កម្ពុជា និងចិន កាលពីថ្ងៃព្រហស្បតិ៍ ទី១១ ខែមករា បានចុះហត្ថលេខាលើកិច្ចព្រមព្រៀងចំនួន ១៩ លើគម្រោងវិនិយោគលើវិស័យនានានៅកម្ពុជា។
កិច្ចព្រមព្រៀងទាំងនោះ រួមមានអនុស្សរណៈនៃការយោគយល់គ្នាស្ដីពីការរៀបចំផែនការរួមលើការអភិវឌ្ឍន៍វិស័យកសិកម្ម ពាណិជ្ជកម្មអង្ករ ការបណ្ដុះបណ្ដាលបច្ចេកទេស និងវិជ្ជាជីវៈ លើកកម្ពស់វិស័យសុខាភិបាល កិច្ចព្រមព្រៀងសម្បទាន។ នៅក្នុងកិច្ចព្រមព្រៀងនេះ ក៏មានគម្រោងអភិវឌ្ឍន៍ហេដ្ឋារចនាសម្ព័ន្ធផ្លូវល្បឿនលឿនភ្នំពេញ ខែត្រព្រះសីហនុ ដែលមានចំងាយផ្លូវជាង ២០០គីឡូម៉ែត្រ។
រដ្ឋមន្ត្រីក្រសួងសាធារណការ និងដឹកជញ្ជូន លោក ស៊ុន ចាន់ថុល ប្រាប់អ្នកសារព័ត៌មានក្រោយជំនួបចុះហត្ថលេខារវាងលោក ហ៊ុន សែន និងលោក លី ខឹឈាង (Li Keqiang) ថា ចិននឹងវិនិយោគចំនួន ២ពាន់លានដុល្លារសម្រាប់កសាងផ្លូវល្បឿនលឿននេះ នឹងចាប់ផ្ដើមនៅឆ្នាំ២០១៨ ដែលប្រើរយៈពេលធ្វើប្រមាណ ៤៤ខែ។ ក្រៅពីនេះ ភាគីទាំងពីរបានឯកភាពអនុវត្តអនុស្សរណៈយោគយល់គ្នាស្ដីពីកិច្ចសហប្រតិបត្តិការទេសចរណ៍ឆ្នាំ២០១៧-២០២០ ឲ្យមានប្រសិទ្ធភាពដើម្បីសម្រេចគោលដៅទេសចរណ៍ចិន មកកម្ពុជា ចំនួន ២លាននាក់នៅឆ្នាំ២០២០។ មន្ត្រីក្រសួងការបរទេសបញ្ជាក់ថា ទំហំពាណិជ្ជកម្មកម្ពុជា និងចិន នឹងកើនឡើងដល់ ៦ពាន់លានដុល្លារនៅឆ្នាំ២០២០ ខាងមុខ។
ទោះបីមន្ត្រីកម្ពុជា និងចិន បានចុះហត្ថលេខាជាសាធារណៈក៏ដោយ ប៉ុន្តែមន្ត្រីទាំងនោះមិនបានបង្ហើបទំហំជាទឹកប្រាក់នៃកិច្ចព្រមព្រៀងទាំង ១៩នោះទេ។ កិច្ចព្រមព្រៀងកម្ពុជា និងចិនធ្វើឡើងស្របពេលដែលកម្ពុជា កំពុងដើរចេញពីសហគមន៍ប្រទេសខាងលិច៕
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖
ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។