"​ឡាវ​បន្ថែម​កម្លាំង​យោធា​និង​ជីក​លេណដ្ឋាន​ជា​ថ្មី​ទៀត​នៅ​ខែត្រ​ស្ទឹងត្រែង"

ដោយ ម៉ែន សុធីរ
2017-05-04
អ៊ីម៉ែល
មតិ
ចែករំលែក
បោះពុម្ព
  • បោះពុម្ព
  • ចែករំលែក
  • មតិ
  • អ៊ីម៉ែល
យោធា​របស់​កម្ពុជា ដែល​កំពុង​ឈរ​ជើង​នៅ​តំបន់​ព្រំដែន​ឋិត​នៅ​ឃុំ​ថ្មកែវ ស្រុក​សៀមប៉ាង ខែត្រ​ស្ទឹងត្រែង កាល​ពី​ថ្ងៃ​ទី​១៧ ខែ​កុម្ភៈ ឆ្នាំ​២០១៧។ Photo Provided
យោធា​របស់​កម្ពុជា ដែល​កំពុង​ឈរ​ជើង​នៅ​តំបន់​ព្រំដែន​ឋិត​នៅ​ឃុំ​ថ្មកែវ ស្រុក​សៀមប៉ាង ខែត្រ​ស្ទឹងត្រែង កាល​ពី​ថ្ងៃ​ទី​១៧ ខែ​កុម្ភៈ ឆ្នាំ​២០១៧។ Photo Provided
Photo Provided

យោធា​ការពារ​ព្រំដែន​ស្រុក​សៀមប៉ាង ខែត្រ​ស្ទឹងត្រែង អះអាង​ថា យោធា​ឡាវ ប្រដាប់​ដោយ​អាវុធ​បាន​សង់​លេណដ្ឋាន និង​បង្កើន​កម្លាំង​ទ័ព​ឈរ​ជើង​នៅ​លើ​កោះ​ឫស្សី ជា​ថ្មី​ទៀត ក្នុង​ទឹក​ដី​កម្ពុជា ច្រើន​ថ្ងៃ​ហើយ បំណង​ចង់​គ្រប់គ្រង​តំបន់​នោះ និង​ព្យាយាម​រារាំង​កងកម្លាំង​វិស្វកម្ម​របស់​កម្ពុជា មិន​ឲ្យ​ស្ថាបនា​ផ្លូវ​ខ្សែ​ក្រវាត់​ព្រំដែន​នៅ​តំបន់​នោះ។ មន្ត្រី​យោធា​កម្ពុជា ចាត់​ទុក​បញ្ហា​នេះ ជា​ចេតនា​បំពាន​អធិបតេយ្យភាព​របស់​កម្ពុជា និង​រំលោភ​ស្មារតី​កិច្ច​ចរចា​ទ្វេ​ភាគី​របស់​ប្រធាន​រដ្ឋ​ប្រទេស​ទាំង​ពីរ។

មន្ត្រី​យោធា​ព្រំដែន​នៅ​ខែត្រ​ស្ទឹងត្រែង ថ្លែង​នៅ​ថ្ងៃ​ទី​៣ ខែ​ឧសភា ថា ទាហាន​ឡាវ ប្រដាប់​ដោយ​អាវុធ​រាប់​រយ​នាក់​បាន​សង់​លេណដ្ឋាន​នៅ​លើ​កោះ​ឫស្សី ចំណុច​អូរតាងាវ និង​អូរអាល័យ នៃ​ឃុំ​សេកុង ស្រុក​សៀមប៉ាង ប្រហែល​ជាង ១​ខែ​មក​ហើយ​បំណង​គ្រប់គ្រង​ដី​នៅ​តំបន់​នោះ ខណៈ​សក្ដានុពល​ធនធាន​ធម្មជាតិ​ទី​នោះ​សំបូរ​រ៉ែ​មាស និង​រ៉ែ​ត្បូង។

​មន្ត្រី​យោធា​ការពារ​ព្រំដែន​ខែត្រ​ស្ទឹងត្រែង ថ្លែង​សុំ​មិន​បញ្ចេញ​ឈ្មោះ និង​សំឡេង ឲ្យ​ដឹង​ថា កោះ​ឫស្សី ឋិត​ក្នុង​ទន្លេ​សេកុង នៃ​ឃុំ​សេកុង ស្រុក​សៀមប៉ាង គឺ​ជា​ទឹក​ដី​របស់​ខ្មែរ​ដែល​យោធា​របស់​កម្ពុជា កំពុង​ស្ថាបនា​ផ្លូវ​ក្រវាត់​ព្រំដែន ក៏ប៉ុន្តែ​យោធា​ឡាវ ប្រដាប់​ដោយ​អាវុធ និង​កាំភ្លើង​ធំ​សេរី​ទំនើប បាន​បោះ​លេណដ្ឋាន​យោធា​ទ្រង់ទ្រាយ​ធំ​នៅ​តំបន់​នោះ រំលោភ​អធិបតេយ្យភាព​របស់​កម្ពុជា។ បញ្ហា​នេះ​យោធា​កម្ពុជា បាន​ស្នើ​ទៅ​ថ្នាក់​លើ​រួច​ហើយ ដើម្បី​រក​វិធានការ​ដោះស្រាយ។

លោក​បន្ថែម​ថា តំបន់​នោះ​ប្រទេស​ទាំង​ពីរ​ពុំ​ទាន់​ឯកភាព​បោះ​បង្គោល​កំណត់​ព្រំដែន​នៅ​ឡើយ​ទេ ហើយ​លេណដ្ឋាន និង​កម្លាំង​ទ័ព​ឡាវ ឈរ​ជើង​នោះ​បាន​ឡោមព័ទ្ធ​ទីស្នាក់ការ​យោធា​របស់​កម្ពុជា ដែល​កំពុង​ឈរ​ជើង​ប្រចាំការ​តំបន់​នោះ៖ «កន្លែង​ហ្នឹង​គឺ​កន្លែង​រាំង​ស្ទះ​ហ្នឹង​ហើយ អត់​ឲ្យ​គ្រឿងចក្រ​យើង​ធ្វើ អ៊ីចឹង​ចេះ​តែ​ចាំ​មើល​ខាង​ថ្នាក់លើ​ដោះស្រាយ ស្ងាត់​ឈឹង​អ៊ីចឹង​ទៅ ហើយ​កម្លាំង​ពួក​ខ្ញុំ​ត្រៀម​ប្រយុទ្ធ ១០០​ភាគរយ​នៅ​កន្លែង​ហ្នឹង ប៉ុន្តែ​យោធា​ឡាវ ព័ទ្ធ​ជុំវិញ​យើង​អស់​ហើយ គឺ​ឡាវ មក​ព័ទ្ធ​យើង ហើយ​យើង​នៅ​ចំ​កណ្ដាល ហើយ​ទីកន្លែង​ហ្នឹង​គឺ​ដី​យើង​សោះ​ហ្នឹង»

​បុរស​ដដែល​សន្និដ្ឋាន​ថា ភាព​តានតឹង​បញ្ហា​ព្រំដែន​នេះ មិន​អាច​ឈាន​ដល់​ផ្ទុះ​អាវុធ​នោះ​ទេ ក៏ប៉ុន្តែ​ភាគី​ឡាវ កំពុង​បំពាន​អធិបតេយ្យភាព​របស់​កម្ពុជា ទាំង​ស្រុង។ លោក​ថា មក​ទល់​ពេល​នេះ កងកម្លាំង​វិស្វកម្ម​របស់​កម្ពុជា មិន​អាច​ស្ថាបនា​ផ្លូវ​ក្រវាត់​ព្រំដែន​នៅ​តំបន់​នោះ​បាន​ទេ ដោយ​រង់ចាំ​ថ្នាក់​លើ​ដោះស្រាយ​សិន។ លោក​កត់សម្គាល់​ថា មន្ត្រី​ជាន់​ខ្ពស់​រាជរដ្ឋាភិបាល​ប្រទេស​ទាំង​ពីរ​បាន​កោះ​ប្រជុំ​ដោះស្រាយ​បញ្ហា​ព្រំដែន​កន្លង​ទៅ ពុំ​បាន​ជជែក​អំពី​ចំណុច​ដែល​កំពុង​ប្រទាញប្រទង់​គ្នា​នោះ​ទេ។

អាជ្ញាធរ​ឡាវ បាន​បញ្ជូន​កងកម្លាំង​យោធា​ប្រដាប់​ដោយ​អាវុធ​មក​រារាំង​កងកម្លាំង​វិស្វកម្ម​របស់​កម្ពុជា ជា​ថ្មី​ទៀត​ឲ្យ​ផ្អាក​ការ​ស្ថាបនា​ផ្លូវ​តាម​បណ្ដោយ​ព្រំដែន​នៅ​ចំណុច​អូរតាងាវ និង​អូរ​អាល័យ​លើ​កោះ​ឫស្សី នៃ​ស្រុក​សៀមប៉ាង ខែត្រ​ស្ទឹងត្រែង កាល​ពី​ចុង​ខែ​មីនា ឆ្នាំ​២០១៧  ដោយ​លើក​ហេតុផល​ថា តំបន់​នោះ​រដ្ឋាភិបាល​នៃ​ប្រទេស​ទាំង​ពីរ​មិន​ទាន់​ឯកភាព​គ្នា​ជា​ផ្លូវ​ការ​ដើម្បី​បោះ​បង្គោល​ព្រំដែន​នៅ​ឡើយ។

មេបញ្ជាការ​ប្រតិបត្តិការ​សឹក​រង​ខែត្រ​ស្ទឹងត្រែង លោក ស្វាយ ញ៉ន ថ្លែង​បញ្ជាក់​ថា កង​កម្លាំង​វិស្វកម្ម​របស់​កម្ពុជា បាន​ស្ថាបនា​ផ្លូវ​ក្រវាត់​ព្រំដែន​ហួស​កោះ​ឫស្សី ច្រើន​គីឡូម៉ែត្រ​មក​ហើយ។ លោក​ទទួល​ស្គាល់​ថា យោធា​ឡាវ បាន​ជីក​លេណដ្ឋាន​ក្នុង​ទឹក​ដី​កម្ពុជា បំពាន​អធិបតេយ្យភាព​របស់​កម្ពុជា ច្រើន​ថ្ងៃ​មក​ហើយ ក៏​ប៉ុន្តែ​កងកម្លាំង​វិស្វកម្ម​របស់​កម្ពុជា នៅ​តែ​បន្ត​ស្ថាបនា​ផ្លូវ​ព្រំដែន​ដដែល ពោល​គឺ​ដោះស្រាយ​បណ្ដើរ និង​ចរចា​បណ្ដើរ។ ចំណែក​លេណដ្ឋាន​ដែល​ឡាវ ឈរ​ជើង​នោះ ពុំ​មែន​ឋិត​ក្នុង​កោះ​ឫស្សី នោះ​ទេ។ លោក​បញ្ជាក់​ថា រហូត​មក​ទល់​ពេល​នេះ កងកម្លាំង​វិស្វកម្ម​របស់​កម្ពុជា បាន​ស្ថាបនា​ផ្លូវ​បាន​ប្រហែល ១៧០​គីឡូម៉ែត្រ​ហើយ៖ «ថ្នាក់​ជាតិ ថ្នាក់​ខែត្រ និង​ថ្នាក់​យោធា គេ​កំពុង​ដោះស្រាយ​ហើយ មិន​អី​ទេ គឺ​ធ្វើ​បណ្ដើរ និង​ចរចា​ដោះស្រាយ​បណ្ដើរ»

កាល​ពី​ឆ្នាំ​២០១៥ រាជរដ្ឋាភិបាល​បាន​សម្រេច​កសាង​ផ្លូវ​តាម​បណ្ដោយ​ព្រំដែន​ឡាវ មាន​ប្រវែង ២៥៧​គីឡូម៉ែត្រ ចាប់​ពី​ផ្លូវ​ជាតិ​លេខ​៧ ខែត្រ​ស្ទឹងត្រែង រហូត​ដល់​ខែត្រ​រតនគិរី។ មក​ទល់​ពេល​នេះ កសាង​សម្រេច​បាន​ប្រហែល ១៧០​គីឡូម៉ែត្រ។

​អ្នក​នាំពាក្យ​សាលា​ខែត្រ​ស្ទឹងត្រែង លោក ម៉ែន គុង មាន​ប្រសាសន៍​ថា អាជ្ញាធរ​ខែត្រ​បាន​រាយការណ៍​បញ្ហា​នេះ​ទៅ​ក្រសួង​ការបរទេស​រួច​ហើយ និង​ចម្លង​ជូន​ក្រសួង​មហាផ្ទៃ ហើយ​ខ្លឹមសារ​ដែល​រាយការណ៍​នោះ ទាក់ទិន​ស្ថានភាព​ព្រំដែន​ដែល​កម្លាំង​សមត្ថកិច្ច​របស់​ឡាវ ឆ្លង​ចូល​មក​ក្នុង​បន្ទាត់​មួយ​ចំនួន​ឋិត​ក្នុង​ទឹកដី​របស់​កម្ពុជា។ លោក​បញ្ជាក់​ថា បំណង​ដែល​អាជ្ញាធរ​ខែត្រ​ស្ទឹងត្រែង រាយការណ៍​បញ្ហា​នេះ​ជូន​ក្រសួង​ការបរទេស ដើម្បី​ឲ្យ​ក្រសួង​ទាក់ទង​ដោះស្រាយ​រឿង​នេះ តាម​រយៈ​ការទូត​ជាមួយ​ឡាវ។

លោក​ថា អាជ្ញាធរ​ខែត្រ​នៅ​តែ​ប្រកាន់​ជំហរ​ដំណោះស្រាយ​ដោយ​អនុវត្ត​ខ្លឹមសារ កិច្ច​ព្រមព្រៀង​កំណត់​ហេតុ និង​លិខិត​បទដ្ឋាន​គតិយុត្តិ​នានា ដែល​ភាគី​ប្រទេស​ទាំង​ពីរ​បាន​ព្រមព្រៀង ក្នុង​ការ​ថែរក្សា​សណ្ដាប់ធ្នាប់​ជាតិ និង​សន្តិសុខ​តាម​ព្រំដែន៖ «ក្នុង​ករណី​ជួប​បញ្ហា​ជាមួយ​ហ្នឹង​កម្លាំង​សមត្ថកិច្ច ឡាវ​មាន​សកម្មភាព​ណា​មួយ​ដែល​ធ្វើ​ឲ្យ​ប៉ះពាល់​ដល់​ដំណើរការ​ស្ថាបនា​ផ្លូវ​នេះ ទី​មួយ​គឺ​យើង​ត្រូវ​ធ្វើ​ការ​ចរចា។ ឲ្យ​អស់​លទ្ធភាព​គ្រប់​រូបភាព​ទាំង​អស់ ទាំង​ការ​ចរចា​នៅ​នឹង​កន្លែង ទាំង​ការ​ចរចា​តាម​រយៈ​ថ្នាក់​អាជ្ញាធរ​ខែត្រ និង​ការ​រាយការណ៍​សុំ​គោលការណ៍​សម្រេច​ពី​ក្រសួង​ស្ថាប័ន​មាន​សមត្ថកិច្ច​ពី​ថ្នាក់​ជាតិ ដើម្បី​ធ្វើការ​សម្របសម្រួល»

​កាល​ពី​ថ្ងៃ​ពុធ ទី​២២ ខែ​កុម្ភៈ ឆ្នាំ​២០១៧ មេដឹកនាំ​កម្ពុជា-​ឡាវ បាន​ឯកភាព​គ្នា​ពន្លឿន​ដោះស្រាយ​បញ្ហា​ព្រំដែន​រវាង​ប្រទេស​ទាំង​ពីរ​ឲ្យ​បាន​ឆាប់ និង​ដាក់​ទិសដៅ​ប្រែក្លាយ​តំបន់​ព្រំដែន​នោះ​ឲ្យ​ក្លាយ​ទៅ​ជា​តំបន់​មិត្តភាព សន្តិភាព និង​ការ​អភិវឌ្ឍ។ ប្រធាន​រដ្ឋ​សភា​កម្ពុជា លោក ហេង សំរិន បាន​ស្នើ​ដល់​ប្រទេស​ឡាវ សហការ​ដោះស្រាយ​បញ្ហា​ជាមួយគ្នា​ប្រកប​ដោយ​ស្មារតី​ទទួល​ខុស​ត្រូវ សាមគ្គីភាព គ្រប់​កិច្ចការ​នានា​ឲ្យ​ចប់​សព្វគ្រប់។ ក៏ប៉ុន្តែ​មន្ត្រី​សង្គម​ស៊ីវិល​មើល​ឃើញ​ថា សមត្ថភាព​នៃ​របៀបវារៈ​ក្នុង​ការ​ចរចា​បញ្ហា​នេះ​របស់​កម្ពុជា ហាក់​ពុំ​មាន​លក្ខណៈ​គ្រប់​ជ្រុងជ្រោយ​នៅ​ឡើយ ខណៈ​ចំណុច​សេសសល់​មួយ​ចំនួន​ដែល​កំពុង​ប្រទាញប្រទង់​គ្នា​តាម​ព្រំដែន គឺ​ភាគី​ឡាវ តែង​មាន​ប្រៀប​ជាង​ភាគី​កម្ពុជា។

ទេសរដ្ឋមន្ត្រី​ទទួលបន្ទុក​បេសកកម្ម​ពិសេស​កិច្ចការ​ព្រំដែន លោក វ៉ា គឹមហុង ធ្លាប់​លើក​ឡើង​ថា ភាគី​ទាំង​ពីរ​នៅ​ពុំ​ទាន់​ឯកភាព​គ្នា​បោះ​បង្គោល​ព្រំដែន​នៅ​តំបន់​នោះ​នៅ​ឡើយ​ទេ។ លោក​ថា ការ​ឯកភាព​គ្នា​បោះ​បង្គោល​ព្រំដែន​ជា​ផ្លូវការ ត្រូវ​អនុលោម​តាម​បទដ្ឋាន​ច្បាប់​ជាតិ ច្បាប់​អន្តរជាតិ និង​ផែន​ទី ព្រម​ទាំង​មាន​ការ​ព្រមព្រៀង​ដោយ​ភាគី​សង​ខាង​ជាដើម។

​លើស​ពី​នេះ ការ​បោះ​បង្គោល​ថ្មី​នៅ​តំបន់​នោះ​ផ្អែក​តាម​ផែនទី​ភូមិសាស្ត្រ​ឥណ្ឌូចិន​របស់​បារាំង ហើយ​បច្ចុប្បន្ន រដ្ឋាភិបាល​កម្ពុជា បោះ​បង្គោល​សម្រេច​បាន ៨៤​ភាគរយ ហើយ​នៅ​សល់​ជាង ១០​ភាគរយ កំពុង​ប្រទាញប្រទង់​គ្នា និង​រាំង​ស្ទះ​ច្រើន​ឆ្នាំ​មក​ហើយ។

​ប្រធាន​អង្គការ​សម្ព័ន្ធ​គណនេយ្យភាព​សង្គម​កម្ពុជា (ANSA) លោក សន ជ័យ ចង់​ឃើញ​យន្តការ​នៃ​ការ​ចរចា និង​ការ​ដោះស្រាយ​ធ្វើ​ឡើង​ក្នុង​រូបភាព​សន្តិភាព​និយម និង​មាន​ការ​ដោះស្រាយ​ដោយ​សន្តិវិធី។ លោក​ចង់​ឃើញ​ថា រដ្ឋាភិបាល​ប្រទេស​ទាំង​ពីរ​ដោះស្រាយ​ឲ្យ​បាន​ឆាប់ៗ៖ «ធ្វើ​ឲ្យ​យើង​មើល​ឃើញ​ថា របៀបវារៈ​នៃ​ការ​លើក​ឡើង​នៃ​ការ​ចរចា​កន្លង​មក​ហ្នឹង វា​ពុំ​មាន​លក្ខណៈ​គ្រប់​ជ្រុងជ្រោយ​នោះ​ទេ អ៊ីចឹង​ការ​សិក្សា​ឲ្យ​បាន​ស៊ីជម្រៅ​ទៅ​លើ​បញ្ហា​ប្រឈម រវាង​ទំនាក់ទំនង​ប្រទេស​ទាំង​ពីរ​ទាក់ទង​បញ្ហា​ព្រំដែន​វា​ចាំបាច់​ត្រូវ​មាន​ការ​សិក្សា​ឲ្យ​បាន​ស៊ីជម្រៅ ហើយ​ចរចា​តែម្ដង​ឲ្យ​ចប់​តែម្ដង»

​ប្រទេស​កម្ពុជា មាន​ព្រំដែន​គោក​ជាប់​ជាមួយ​ប្រទេស​ឡាវ ប្រវែង ៥៤០​គីឡូម៉ែត្រ ក្នុង​នោះ​មាន​បង្គោល​ព្រំដែន​ដែល​ត្រូវ​បោះ​ចំនួន ១៤៥​បង្គោល។ បច្ចុប្បន្ន រដ្ឋាភិបាល​ប្រទេស​ទាំង​ពីរ​បោះ​បង្គោល​រួច​ចំនួន ១២១​បង្គោល ដែល​ស្មើ​ប្រមាណ ៨៤​ភាគរយ។ មន្ត្រី​រដ្ឋាភិបាល​កម្ពុជា ឲ្យ​ដឹង​ថា ចំណុច​ដែល​សេសសល់​មិន​ទាន់​បោះ​រួច គឺ​ឋិត​ក្នុង​ខែត្រ​ព្រះវិហារ និង​ខែត្រ​ស្ទឹងត្រែង៕

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

ព័ត៌មាន (3)
  • បោះពុម្ព
  • ចែករំលែក
  • អ៊ីម៉ែល

KOM SOT

ពី SVAY RIENG

ប្រហែលជាល្បិចរបស់គេទេដឹង​ វាយគ្នាមួយប្រាវយកសន្លឹកឆ្នោត
សឹនចាំគិតទៀត។ដូចនៅព្រះវិហ៊ារកាលពីបោះឆ្នោតអាណាត់ទី4
អីចឹង៕

May 04, 2017 08:22 PM

NIK SAIY

ពី KOMPONG CHAM

ត្រឹមត្រូវណាស់​គេចេះការពារបូរណភាពទឹកដីរបស់គេមឹនដូចយើង
ជាអាយ៉ងយួនចង់ថ្វាយទឹកដីឲ្យទៅគេមឹនហ៊ានតវ៉ានឹងយួន​ពេល
គេចូលមកយកដីរបស់ប្រជាជនដែលកំពង់ធ្វើស្រែចំការ។ ឧ៌អនិចារ
រាស្ដ្រខ្មែរមានអ្នកដឹកនាំអវិជ្ជា៕

May 04, 2017 08:13 PM

អ្នក​អាន​អនាមិក

អ្នកដឹកនាំខ្សោយ ឬកម្លាំងទ័ពខ្សោយ ទើបលាវដែលគេចាត់ទុកថាជាប្រទេសមិនសូវបង្ក ឬមិនដែលសោះ ជាមួយកម្ពុជា ពេលនេះបែរជាតម្លើងឫទ្ធអំណាច? សូមមេត្តាកុំទុកយូរពេកប្រយ័ត្ន ដូច..............

May 04, 2017 04:18 AM

គេហទំព័រ​ទាំងមូល