ដំណើរទស្សនកិច្ចផ្លូវការរបស់នាយករដ្ឋមន្ត្រីបង់ក្លាដេស (Bangladesh) អ្នកស្រី សេក្ខ ហាស៊ីណា (Sheikh Hasina) រយៈពេល ៣ថ្ងៃ នៅថ្ងៃនៅកម្ពុជា បានបិទបញ្ចប់ទៅជាមួយនឹងការចុះហត្ថលេខាលើកិច្ចព្រមព្រៀង និងអនុស្សរណៈនៃការយោគយល់លើកិច្ចសហប្រតិបត្តិការទ្វេភាគី លើវិស័យសំខាន់ៗមួយចំនួន។
ដំណើរទស្សនកិច្ចរបស់នាយករដ្ឋមន្ត្រីរូបនេះ ត្រូវបានសារព័ត៌មានក្នុងស្រុកយកទៅចុះផ្សាយយ៉ាងព្រោងព្រាត ហាក់ចង់បង្ហាញឲ្យឃើញពីការគាំទ្ររបស់បរទេសមកលើរដ្ឋាភិបាលលោក ហ៊ុន សែន ដែលបច្ចុប្បន្ន កំពុងទទួលរងការថ្កោលទោស ឥតស្រាកស្រាន ពីគ្រប់មជ្ឈដ្ឋាននៅជុំវិញពិភពលោក។
ទាំងនៅក្នុងសន្និសីទសារព័ត៌មានធ្វើឡើងនៅក្រោយជំនួបចរចាផ្លូវការទ្វេភាគី រវាងនាយករដ្ឋមន្ត្រីកម្ពុជា និងបង់ក្លាដេសទាំងពីរ កាលពីថ្ងៃទី៤ ធ្នូ និងក្នុងសេចក្ដីថ្លែងការណ៍រួម ចុះថ្ងៃដដែល អំពីលទ្ធផលនៃដំណើរទស្សនកិច្ចនេះ នាយករដ្ឋមន្ត្រីបង់ក្លាដេស អ្នកស្រី សេក្ខ ហាស៊ីណា មិនបានលើកឡើងពីបញ្ហាវិបត្តិនយោបាយ និងការធ្លាក់ចុះដុនដាបនៃលទ្ធិប្រជាធិបតេយ្យនៅកម្ពុជា។ ផ្ទុយទៅវិញ ក្រៅពីបានសម្ដែងការពេញចិត្តពេញថ្លើម ចំពោះលទ្ធផលជាផ្លែផ្កា នៃដំណើរទស្សនកិច្ចនេះ ដោយហៅប្រទេសកម្ពុជាថាជា «មិត្តជិតខាងដ៏ជិតស្និទ្ធ» នាយករដ្ឋមន្ត្រីបង់ក្លាដេស អ្នកស្រី សេក្ខ ហាស៊ីណា ថែមទាំងបានកោតសរសើរពេញៗមាត់ ដល់រដ្ឋាភិបាលលោក ហ៊ុន សែន ថាសម្រេចបានជោគជ័យ ក្នុងការទ្រទ្រង់កំណើនសេដ្ឋកិច្ចខ្ពស់ ឧស្សាហកម្ម ទេសចរណ៍រឹងមាំ និងថាបានធ្វើឲ្យកាន់តែប្រសើរឡើងនូវគុណភាពជីវិតរស់នៅរបស់ប្រជាពលរដ្ឋកម្ពុជា។
សេចក្ដីថ្លែងការណ៍រួមរវាងភាគីទាំងពីរបញ្ជាក់ថា កិច្ចចរចាផ្លូវការ កាលពីថ្ងៃទី៤ ធ្នូ ធ្វើឡើងក្នុងបរិយាកាសមិត្តភាព និងការយោគយល់គ្នាទៅវិញទៅមក ហើយថា ភាគីទាំងពីរបានពិភាក្សាគ្នាយ៉ាងស៊ីជម្រៅលើបញ្ហាជាច្រើនដ៏ទូលំទូលាយ ក្នុងក្របខ័ណ្ឌទ្វេភាគី តំបន់ និងពហុភាគី ដែលជាផលប្រយោជន៍ទៅវិញទៅមក។ នាយករដ្ឋមន្ត្រីទាំងពីរ បានអះអាងជាថ្មីនូវការប្ដេជ្ញាចិត្ត ធ្វើឲ្យកាន់តែស៊ីជម្រៅនូវទំនាក់ទំនងទ្វេភាគីរវាងកម្ពុជា និងបង់ក្លាដេស ដែលមានឫសគល់យ៉ាងជ្រៅក្នុងកេរដំណែលរួមនៃប្រវត្តិសាស្ត្រ សាសនា វប្បធម៌ និងអក្សរសាស្ត្រ នៃប្រជាជាតិទាំងពីរ។ ភាគីទាំងពីរក៏បានគូសបញ្ជាក់ពីពាណិជ្ជកម្ម ទ្វេភាគីរវាងប្រទេសទាំងពីរថាបានបន្តកើនឡើងដល់ ១២% ក្នុងអំឡុងពេលពីរឆ្នាំចុងក្រោយនេះ។
ក្រៅពីបានសម្ដែងការពេញចិត្តចំពោះការចុះហត្ថលេខាលើអនុស្សរណៈនៃការយោគយល់ស្ដីពីពាណិជ្ជកម្មអង្ករកាលពីថ្ងៃទី២ សីហា ដែលប្រទេសបង់ក្លាដេសឯកភាពទិញអង្ករពីកម្ពុជារហូតដល់ មួយលានតោន ភាគីកម្ពុជាសន្យាថា នឹងពិចារណានាំចូលផលិតផលពីបង់ក្លាដេស មានដូចជា បាវក្រចៅគុណភាពល្អមិនប៉ះពាល់បរិស្ថាន១០០% សម្រាប់ផ្ទុកស្រូវអង្ករ ឱសថដែលមានការទទួល ស្គាល់នៅទូទាំងពិភពលោក សម្ភារៈប្រើប្រាស់ធ្វើពីសេរ៉ាមិក ស្បែកក្រៀម និងស្បែកសម្រេច ជាដើម។ ដោយឡែក សម្រាប់ភាគីបង់ក្លាដេសវិញ ក៏សន្យាថា នឹងពិចារណានាំចូលផលិតផលកសិកម្មរបស់កម្ពុជា មានដូចជាពោត ម្រេច ដំឡូងក្រៀម និងគ្រាប់ស្វាយចន្ទីជាដើម។ អនុស្សរណៈនៃការយោគយល់ចំនួន៩ និងកិច្ចព្រមព្រៀងចំនួន១ ត្រូវបានភាគីទាំងពីរចុះហត្ថលេខា ជាផ្លូវការ ក្នុងដំណើរទស្សនកិច្ចនេះ ក្នុងនោះពាក់ព័ន្ធនឹងកិច្ចសហប្រតិបត្តិការ និងកិច្ចសហការពាក់ព័ន្ធនឹងការអនុវត្តគោលដៅអភិវឌ្ឍន៍ដោយចរភាពរហូតដល់ឆ្នាំ២០៣០ កិច្ចសហប្រតិបត្តិការលើវិស័យការងារ និងបណ្ដុះបណ្ដាលវិជ្ជាជីវៈ វិស័យទេសចរណ៍ វិស័យបច្ចេកវិទ្យាព័ត៌មាន និងគមនាគមន៍ វិស័យវារីវប្បកម្ម និងនេសាទ វិស័យសិក្សាស្រាវជ្រាវ ការអភិរក្សប្រវត្តិសាស្ត្រសង្គ្រាម បូជនីយដ្ឋានសង្គ្រាម និងកេរដំណែលសង្គ្រាម ម៉ូដែលសម្រាប់កិច្ចសហប្រតិបត្តិការរវាងស្ថាប័នចំណុះក្រុមប្រឹក្សាពាណិជ្ជកម្មចម្រុះ ការជំរុញការវិនិយោគ និងកិច្ចព្រមព្រៀងស្ដីពីសហប្រតិបត្តិការរវាងសភាពាណិជ្ជកម្មកម្ពុជា និងបង់ក្លាដេស។
ជាមួយគ្នានេះដែរ ប្រទេសកម្ពុជា ក៏បានប្រកាសគាំទ្រសំណូមពរ និងគំនិតផ្ដួចផ្ដើមរបស់ប្រទេស បង់ក្លាដេស ដើម្បីអនុញ្ញាតឲ្យប្រទេសនេះអាចចូលរួម ក្លាយជាដៃគូសន្ទនាតាមវិស័យរបស់អាស៊ាន និងជាដៃគូក្នុងវេទិកាសហប្រតិបត្តិការមេគង្គ-គង្គារ។
សារព័ត៌មានបង់ក្លាដែស ដាកា ទ្រីប្យ៊ូន (Dhaka Tribune) បានចេញផ្សាយបទវិចារណកថា កាលពីថ្ងៃទី០៤ ធ្នូ ដោយដាក់ចំណងជើងថា «មិត្តនៅកម្ពុជា»។ សារព័ត៌មាននេះបាន វាយតម្លៃអំពីទំនាក់ទំនងរវាងបង់ក្លាដេស និងកម្ពុជា ថាផ្ដល់នូវសក្ដានុពលយ៉ាងច្រើនសម្រាប់ប្រទេសទាំងពីរ។ ដោយផ្ចុងផ្ដើមឲ្យមាននូវការពួតផ្ដុំកម្លាំងរវាងប្រទេសជាតិទាំងពីរនេះ សារព័ត៌មាននេះសរសេរថា ប្រទេសបង់ក្លាដេសអាចពង្រីកឥទ្ធិពលរបស់ខ្លួន ហើយបង្កើតនូវឱកាសកាន់តែច្រើន និងកាន់តែប្រសើរឡើងសម្រាប់ប្រជាពលរដ្ឋរបស់ខ្លួន ដែលនេះអាចជាជំហានដំបូងមួយយ៉ាងសំខាន់ ដើម្បីឲ្យប្រទេសបង់ក្លាដេស អាចបន្តទៅរឹតចំណងកាន់តែជិតស្និទ្ធជាមួយនឹងបណ្ដាប្រទេសអាស៊ានដទៃទៀត៕
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖
ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។