អាជ្ញាធរថៃ បានដាក់កងកម្លាំងបង្កើនការត្រួតពិនិត្យក្នុងទឹកដីរបស់ខ្លួនជាប់ច្រកទ្វារអន្តរជាតិប៉ោយប៉ែត និងប្រកាសបិទច្រករបៀងទាំងអស់ដែលមាននៅតាមបណ្ដោយខ្សែក្រវាត់ព្រំដែនខ្មែរ-ថៃ ក្នុងខេត្តបន្ទាយមានជ័យ ជាប់នឹងខេត្តស្រះកែវ ប្រទេសថៃ។
ការប្រែប្រួលស្ថានការណ៍នៅតាមខ្សែក្រវាត់ព្រំដែនខ្មែរ-ថៃនេះ កើតមានឡើងក្រោយពីកងទ័ពថៃ បានប្រកាសដាក់ប្រទេសរបស់ខ្លួនឲ្យឋិតនៅក្រោមច្បាប់អាជ្ញាសឹក។
អភិបាលខេត្តបន្ទាយមានជ័យ លោក គោ ស៊ុំសារឿត បញ្ជាក់ថា កាលពីព្រឹកថ្ងៃទី២០ ឧសភា អាជ្ញាធរថៃ បានជូនដំណឹងមកភាគីកម្ពុជា ទាក់ទិនទៅនឹងការប្រែប្រួលស្ថានការណ៍នៅតំបន់ជាយដែនខ្មែរថៃ។
លោកថា ភាគីថៃបានសុំបិទច្រករបៀងទាំងអស់រវាងខេត្តបន្ទាយមានជ័យ ជាប់នឹងខេត្តស្រះកែវ ប្រទេសថៃ៖ «យើងទទួលព័ត៌មានព្រឹកមិញ គេប្រាប់យើងសុំបិទច្រករបៀងទាំងអស់មិនឲ្យឆ្លងចេញចូល។ ទី២ ថៃសុំឲ្យពលរដ្ឋកម្ពុជា ឆ្លងចូលទឹកដីគេឲ្យមានឯកសារ លិខិតឆ្លងដែនឲ្យបានត្រឹមត្រូវ។ យើងឃើញសកម្មភាពបន្តបន្ទាប់មកនៅច្រកទ្វារអន្តរជាតិប៉ោយប៉ែត នៅចេញចូលធម្មតា ច្រកបឹងត្រកួន និងម៉ាឡៃ ក៏នៅធម្មតាដូចគ្នាដែរ។ ឥឡូវហ្នឹងការឆ្លងអីនៅធម្មតាទាំងអស់ មិនមានបញ្ហាអ្វី ទេ ប៉ុន្តែគេបង្កើតការត្រួតពិនិត្យ គយថៃ និងពួកឈុតខ្មៅហ្នឹង មួយក្រុមបានមកបោះទីតាំងនៅហ្នឹង បើយើងមានឆ្លងជារថយន្តស្អី គេត្រួតពិនិត្យមើល គេធ្វើសកម្មភាពនៅក្នុងទឹកដីថៃ»។
សំណើរបស់ភាគីថៃ សុំបិទច្រករបៀបនៅតាមខ្សែក្រវាត់ព្រំដែននេះ គឺពុំកំណត់ថ្ងៃបើកឲ្យដំណើរការឡើងវិញនោះឡើយ។ គោលបំណងសំខាន់គឺភាគីថៃ ធ្វើឡើងដើម្បីលើកកម្ពស់សន្តិសុខជាតិរបស់ខ្លួន។ លោកអភិបាលខេត្តបញ្ជាក់ថា ការបិទច្រករបៀងនេះ អាចធ្វើឲ្យប៉ះពាល់ដល់ការប្រកបការងារមួយចំនួនរបស់ប្រជាពលរដ្ឋកម្ពុជា ដែលតែងតែនាំគ្នាឆ្លងដែនទៅរកការងារនៅក្នុងទឹកថៃ ប៉ុន្តែលោកថា ស្ថានភាពនេះមិនប៉ះពាល់ធ្ងន់ធ្ងរនោះឡើយ៕
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖
ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។