ពលរដ្ឋខ្មែរនៅតាមបណ្ដារដ្ឋជាច្រើនក្នុងសហរដ្ឋអាមេរិក គ្រោងធ្វើបាតុកម្មនៅមុខស្ថានទូតវៀតណាម ក្នុងរដ្ឋធានីវ៉ាស៊ីនតោន (Washington) នៅថ្ងៃទី២៥ ខែកក្កដា ខាងមុខនេះ ដើម្បីដាក់សម្ពាធដល់រដ្ឋាភិបាលវៀតណាម ឲ្យសុំទោសជាសាធារណៈចំពោះសម្ដីរបស់មន្ត្រីការទូតវៀតណាម ប្រចាំនៅទីក្រុងភ្នំពេញ ដែលបាននិយាយបំភ្លៃប្រវត្តិសាស្ត្រថា វៀតណាមគ្រប់គ្រងទឹកដីខ្មែរកម្ពុជាក្រោមតាំងពីយូរយារណាស់មកហើយ មិនមែនបារាំង ជាអ្នកកាត់ទឹកដី ទាំងនោះឲ្យ វៀតណាមទេ។
ប្រធានមូលនិធិសង្គ្រោះជាតិ លោក ទូច វិបុល ដែលដឹកនាំធ្វើបាតុកម្មនៅមុខស្ថានទូតវៀតណាម នោះ បានប្រាប់វិទ្យុអាស៊ីសេរី តាមទូរស័ព្ទថា ពលរដ្ឋខ្មែរនិងខ្មែរអាមេរិកាំងជាច្រើនបានត្រៀមធ្វើបាតុកម្មទាមទារឲ្យរដ្ឋាភិបាលវៀតណាម សុំទោសពលរដ្ឋខ្មែរជាសាធារណៈអំពីការបំភ័ន្តប្រវត្តិសាស្ត្រខ្មែរកម្ពុជាក្រោម។
ពលរដ្ឋខ្មែរដែលគ្រោងមកធ្វើបាតុកម្មនៅមុខស្ថានទូតវៀតណាម ក្នុងរដ្ឋធានីវ៉ាស៊ីនតោននោះ មានពីរដ្ឋ ណស្ស៍ ឃែរ៉ូឡាញណា (North Carolina) រដ្ឋចចា (Georgia) រដ្ឋសៅស្ស៍ ឃែរ៉ូឡាញណា (South Carolina) រដ្ឋផ្លរីដា (Florida) រដ្ឋម៉ាសាឈូសេត (Massachusetts) រដ្ឋផេនស៊ីលវេនញា (Pennsylvania) រដ្ឋវឺជីញា (Virginia) រដ្ឋម៉ារីឡែន (Maryland) និងបណ្ដារដ្ឋជាច្រើនទៀត។
លោក ទូច វិបុល មានប្រសាសន៍ថា ក្រៅពីការធ្វើបាតុកម្មនេះ សហគមន៍ខ្មែរអាមេរិកាំងក៏ចង់ទាញការចាប់អារម្មណ៍របស់អន្តរជាតិឲ្យយកចិត្តទុកដាក់ដល់បញ្ហាខ្មែរកម្ពុជាក្រោម ដែលកំពុងរងការគាបសង្កត់ដោយរដ្ឋាភិបាលវៀតណាម។
លោក ទូច វិបុល អំពាវនាវឲ្យពលរដ្ឋខ្មែរនៅតាមបណ្ដារដ្ឋផ្សេងទៀតដែលមិនអាចធ្វើដំណើរមកកាន់រដ្ឋធានីវ៉ាស៊ីនតោន បាននាំគ្នាក្រោកឡើងដើម្បីធ្វើបាតុកម្មនៅមុខស្ថានកុងស៊ុលវៀតណាម នៃរដ្ឋដែលពួកគេកំពុងរស់នៅ ដើម្បីប្រមូលកម្លាំងជាធ្លុងមួយក្នុងការដាក់សម្ពាធដល់រដ្ឋាភិបាលវៀតណាម ឲ្យទទួលស្គាល់ទឹកដីខ្មែរកម្ពុជាក្រោម គឺជាទឹកដីមួយផ្នែករបស់ប្រទេសកម្ពុជា កន្លងមក។
ក្រៅពីគម្រោងធ្វើបាតុកម្មរបស់ពលរដ្ឋខ្មែរអាមេរិកាំងនេះដែរ សហព័ន្ធខ្មែរកម្ពុជាក្រោមក៏នឹងដឹកនាំធ្វើបាតុកម្មនៅស្ថានទូតវៀតណាម ក្នុងប្រទេសកាណាដា នៅថ្ងៃទី១៨ ខែកក្កដា ខាងមុខ ក្នុងបុព្វហេតុដូចគ្នានេះ។
មន្ត្រីស្ថានទូតវៀតណាម នៅកម្ពុជា បានបដិសេធមិនសុំទោសខ្មែរកម្ពុជាក្រោមឡើយ បើទោះបីជាខ្មែរកម្ពុជាក្រោម និងពលរដ្ឋខ្មែរផ្សេងទៀត កាលពីសប្ដាហ៍មុនបានធ្វើបាតុកម្មម្ដងរួចហើយក៏ដោយនោះ៕
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖
ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។
