សន្និសីទកំពូលអាស៊ានលើកទី៣១ និងកិច្ចប្រជុំពាក់ព័ន្ធនានា បានបិទបញ្ចប់ទៅកាលពីថ្ងៃទី១៤ ខែវិច្ឆិកា ក្រោមការរិះគន់ពីសំណាក់ក្រុមអង្គការសង្គមស៊ីវិលថា សមាគមនេះ ខកខានមិនបានដោះស្រាយបញ្ហាប្រឈម និងកង្វះការជំរុញឲ្យមានការចូលរួមពិតប្រាកដពីសំណាក់ប្រជាពលរដ្ឋនៅក្នុងតំបន់នេះ។
ក្រុមមេដឹកនាំនៃបណ្ដាប្រទេសអាស៊ាន បានបិទបញ្ចប់សន្និសីទកំពូលអាស៊ានលើកទី៣១ និងកិច្ចប្រជុំពាក់ព័ន្ធជាមួយប្រទេសជាដៃគូនានា រួមមានសហរដ្ឋអាមេរិក ចិន ជប៉ុន ឥណ្ឌា និងកូរ៉េ ដែលបានប្រព្រឹត្តិទៅអស់រយៈពេល ៣ថ្ងៃជាប់គ្នា នៅរដ្ឋធានីម៉ានីល ប្រទេសហ្វីលីពីន ក្រោមការយាមកាមយ៉ាងតឹងរ៉ឹងពីអាជ្ញាធរហ្វីលីពីន។
កិច្ចព្រមព្រៀងសំខាន់ៗមួយចំនួនដែលជាសមិទ្ធផលសម្រេចបាន នៅក្នុងសន្និសីទកំពូល និងកិច្ចប្រជុំពាក់ព័ន្ធលើកនេះ រួមមានកិច្ចព្រមព្រៀងរួមការពារពលករចំណាកស្រុក ការបើកឲ្យមានការចរចាឡើងវិញ អំពីក្រមប្រតិបត្តិសមុទ្រចិនខាងត្បូង និងកិច្ចព្រមព្រៀងពាណិជ្ជកម្មមួយចំនួន។ កិច្ចព្រមព្រៀងទាំងនេះ ឆ្លុះបញ្ចាំឲ្យឃើញពីការផ្ដោតលើមូលបទជាអាទិភាពចំនួន ៦ ដែលបានប្រកាសចេញដោយប្រធានាធិបតីហ្វីលីពីន លោក រ៉ូឌ្រីហ្គោ ឌូតឺតេ (Rodrigo Duterte) ដែលក្នុងនោះរួមមាន៖ សមាគមអាស៊ានមួយ ដែលផ្ដោត និងឲ្យតម្លៃចំពោះប្រជាពលរដ្ឋអាស៊ាន សន្តិភាព និងសេ្ថរភាពក្នុងតំបន់ កិច្ចសហប្រតិបត្តិការ និងសន្តិសុខសមុទ្រ ការរីកលូតលាស់ប្រកបដោយការរួមបញ្ចូលទាំងអស់គ្នា និងនិវានុវត្ត ភាពរឹងម៉ាំ និងអាស៊ានជាយន្តការថ្នាក់តំបន់បែបគំរូមួយ ដោយមានតួនាទីជាសាកល។
កិច្ចប្រឹងប្រែងចម្បងមួយ ដែលត្រូវបានគេមើលឃើញថា ធ្វើឡើងដើម្បីលុបបំបាត់ចោលនូវគម្លាតរវាងគោលនយោបាយ និងអនុញ្ញាតឲ្យប្រជាពលរដ្ឋក្នុងបណ្ដាប្រទេសក្នុងតំបន់អាស៊ានទទួលបាននូវអត្ថប្រយោជន៍ពីកិច្ចប្រឹងប្រែងធ្វើសមាហរណកម្មរបស់តំបន់នេះ នោះគឺ ឯកសារកិច្ចព្រមព្រៀងរួមស្ដីពីការការពារ និងការលើកកម្ពស់សិទ្ធិរបស់ពលករចំណាកស្រុក។ ឯកសារកិច្ចព្រមព្រៀងជាប្រវត្តិសាស្ត្រនេះ លើកកម្ពស់ឲ្យមាននូវការប្រព្រឹត្តិប្រកបដោយភាពស្មើភាពគ្នាចំពោះពលករចំណាកស្រុក ដោយមិនគិតអំពីកត្តាយែនឌ័រ និងសញ្ជាតិ ការផ្ដល់ឲ្យមាននូវសិទ្ធិសួរសុខទុក្ខពលករចំណាកស្រុក ពីសំណាក់សមាជិកក្រុមគ្រួសារ ការហាមឃាត់មិនអនុញ្ញាតឲ្យដកហូតលិខិតឆ្លងដែនពីពលករចំណាកស្រុក និងមិនឲ្យយកលើសកម្រៃកំណត់ពីសេវាប្រលង ឬជ្រើសរើសពលករចូលបម្រើការងារ ការការពារប្រឆាំងនឹងអំពើបៀតបៀនផ្លូវភេទ និងអំពើហិង្សានៅកន្លែងការងារ ការបញ្ញត្តិឲ្យក្រុមហ៊ុនជ្រើសរើសពលករផ្ដល់នូវការការពារឲ្យបានប្រសើរឡើងចំពោះពលករចំណាកស្រុក និងឲ្យគោរពសិទ្ធិរបស់ពួកគេក្នុងការទទួលបាននូវប្រាក់បៀរវត្សរ៍ និងអត្ថប្រយោជន៍ដ៏ត្រឹមត្រូវ និងសមស្រប ព្រមទាំងការគោរពសិទ្ធិរបស់ពលករចំណាកស្រុកក្នុងការបង្កើតនូវសហជីព និងសមាគមជាដើម។
ក្រៅពីនេះ សន្និសីទកំពូលអាស៊ានឆ្នាំ២០១៧នេះ ក៏បានអនុម័តនូវសេចក្ដីថ្លែងការណ៍រួមមួយចំនួនក្នុងនោះរួមមាន សេចក្ដីថ្លែងការណ៍រួមស្ដីពីការចរចា ដើម្បីភាពជាដៃគូផ្នែកសេដ្ឋកិច្ចដ៏ទូលំទូលាយប្រចាំតំបន់ សេចក្ដីថ្លែងការណ៍អាស៊ានដើម្បីបង្ការ និងប្រយុទ្ធប្រឆាំងនឹងបទឧក្រិដ្ឋផ្នែកព័ត៌មានវិទ្យា សេចក្ដីថ្លែងការណ៍ក្រុងម៉ានីល ស្ដីពីការកើនឡើងនៃអំពើជ្រុលនិយមប្រកបដោយហិង្សា សេចក្ដីថ្លែងការណ៍អាស៊ានបូកបី ស្ដីពីកិច្ចសហប្រតិបត្តិការសន្តិសុខស្បៀង សេចក្ដីថ្លែងការណ៍រួមរវាងអាស៊ាន និងចិនស្ដីពីការបង្កើន កិច្ចសហប្រតិបត្តិការរលើការភ្ជាប់ទំនាក់ទំនងហេដ្ឋារចនាសម្ព័ន្ធ សេចក្ដីថ្លែងការណ៍ស្ដីពីការការពារបរិស្ថានតំបន់ឆ្នេរ និងសមុទ្រ ឆ្នាំ២០១៧-២០២៧ សេចក្ដីថ្លែងការណ៍រួមរវាងអាស៊ាន-ចិន ស្ដីពីកិច្ចសហប្រតិបត្តិការវិស័យទេសចរណ៍ សេចក្ដីថ្លែងការណ៍រួមអាស៊ាន-ចិន ស្ដីពីការពង្រឹងកិច្ចសហប្រតិបត្តិការប្រកបដោយលក្ខណៈទូលំទូលាយ ប្រឆាំងនឹងអំពើពុករលួយប្រកបដោយប្រសិទ្ធភាព មាតិកាសកម្មភាពអំពីការបញ្ជ្រាបស្ត្រី និងការផ្ទល់សិទ្ធិអំណាចសេដ្ឋកិច្ចក្នុងតំបន់អាស៊ាន ព្រមទាំងសេចក្ដីថ្លែងការណ៍អាស៊ាន ស្ដីពីនវានុវត្ត ជាដើម។
ការវិវត្តន៍ថ្មីមួយទៀតនោះ គឺប្រទេសចិន ក៏បានយល់ព្រមបើកការចរចាឡើងវិញ អំពីក្រមប្រតិបត្តិក្នុងសមុទ្រចិនខាងត្បូង ដែលមិនភ្ជាប់កាតព្វកិច្ច ជាមួយបណ្ដាប្រទេសក្នុងប្លុកអាស៊ាន ដែលត្រូវបានពន្យារពេលអស់រយៈពេលជាយូរមកហើយ។
ក្រៅពីប្រទេសចិន ជប៉ុន កូរ៉េ ឥណ្ឌា អូស្ត្រាលី និងណូវែលហ្សេឡង់ដ៍ តំបន់សេដ្ឋកិច្ចពិសេស ក្រុងហុងកុង បានក្លាយជាតំបន់សេដ្ឋកិច្ចទី៦ ដែលបានចុះហត្ថលេខាលើកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីជាមួយសមាគមអាស៊ាន។
យ៉ាងណាក៏ដោយ បើទោះបីជា មានកិច្ចខិតខំប្រឹងប្រែងសម្រេចឲ្យបាននូវឯកសារគោលសំខាន់ៗទាំងនេះ សន្និសីទកំពូលអាស៊ានលើកទី៣១នេះ ក៏ទទួលរងនូវការរិះគន់យ៉ាងចាស់ដៃពីសំណាក់ក្រុមអង្គការស៊ីវិល និងប្រជាពលរដ្ឋអាស៊ាន ដែលក្នុងពេលដំណាលគ្នានេះ ក៏បានបើកឲ្យមាននូវវេទិកាសង្គមស៊ីវិល និងប្រជាពលរដ្ឋអាស៊ានឆ្នាំ២០១៧ផងដែរ។ ក្រុមមេដឹកនាំទាំងនោះ បានហៅសន្និសីទអាស៊ាននេះថា ធ្វើឡើងនៅមានកម្រិតនៅឡើយ ហើយបរាជ័យក្នុងលើកយកបញ្ហាសំខាន់ៗមួយចំនួនមកដោះស្រាយឲ្យបានជាក់លាក់។ ពួកគេរិះគន់ថា សន្និសីទកំពូលអាស៊ាននេះ ខកខានមិនបានលើកយកបញ្ហាពិតប្រាកដរបស់ប្រជាជាតិអាស៊ីអាគ្នេយ៍ និងជំរុញឲ្យមាននូវការចូលរួមដ៏ពិតប្រាកដ ពីសំណាក់ប្រជាពលរដ្ឋក្នុងតំបន់អាស៊ាន។
ថ្លែងក្នុងសន្និសីទព័ត៌មានមួយធ្វើឡើងកាលពីថ្ងៃទី១៤ វិច្ឆិកា នៅរដ្ឋធានីម៉ានីល វេទិកាសង្គមស៊ីវិល និងប្រជាពលរដ្ឋអាស៊ានឆ្នាំ២០១៧ បានអំពាវនាវឲ្យមាននូវយន្តការសមាគមអាស៊ានមួយ ដែលផ្ដោតលើប្រជាពលរដ្ឋ និងសង្គមអាស៊ានពិតប្រាកដ។
នាយិកាគណៈកម្មាធិការកណ្ដាលប្រចាំតំបន់របស់វេទិកាសង្គមស៊ីវិល និងប្រជាពលរដ្ឋអាស៊ាន អ្នកស្រី ហេលែន ប៉ាក្លារិន (Jelen Paclarin) មានប្រសាសន៍ថា អស់រយៈពេល ៥០ ឆ្នាំមកហើយ ការចូលរួមពិតប្រាកដរបស់ប្រជាជនក្នុងតំបន់អាស៊ាននេះ នៅមានកម្រិតខ្វះខាតយ៉ាងខ្លាំង។ បើទោះបីជា មានកិច្ចប្រឹងប្រែងរបស់ក្រុមអង្គការសង្គមស៊ីវិល ផ្ដួចផ្ដើមឲ្យមានឡើងនូវការចូលរួមដើម្បីឲ្យមានកិច្ចសន្ទនាបែបស្ថាបនា សមាគមអាស៊ាននៅតែជាយន្តការមួយដែលប្រជាពលរដ្ឋមិនអាចទាក់ទងបាន។ អ្នកស្រីបន្តថា សន្និសីទកំពូលអាស៊ាន គួរទទួលយកប្រជាពលរដ្ឋ និងចលនាសង្គមនានាក្នុងតំបន់នេះ មកធ្វើជាដៃគូ ហើយមិនត្រូវមិនរាប់បញ្ចូលពួកគេនោះទេ។ អ្នកស្រីថា អាស៊ានគឺសម្រាប់យើងទាំងអស់គ្នា អាស៊ានគឺសម្រាប់ប្រជាជនអាស៊ីអាគ្នេយ៍ ដូច្នេះត្រូវកសាងសមត្ថភាពលើកការផ្ដល់សិទ្ធិអំណាចដល់ប្រជាពលរដ្ឋក្នុងតំបន់នេះ និងត្រូវផ្ដោតអាទិភាពលើបញ្ហារបស់ប្រជាពលរដ្ឋក្នុងតំបន់នេះជាធំ។
វេទិកាសង្គមស៊ីវិល និងប្រជាពលរដ្ឋអាស៊ាននេះ បានដាក់ចេញនូវអនុសាសន៍ដែលជាដំណោះស្រាយសំខាន់ៗចំនួន១០ ដើម្បីស្នើឲ្យក្រុមមេដឹកនាំអាស៊ាន មកពីបណ្ដាប្រទេសទាំង១០នេះ យកទៅអនុវត្ត។ អនុសាសន៍ទាំងនេះរួមមាន៖ ការដាក់បញ្ចូលទិដ្ឋភាពសង្គមទៅក្នុងសមាហរណកម្មអាស៊ាន ដោយសង្កត់ធ្ងន់លើបញ្ហាសិទ្ធិរបស់ប្រជាជន ជាពិសេស ក្រុមអ្នកបម្រើការងារក្នុងវិស័យទន់ខ្សោយ និងដែលត្រូវទទួលរងនូវការរើសអើង ការលើកម្ពស់សិទ្ធិមនុស្ស និងនីតិរដ្ឋ ការពិចារណាឡើងវិញនៃគោលការណ៍អាស៊ាន អំពីការមិនជ្រៀតជ្រែកចូលកិច្ចការផ្ទៃក្នុងរបស់រដ្ឋជាសមាជិក និងការធ្វើសេចក្ដីសម្រេចចិត្តប្រកបដោយលក្ខណៈប្រជាធិបតេយ្យជ្រាលជ្រៅ ការជំរុញឲ្យមាននូវដំណោះស្រាយថ្នាក់តំបន់ ចំពោះជម្លោះប្រចាំតំបន់ ដូចជាករណីដណ្ដើមទឹកដី និងករណីស្រដៀងគ្នានេះ ការអនុម័តច្បាប់ និងគោលនយោបាយអន្តរជាតិ ដែលគោរពតាមស្តង់ដារសិទ្ធិមនុស្ស នីតិការងារ និងច្បាប់ស្ដីពីជនភៀសខ្លួន ការពង្រីកលំហសម្រាប់ការចូលរួមរបស់ប្រជាជន ការកសាងសមត្ថភាពសម្រាប់ការផ្ដល់សិទ្ធិអំណាចរបស់ពលរដ្ឋ ការផ្ដល់អាទិភាពផ្ដោតលើមាតិកាអំពីប្រជាជនចៀសជាង ផលប្រយោជន៍សាជីវកម្ម ការគាំទ្រនូវជម្រើសដទៃទៀតនៃការធ្វើសមាហរណកម្មប្រចាំតំបន់ របស់ប្រជាពលរដ្ឋ និងការគោរពនូវការតស៊ូរបស់ប្រជាពលរដ្ឋអាស៊ានជារួម។
សមាគមអាស៊ានត្រូវបានបង្កើតឡើងដំបូងនៅទីក្រុងបាងកក ប្រទេសថៃ កាលពីថ្ងៃទី៨ ខែសីហា ឆ្នាំ១៩៦៧ ដែលប្រទេសជាស្ថាបនិករួមមានប្រទេសឥណ្ឌូនេស៊ី ម៉ាឡេស៊ី ហ្វីលីពីន សិង្ហបុរី និងប្រទេសថៃ។ ចាប់ពីពេលនោះមក សមាគមអាស៊ាន បានពង្រីកសមាជិកភាពរបស់ខ្លួន ដោយមានការរួមបញ្ចូល ប្រទេសប្រ៊ុយណេ កម្ពុជា ឡាវ មីយ៉ាន់ម៉ា ឬភូមា និងប្រទេសវៀតណាម។ រដ្ឋជាសមាជិកអាស៊ានទាំង១០ បានបង្កើតសហគមន៍អាស៊ាន នៅខែធ្នូឆ្នាំ២០១៥ ជាមួយនឹងគោលដៅ នាំមកនូវឱកាសបន្ថែមទៀត និងអត្ថប្រយោជន៍បន្ថែមទៀត ដល់ប្រជាពលរដ្ឋក្នុងតំបន់នេះ។ ឆ្នាំ២០១៧នេះ គឺជាខួបលើកទី ៥០ ឆ្នាំ នៃសមាគមអាស៊ាន ដែលមានប្រជាជនសរុបជិត ៦២២ លាននាក់។ ប្រទេសសិង្ហបុរី នឹងធ្វើជាម្ចាស់ដឹកនាំសន្និសីទអាស៊ានសម្រាប់ឆ្នាំ២០១៨៕
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖
ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។