សាលា​ឧទ្ធរណ៍​បដិសេធ​ជា​ថ្មី​សំណើ​សុំ​នៅ​ក្រៅ​ឃុំ​របស់​សកម្មជន​បក្ស​សង្គ្រោះ​ជាតិ

0:00 / 0:00

ប្រធាន​ក្រុម​ប្រឹក្សា​នៃ​អង្គ​ជំនុំ​ជម្រះ​សាលា​ឧទ្ធរណ៍ បាន​សម្រេច​ជា​ថ្មី​ទៀត​ប្រឆាំង​ការ​សុំ​នៅ​ក្រៅ​ឃុំ​របស់​សកម្មជន​គណបក្ស​សង្គ្រោះ​ជាតិ ទាំង ៥​រូប កាល​ពី​ថ្ងៃ​ព្រហស្បតិ៍ ទី​១៥ ខែ​មករា។

អង្គការ​សង្គម​ស៊ីវិល ដែល​ឃ្លាំ​មើល​សវនាការ​នេះ ចាត់​ទុក​ថា ជា​សេចក្ដី​សម្រេច​ដែល​ផ្អែក​លើ​សម្ពាធ​នយោបាយ​របស់​គណបក្ស​ប្រជាជន​កម្ពុជា។

ការ​ចំណាយ​ពេល​បើក​សវនាការ​ជា​ថ្មី​ម្ដង​ទៀត​ប្រហែល ២​ម៉ោង ប្រធាន​ក្រុម​ប្រឹក្សា​នៃ​អង្គ​ជំនុំ​ជម្រះ​សាលា​ឧទ្ធរណ៍ បាន​បដិសេធ​មិន​ឲ្យ​សកម្មជន​គណបក្ស​សង្គ្រោះ​ជាតិ នៅ​ក្រៅ​ឃុំ។ ការ​សម្រេច​នេះ នាំ​ឲ្យ​មាន​ការ​រិះគន់​ដ៏​ចម្រូងចម្រាស​ពី​សំណាក់​ក្រុម​អង្គការ​មិន​មែន​រដ្ឋាភិបាល។

ក្រោយ​សេចក្ដី​សម្រេច​របស់​ប្រធាន​ក្រុម​ប្រឹក្សា​នៃ​អង្គ​ជំនុំ​ជម្រះ លោក ប្លង់ សំណាង ភ្លាមៗ​កាល​ពី​រសៀល​ថ្ងៃ​ទី​១៥ មករា លោក នី ចរិយា ប្រធាន​ក្រុម​ស៊ើប​អង្កេត​នៃ​សមាគម​ការពារ​សិទ្ធិ​មនុស្ស​អាដហុក (adhoc) ចាត់​ទុក​ថា ការ​ច្រាន​ចោល​ជា​ថ្មី​ម្ដង​ទៀត​របស់​សាលា​ឧទ្ធរណ៍​ប្រឆាំង​នឹង​ការ​សុំ​នៅ​ក្រៅ​ឃុំ​លើក​នេះ គឺ​វា​ពុំ​មែន​ចេញ​ដោយ​ឆន្ទានុសិទ្ធិ​របស់​ក្រុម​ប្រឹក្សា​នៃ​អង្គ​ជំនុំ​ជម្រះ​ទេ។ ផ្ទុយ​ទៅ​វិញ ការ​សម្រេច​នេះ គឺ​ឋិត​ក្រោម​សម្ពាធ​នយោបាយ​របស់​គណបក្ស​គ្រប់គ្រង​អំណាច៖ «ទាំង​នៅ​សាលា​ដំបូង ទាំង​នៅ​សាលា​ឧទ្ធរណ៍ គឺ​សុទ្ធតែ​ឋិត​នៅ​ក្រោម​ឥទ្ធិពល​នៃ​នយោបាយ»

លោក មាជ សុវណ្ណារ៉ា ជា​ជន​ត្រូវ​ចោទ​ប្រកាន់​ម្នាក់​ក្នុង​ចំណោម​សកម្មជន ៤​រូប​ផ្សេង​ទៀត ថ្លែង​ប្រាប់​ក្រុម​អ្នក​រាយការណ៍​ព័ត៌មាន​ខណៈ​ដែល​លោក​ត្រូវ​ឆ្មាំ​ពន្ធនាគារ បណ្ដើរ​ទៅ​រថយន្ត​ដឹក​អ្នក​ទោស និយាយ​ថា រឿង​នយោបាយ​ពិត​ជា​ពិបាក​ធ្វើ​ឲ្យ​តុលាការ​សម្រេច​ដោយ​ឯករាជ្យ​ណាស់។ យ៉ាង​ណា លោក​យល់​ឃើញ​ថា លោក ហ៊ុន សែន គួរ​អនុវត្ត​កិច្ច​ព្រមព្រៀង​ថ្ងៃ​ទី​២២ កក្កដា ដែល​គណបក្ស​នយោបាយ​ទាំង​ពីរ​បាន​អនុម័ត​រួច​ហើយ ឲ្យ​ដូច​ដែល​មន្ត្រី​គណបក្ស​ប្រជាជន​កម្ពុជា ដឹង​គុណ​ថ្ងៃ ៧​មករា ដូច្នោះ​ដែរ៖ «រឿង​នយោបាយ​ពិបាក​ធ្វើ​ឲ្យ​តុលាការ​រារែក។ អ៊ីចឹង​គិត​ថា លោក ហ៊ុន សែន យល់​អំពី​សេរីភាព​នៃ​ការ​បញ្ចេញ​មតិ។ សង្ឃឹម​កិច្ច​ព្រមព្រៀង​ថ្ងៃ​២២ កក្កដា លោក ហ៊ុន សែន នឹង​គោរព​តាម លោក ហេង សំរិន»

នៅ​បរិវេណ​ខាង​ក្រៅ​សាលា​ឧទ្ធរណ៍​ឯណេះ​វិញ មាន​សកម្មជន​គាំទ្រ​តិចតួច​ប៉ុណ្ណោះ​បាន​ចូលរួម​លើក​ទឹក​ចិត្ត​ក្នុង​ថ្ងៃ​សវនាការ កាល​ពី​រសៀល​ថ្ងៃ​ទី​១៥ មករា។ ដោយ​ឡែក​កម្លាំង​សមត្ថកិច្ច មិន​ត្រូវ​បាន​គេ​ដាក់​ពង្រាយ​ដូច​លើក​មុនៗ​ទៀត​ឡើយ។

នៅ​មុន​សេចក្ដី​សម្រេច​មក​ដល់ ទាំង​មេធាវី​ការពារ​ក្ដី និង​ជន​ជាប់​ចោទ ហាក់​សង្ឃឹម​ថា​នឹង​អាច​បាន​នៅ​ក្រៅ​ឃុំ ក៏ប៉ុន្តែ​នៅ​នាទី​ចុង​ក្រោយ​បន្ទាប់​ពី​សម្រាក​ប្រហែល ១០​នាទី អ្វីៗ​បាន​ប្រែប្រួល​មួយ​រំពេច។ សកម្មជន​ទាំង ៣​រូប​ដែល​នាំ​ខ្លួន​មក​សវនាការ​ក្នុង​ចំណោម ៥​នាក់ ដែល​ស្នើសុំ​នៅ​ក្រៅ​ឃុំ ត្រូវ​បាន​បញ្ជូន​ត្រឡប់​ទៅ​ពន្ធនាគារ​វិញ​ភ្លាមៗ។

នេះ​ជា​លើក​ទី​ពីរ​ហើយ ដែល​សាលា​ឧទ្ធរណ៍​ច្រាន​ចោល​សំណើ​សុំ​នៅ​ក្រៅ​ឃុំ​របស់​សកម្មជន​គណបក្ស​សង្គ្រោះ​ជាតិ។ មេធាវី​ការពារ​ក្តី​ឲ្យ​ជន​ជាប់​ចោទ​ដែល​ជា​សកម្មជន​របស់​គណបក្ស​សង្គ្រោះ​ជាតិ បញ្ជាក់​ថា ខ្លួន​នឹង​ពិភាក្សា​បន្ត​ទៀត​ជាមួយ​កូន​ក្តី មុន​នឹង​ត្រូវ​រៀប​បណ្ដឹង​សារទុក្ខ​បន្ត ប្រឆាំង​នឹង​ការ​សម្រេច​នេះ​ទៅ​តុលាការ​កំពូល។

លោក ជូង ជួងី មេធាវី​ការពារ​ក្ដី​ឲ្យ​សកម្មជន​គណបក្ស​សង្គ្រោះ​ជាតិ អះអាង​ថា ការ​សម្រេច​ដូច​នេះ​របស់​សាលា​ឧទ្ធរណ៍ គឺ​មាន​ភាព​អយុត្តិធម៌ ជាពិសេស​នោះ ប៉ះពាល់​សិទ្ធិ​ជា​មូលដ្ឋាន​ចំពោះ​កូន​ក្ដី​របស់​ខ្លួន។ លោក​ចាត់​ទុក​ថា កូន​ក្តី​របស់​លោក​ពុំ​បាន​ប្រព្រឹត្ត​បទល្មើស​ដូច​ការ​ដាក់​បន្ទុក​នោះ​ទេ៖ «ខ្ញុំ​យល់​ថា ការ​សម្រេច​ហ្នឹង គឺ​ឥត​យុត្តិធម៌​ទេ។ រហូត​មក​ដល់​ពេល​ហ្នឹង កូន​ក្តី​ទាំង​បី​នាក់​នៅ​តែ​ជន​ស្អាតស្អំ​ដែល ព្រោះ​ឥត​មាន​សាលក្រម​ណា​ថា​គាត់​មាន​ទោស​នៅ​ឡើយ»

បើ​ទោះ​ជា​សវនាការ​សុំ​នៅ​ក្រៅ​ឃុំ​នេះ ធ្វើ​ឡើង​ជា​សាធារណៈ​ក៏ដោយ ក៏​អ្នក​សង្កេត​ការណ៍​មួយ​ចំនួន និង​អ្នក​សារព័ត៌មាន​ដែល​ចូលរួម​ស្ដាប់​សវនាការ មិន​ត្រូវ​បាន​អនុញ្ញាត​ឲ្យ​ឃ្លាំ​មើល​នៅ​ក្នុង​បន្ទប់​ជំនុំ​ជម្រះ​នោះ​ដែរ។ សូម្បី​ថត​រូបភាព ក៏​ត្រូវ​បាន​ឆ្មាំ​នៅ​សាលា​ឧទ្ធរណ៍ រឹត​បន្តឹង​ថែម​ទៀត​ផង៕

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖

ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។