អាជ្ញាធរមូលដ្ឋានគណបក្សប្រជាជនកម្ពុជា នៅខេត្តបាត់ដំបង ធ្វើយុទ្ធនាការទ្រង់ទ្រាយធំដើម្បីអូសទាញក្រុមប្រឹក្សាឃុំសង្កាត់ពីគណបក្សសង្គ្រោះជាតិ ឲ្យចុះចូលជាសមាជិកគណបក្សខ្លួន។យុទ្ធនាការនេះនៅតាមឃុំខ្លះអាជ្ញាធរចិត្តល្អរហូតមានមេភូមិដើរគោះទ្វារផ្ទះសកម្មជនបក្សប្រឆាំងហៅឲ្យទៅចូលរួមពិធីជប់លៀងទៀតផង។
មន្ត្រីក្រុមប្រឹក្សាឃុំគណបក្សសង្គ្រោះជាតិ ស្រុករុក្ខគិរី ខេត្តបាត់ដំបង មួយចំនួនបានរត់គេចមិនហ៊ាននៅផ្ទះទេ ព្រោះពួកគេមិនចង់ប្រឈមមុខជាមួយអាជ្ញាធរ ខណៈចូលរួមពិធីជប់លៀង។
មេឃុំព្រែកជីក ស្រុករុក្ខគិរី លោក ចក់ បូថា ឲ្យដឹងនៅថ្ងៃទី១០ ខែវិច្ឆិកា ថា ក្រុមការងារគណបក្សកាន់អំណាចមានទាំងថ្នាក់ខេត្ត និងថ្នាក់ជាតិ កាលពីរសៀលថ្ងៃទី៩ ខែវិច្ឆិកា បានមកចែចូវលោកតាមរយៈមេភូមិព្រែកតាវែន ដោយបានទៅបបួលលោកដល់ដល់ផ្ទះម្ដងជា ២ដង ដើម្បីហៅទៅចូលរួមក្នុងពិធីជប់លៀងដ៏ធំមួយនៅភូមិនេះ។ ប៉ុន្តែលោកអះអាងថា លោកបានរត់គេចមិនបានទៅចូលរួមក្នុងពិធីជប់លៀងនោះទេ៖ «គេមកសុំលេខទូរស័ព្ទខ្ញុំ ហើយខ្ញុំប្រាប់ឲ្យគេទៅថតយកនៅសាលាឃុំ ហើយប្រហែលជាកន្លះម៉ោងមេភូមិហ្នឹងមកដដែល ហើយមានឡានមកជាមួយផង។ ខ្ញុំបានរត់ចេញទៅក្រោយផ្ទះទៅដោយសារមិនចង់និយាយវែងឆ្ងាយ ព្រោះខ្ញុំដឹងថា មកនេះគឺគេមកអូសទាញខ្ញុំ នាំអោយលំបាកចិត្ត ព្រោះខ្ញុំបម្រើប្រជាពលរដ្ឋ ខ្ញុំមិនចង់ទៅរួមរស់ជាមួយបក្សកាន់អំណាចទេ»។
ឆ្លើយតបនឹងបញ្ហានេះ មេភូមិព្រែកតាមវែន លោក ហួន សឺរឿន ទទួលស្គាល់ថា លោកពិតជាទៅបបួលលោកមេឃុំព្រែកជីក ឲ្យចូលរួមក្នុងពិធីជប់លៀងដើម្បីចែចូវឲ្យចូលជាសមាជិកគណបក្សកាន់អំណាចប្រាកដមែន ក៏ប៉ុន្តែលោកអះអាងថា ការចែចូវដោយពុំមានការបង្ខិតបង្ខំនោះទេ៖ «ការពិតខ្ញុំនឹងឯងជាអ្នករៀបចំកម្មវិធីនឹង គ្រាន់ថាបើយ៉ាងមិចយ៉ាងម៉ាអីជប់លៀងអីចឹងសុំគាត់ជួប ហើយយើងចង់សួរគាត់ឲ្យច្បាស់លាស់ថាគាត់គិតយ៉ាងមិច ព្រោះគោលបំណងយើងគឺចង់ឲ្យគាត់មកចូលគណបក្សហ្នឹងឯង»។
មន្ត្រីផ្នែកច្បាប់ជាន់ខ្ពស់នៃអង្គការខុមហ្រែល (Comfrel )លោក យឿង សុធារ៉ា អះអាងថា ការប្រើទឹកលុយអូសទាញ ឬការគំរាមកំហែងបង្ខិតបង្ខំឲ្យមន្ត្រីគណបក្សនយោបាយផ្សេងចុះចូលគណបក្សខ្លួន លោកចាត់ជាការប្រកួតប្រជែងដោយមិនស្មោះត្រង់ និងអសុចិចរិត៖ «នៅក្នុងប្រទេសប្រជាធិបតេយ្យមួយ ដើម្បីឲ្យការបោះឆ្នោតអាចទទួលយកបានទាំងអស់គ្នា វាទាល់តែការបោះឆ្នោតនឹងកើតចេញពីការបោះឆ្នោតដែលប្រកបដោយគោលការណ៍សេរី និងយុត្តិធម៌ ព្រោះគោលការណ៍សំខាន់ណាស់សម្រាប់ប្រទេសប្រជាធិបតេយ្យបោះឆ្នោតជ្រើសរើសអ្នកតំណាង»។
ទោះជាយ៉ាងនេះ ប្រធានគណបក្សសង្គ្រោះជាតិ ខេត្តបាត់ដំបង លោក ជា ជីវ អះអាងថា សព្វថ្ងៃអាជ្ញាធរគណបក្សកាន់អំណាចកំពុងធ្វើយុទ្ធនាការអូសទាញក្រុមប្រឹក្សាឃុំ-សង្កាត់គណបក្សលោកយ៉ាងសស្រាក់សស្រាំនៅគ្រប់ស្រុក។ ក៏ប៉ុន្តែលោកថា យុទ្ធនាការនេះមិនអាចអូសទាញក្រុមប្រឹក្សាគណបក្សសង្គ្រោះជាតិបាននោះទេ៖ «បើគណបក្សខាងខ្ញុំគ្រាន់តែប្រជុំផ្ទៃក្នុងរបស់ខ្លួន គ្រាន់តែជួបប្រជាពលរដ្ឋនៅមូលដ្ឋាន គឺគាត់ដាក់កម្លាំងតាមដានស៊ើបអង្កេត ហើយពេលប្រជុំផ្ទៃក្នុងគាត់ដាក់សមត្ថកិច្ចទៅឃ្លាំមើលតាមដាន។ ប៉ុន្តែសម្រាប់គណបក្សកាន់អំណាចវិញគាត់ធ្វើអីស្រេចតែចិត្ត ដោយមិនគោរពច្បាប់ ហើយសេចក្ដីសម្រេចរបស់គាត់ធ្វើតាមតែមេដឹកនាំម្នាក់គត់»។
មន្ត្រីគណបក្សសង្គ្រោះជាតិ ចុះចូលគណបក្សកាន់អំណាចរហូតមកទល់ពេលនេះទើបតែមាន ២នាក់ទេ ក្នុងនោះក្រុមប្រឹក្សាសង្កាត់អូរចារ ម្នាក់ និងជំទប់ទី២ ឃុំឈើទាល ស្រុកបាណន់ ម្នាក់ ក្នុងចំណោមសមាជិកក្រុមប្រឹក្សាសរុបទាំងអស់ជាង ៤០០នាក់នោះ ហើយលោក ជា ជីវ អះអាងថា សមាជិកបក្សដែលចុះចូលនេះពុំមែនដោយទឹកចិត្តរបស់ពួកគាត់នោះទេ៕
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖
ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។