នាយកប្រតិបត្តិទទួលបន្ទុកកិច្ចការតំបន់អាស៊ី របស់អង្គការឃ្លាំមើលសិទ្ធិមនុស្សអន្តរជាតិ យូមែន រ៉ៃត៍ វ៉ច្ឆ (Human Rights Watch) លោក ប្រ៊ែដ អាដាម (Brad Adams) ចាត់ទុកលោកនាយករដ្ឋមន្ត្រី ហ៊ុន សែន និងប្រធានាធិបតីហ្វីលីពីន លោក រ៉ូឌ្រីហ្គោ ឌូតឺតេ (Rodrigo Duterte) ថា មានចរិតកោងកាច និងមិនស័ក្ដិសមមានងារជាមេដឹកនាំប្រទេសនោះទេ។
លោក ប្រ៊ែដ អាដាម លើកឡើងដូច្នេះក្នុងបទសម្ភាសន៍ជាមួយអាស៊ីសេរី កាលពីថ្ងៃពុធ ទី១៤ ខែធ្នូ។ លោកមានប្រសាសន៍ថា ការដែលលោក ហ៊ុន សែន ថាមានចរិតដូចគ្នានឹងលោក ឌូតឺតេ គឺជាការទទួលស្គាល់ថា គាត់ពិតជាបានសម្លាប់ប្រជាពលរដ្ឋខ្មែរក្រៅប្រព័ន្ធតុលាការដូចការចោទប្រកាន់ពិតមែន។
លោក ប៊្រែដ អាដាម មានប្រសាសន៍បន្ថែមដូច្នេះ៖ «ខ្ញុំភ្ញាក់ផ្អើលដែរ ដែលលោក ហ៊ុន សែន ទទួលស្គាល់ថា គាត់មានចរិតដូចទៅនឹងប្រធានាធិបតីហ្វីលីពីន ព្រោះអីប្រជាជនខ្មែរជាច្រើនចោទលោក ហ៊ុន សែន ថាជាអ្នកនៅពីក្រោយការសម្លាប់មនុស្សជាច្រើនករណី។ ករណីទាំងនេះ មានដូចជា ការបញ្ជូនមនុស្សឲ្យទៅស្លាប់ក្នុងផែនការ ក-៥ ការសម្លាប់សកម្មជនបក្សប្រឆាំងរាប់រយនាក់នៅសម័យបោះឆ្នោត ជំនាន់អ៊ុនតាក់ ការគប់គ្រាប់បែកនៅមុខរដ្ឋសភា ស្លាប់មនុស្ស ១៦នាក់ រដ្ឋប្រហារឆ្នាំ៩៧ និងការសម្លាប់មនុស្សក្រោយៗមកទៀតរាប់មិនអស់។ ងាកទៅមើលលោក រ៉ូឌ្រីហ្គោ ឌូតឺតេ វិញ គាត់ក៏មិនណយដែរ។ គ្រាន់តែចូលកាន់តំណែងប្រធានាធិបតីមិនទាន់ បាន ៦ខែស្រួលបួលផង គាត់បញ្ជាឲ្យសម្លាប់ពលរដ្ឋហ្វីលីពីន ជិត ៦ពាន់នាក់។ ពីរបីថ្ងៃមុននេះ លោក ឌូតឺតេ សារភាពតាមត្រង់ថា គាត់ធ្លាប់សម្លាប់មនុស្សផ្ទាល់ដៃ កាលគាត់នៅជាអភិបាលក្រុងដាវ៉ាវ (Davoa)។ ដូច្នេះ ការដែលលោក ហ៊ុន សែន ថាគាត់មានចរិតដូចលោក ឌូតឺតេ គឺមានន័យថា គាត់ព្រមទទួលស្គាល់ការពិតថា គាត់ពិតជាបានសម្លាប់មនុស្សក្រៅប្រព័ន្ធតុលាការ ដូចគ្នាទៅនឹងប្រធានាធិបតីហ្វីលីពីនដែរ។ ចរិតបែបនេះ មិនមែនជាចរិតមេដឹកនាំ ដែលគួរឲ្យគោរព កោតសរសើរ និងយកជាគំរូតាមនោះទេ។ មេដឹកនាំល្អ គេត្រូវមានសមត្ថភាព និងចំណេះដឹងខ្ពង់ខ្ពស់ ចេះដឹកនាំប្រទេសឲ្យបានល្អត្រឹមត្រូវតាមផ្លូវល្អ»។
ចំណែកប្រធានអង្គការវេទិកាអនាគត លោក អ៊ូ វីរៈ មើលឃើញថា លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន និងលោក ឌូតឺតេ ពិតជាមានចំណុចជាច្រើនដូចគ្នាមែន៕
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖
ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។