កម្ពុជា-​ចិន​បន្តជាប់​ពង្រឹង​ចំណង​ការទូត​យោធា​បន្ថែម​ទៀត​ក្នុង​ពិធី​បិទ​លំហាត់​យោធា

0:00 / 0:00

លំហាត់​នាគ​មាស​លើក​ទី​១ បាន​បិទ​នៅ​ថ្ងៃ​ទី​២៣ ខែ​ធ្នូ នៅ​វិទ្យាស្ថាន​កងទ័ពជើងគោក ខេត្ត​កំពង់ស្ពឺ។ រដ្ឋាភិបាល​កម្ពុជា និង​ចិន លើក​ឡើង​ថា ទំនាក់ទំនង​ផ្នែក​យោធា​ទ្វេភាគី​កំពុង​រីកចម្រើន​ដល់​ចំណុច​ថ្មី​មួយ។ ភាគី​ទាំង​ពីរ​ប្ដេជ្ញា​​ពង្រឹង​ចំណង​ការទូត​យោធា​នេះ ឲ្យ​កាន់តែ​រឹងមាំ​ថែម​ទៀត។

ការ​ធ្វើ​សម​យុទ្ធ​យោធា «លំហាត់​នាគ​មាស» រយៈពេល ៩​ថ្ងៃ ពី​ថ្ងៃ​ទី​១៥ ដល់​ថ្ងៃ​ទី​២៣ ខែ​ធ្នូ ត្រូវ​បាន​រដ្ឋមន្ត្រី​ក្រសួង​ការពារ​ជាតិ​កម្ពុជា លោក ទៀ បាញ់ ចាត់​ថា ជា​សមិទ្ធផល​ថ្មី​មួយ​ទៀត​ក្នុង​នាម​ដៃគូ​យុទ្ធសាស្ត្រ​គ្រប់​ជ្រុងជ្រោយ​នៃ​ទំនាក់ទំនង​ការទូត​យោធា​រវាង​កម្ពុជា និង​ចិន៖ « នេះ​អាច​និយាយ​បាន​ថា ជា​ប្រវត្តិសាស្ត្រ​ថ្មី​មួយ​ទៀត​ហើយ។ ទោះ​ពិភពលោក​វិវឌ្ឍន៍​ទៅ​ស្មុគស្មាញ​យ៉ាង​ណា​ក៏ដោយ ចំណង​មិត្តភាព និង​សាមគ្គីភាព ពិសេស​ការ​ជួយ​ឧបត្ថម្ភ​គ្រប់​បែប​យ៉ាង​ទាំងអស់​ពី​សំណាក់​សាធារណរដ្ឋ​ប្រជាមានិត​ចិន នោះ គឺ​នឹង​នាំ​មក​នូវ​ភាព​ខ្លាំងក្លា ជួយ​ជំរុញ និង​ពន្លឿន​ការពារ​ជាតិ និង​ការ​អភិវឌ្ឍ​ជាតិ​របស់​កម្ពុជា យើង បាន​មួយ​កម្រិត​ទៀត »

​លោក ទៀ បាញ់ បន្ត​ថា ទំនាក់​ទំនង​ជា​ប្រពៃណី​រវាង​កម្ពុជា និង​ចិន កាន់​តែ​ស៊ី​ជម្រៅ មាន​ភាព​ជឿជាក់​គ្នា គោរព​គ្នា និង​ផ្ដល់​ប្រយោជន៍​ឲ្យ​គ្នា​ទៅ​វិញ​ទៅ​មក។

«លំហាត់​នាគមាស» ធ្វើ​ឡើង​ក្រោម​ប្រធានបទ "ការ​ជួយ​សង្គ្រោះ​មហន្តរាយ និង​មនុស្សធម៌"។ កង​យោធពលខេមរភូមិន្ទ​ចំនួន​ជាង ៥០០​នាក់ និង​កងទ័ព​រំដោះ​ប្រជាជន​ចិន ជាង ១០០​នាក់ ចូលរួម​សមយុទ្ធ​យោធា​នេះ ដូច​ជា​ការ​ការ​រៀបចំ​យុទ្ធសាស្ត្រ​ទ័ព ការ​ជួសជុល​ផ្លូវ​ថ្នល់ ការ​ដាក់ និង​ដោះ​មីន ការ​ជម្លៀស​ប្រជាជន និង​សាងសង់​ជម្រក។

ចិន និង​កម្ពុជា ហៅ​សម​យុទ្ធ​នេះ​ថា ជា​ការ​ផ្លាស់ប្ដូរ​បទពិសោធន៍ និង​បង្កើន​ភាព​ស្និទ្ធស្នាល​នៃ​ចំណង​ការទូត​យោធា​ប្រទេស​ទាំង​ពីរ ខណៈ​ស្ថានការណ៍​សន្តិសុខ​ពិភពលោក​កំពុង​ប្រែប្រួល។

​ចំណែក​ភាគី​ចិន​វិញ តាម​រយៈ​ប្រធាន​នយោបាយ​នៃ​កងទ័ព​រំដោះ​ប្រជាជន​ចិន លោក បៃ លុយ (Bai Lu) មិន​ភ្លេច​ប្រើ​ពាក្យ «ភាព​ជា​បង​ប្អូន» នៅ​ពេល​លោក​ហៅ​ទំនាក់ទំនង​រវាង​កម្ពុជា និង​ចិន។ លោក​ថា ទំនាក់ទំនង​យោធា​កម្ពុជា-​ចិន កាន់​តែ​ស្អិតល្មួត បន្ទាប់​ពី​ដំណើរ​ទស្សនកិច្ច​ផ្លូវ​រដ្ឋ​របស់​ប្រធានាធិបតី​ចិន ស៊ី ជិនពីង (Xi Jingping) កាល​ពី​ខែ​តុលា៖ « ខ្ញុំ​សង្ឃឹម​ថា តាម​រយៈ​លំហាត់​ហ្វឹកហ្វឺន​លើក​នេះ អាច​ពង្រឹង​ការ​សម្របសម្រួល​នូវ​មិត្តភាព​ប្រពៃណី​ប្រទេស​យើង​ទាំង​ពីរ បង្កើន​ការ​ផ្លាស់ប្ដូរ និង​កិច្ច​សហប្រតិបត្តិការ​ឆ្លើយតប​ការ​គំរាម​កំហែង​សព្វ​បែប​យ៉ាង នាំ​ផល​ប្រយោជន៍ និង​សុភមង្គល​ដល់​ប្រជាជន​ប្រទេស​យើង​ទាំង​ពីរ រួម​វិភាគទាន​ចំពោះ​ការ​គាំពារ​សន្តិភាព​ពិភពលោក និង​តំបន់ »

«លំហាត់​នាគ​មាស» ធ្វើ​ឡើង​នៅ​វិទ្យាស្ថាន​កងទ័ព​ជើង​គោក ដែល​ជា​ជំនួយ​របស់​រដ្ឋាភិបាល​ចិន។ លំហាត់​នេះ ជា​កិច្ច​ខិតខំ​ប្រឹងប្រែង​រវាង​រដ្ឋាភិបាល​កម្ពុជា និង​ចិន ដើម្បី​ពង្រឹង​ចំណង​យោធា​នៃ​ប្រទេស​ទាំង​ពីរ។ កម្ពុជា ជា​ដៃគូ​យុទ្ធសាស្ត្រ​របស់​ចិន ក្នុង​តំបន់​អាស៊ី​អាគ្នេយ៍។

​ចិន ជា​ប្រភព​ជំនួយ និង​ម្ចាស់​បំណុល​របស់​កម្ពុជា ធំ​ជាង​គេ។ រយៈពេល ២០​ឆ្នាំ​ចុង​ក្រោយ​នេះ រដ្ឋាភិបាល​ចិន បាន​ផ្តល់​ថវិកា​ប្រមាណ ១៥​ពាន់​លាន​ដុល្លារ​សហរដ្ឋ​អាមេរិក។

​ក្នុង​ដំណើរ​ទស្សនកិច្ច​របស់​លោក ស៊ី ជិនពីង រដ្ឋាភិបាល​ចិន បាន​លុប​បំណុល​ដែល​រដ្ឋាភិបាល​កម្ពុជា ជំពាក់​ចំនួន ៩០​លាន​ដុល្លារ និង​សន្យា​ផ្ដល់​ប្រាក់​កម្ចី ២៣០​លាន​ដុល្លារ​បន្ថែម​ទៀត រួម​ទាំង​ជំនួយ​យោធា​ចំនួន ១៥​លាន​ដុល្លារ​ផង។

បើ​ទោះ​ជា​រដ្ឋាភិបាល​កម្ពុជា និង​រដ្ឋាភិបាល​ចិន បង្ហាញ​ការ​រីក​សាយ​នៃ​ចំណង​ការទូត​យោធា​ក្តី អ្នក​វិភាគ​ស្ថានការណ៍​នយោបាយ​កម្ពុជា និង​អ្នក​ជំនាញ​យុទ្ធសាស្ត្រ​អន្តរជាតិ មើល​ឃើញ​ថា កម្ពុជា​មិន​គួរ​អោប និង​ទោរទន់​ទៅ​រក​ចិន ពេក​ទេ ដោយ​កម្ពុជា គួរ​រក្សា​តុល្យភាព​នយោបាយ​ការបរទេស​របស់​ខ្លួន​លើ​ឆាក​អន្តរជាតិ៕​

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖

ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។