ្វើឱ្យលោក សម រង្ស៊ី ដែលត្រូវតុលាការចាត់ទុកជាទណ្ឌិតបានសម្រេចលាលែងពីប្រធានគណបក្សសង្គ្រោះជាតិ ម្ដងរួចទៅហើយ។
លោក អ៊ូ វីរៈ យល់ថា ប្រសិនបើគណបក្សប្រឆាំងតែងតាំងអ្នកថ្មីឱ្យជំនួសតំណែងរបស់លោក កឹម សុខា នៅពេលនេះ គឺអាចជាល្បែងនយោបាយដែលដៃគូម្ខាងទៀតកំពុងចង់បាន។ ប៉ុន្តែលោកថា គណបក្សប្រឆាំងក៏អាចមានឱកាសកាន់តែខ្លាំង និងរឹងមាំជាងមុនទៅទៀត ប្រសិនបើអាចរកឃើញមេដឹកនាំថ្មីដែលមានសមត្ថភាពខ្លាំងជាងលោក កឹម សុខា៖ «អាចចុះខ្សោយ អាចគ្រាន់បើជាងមុខទៀត បើអាចរកមេដឹកនាំថ្មីហ្នឹងមិនមែនជា កឹម សុខា និង សម រង្ស៊ី សំខាន់អ្នកថ្មីហ្នឹងអាចរៀបចំគណបក្សហ្នឹងឱ្យទៅជាប្រព័ន្ធតែម្ដង គឺគណបក្សហ្នឹងអាចខ្លាំងជាងមុនដែរ»។
ប៉ុន្តែអនុប្រធានគណបក្សសង្គ្រោះជាតិ លោក អេង ឆៃអ៊ាង ប្រកាសជំហរថា គណបក្សរបស់លោកនឹងមិនរកអ្នកណាផ្សេងមកជំនួសតំណែងរបស់លោក កឹម សុខា ដែលតុលាការកំពុងចោទប្រកាន់ពីបទក្បត់ជាតិនោះទេ ព្រោះលោកថា បើអ្នកថ្មីឡើងមកក៏នឹងត្រូវគេចោទប្រកាន់ ហើយចាប់ខ្លួនដូចគ្នានឹងលោក កឹម សុខា នៅពេលនេះដែរ។ អនុប្រធានបក្សប្រឆាំងរូបនេះបញ្ជាក់ទៀតថា គណបក្សប្រឆាំងក៏មិនខ្វល់អំពីការរំលាយគណបក្សដែរ ហើយក៏អាចធ្វើពហិការមិនចូលរួមបោះឆ្នោតទៀត បើស្ថានភាពនយោបាយនៅតែអាក្រក់ខ្លាំងដូចនៅពេលនេះ។

ចំណែកវិភាគនយោបាយម្នាក់ទៀត គឺលោកបណ្ឌិត មាស នី មើលឃើញថា មានជម្រើសពីរសម្រាប់គណបក្សប្រឆាំងត្រូវដើរ គឺទីមួយ បក្សនេះ នឹងអាចត្រូវគេរំលាយចោល ប៉ុន្តែកម្ពុជា នឹងត្រូវគេមើលថា ធ្លាក់ក្នុងរបបគ្រប់គ្រងផ្ដាច់ការ ហើយទីពីរ គេនឹងធ្វើយ៉ាងណាដើម្បីឱ្យគណបក្សប្រឆាំងមួយនេះ ត្រូវដើរទៅមុខទាំងលំបាកបំផុតដើម្បីចូលរួមការបោះឆ្នោត។ ប៉ុន្តែលោកថា ប្រហែលគណបក្សប្រឆាំងនឹងមិនត្រូវរំលាយឡើយ ដោយសាររដ្ឋាភិបាលកម្ពុជា បច្ចុប្បន្ននៅត្រូវការមុខមាត់នៅឆាកអន្តរជាតិ៖ «គឺត្រូវតែត្រូវការ ព្រោះបើយើងមើលក្នុងរដ្ឋធម្មនុញ្ញ គឺចែងថា ជាប្រទេសមួយឯករាជ្យ និងអព្យាក្រឹត្យ។ ប៉ុន្តែយើងចោទជាសំណួរមួយថា អ្នកងាកទៅអាមេរិក ត្រូវទទួលកំហុសជាអ្នកក្បត់ជាតិ ចុះបើប្រទេសយើងរអិលចូលក្នុងប្រទេសចិនវិញ តើវាមានទំនាស់អីមានចែងក្នុងរដ្ឋធម្មនុញ្ញ។ អ៊ីចឹងសព្វថ្ងៃប្រទេសយើង ដើរផ្ទុយពីចរន្តពិភពលោកដែលពិភពលោកកំពុងដើរទៅរកការផ្សះផ្សារវាង មនោគមវិជ្ជាសង្គ្រាមត្រជាក់ ដោយបង្ហាញជំហរម្ខាងងាកទៅរកចិន ម្ខាងទៀតងាកទៅរកអាមេរិក»។
អ្នកវិភាគរូបនេះបញ្ជាក់ទៀតថា ប្រសិនបើស្ថានការណ៍នយោបាយទៅមុខកាន់តែធ្ងន់ធ្ងរ រហូតធ្វើសហគមន៍អន្តរជាតិសម្រេចដាក់សម្ពាធសេដ្ឋកិច្ចមកលើកម្ពុជា អ្នកដែលត្រូវរងប៉ះពាល់ធ្ងន់ធ្ងរជាងគេគឺពលរដ្ឋ។ ដូច្នោះលោកទស្សន៍ទាយថា គណបក្សកាន់អំណាចនឹងមិនធ្វើបែបនេះឡើយ ព្រោះអាចធ្វើឱ្យគណបក្សនេះ នឹងត្រូវបាត់បង់ប្រជាប្រិយភាពបន្ថែមទៀត៖ «ឆ្នាំ២០១៦ ក្នុងមួយឆ្នាំ យើងមានការនាំចេញជាមួយសហរដ្ឋអាមេរិកនេះ មានចំនួន ២.៨០០លានដុល្លារសហរដ្ឋអាមេរិក ប៉ុន្តែបើសហរដ្ឋអាមេរិក រករឿង និងបិទការនាំចេញ អាហ្នឹងមានន័យថា យើងខាតបង់ខាងសេដ្ឋកិច្ច»។
ចំណែកលោក កឹម សុខា ធ្លាប់បានថ្លែងនៅពេលលោកឃុំខ្លួនឯងនៅទីស្នាក់ការគណបក្សកាលពីឆ្នាំ២០១៦ ថា ប្រសិនបើយុទ្ធសាស្ត្របំបែកបំបាក់លោកចេញពីលោក សម រង្ស៊ី មិនបាន និងយុទ្ធសាស្ត្របញ្ចូលមនុស្សជាថ្នាក់ដឹកនាំដែលគេចង់បាននោះ គេនឹងប្រើយុទ្ធសាស្ត្រធ្វើយ៉ាងណាដើម្បីឱ្យគណបក្សប្រឆាំង ត្រូវថយចុះប្រជាប្រិយភាពមុនការបោះឆ្នោតជាតិចូលមកដល់។
លោកបណ្ឌិត មាស នី បន្ថែមទៀតថា ជីវិតនយោបាយស្លាប់ ឬរបស់របស់លោក កឹម សុខា នេះ គឺពឹងអាស្រ័យលើដំណោះស្រាយនយោបាយនៅក្នុងស្រុក ហើយដែលដំណោះស្រាយរបៀបនេះដែលអ្នកនយោបាយតែងធ្វើកន្លងមកនៅពេលណាដែលសហគមន៍អន្តរជាតិ ហាក់ដាក់សម្ពាធកាន់តែខ្លាំងមកលើកម្ពុជា៕
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖
ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។