សកម្មជនគណបក្សប្រឆាំងនៅតាមបណ្ដាស្រុកមួយចំនួនក្នុងខេត្តស្វាយរៀង និងនៅតាមបណ្ដាខេត្តមួយចំនួនទៀត ដូចជាខេត្តតាកែវ និងខេត្តត្បូងឃ្មុំ ត្រូវបានអាជ្ញាធររារាំងមិនឲ្យធ្វើដំណើរមកជួបជុំនៅទីស្នាក់ការគណបក្សនៅភ្នំពេញឡើយ នៅថ្ងៃទី៨ ខែកញ្ញា។ រីឯសង្គមស៊ីវិល ចាត់ទុកចំណាត់ការរបស់អាជ្ញាធរនេះថាជាទម្រង់នៃការរំលោភសិទ្ធិពលរដ្ឋធ្ងន់ធ្ងរ។
ក្តីប្រាថ្នារបស់អ្នកគាំទ្រ និងសកម្មជនគណបក្សប្រឆាំងនៅតាមមូលដ្ឋានដែលចង់មកភ្នំពេញ គឺដើម្បីឃ្លាំមើលស្ថានការណ៍នយោបាយទាក់ទងករណីលោក កឹម សុខា តាមការអន្ទោកអន្ទោលរបស់គណបក្សសង្គ្រោះជាតិ នោះ ត្រូវបានរំខានយាយីដោយអាជ្ញាធរមូលដ្ឋាន។
ប្រធានប្រតិបត្តិគណបក្សសង្គ្រោះជាតិ ខេត្តស្វាយរៀង លោក ម៉ៅ វិបុល មានប្រសាសន៍ថា នៅព្រឹកថ្ងៃទី៨ ខែកញ្ញា អាជ្ញាធរជាច្រើននាក់ត្រូវបានគេដាក់ពង្រាយចាប់តាំងពីភូមិ ឃុំ និងស្រុក ដើម្បីឃាត់ម៉ូតូ និងឡានដឹកសកម្មជនគណបក្សសង្គ្រោះជាតិ។ លោកបញ្ជាក់ថា មានសកម្មជនពីរនាក់ត្រូវបានអាជ្ញាធរឃាត់ខ្លួនបញ្ជូនទៅសួរនាំនៅអធិការស្រុកចន្ទ្រា តែពួកគាត់ត្រូវបានដោះលែងឲ្យត្រឡប់ទៅផ្ទះវិញជាមួយនឹងការគំរាមកំហែង។ រីឯស្រុករមាសហែក ស្រុករំដួល និងស្រុកកំពង់រោទិ៍ ជាដើម ក៏មានកម្លាំងអាជ្ញាធររារាំងដូចគ្នាដែរ៖ « ឃាត់រថយន្តមិនឲ្យយើងមកភ្នំពេញ ហើយបណ្ដាលមានការជជែកគ្នាយ៉ាងខ្លាំង »។
ក្រៅពីខេត្តស្វាយរៀង នោះ នៅតាមបណ្ដាស្រុក និងខេត្តផ្សេងៗទៀត ក៏មានករណីឃាត់ខ្លួនសកម្មជនបក្សប្រឆាំងដែរ ដូចជានៅខេត្តត្បូងឃ្មុំ និងខេត្តតាកែវ ជាដើម។
ប្រធានប្រតិបត្តិគណបក្សសង្គ្រោះជាតិ ខេត្តតាកែវ លោក ម៉ៅ សុផល មានប្រសាសន៍ថា សកម្មជនចំនួន ៤នាក់ត្រូវបានអាជ្ញាធរចាប់ខ្លួនបញ្ជូនទៅអធិការស្រុកកោះអណ្ដែត ខណៈពួកគាត់កំពុងធ្វើដំណើរតាមម៉ូតូឡើងទៅទីស្នាក់ការកណ្ដាលគណបក្សសង្គ្រោះជាតិ នៅភ្នំពេញ។ លោកបន្តថា អាជ្ញាធរមិនទាន់ដោះលែងទេ រហូតដល់ម៉ោងជាង ៥ល្ងាច។ រីឯនៅស្រុកអង្គបូរី ក៏មានសកម្មជន ១០នាក់ទៀតត្រូវបានឃាត់ខ្លួនដែរ៖ « នៅខេត្តតាកែវ មានការពង្រាយប៉េអិម និងប៉ូលិសនៅគ្រប់កន្លែង គឺនៅឃុំមួយ ត្រូវរារាំង មកដល់ស្រុកមួយត្រូវរារាំង។ រារាំងរហូតតាំងពីថ្នាក់មូលដ្ឋានរហូតមកដល់ខេត្តកណ្ដាល »។
មូលហេតុដែលសកម្មជនគណបក្សសង្គ្រោះជាតិ នៅតាមមូលដ្ឋានឡើងមកជួបជុំគ្នាជាថ្មីទៀតនៅទីស្នាក់ការបក្ស ឋិតនៅសង្កាត់ចាក់អង្រែលើ នៅថ្ងៃទី៨ ខែកញ្ញា នេះ ក្នុងបំណងដើម្បីឃ្លាំមើលការជំនុំជម្រះសំណុំរឿងលោក កឹម សុខា ប្រធានស្តីទីគណបក្សសង្គ្រោះជាតិ នៅថ្ងៃទី៩ ខែកញ្ញា ដែលមជ្ឈដ្ឋាននានាចាត់ទុកថាជារឿងនយោបាយ។
ក្រោយពីអាជ្ញាធរហាមឃាត់ដាច់ណាត់មិនឲ្យពួកគាត់បន្តដំណើរមកភ្នំពេញនោះ គឺពួកគាត់មួយចំនួនបានសម្រេចត្រឡប់ទៅលំនៅឋានវិញ រីឯអ្នកខ្លះទៀតបានរកវិធីសាស្ត្រឡើងមកភ្នំពេញដដែល។ ទោះជាយ៉ាងណា ពួកគាត់បានរិះគន់ចំណាត់ការរបស់អាជ្ញាធរ ថាបានបំបិទសិទ្ធិពួកគាត់ធ្ងន់ធ្ងរ ដែលទាមទារឲ្យសង្គមស៊ីវិលជាតិ និងអន្តរជាតិពិនិត្យមើលរឿងនេះ។
ប្រធានប្រតិបត្តិគណបក្សសង្គ្រោះជាតិ ខេត្តស្វាយរៀង ចាត់ទុកថា ចំណាត់ការអាជ្ញាធរមិនអព្យាក្រឹត្យ និងរំលោភបំពានច្បាប់កម្ពុជា៖ « ធ្វើអ៊ីចឹងមិនមែនជាអាជ្ញាធររបស់ពលរដ្ឋទេ ហើយធ្វើអ៊ីចឹង មិនមែនសង្គមប្រជាធិបតេយ្យទេ។ សូមផ្ដាំផ្ញើទៅអាជ្ញាធរខេត្តស្វាយរៀង ថាធ្វើអ៊ីចឹងខុសច្បាប់ហើយ សូមមើលច្បាប់ផង »។
អាស៊ីសេរី មិនអាចសុំការបំភ្លឺពីស្នងការនគរបាលខេត្តស្វាយរៀង លោក កឹង ឃន បានទេនៅថ្ងៃទី៨ ខែកញ្ញា ដោយលោកថាជាប់រវល់ប្រជុំដូចកន្លងមក។ រីឯអ្នកនាំពាក្យក្រសួងមហាផ្ទៃ លោក ខៀវ សុភ័គ មិនលើកទូរស័ព្ទ។
យ៉ាងណាក៏ដោយ គណៈបញ្ជាការឯកភាពរដ្ឋបាលស្រុកមួយចំនួនក្នុងខេត្តស្វាយរៀង បានចេញលិខិតមួយច្បាប់ថា ខ្លួនមិនអនុញ្ញាតឲ្យសកម្មជនបក្សប្រឆាំងប្រមូលផ្តុំកម្លាំងនៅក្នុងស្រុក និងប្រមូលកម្លាំងមកធ្វើបាតុកម្មនៅភ្នំពេញឡើយ។ លិខិតដដែលបន្តថា បើសិនមានសកម្មភាពប្រមូលផ្តុំនោះ អាជ្ញាធរនឹងចាត់ការតាមច្បាប់។
មន្ត្រីស៊ើបអង្កេតនៃអង្គការលីកាដូ (LICADHO) លោក អំ សំអាត មានមតិថា ការហាមឃាត់សកម្មជនបក្សប្រឆាំងមិនឲ្យមកប្រមូលផ្តុំគ្នានៅភ្នំពេញនេះ គឺជាការរំលោភសិទ្ធិ និងសេរីភាពយ៉ាងច្បាស់ក្រឡែតដែលមានចែងក្នុងរដ្ឋធម្មនុញ្ញ៖ « ទង្វើនេះផ្ទុយពីច្បាប់ ហើយប៉ះពាល់ធ្ងន់ធ្ងរនឹងសិទ្ធិសេរីភាពនៃការដើរហើរ ព្រោះថាពលរដ្ឋគ្រប់រូបមានសិទ្ធិដើរហើរដោយសេរី មិនមានការហាមឃាត់អីទេ។ ម្យ៉ាងវិញទៀត សាលាក្រុង និងគណបក្សសង្គ្រោះជាតិ ក៏បានឯកភាពគ្នាហើយដែរ ដូច្នេះមិនមានអីត្រូវហាមឃាត់នោះទេ »។
មួយរយៈពេលចុងក្រោយនេះ ប្រជាពលរដ្ឋមួយចំនួនបានត្អូញត្អែរយ៉ាងខ្លាំងថា សិទ្ធិនយោបាយ និងសេរីភាពបញ្ចេញមតិរបស់ប្រជាពលរដ្ឋ កំពុងរងការរំលោភបំពាន និងធ្វើទុក្ខបុកម្នេញដោយអាជ្ញាធររដ្ឋាភិបាល ដែលហាក់មិនខុសពីសម័យខ្មែរក្រហមឡើយ។
កាលពីពេលថ្មីៗនេះ អគ្គលេខាធិការអង្គការសហប្រជាជាតិ លោក បាន គីមូន (Ban Ki-moon) សង្ឃឹមថា រដ្ឋាភិបាលកម្ពុជា នឹងធានានូវការគោរពសិទ្ធិមនុស្សពេញលេញ រួមបញ្ចូលទាំងសេរីភាពនៃការបញ្ចេញមតិសេរីភាពខាងសមាគម និងសេរីភាពនៃការប្រមូលផ្តុំ ជាដើម។
អង្គការសង្គមស៊ីវិលសង្កេតឃើញថា ថ្វីត្បិតតែសេរីភាពនៃការបញ្ចេញមតិ សេរីភាពខាងសមាគម និងសេរីភាពនៃការប្រមូលផ្តុំមានចែងនៅក្នុងសេចក្តីថ្លែងការណ៍ជាសកលស្ដីពីសិទ្ធិមនុស្ស និងកតិកាសញ្ញាអន្តរជាតិផ្សេងៗដែលកម្ពុជា ទទួលស្គាល់ជាច្បាប់កម្ពុជា ក្តី តែរដ្ឋាភិបាលកម្ពុជា នៅមិនទាន់គោរពបានពេញលេញនៅឡើយ។
មជ្ឈដ្ឋានទូទៅសង្កេតឃើញថា នៅពេលពលរដ្ឋក្រីក្ររងគ្រោះដីធ្លី និងគណបក្សប្រឆាំងប្រមូលផ្តុំជាមួយអ្នកគាំទ្រដោយអហិង្សានោះ តែងតែត្រូវបានអាជ្ញាធរបង្ក្រាប និងរារាំងស្ទើរគ្រប់ពេល។ ផ្ទុយទៅវិញ ប្រសិនបើក្រុមមនុស្សដែលមាននិន្នាការស្របរដ្ឋាភិបាល ឬបក្សកាន់អំណាចតែងតែទទួលបាននូវការសម្របសម្រួលពីអាជ្ញាធរ ទោះបីជាក្រុមនោះជាក្រុមងាយផ្ទុះហិង្សា និងជេរប្រមាថលើតំណាងរាស្ត្របក្សប្រឆាំងកប់ៗមាត់ក្តី។ ការអនុវត្តការងាររបស់អាជ្ញាធរនេះ ត្រូវបានគេរិះគន់ដែរថា មានស្តង់ដារពីរ៕
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖
ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។