ចៅសង្កាត់អូរចារគណបក្សសង្គ្រោះជាតិ ដែលទើបបញ្ចប់មុខតំណែង កញ្ញា ស៊ិន ចាន់ពៅរ៉ូហ្សេត សម្រេចទម្លាក់បដាដែលមានខ្លឹមសារថា រីករាយស្វាគមន៍ភ្ញៀវទាំងអស់ លើកលែងតែឧទ្ទាមជន ចេញពីមុខអាហារដ្ឋានរបស់ខ្លួន។ ការដកបដានេះ គឺបន្ទាប់ពីអភិបាលក្រុងបាត់ដំបងបានព្រមានកញ្ញា ក្រោយដែលបានចូលរួមប្រជុំជាមួយអាជ្ញាធរនៅសាលាក្រុងបាត់ដំបង កាលពីព្រឹកថ្ងៃទី៦ កុម្ភៈ។
មន្ត្រីគណបក្សប្រឆាំងក្រុងបាត់ដំបង គឺកញ្ញា ស៊ិន ចាន់ពៅរ៉ូហ្សេត អះអាងថា មូលហេតុដែលកញ្ញាសម្រេចលុបខ្លឹមសារឧទ្ទាមជនចេញពីខាងមុខហាង គឺដោយសារមិនចង់មានរឿងវែងឆ្ងាយជាមួយអាជ្ញាធរ។

កញ្ញា ស៊ិន ចាន់ពៅរ៉ូហ្សេត ឲ្យដឹងនៅថ្ងៃទី៦ កុម្ភៈ ថា កញ្ញាគឺជាប្រជាពលរដ្ឋសាមញ្ញម្នាក់ ដោយគ្រាន់តែសរសេរខ្លឹមសារតូចមួយ ក្នុងការទាក់ទាញអតិថិជន ឲ្យចូលមកអាហារដ្ឋានរបស់ខ្លួនឲ្យបានច្រើន ដើម្បីបានប្រាក់ចំណូលដោះស្រាយជីវភាពគ្រួសារ ម្យ៉ាងទៀតគិតថា ខ្លឹមសារនេះប៉ះពាល់ដល់រដ្ឋអំណាចនោះឡើយ។ កញ្ញា រ៉ូហ្សេត អះអាងថា នៅពេលដែលកញ្ញាចូលទៅប្រជុំតាមការអញ្ជើញរបស់អាជ្ញាធរក្រុង គឺអភិបាលក្រុងបាត់ដំបងបានបង្ខំឲ្យកញ្ញាដកខ្លឹមសារឧទ្ទាមជននៅលើបដាខាងមុខហាងចេញ ដោយថាខ្លឹមសារនេះខុសច្បាប់៖ «ប៉ុន្តែដែលខ្ញុំសរសេរផ្សព្វផ្សាយឲ្យភ្ញៀវចូលហាងនាងខ្ញុំ ដោយសារតែប៉ុន្មានថ្ងៃមុននឹងមានតំណាងរាស្ត្រម្នាក់គាត់សរសេរនៅក្នុងហ្វេសបុករបស់ខ្ញុំ ដោយថា ជាកន្លែងបង្កាត់រងើកភ្លើង ជាកន្លែងបង្កើតក្រុមឧទ្ទាម ដូច្នេះខ្ញុំមិនដឹងថា នរណាជាជនឧទ្ទាមទេ ព្រោះកន្លែងខ្ញុំជាកន្លែងលក់ដូរត្រូវទទួលស្វាគមន៍ទាំងអស់»។
ខ្លឹមសារបន្ថែមថ្មីនៅលើបដាខាងមុខអាហារដ្ឋានរ៉ូហ្សេត សរសេរថា រីករាយស្វាគមន៍ភ្ញៀវទាំងអស់លើកលែងតែឧទ្ទាមជន អាជ្ញាធរមិនសប្បាយចិត្តត្រង់ថាពាក្យថាឧទ្ទាមជន ហើយបានស្នើម្ចាស់ហាងដកពាក្យនេះចេញជាបន្ទាន់។
អាស៊ីសេរីពុំទាន់អាចទាក់ទងអភិបាលក្រុងបាត់ដំបងលោក ផេង សិទ្ធី ដើម្បីសុំអត្ថាធិប្បាយបន្ថែមជុំវិញបញ្ហានេះបាននៅឡើយទេនៅថ្ងៃទី៦ កុម្ភៈ។
ប៉ុន្តែ លិខិតអញ្ជើញដោយអភិបាលក្រុងបាត់ដំបងលោក ផេង សិទ្ធី ចុះថ្ងៃទី៥ កុម្ភៈ បានអញ្ជើញកញ្ញា សិនចាន់ពៅរ៉ូហ្សេត ម្ចាស់អាហារដ្ឋានរ៉ូហ្សេត ដើម្បីចូលរួមប្រជុំពិភាក្សាជាមួយអាជ្ញាធរនៅសាលាក្រុងបាត់ដំបង នៅព្រឹកថ្ងៃទី៦ កុម្ភៈ។ នៅក្នុងបន្ទប់ប្រជុំមានតំណាងមន្ត្រីកងរាជអាវុធហត្ថអធិការនគរបាលក្រុងបាត់ដំបង និងមន្ត្រីពាក់ព័ន្ធរបស់សាលាក្រុងមួយចំនួនទៀត។
មន្ត្រីសម្របសម្រួលអង្គការការពារសិទ្ធិមនុស្សលីកាដូ (Licadho) ខេត្តបាត់ដំបង លោក ហេង សាយហុង លើកឡើងថា អាជ្ញាធរហាក់ចាប់អារម្មណ៍ខ្លាំង ទៅលើអាហារដ្ឋានរបស់សកម្មជនគណបក្សប្រឆាំងជ្រុលហួសហេតុ។ លោកអះអាងថា បើគ្រាន់តែខ្លឹមសារពាក្យប៉ុន្មានមាត់នៅខាងមុខហាង អាជ្ញាធរអាចសម្រួលគ្នាដោយស្ងៀមស្ងាត់បាន ដោយពុំបាច់មានលិខិតអញ្ជើញធំដុំក៏បានដែរ។ លោក ហេង សាយហុង ចាត់ទុកអាជ្ញាធរហៅ កញ្ញា រ៉ូហ្សេត ឲ្យដកបដាចេញពីខាងមុខហាងនេះ ជាការរំខានដល់របរចិញ្ចឹមជីវិតរបស់ពលរដ្ឋ៖ «ហើយវាគ្មានអីចម្លែកសោះ ទៅលើសកម្មជនដែលគេបានលាលែងហើយ និងជាសកម្មជនតូចតាចមួយ នៅលក់ដូរនំបញ្ចុកនំកងនំ អីសុចរិត ធម្មតាហើយចេះតែមានរឿងរ៉ាវ ខ្ញុំវាចម្លែកនិងអស់សំណើចនឹងការងារនឹងដែរ ដែលកំប៉ិកកំប៉ុក ហើយបើសិនគេដឹងថា តំបន់នឹងជាកន្លែងលាក់ ឬកន្លែងផ្ដល់អសន្តិសុខអ្វីមួយ គឺគេនឹងមិនធ្វើឲ្យដឹងនោះទេ»។
អាហារដ្ឋានរ៉ូហ្សេតបើកដំណើរការ មកជិត២ខែហើយ ចាប់តាំងពីបើកដំណើរការមក មានប្រជាពលរដ្ឋជាច្រើនបានចូលទៅគាំទ្រ នៅហាងមួយនេះ។ អាហារដ្ឋានមួយនេះ មានលក់នំបញ្ចុក ណែមសាច់ត្រី និងបង្អែមរបស់ខ្មែរដូចជានំផ្លែអាយ នំអន្សម និងនំគមជាដើម។ ថ្មីនេះ តំណាងរាស្ត្រគណបក្សប្រជាជនកម្ពុជាលោក ឈាង វុន ធ្លាប់ផ្ដល់សម្ភាសន៍ឲ្យកាសែតក្នុងស្រុក ដោយចោទអាហារដ្ឋាននេះថា ជាបណ្ដុំអ្នកគាំទ្រក្រុមឧទ្ទាមចលនាសង្គ្រោះជាតិរបស់លោក សម រង្សី។ បន្ទាប់ពីលោក ឈាង វុន រិះគន់មក ហាងមួយនេះបានស្ងាត់ភ្ញៀវចូលមួយរយៈ ហើយមិនយូរប៉ុន្មានកញ្ញា រ៉ូហ្សេត ក៏បានលើកបដាថ្មីមួយដោយសរសេរថា រីករាយស្វាគមន៍ភ្ញៀវទាំងអស់លើកលែងតែឧទ្ទាមជន ក្រោយមកភ្ញៀវក៏បានចូលហាងនេះច្រើនជាបន្តបន្ទាប់ឡើងវិញ៕
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖
ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។