Opens in new windowគណបក្សនយោបាយដែលជាប់ឆ្នោតទាំងពីរ គ្រោងនឹងជួបគ្នានៅថ្ងៃពុធ ទី២៣ កញ្ញា ខាងមុខនេះ។ មន្ត្រីនាំពាក្យគណបក្សសង្គ្រោះជាតិ អះអាងថា ជំនួបលើកនេះ គឺគណបក្សនយោបាយទាំងពីរនឹងមិនផ្ដោតលើរបៀបវារៈការដោះលែងសកម្មជនរបស់ខ្លួននោះទេ។ ដោយឡែកមន្ត្រីជាន់ខ្ពស់គណបក្សកាន់អំណាចវិញ ឲ្យដឹងថា រហូតមកដល់ពេលនេះ ខាងគណបក្សនៅមិនទាន់ដឹងច្បាស់ពីគម្រោងពិតប្រាកដ នៃការជួបនេះនៅឡើយ។
មន្ត្រីនាំពាក្យគណបក្សជំទាស់បញ្ជាក់ថា កិច្ចពិភាក្សាដែលគណបក្សនយោបាយទាំងពីរគ្រោងនឹងជួបគ្នា នៅថ្ងៃពុធ ក្នុងសប្ដាហ៍នេះ ផ្ដោតសំខាន់លើរបៀបវារៈវិសោធនកម្មច្បាប់ស្ដីពីការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំ-សង្កាត់ ដែលគណបក្សនយោបាយទាំងពីរពុំទាន់បានឯកភាពគ្នា លើចំណុចសេសសល់មួយចំនួនទៀត ព្រមទាំងបទបញ្ជាផ្ទៃក្នុងរដ្ឋសភាផង។
ក្រោយការសន្យាមួយថ្ងៃរបស់ លោក កឹម សុខា បន្ទាប់ពីត្រឡប់មកពីបំពេញទស្សនកិច្ចនៅក្រៅប្រទេសវិញ ដែលសន្យាថា គណបក្សជំទាស់នឹងរកពេលណាត់ជួបគណបក្សប្រជាជនកម្ពុជា ជុំវិញការបោះឆ្នោតនោះ ភ្លាមៗគណបក្សសង្គ្រោះជាតិ បានផ្ញើលិខិតជាផ្លូវការមួយច្បាប់ កាលពីថ្ងៃទី១៨ កញ្ញា សុំណាត់ជួប លោក ស ខេង ក្នុងនាមជាប្រធានក្រុមអ្នកតំណាងរាស្ត្រភាគច្រើននៅក្នុងរដ្ឋសភារបស់រដ្ឋាភិបាល។
លោក យ៉ែម បុញ្ញឫទ្ធិ មន្ត្រីនាំពាក្យគណបក្សសង្គ្រោះជាតិ ឲ្យដឹងនៅថ្ងៃទី២១ កញ្ញា ថា សំណើពីខាងគណបក្សសង្គ្រោះជាតិ នៅពេលនេះ ត្រូវបានតំណាងរាស្ត្រដែលជាភាគីខាងរដ្ឋាភិបាល ឆ្លើយតបហើយ និងយកថ្ងៃទី២៣ ខែកញ្ញា ពេលល្ងាច ជាជំនួបកំពូលរបស់បក្សនយោបាយទាំងពីរ នៅវិមានរដ្ឋសភា។ លោក យ៉ែម បុញ្ញឫទ្ធិ បដិសេធថា កិច្ចសន្ទនាលើកនេះ គណបក្សនយោបាយទាំងពីរនឹងមិនលើកយករឿងព្រហ្មទណ្ឌ នៃសកម្មជនដែលជាប់ពន្ធនាគារដាក់លើតុចរចាឡើយ ក្រៅពីរបៀបវារៈដែលបានគ្រោងទុក គឺកំណែទម្រង់ការបោះឆ្នោត និងបទបញ្ជាផ្ទៃក្នុងនៃរដ្ឋសភាប៉ុណ្ណោះ។ លោកបន្តថា «ជាគម្រោងលិខិតរបស់គណបក្សសង្គ្រោះជាតិ យើងបានបញ្ជូនទៅហើយ ហើយក៏មានការឯកភាពពីប្រធានក្រុមមតិភាគច្រើនហើយដែរ»។
ច្បាប់ស្ដីពីការរៀបចំ និងការប្រព្រឹត្តទៅនៃគណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត និងច្បាប់ស្ដីពីការបោះឆ្នោតជ្រើសតាំងតំណាងរាស្ត្រថ្មី ដែលមាន ១២ជំពូក និង ១៧១មាត្រា ត្រូវបានរដ្ឋសភាអនុម័ត ហើយព្រះមហាក្សត្រឡាយព្រះហស្តលេខាកាលពីខែមីនា ស្ថិតក្រោមការរិះគន់ដ៏ចម្រូងចម្រាសពីក្រុមអង្គការមិនមែនរដ្ឋាភិបាលជាហូរហែ។ បើទោះជាបែបណា អង្គការមិនមែនរដ្ឋាភិបាល លើកឡើងថា នៅនាទីចុងក្រោយមុនអនុម័តច្បាប់ទាំងពីរនេះ មានការកែទម្រង់ដ៏តិចតួច បើទោះជាមានការជំទាស់ដោយអង្គការមិនមែនរដ្ឋាភិបាលយ៉ាងណាក៏ដោយចុះ។
ជុំវិញរឿងនេះ លោក សុខ ឥសាន មន្ត្រីនាំពាក្យគណបក្សប្រជាជនកម្ពុជា បដិសេធថា ព័ត៌មានលម្អិតជុំវិញជំនួបជាថ្មីទៀតលើកនេះ គឺលោកពុំទាន់បានទទួលនៅឡើយទេ។ បើទោះជាបែបនេះក៏ដោយចុះ លោកមានសុឆន្ទៈថា ការជួបជាមធ្យោបាយល្អប្រសើរ ដែលអាចធ្វើឲ្យភាគីទាំងពីរយល់ចិត្តគ្នាបានច្រើន។ បន្ថែមពីលើនេះ លោក សុខ ឥសាន បញ្ជាក់ថា លោកចង់ឃើញការចរចារវាងគណបក្សនយោបាយទាំងពីរលើកនេះ ធ្វើឡើងដោយភាពស្មោះត្រង់ទៅវិញទៅមកច្រើនជាង។ លោកបន្តថា «ខ្ញុំក៏មានសុទិដ្ឋិនិយមក្នុងការជួបរវាងភាគីទាំងសងខាង ក៏ប៉ុន្តែយើងត្រូវជជែកឲ្យចំបញ្ហា។ បញ្ហានយោបាយជជែកបញ្ហានយោបាយ។ បញ្ហាផ្លូវច្បាប់ទុកឲ្យតុលាការគេដោះស្រាយ»។
ច្បាប់ស្ដីពីការជ្រើសរើសក្រុមប្រឹក្សាឃុំ-សង្កាត់ មាត្រា៦៣ និងមាត្រា៧២ ចែងថា ការរៀបចំក្បួនព្យុះយាត្រា ឬក្បួនដំណើរដោយក្រុមថ្មើរជើង ឬដោយយានជំនិះគ្រប់ប្រភេទនៅរាជធានី ខេត្ត ក្រុង ស្រុក ខណ្ឌ យ៉ាងច្រើន ៤ដងក្នុងអំឡុងពេលឃោសនាបោះឆ្នោត។ យុទ្ធនាការឃោសនាបោះឆ្នោតនេះ មានរយៈពេល ២១ថ្ងៃ ហើយគ្រប់សកម្មភាពនៃការឃោសនាបោះឆ្នោត ត្រូវចប់ ២៤ម៉ោងមុនថ្ងៃបោះឆ្នោត។
ចំណែកអង្គការសង្គមស៊ីវិលដែលឃ្លាំមើលការបោះឆ្នោតវិញ យល់ឃើញថា គណបក្សនយោបាយទាំងពីរ មិនត្រូវធ្វើវិសោធនកម្មលើច្បាប់បោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំ-សង្កាត់ចាស់ឡើយ ព្រោះច្បាប់មុនមានភាពល្អប្រសើរជាងច្បាប់បោះឆ្នោតថ្មី។
លោក សំ គន្ធាមី នាយកប្រតិបត្តិអង្គការនិកហ្វិច (NICFEC) ចាត់ទុកថា ប្រសិនបើគណបក្សនយោបាយទាំងពីរនៅតែចង់ធ្វើវិសោធនកម្មលើច្បាប់បោះឆ្នោតចាស់ ស្ដីពីការជ្រើសរើសក្រុមប្រឹក្សាឃុំ-សង្កាត់មែន ករណីនេះនឹងរុញច្រានឲ្យខ្លឹមសារនៃច្បាប់ថ្មីនេះ អនុវត្តរឹតចង្អៀតជាងមុនថែមទៀត។ លោកបន្ថែមថា ព្រោះច្បាប់ថ្មីនេះ គឺបានកំណត់គោលដៅនៃការឃោសនា មិនឲ្យឆ្លងឃុំ-សង្កាត់ ដែលរឹតតែអាក្រក់ជាងច្បាប់ចាស់ទៅទៀត។ លោកបន្តថា «បើកចំហបន្តិចទៅឃុំមួយអាចឆ្លងឃុំមួយទៅឃោសនា ព្រោះអីយើងបោះឲ្យគណបក្សតើ។ ប្រព័ន្ធសមាមាត្រ យើងបោះឲ្យគណបក្ស ហើយការឃោសនា គឺឃោសនាពីគោលនយោបាយរបស់គណបក្ស។ កាលណាគណបក្សក្នុងឃុំហ្នឹងជាប់ គឺគណបក្សហ្នឹងត្រូវអភិវឌ្ឍអីខ្លះក្នុងឃុំហ្នឹង»។
បើទោះជាបែបណា មន្ត្រីគណបក្សនយោបាយទាំងពីរ នៅតែបង្ហាញជំហរថា របៀបវារៈដែលបានគ្រោងហើយនេះ គណបក្សទាំងពីរនឹងលើកទៅពិគ្រោះយោបល់ក្នុងជំនួបកំពូលជាថ្មីទៀត នៅក្នុងសប្ដាហ៍នេះហើយ៕
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖
ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។
