ក្រុមអ្នកវិភាគព្រឹត្តិការណ៍នយោបាយនៅកម្ពុជា ថ្លែងថា លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន មិនគួរគំរាមបក្សប្រឆាំងមិនឲ្យនិយាយពីរឿងផែនទីនោះទេ។ ពួកគេយល់ថា ការគំរាមរបស់លោក ហ៊ុន សែន រឹតតែធ្វើឲ្យពលរដ្ឋមានមន្ទិលទៅលើការងារបោះបង្គោលព្រំដែនរបស់រដ្ឋាភិបាលកាន់តែខ្លាំងថែមទៀត។
គណបក្សប្រជាជនកម្ពុជា អាចមានប្រៀបលើបក្សប្រឆាំងក្នុងរឿងផែនទី និងការងារព្រំដែន ប្រសិនបើបក្សកាន់អំណាចបន្តបើកចំហឲ្យភាគីពាក់ព័ន្ធនានា ពិសេសគឺបក្សប្រឆាំងចូលរួមក្នុងការងារពិនិត្យ ឬបោះបង្គោលព្រំដែន។
នាយកវេទិកាអនាគត និងជាអ្នកតាមដានស្ថានការណ៍នយោបាយនៅកម្ពុជា លោក អ៊ូ វីរៈ មានប្រសាសន៍នៅថ្ងៃទី២២ សីហា ថា ក្នុងរឿងព្រំដែននេះ រដ្ឋាភិបាលមិនចាំបាច់ចេញសារព្រមានបក្សប្រឆាំងមិនឲ្យធ្វើសកម្មភាព ឬនិយាយពីរឿងផែនទី ឬសម្ដែងការខឹងសំបារចំពោះបក្សប្រឆាំងនោះទេ។
លោក អ៊ូ វីរៈ មានប្រសាសន៍បន្តថា បើរដ្ឋាភិបាលចេះតែបន្តធ្វើនូវសកម្មភាពដូចដែលខ្លួនបានធ្វើ គឺស្វែងរកផែនទីពីប្រភពផ្សេងៗមកផ្ទៀងផ្ទាត់ជាចំហ និងជាសាធារណៈនោះលោកថា ការចោទប្រកាន់របស់បក្សប្រឆាំងទៅលើរដ្ឋាភិបាលពីរឿងផែនទីក្លែងក្លាយនឹងបាត់បង់នូវទំនុកចិត្ត និងការគាំទ្រពីពលរដ្ឋ ហើយនៅទីបំផុតបក្សប្រឆាំងនឹងទទួលនូវការអាម៉ាស់ទៅវិញ។
លោក អ៊ូ វីរៈ យល់ឃើញដែរថា ក្នុងរឿងផែនទី និងរឿងព្រំដែននេះ បក្សប្រឆាំងក៏ហាក់ដូចជាគ្មានមូលដ្ឋាន ឬមានភាពច្បាស់លាស់អ្វីនោះដែរ។ ដូច្នេះ លោកថា បើរដ្ឋាភិបាលបន្តគំរាម ឬឈានដល់ការចាប់ខ្លួនបក្សប្រឆាំងមែននោះ វានឹងធ្វើឲ្យមានមន្ទិលសង្ស័យទៅលើរដ្ឋាភិបាលកាន់តែខ្លាំង ហើយវាក៏អាចធ្វើឲ្យរដ្ឋាភិបាលបាត់បង់ផលប្រយោជន៍ដែលខ្លួនបានខិតខំធ្វើកន្លងមក។
លោក អ៊ូ វីរៈ៖ «ខ្ញុំថាប្រសិនបើមានការចាប់ខ្លួន គណបក្សប្រឆាំងគឺជាអ្នកឈ្នះទៅវិញទេ ព្រោះអី ប្រសិនបើរដ្ឋាភិបាលច្បាស់លាស់មែន រដ្ឋាភិបាលបង្ហាញជាសាធារណៈ បើកការតវ៉ាជាចំហ ស្រេចតែចិត្ត ហើយហ៊ានពន្យល់ និងហ៊ានបើកការបង្ហាញគ្រប់រូបភាពទាំងអស់ ខ្ញុំមើលទៅ រដ្ឋាភិបាលកំពុងតែឈ្នះហើយ គឺឈ្នះលើមតិប្រជាពលរដ្ឋរួចទៅហើយ ដូច្នេះប្រសិនបើមានការចាប់ខ្លួន គឺជាការខាតបង់នូវដំណើរការវិជ្ជមានរបស់រដ្ឋាភិបាលដែលកំពុងតែធ្វើ»។
លោក ហ៊ុន សែន កាលពីថ្ងៃទី២១ ខែសីហា បានដាក់ចេញនូវបទបញ្ជាឲ្យស្ថាប័នមានសមត្ថកិច្ចថ្នាក់ជាតិ និងថ្នាក់ក្រោមជាតិ ចាត់វិធានការផ្លូវច្បាប់ភ្លាមៗចំពោះក្រុម ឬបុគ្គលណាដែលនិយាយបំភ្លៃថា រដ្ឋាភិបាលប្រើប្រាស់ផែនទីក្លែងក្លាយក្នុងការងារបោះបង្គោលព្រំដែន។ ការដាក់បញ្ជានេះ គឺស្របពេលដែលលោក ហ៊ុន សែន បានផ្ញើសារទៅឲ្យលោក សម រង្ស៊ី ព្រមានមិនឲ្យលោក សម រង្ស៊ី និងមន្ត្រីបក្សប្រឆាំងយកបញ្ហាព្រំដែនកម្ពុជា-វៀតណាម ធ្វើជាល្បែងនយោបាយតទៅទៀត។
ការដាក់បញ្ជារបស់លោក ហ៊ុន សែន នេះធ្វើឡើងមួយថ្ងៃបន្ទាប់ពីរដ្ឋាភិបាលបានផ្ទៀងផ្ទាត់ផែនទីរបស់ខ្លួនជាមួយផែនទីចំនួន ១៨ផ្ទាំង ដែលរដ្ឋាភិបាលបានខ្ចីពីអង្គការសហប្រជាជាតិ។ រដ្ឋាភិបាលអះអាងថា ផែនទីខ្លួនគឺដូចទៅនឹងផែនទីរបស់អង្គការសហប្រជាជាតិដែរ។ យ៉ាងណាក៏ដោយ បក្សប្រឆាំងអះអាងថា ពួកគេនៅត្រូវការពេលវេលាដើម្បីសិក្សាបន្ថែមទៀត។
សាស្ត្រាចារ្យ និងជាអ្នកស្រាវជ្រាវផ្នែកសង្គម និងនយោបាយ លោក ហេង ស្រ៊ាង មានប្រសាសន៍ថា ផ្ទុយពីព្រមាន ឬបំភ័យបក្សប្រឆាំង រដ្ឋាភិបាលគួរបើកចំហឲ្យភាគីដែលមិនទាន់យល់ព្រមលើផែនទីផ្ទៀងផ្ទាត់រួច ចូលអង្គុយក្នុងតុចរចាជាមួយគ្នាជាថ្មី ដើម្បីបន្តដោះស្រាយបន្ថែមទៀត។
លោក ហេង ស្រ៊ាង យល់ឃើញថា ការគំរាម ឬការបំភ័យរបស់រដ្ឋាភិបាលទៅលើបក្សប្រឆាំងមិនអាចដោះស្រាយបញ្ហាបាននោះទេ ហើយនៅទីបំផុតបក្សប្រឆាំងនៅតែប្រកាសមិនទទួលស្គាល់ផែនទីរបស់រដ្ឋាភិបាលដដែល៖ «ការគំរាមកំហែងអ៊ីចឹងអត់ចំណេញទេ ការដែលគំរាមកំហែង គឺប្រជាពលរដ្ឋគិតថា វាមានបញ្ហាអ្វីហើយបាននាយករដ្ឋមន្ត្រីគំរាមមិនឲ្យគេទទួលស្គាល់ ឬមិនឲ្យគេនិយាយ អ៊ីចឹងគេនៅឆ្ងល់ថា ប្រហែលជាមានអាថ៌កំបាំងអ្វីហើយ យកល្អយើងបង្ហាញជាសាធារណៈ ហើយដាក់លើតុទាំងអស់គ្នា និងឲ្យមានតម្លាភាព នោះរឿងនេះអាចចប់ទៅបាន»។
លោក ហេង ស្រ៊ាង មានប្រសាសន៍ថា បញ្ហាព្រំដែនគឺជារឿងបន្សល់ទុកដោយប្រវត្តិសាស្ត្រ ដូច្នេះលោកថា គ្រប់ភាគី គ្រប់គណបក្សនយោបាយទាំងអស់ត្រូវនាំគ្នាចូលរួមដោះស្រាយឲ្យបានចប់សព្វគ្រប់ ជាជាងនាំគ្នាយកបញ្ហាព្រំដែនធ្វើជាឧបករណ៍ដើម្បីតែចំណេញនយោបាយរៀងៗខ្លួន។ លោកថា បើអ្នកនយោបាយខ្មែរនៅតែបន្តយករឿងព្រំដែនចោទប្រកាន់ដាក់គ្នាទៅវិញទៅមក ឬអួតអាងយកតែត្រូវរៀងខ្លួននោះ បញ្ហាព្រំដែននឹងនៅតែជារឿងអាស្រូវសម្រាប់ខ្មែរគ្រប់ជំនាន់៕
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖
ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។
